តើការជួលការិយាល័យនៅទីក្រុងធំៗក្នុងតំបន់អាសុីមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ តម្លៃជួលការិយាល័យកម្រិត A នៅតាមបណ្តាទីក្រុងធំៗទូទាំងតំបន់អាសុីប៉ាសុីហ្វិកមានការប្រែប្រួលខុសៗគ្នា អាស្រ័យតាមបរិបទទីផ្សារ ការផ្គត់ផ្គត់ និងតម្រូវការនៅក្នុងទីក្រុងនីមួយៗ។

ទី១: ទីក្រុងសេអ៊ូល

ការជួលការិយាល័យកម្រិត A នៅរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងមានតម្លៃជាមធ្យមចំនួន៣៨.៧០៩វ៉ុន(ប្រមាណ២៨,៤៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ អត្រាការិយាល័យទំនេរកម្រិត A ស្ថិតក្នុងរង្វង់ត្រឹមតែ២,៦ភាគរយ។

ទី២: ទីក្រុងហុងកុង

ការជួលការិយាល័យកម្រិត A នៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនមានតម្លៃជាមធ្យមចំនួន៤៣ដុល្លារហុងកុង(ប្រមាណ៥,៤៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ ឬប្រមាណ៥៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៣: ទីក្រុងតូក្យូ

ការជួលការិយាល័យកម្រិត A នៅទីក្រុងតូក្យូ ដែលជារាជធានីរបស់ប្រទេសជប៉ុនមានតម្លៃជាមធ្យមចំនួន៣៣.៩៤៧យ៉េន(ប្រមាណ២៣៧,៣៤ដុល្លារអាមេរិក)ក្នុងមួយ Tsubo ឬប្រមាណ៧១,៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៤: ទីក្រុងសុីដនី

ការជួលការិយាល័យកម្រិត A នៅទីក្រុងសុីដនី ដែលជាទីក្រុងដ៏ធំមួយរបស់ប្រទេសអូស្ត្រាលីមានតម្លៃជាមធ្យមចំនួន១២៥,០៨ដុល្លារអូស្ត្រាលី(ប្រមាណ៨១,១៧ដុល្លារអាមេរិ
ក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៥: ទីក្រុងប៉េកាំង

គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ការជួលការិយាល័យកម្រិត A ក្នុងទីក្រុងប៉េកាំងមានតម្លៃជាមធ្យមប្រហែល២៤៧យ័ន(ប្រហែល៣៤,២៩ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំមុន។

ការធ្លាក់ចុះនេះត្រូវបានគេវាយតម្លៃថា បណ្តាលមកពីការកើនឡើងនៃអត្រាការិយាល័យទំនេរ និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យដើម្បីទាក់ទាញអតិថិជន៕

តើអ្នកណាជាមហាសេដ្ឋីអចលនទ្រព្យជាប់លំដាប់ទី១នៅ អាមេរិកក្នុងឆ្នាំនេះ?

ដោយៈ សម័យ

    អាមេរិកៈ មានមហាសេដ្ឋីជាច្រើនក្នុងវិស័យនេះ ប៉ុន្តែលោក Donald Bren ជាមហាសេដ្ឋីអចលមានទ្រព្យ ជាប់លំដាប់លេខ១នៅអាមេរិក ដែលមានសម្បត្តិសរុបប្រមាណ៣០.៥ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២៣។

ឈ្មោះពេញរបស់គាត់គឺ Donald Leroy Bren

កើត៖ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៣២ ទីក្រុង Los Angeles រដ្ឋ California លោកបានបញ្ចប់អប់រំ៖ បរិញ្ញាបត្រពីសាកលវិទ្យាល័យវ៉ាស៊ីនតោន។

លោកDonald Brenធមានតួនាទីជាប្រធាន និងជាម្ចាស់ក្រុមហ៊ុន អ៊ីវវីន។

លំនៅដ្ឋាន៖ Newport Beach, California ។

Donald Bren គឺជាប្រធាន និងជាម្ចាស់តែមួយគត់នៃក្រុមហ៊ុន Irvine ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យឯកជន ដ៏ល្បីល្បាញសម្រាប់ការកាន់កាប់យ៉ាងទូលំទូលាយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ផលប័ត្ររបស់ក្រុមហ៊ុន មានផ្ទៃដីប្រមាណ129 លានហ្វីតការ៉េ នៃអចលនទ្រព្យ រួមទាំងអគារការិយាល័យ អាផាតម៉ិន មជ្ឈមណ្ឌលផ្សារទំនើប និងរមណីយដ្ឋាន។

លោកDonald  Bren កាន់កាប់ភាគហ៊ុន 97.5% នៅក្នុងអគារ MetLife ដ៏ល្បីល្បាញនៅ Manhattan ដោយបញ្ជាក់ពីឥទ្ធិពលរបស់គាត់ហួសពីឆ្នេរខាងលិច។

មហាសេដ្ឋីរូបនព ក៏បានបម្រើការជាមន្ត្រី នៅកងម៉ារីនសហរដ្ឋអាមេរិកផងដែរ។

ចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ Donald Bren ក្នុងការអភិវឌ្ឍន៍រយៈពេលវែង បានពង្រឹងឋានៈរបស់គាត់ជាទីតាន នៅក្នុងឧស្សាហកម្មអចលនទ្រព្យ។ ឥទ្ធិពលរបស់គាត់ បានពង្រីកលើសពីការអភិវឌ្ឍន៍អចលនទ្រព្យ ប៉ះពាល់ដល់ការធ្វើផែនការទីក្រុង ការអភិរក្សបរិស្ថាន និងការអប់រំតាមរយៈកិច្ចខិតខំប្រឹងប្រែង សប្បុរសធម៌របស់គាត់៕

អភិបាលខេត្តព្រះសីហនុស្វាគមន៍និងធានាសុវត្ថិភាពអ្នកវិនិយោគ ដល់សមាជិកមកពីRECEP

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានស្វាគមន៍ និងធានាសុវត្ថិភាពអ្នកវិនិយោគដល់អ្នកធុរកិច្ចមកពីបណ្តាប្រទេសជាសមាជិកRCEP។

លោកបានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី៥ មិថុនា ក្នុងឱកាសលោកអភិបាល បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា រវាងអ្នកវិនិយោ​គចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

លោកអភិបាលខេត្ត បានធ្វើបទអន្តរាគមន៍ អំពីស្ថានភាពភូមិសា​ស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមា​ជិក RCEP ក្នុងវេទិកា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកម៉ាង ស៊ីណេតសូមស្វា​គមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។

លោកក៏បានអញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិកRCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង”។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ “ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ”។

លោកបានបង្ហាញសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្ត មកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា៕

លំនៅដ្ឋានឯកជនជិត៨.០០០យូនីតនឹងចាក់បញ្ចូលទៅក្នុងទីផ្សារសិង្ហបុរីនៅឆមាសទី២ រួមជាមួយផែនការមេរបស់រដ្ឋាភិបាល

ដោយ: គង់ លាងហួរ
អន្តរជាតិ: លំនៅដ្ឋានឯកជនថ្មីចំនួនជិត៨.០០០យូនីត គ្រោងនឹងចាក់បញ្ចូលទៅកាន់ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅឆមាសទី២ ឆ្នាំ២០២៥នេះ ដែលនឹងដើរទន្ទឹមគ្នាជាមួយការស្ទុះងើបឡើងវិញនៃទំនុកចិត្តរបស់អ្នកទិញនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។

យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា ចំនួនលំនៅដ្ឋានឯកជន ដែលលក់មិនដាច់នៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះក្នុងអត្រា១១,៩ភាគរយពីចំនួន២០.៥៦៦យូនីតក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មកនៅត្រឹមចំនួន១៨.១២៥យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

លោក Mohan Sandrasegeran ប្រធានផ្នែកស្រាវជ្រាវ និងវិភាគទិន្នន័យនៅក្រុមហ៊ុន Singapore Realtors Inc (SRI) អះអាងថា “ការធ្លាក់ចុះនៃចំនួនលំនៅដ្ឋានលក់មិនដាច់បានឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការលំនៅដ្ឋានមានសុខភាពល្អ និងតុល្យភាពល្អប្រសើរជាងមុនរវាងការផ្គត់ផ្គង់ និងតម្រូវការ”។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីចំនួន៩ នៅតំបន់កណ្តាលក្រុងសិង្ហបុរី (CCR) ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ដោយឡែក លោក Chee Hong Tat រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) គ្រោងនឹងបង្ហាញសេចក្តីព្រាងស្តីពីផែនការមេ សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែមិថុនា។

ផែនការមេនឹងរៀបរាប់លម្អិតអំពីការប្រើប្រាស់ដីរបស់ប្រទេសសិង្ហបុរីក្នុងរយៈពេលពី១០ឆ្នាំទៅ១៥ឆ្នាំខាងមុខ។ លំនៅដ្ឋានថ្មីជាច្រើននឹងត្រូវបានសាងសង់នៅលើទីតាំងដីផ្សេងៗគ្នាក្នុងតំបន់កណ្តាលក្រុងដូចជា តំបន់ Bukit Timah Turf Cit តំបន់ Mount Pleasant អតីតទីលានវាយកូនហ្គោល Keppel និងតំបន់ Marina South ។

ផែនការមេនេះក៏នឹងផ្តោតលើការបង្កើនសួនឧទ្យាន ទីធ្លាសាធារណៈ ក៏ដូចជាគម្រោងសាងសង់កោះសិប្បនិម្មិត “Long Island” ដែលនឹងលាតសន្ធឹងលើផ្ទៃដីចាក់បំពេញទៅក្នុងសមុទ្រទំហំ៨០០ហិកតាស្ថិតនៅតាមឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសសិង្ហបុរី៕

មន្ត្រីជាន់ខ្ពស់អន្តរក្រសួងពិភាក្សាអំពីការស្តារបាតទន្លេមេគង្គលើ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អន្តរក្រសួង ដឹកនាំដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីក្រសួងពាក់ព័ន្ឋ ទាក់ទងការស្តារបាតទន្លេមេគង្គលើ។

កិច្ចប្រជុំកាលពីថ្ងៃទី៤ មិថុនាកន្លងមកនេះ ក៏មានការចូលរួមពីប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមមន្រ្តីក្រសួងពាក់ព័ន្ឋជាច្រើនរូបផងដែរ។

មកិច្ចប្រជុំអន្តរក្រសួងនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាអំពីគោលនយោបាយលើកទឹកចិត្ត ក្នុងគោលដៅជំរុញការបូម ស្តារបាតទន្លេមេគង្គលើ ចាប់ពីព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តកំពង់ចាម

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សា អំពីគោលនយោ​បាយលើកទឹកចិត្ត ក្នុងគោលដៅជំរុញការបូម ស្តារបាតទន្លេមេគង្គលើ ចាប់ពីព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តកំពង់ចាមឡើងទៅលើ ក្នុងកម្រិតអន្តរក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរ៉ែ និងថាមពល៕

ដំណឹងល្អ៖ សម្ដេចតេជោគ្រោងចំណាយថវិកា១០លានដុល្លារដើម្បីសាងសង់មន្ទីរអន្តេវាសិកដ្ឋានសម្រាប់ស្ត្រី

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍។ សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីនាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ។

នាឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន​ សែន ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីឱ្យពង្រឹងនូវអនុត្តរភាពរបស់ស្រ្ដី ពោលគឺការធ្វើឱ្យស្រ្ដីមានភាពខ្លាំង មានអំណាចនៅគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច មានន័យថាឱ្យស្រ្ដីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាការក្ដោបសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់ដើម្បីឈានទៅដល់ការលើកកម្ពស់ និងធ្វើឱ្យស្រ្ដីកាន់តែមានឥទ្ធិពលបន្ថែមទៀត។ ជាមួយគ្នានោះផងដែរ សម្ដេចតេជោ បានវាយតម្លៃថា យ៉ាងយូរបំផុត ២០-៣០ ឆ្នាំទៀត ឥទ្ធិពល និងអនុត្តរភាពរបស់ស្រ្ដី នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងកាន់តែខ្លាំងឡើង ចំពោះការចូលរួមចំណែករបស់ស្រ្ដីនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ គឺមិនតិចជាងបុរសនោះទេ។

ទន្ទឹមនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការស្នាក់នៅ។ នៅពេលសម្តេច អញ្ជើញចុះទៅតាមខេត្ត តែងគិតគូរពីការសាងសង់កន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅរាជធានីភ្នំពេញមិនទាន់មានការសាងសង់នៅឡើយទេ។ បើតាមសម្តេចតេជោ កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយចំណាយថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកាជាតិនោះឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។ អន្តេវេសិកដ្ឋាននេះ សាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ ដោយមានបន្ទប់ទឹក និងចង្ក្រាន្តបាយផងដែរ។ ដូច្នេះត្រូវកសាងចំនួន ១២០បន្ទប់។ បន្ថែមពីលើនោះ នឹងមានការកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នៅពេលកសាងរួចរាល់ សម្តេចតេជោ នឹងប្រគល់ជូនក្រសួងកិច្ចការនារី គ្រប់គ្រង និងចាត់ចែងក្នុងការទទួលនិស្សិតជាស្ត្រីដែលខ្វះកន្លែងស្នាក់នៅពេលមករៀននៅរាជធានីភ្នំពេញ។ សម្តេចតេជោ សង្ឃឹមថា អន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនវិវាទនៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្ដរជាតិរួចហើយ

(ភ្នំពេញ)៖ ដោយមិនបង្អង់យូរឡើយ រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបញ្ជូនវិវាទរវាងកម្ពុជា-ថៃ នៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តុច និងប្រសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) រួចរាល់ហើយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការសម្រេចបញ្ជូនបញ្ហាវិវាទនៅតំបន់ទាំង៤នេះទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ នៅទីក្រុងឡាអេ ដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។

បើតាមសេចក្ដីថ្លែងការណ៍ដដែលនេះ, តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។

ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍ នៃការធានាបាននូវដំណោះស្រាយ មួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ នៅទីក្រុងឡាអេ។

តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិន មានការដោះស្រាយនោះទេ។ ការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះ»

ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការ ICJ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញចិត្តបន្តការសន្ទនា និងច្រកការទូត កម្ពុជា នឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការ ICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបាន ដាក់បញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំ JBC នាពេលខាងមុខនេះ។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៧៥,៤២ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៧ភាគរយដល់ត្រឹម៣.៣៧៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០២ភាគរយដល់៣៣៧២,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៨១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧៩ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

អភិបាលខេត្តស្នើអភិបាលខេត្តអាន ហ៊ួយជម្រុញអ្នកធុរកិច្ចនិងភ្ញៀវទេសចរណ៍មកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ អភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានជំរុញអភិបាលខេត្តអាន ហ៊ួយ លោកវ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអានហ៊ួយ ប្រទេសចិនជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍មកធ្វើធុរកិច្ច និងទស្សនានៅខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តអាន ហ៊ួយ លោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានស្វាគមន៍យ៉ាងកក្តៅ ពីលោកវ៉ាង ឈីងស៊ាន អភិបាលខេត្តអានហ៊ួយ។

លោកអភិបាលខេត្តអានហ៊ួយ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តអានហួយ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងជាខេត្តមួយ ដែលមានចំណូលខ្ពស់សម្រាប់ប្រទេសចិន និងនាំមុខក្នុងការផលិត រថយន្តប្រើចរន្តអគ្គីសនី  និងថាមពលផ្សេងៗ ដែលមា​ន​ការនាំចេញរហូត ដល់ជាងមួយលានគ្រឿងនៅក្នុងមួយឆ្នាំផងដែរ។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។ ហើយទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់លោក ប្រធានាធិបតី ស៊ី ជីនពីង។

តាមរយៈទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ក្នុងនោះ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) ជាមួយទីក្រុងស៊ូចូវ នៃខេត្តអានហ៊ួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដោយបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេក​ទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍។ ហើយស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ និងស្រុកយ៉ុងឈាវ នៃក្រុងស៊ូចូវ ក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) កាលពីឆ្នាំ២០១៦ ដោយព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍ ផងដែរ។

ក្រោមលទ្ធផលផ្លែផ្កានេះ ខេត្តយើងទាំងពីរក៏បានបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ(ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥)។

ផ្អែកតាមគោលការណ៍សមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម។

ក្នុងឱកាសនេះ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវក្តីរីករាយ ដោយបានជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាល ជាមួយឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំនៃខេត្តអានហ៊ួយ ព្រមទាំងទទួលបានការស្វាគមន៍គណៈប្រតិភូខេត្តព្រះសីហនុ យ៉ាងកក់ក្តៅបំផុត។

លោកអភិបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែល្អប្រសើរ។

ព្រមជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានស្នើសុំលោកអភិបាលខេត្តអានហ៊ួយ សូមជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរណ៍ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។ បន្ថែមពីលើនេះទៀត គឺស្នើសុំ ឯកឧត្តមអភិបាលខេត្តអានហ៊ួយ ជួយជំរុញការរៀបចំតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តអានហ៊ួយ ទៅខេត្តព្រះសីហនុ។ ជាចុងក្រោយឯកឧត្តមអបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តអានហ៊ួយ ទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ទៅតាមពេលវេលាសមស្របណាមួយ៕

សម្តេចតេជោចាប់ផ្តើមប្រើប្រាស់Fresh AI និងស្នើកូនខ្មែរប្រើប្រាស់កម្មវិធីនេះដែលជាស្នាដៃកូនខ្មែរជាលើកដំបូង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភាកម្ពុជាបានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមថា សម្តេចបានប្រើប្រាស់​Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃរបស់ខ្មែរជាលើកដំបូង។

សម្តេចបានបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៥ មិថុនានេះថា ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។

សម្តេចបានបញ្ជាក់ថា “កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន”។

សម្តេចតេជោបានបន្តថា Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។

សម្តេចបញ្ជាក់ថា “វាជាមោទនភាពរបស់ខ្មែរយើង ដែលមានកម្មវិធីAI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News ខ្ញុំស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ”៕