BW Arena មណ្ឌលកំសាន្តតម្លៃ១០លានដុល្លារនឹងធ្វើឲ្យតំបន់ចក្រអង្រែកាន់តែរសរវើក

ដោយ គង់ សូរិយា

ភ្នំពេញ: មណ្ឌលកំសាន្ត BW Arena តម្លៃ១០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Worldbridge Group នឹងធ្វើឲ្យតំបន់ចក្រអង្រែក្រោមកាន់តែរសរវើក និងទាក់ទាញ នៅភាគខាងត្បូងរាជធានីភ្នំពេញ។

WB Arena រួមមាន ​ហាង​លក់​ទំនិញ​ហាង​លក់​ចំណី​អាហារ កន្លែង​សម្រាក​លម្ហែ និង​កន្លែង​កម្សាន្ត​ជាច្រើន​ ថែម​ទាំង​មាន​សាល​មហោស្រព ​ដែល​អាច​អង្គុយ​បាន​ដល់​ទៅ​ ៤០០នាក់​សម្រាប់​កម្មវិធី​នាពេល​រាត្រី​ទៀត​ផង​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Worldbridge Land លោកTan Teck Keeបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា WB ARENA ​នឹង​ក្លាយ​ជាគោលដៅ​កន្លែង​សម្រាប់ ​លម្ហែ​សម្រាប់​ក្រុមគ្រួសារ​នាពេលអនាគត ​នៅពេល​គម្រោង​នេះ ​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ។ លោក​បន្ត​ថា ​វា​នឹង​ក្លាយ​ជា​គោលដៅ​កម្សាន្ត​នៅ​មាត់​ទន្លេ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក ជនបរទេស និង​ភ្ញៀវទេសចរ​ផង​ដែរ​។ យើង​បាន​សាងសង់​នូវ​កន្លែង​សម្រាប់​ប្រកួត​កីឡា ​ដែល​នឹង​មាន​បើក​ស្វាគមន៍​ ទទួល​ការប្រកួត​ និង​ការ​ប្រារព្ធ​កម្មវិធី​ជាច្រើន​ទៀត​។

ជាមួយគ្នានេះ ក្រុមហ៊ុនមានគំរោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​នានា ​ដោយផ្តោតលើមនុស្សគ្រប់​វ័យ​ផង​ដែរ​»​។

គម្រោង​នេះ​ត្រូវ​បាន​ឌីសាញ​ឡើង ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅ​ប្រទេស​ សិង្ហបុរី Chin Kam and Associates (CK&A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Worldbridge Group និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ Oxley International Holdings ជួល​ឲ្យ​រចនា​ប្លង់​គម្រោង The Bridge និង The Peak​។ WB Arena ត្រូវ​បាន​គេ​រចនា​ស្រដៀង​គ្នា​នឹង Clarke Quay នៅ​សិង្ហបុរី​។ យ៉ាង​ណា​មិញ​ការ​រចនា​ប្លង់​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ផិ្ចតផ្ចង់​ដើម្បី​ឱ្យ ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​កន្លែង​កម្សាន្ត​បែប​ខ្មែរ ​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​។

​​លោកSimon Griffiths នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Urban Asset Solutions ដែល​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ការជួល និង​ជួប​អតិថិជន​របស់​គម្រោង WB Arena បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃ​សរុប​៦០០០ម៉ែត្រការ៉េ ដែលក្រុមហ៊ុននឹងបែងចែក​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ហាង​លក់ទំនិញ ហាង​លក់​ចំណី​អាហារ និង​ភេសជ្ជៈ និង​កន្លែង​កម្សាន្ត​។

លោកSimon Griffiths បាន​និយាយ​ថា ​យើង​ចង់​ធ្វើ​អ្វីៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិមកកំសាន្តនៅតំបន់នេះ​។

គម្រោង​នេះ នឹង​មាន​ស្តង់​ដែល​បម្រី​អាហារ​ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​ មុខ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ ក៏​ដូចជា ​កន្លែង​ពិសា​អាហារ​មាត់​ឆ្នេរ​ក្រោម ​ម្លប់​ដើមត្នោត​ប្រប​មាត់​ទន្លេ​ផង​ដែរ​។ ភោជនីយដ្ឋាន​ជាច្រើន​ ត្រូវបាន​កក់​ស្តង់​មួយ​ចំនួន​រួច​ទៅ​ហើយ៕

ហានិភ័យ: ប្រតិបត្តិការទិញលក់អចលនទ្រព្យក្នុងទីក្រុងឌុបៃចាប់ផ្តើមធ្លាក់ចុះ

ដោយ វុត្ថា

ភ្នំពេញ: ជាលើកដំបូងហើយ ដែលប្រតិបត្តិការទិញលក់អចលនទ្រព្យនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលកំពុងមានចំណាប់អារម្មណ៍ពីពិភពលោក បានធ្លាក់ចុះជាលើកតំបូង នៅក្នុងប្រទេសវាលខ្សាច់មួយនេះ។

យោងតាមមន្ត្រីជាន់ខ្ពស់ប្រទេសអារ៉ាប់រួម កាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យ​ ​​ដឹងថា ប្រតិបត្តិការទិញលក់ អចលនទ្រព្យនៅក្នុងទីក្រុងឌុបៃ សម្រេចបានចំនួន៣០,២ពាន់លានដុល្លារក្នុងពាក់កណ្តាលឆ្នាំ២០១៨ ដែលចំនួននេះមានការធ្លាក់ចុះ ធៀបនឹង​ឆ្នាំមុន ដែលប្រតិបត្តិការទិញ លក់ អចលនទ្រព្យក្នុងទីក្រុងរីកចម្រើនដ៏លឿននេះ សម្រេចបានចំនួន៣៥,៩៤ ពាន់លានដុល្លារអាមេរិក។

ទីក្រុងឌុបៃបានចុះបញ្ជីប្រតិបត្តិការ អចលនទ្រព្យចំនួន២៧,៦៤២ ក្នុងឆមាសឆ្នាំ ២០១៨។ចំណែកឆ្នាំ២០១៧ កន្លងទៅនេះ តាមការសិក្សាស្រាវជ្រាវអចលនទ្រព្យដោយ នាយកដ្ឋានដីធ្លីទីក្រុងឌុបៃ បានបង្ហាញថា ប្រតិបត្តិការអលនទ្រព្យ ដែលបានចុះបញ្ជីមានចំនួន៣៥,៥៧១ ក្នុងរយៈពេលដូចគ្នា។

នាយកដ្ឋាននេះបានកត់សម្គាល់ទៀតថា មេដឹកនាំអារាប់រួមកំពុងដាក់ក្តីសង្ឃឹម ចំពោះការលើកទឹកចិត្តលើបរិបទ និងទស្សនទាននៃគោលនយោបាយសសេដ្ឋកិច្ចថ្មីរបស់ខ្លួន និងបានអំពាវនាវអោយអ្នកវិនិយោគិនអន្តរជាតិ ឲ្យចូលមកវិនិយោគក្នុងស្រុកតាមរយៈការប្រកាសវិធានការអនុញ្ញាត ឱ្យជនបរទេសក្លាយជាកម្មសិទ្ឋរហូតដល់១០០ ឆ្នាំ និងផ្តល់ឱ្យអ្នកឯកទេសបរទេស នូវទិដ្ឋាការរយៈពេល១០ឆ្នាំ។

លោកSultan Butti bin Mejren អគ្គនាយកនៃនាយកដ្ឋានដីធ្លីនៃទីក្រុងឌូបៃ បានឲ្យដឹងថា ការផ្តល់ឱ្យវិនិយោគិនទិដ្ឋាការស្នាក់នៅ ក្នុងប្រទេសអារ៉ាប់រួមរហូតដល់១០ឆ្នាំ  រួមទាំងការកាត់បន្ថយថ្លៃសេវារដ្ឋផ្សេងៗ គឺដើម្បីលើកទឹកចិត្តអ្នកវិនិយោគិនបរទេសមកវិនិយោគឲ្យបានច្រើន ក្នុងការជម្រុញសេដ្ឋកិច្ច ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។

ប្រជាជនអារ៉ាប់បានវិនិយោគច្រើនជាងគេ ដោយមានចំនួន២,៩៨៦គំរោងនិងមានតម្លៃទឹកប្រាក់ចំនួន៦,៨ពាន់លានAEDដុល្លារអារ៉ាប់។ បន្ទាប់មកជនជាតិឥណ្ឌា មានចំនួន៣២១៨គំរោង ដែលស្មើរនឹងទឹកប្រាក់៥,៩ ពាន់លានដុល្លារ AED ។ ជនជាតិអារ៉ាប៊ីសាអ៊ូឌីតឈរនៅលំដាប់លេខរៀងទី៣ ដោយមានការវិនិយោគចំនួន១,៤១៥គំរោងនិងមានតម្លៃជិត៣ពាន់លានអឺរ៉ូ។

ប្រជាពលរដ្ឋមកពីចក្រភពអង់គ្លេស ប៉ាគីស្ថាន ចិន អេហ្ស៊ីប ហ្ស៊កដានី និងបារាំងគឺស្ថិតក្នុងចំណោមអ្នកវិនិយោគច្រើនជាងគេ ក្នុងលំដាប់Top Ten នៅទីក្រុងដែលមានអាគារខ្ពស់ជាងគេក្នុងពិភពលោកនេះ៕

ក្រុមហ៊ុនអចលនទ្រព្យយក្សចិន៦ ចូលមកកាន់ទីផ្សារ និងផ្លាស់ប្តូរមុខមាត់កម្ពុជា

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចំនួន៧ បាននិងកំពុងចូលមកវិនិយោគនៅទីក្រុងភ្នំពេញ តាមរយៈការសាងសង់គំរោងធំៗដ៏អស្ចារ្យ ដោយប្រែក្លាយទីក្រុងភ្នំពេ​ញទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។

ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន Prince Real Estate Group ដែលបាននិងកំពុងវិនិយោគសាងសង់ខុនដូ Diamond One នៅទីក្រុងកោះពេជ្រ គំរោងខុនដូ Prince Plaza, Prince Modern Plaza នៅតាមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅ​ខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគ៥០០០លានដុល្លារនៅកម្ពុជា។

ទី២ ក្រុមហ៊ុន R&F Properties បាននិងកំពុងសាងសង់អាគារកំពស់៤០អាគានិហមានកំពស់៣៦ជាន់ និង៤៨ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងបោះទុនវិនិយោគជាង៣០០០លានដុល្លារ និងគំរោងមួយទៀតស្ថិតនៅអតីតរងចក្រស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។

ទី៣ ក្រុមហ៊ុន SINO Plaza ដែលបាននិងកំពុងសាងសង់ គំរោងមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មកំពស់៤៥ជាន់ នៅអតីតទីតាំងផ្សារបឹងត្របែក ដែលប្រកាសបោះទុនវិនិយោគ២៥០លានដុល្លារ និងគ្រោងវិនិយោគគំរោងជាច្រើនទៀត។

ទី៤ ក្រុមហ៊ុន Green Land Group​ ជាក្រុមហ៊ុនយក្ស ដែលបានប្រកាសបោះទុនវិនិយោគ៧០០០លានដុល្លារនៅកម្ពុជាបន្ថែមនាពេលខាងមុខ ហើយក្រុមហ៊ុននេះបានប្រកាសទិញអាគារកំពស់៣៨ជាន់ចំនួន៣ នៃគម្រោង D.I RIVIERA។

ទី៥ ក្រុមហ៊ុន Yuetai Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​កំពុង​មាន​ប្រតិបត្តិការ​លើ​គម្រោង​ ជាច្រើន​នៅ​កម្ពុជា​ដូចជា East One និង East View និងគំរោងដ៏ធំមួយទៀតស្ថិតនៅផ្លូវវេងស្រេង (តំបន់លូ៥)។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជាផងដែរ។

ថ្មីៗនេះក្រុមហ៊ុននេះក៏ប្រកាសគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ពិភពលោក នៅទីតាំងកំពង់ផែស្វ័យត្នក្រុងភ្នំពេញ តាមបណ្តោយដងទន្លេសាប ។ គំរោងនេះនឹងសាងសង់អាគារកប់ពពកចំនួន២២អាគារ ដែលជាគំរោងដ៏អស្ចារ្យមួយ។

ទី៦ ក្រុមហ៊ុន 4seasons ជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែលបាននិងកំពុងត្រៀងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់អន្តរជាតិនៅតំបន់​បឹងកេងកង១ និងគំរោងជាច្រើនទៀត ដែលក្រុមហ៊ុននេះកំពុងរៀបចំឡើង និងចាប់ផ្តើម​សាងសង់នៅពេលឆាប់ៗនេះ៕

អ្នកជំនាញថា ការកើនតម្លៃដីខ្ពស់ពេកជាឧបសគ្គនៃការវិនិយោគ

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បានលើកឡើងស្រដៀងគ្នាថា ការកើនឡើងតម្លៃដីខ្ពស់ពេក បានក្លាយជាឧបសគ្គមួយរារាំងការអភិវឌ្ឍន៍ នៅតំបន់បឹងជើងឯក និងបឹងទំពុន ដែលតម្លៃដីខ្ពស់បែបនេះបានរំខានដល់ការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍នានា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា តំបន់បឹងជើងឯក និងបឹងទំពុនមានភាពទាក់ទាញ និងជាតំបន់ល្អសម្រាប់ការអភិវឌ្ឍ ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះ​មិនទាន់មានសកម្មភាពជាដុំកំភួនទេ តែតម្លៃដីបានកើនខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគបុរីមិនអាចធ្វើបានទេ នៅពេលតម្លៃដីកើនខ្ពស់ដល់កម្រិតនេះ។

អ្នកនាងបន្តថា “តម្លៃដីនៅតាមបណ្តោយមហាវិថីសម្តេចតជោហ៊ុន សែនមានភាព​សមស្រប តែតម្លៃដីលំនៅដ្ឋានមានតម្លៃខ្ពស់ មិនអាចសាងសង់បុរីបានទេ”។ អ្នកនាងបន្តថា “តំបន់មួយមិនអាចមានតែសកម្មភាពពាណិជ្ជកម្ម ឬសាងសង់តែមជ្ឈមណ្ឌលពាណិជ្ជ​កម្មនោះទេ ព្រោះសកម្មភាពពាណិជ្ជកម្មត្រូវការការគាំទ្រពីប្រជាជន ពីអ្នកអភិវឌ្ឍន៍លំ​នៅដ្ឋាន”។

លើកឡើងស្រដៀងគ្នានេះផងដែរ លោកង៉ែត ពិសិដ្ឋជំនួយការអគ្គនាយកបុរីពិភព​ថ្មីបានថ្លែងថា តម្លៃដីពិតជាឡើងថ្លៃខ្ពស់ពេកនៅតំបន់នេះ ដែលធ្វើឲ្យមិនអាចសាងសង់​លំនៅដ្ឋានលក់បាន ដោយសារការចំណាយទៅលើថ្លៃដីបានខ្ពស់រួចទៅហើយ។លោក​បន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួបឧបសគ្គក្នុងការស្វែងរកដី ដើម្បីអភិវឌ្ឍឬសាងសង់បុរីណាស់ ដោយសារតម្លៃដីកើនឡើងខ្ពស់ពេក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដើម្បីលើកំពស់សោភណ្ឌភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាត សាលារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរក្រុងប៉ារីស ក្នុងការអភិវឌ្ឍន៍តំបន់ជើងឯកឱ្យក្លាយជាទីក្រុងបៃ​តង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់នេះនាពេលខាងមុខ។

លោកបន្តថា គំរោងអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហុំធំទូលាយមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសជៀសផុតពីគ្រោះទឹកជំនន់៕

គំរោងអចលនទ្រព្យយក្សមួយទៀតចាប់ផ្តើមប្រកាសលក់ខុនដូតម្លៃសមរម្យ

ដោយដែន ចែងចាំង

​ភ្នំពេញ: ក្រុមហ៊ុនអចលនទ្រព្យយក្សមួយមានមូលដ្ឋាននៅប្រទេសចិន បានប្រកា​សពីការលក់គំរោងខុនដូដ៏ធំរបស់ខ្លួន ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងក្នុងតម្លៃសមរម្យ​មួយ។

​គំរោងដែលវិនិយោគដោយក្រុមហ៊ុនYUETAI GROUPនេះ មានឈ្មោះYUETAI THE GARDEN ដែលមានអាគារកំពស់៣៦ជាន់ចំនួន៨អាគារ និងលក់ក្នុងតម្លៃចាប់ពី​៣៩០០០ដុល្លារអាមេរិកឡើងទៅ ជាមួយនឹងការផ្តល់ជូនគ្រឿងសង្ហាររឹម និងសម្ភារៈផ្ទះ​បាយមួយសម្រាប់ផងដែរ។

​ក្រុមហ៊ុនYUETAI GROUPកាលពីពេលថ្មីៗនេះ ក៏បានប្រកាសសម្ភោធចាប់ផ្តើម​គំរោងដ៏ធំរបស់ខ្លួន ដែលមានអាគារកប់ពពកចំនួន២២អាគារ ស្ថិតនៅតាមបណ្តោយដងទន្លេសាប(តំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ)ផងដែរ។

​យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា ទីផ្សារខុនដូចាប់ផ្តើមមាននិន្នាការប្រែប្រួល ដោយអ្នកវិនិយោគបានងាកមកទិញខុនដូដែលបាន​សាងសង់រួច ឬជិតបញ្ចប់ការសាងសង់ ជាជាងទិញគម្រោងដែលបានប្រកាសហើយមិន​ទាន់សាងសង់។

​នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបាន​មានប្រសាសន៍ថា ទីផ្សារខុនដូនៅតែមានការវិវត្តទៅមុខល្អប្រសើរ ទោះជាគំរោងថ្មីៗមួយចំនួនមិនបានប្រកាសការសាងសង់ក្នុងកំឡូងពេលនេះក្តី ប៉ុន្តែនិន្នាការនៃការទិញលក់នៅតែបន្តកើនឡើង ក្នុងកម្រិតមួយយឺតជាងមុន តែនៅតែមានស្ថិរភាព។

អ្នកនាងបន្តថា “តម្លៃខុនដូបានប្រែប្រួល ដោយអ្នកវិនិយោគបានងាកមកកាន់គំរោងដែលមានតម្លៃសមរម្យ ដែលសមស្របនឹងស្ថានភាពទីផ្សារពិតប្រាកដ”៕

អ្នកជំនាញក្រុមហ៊ុនអចលនទ្រព្យល្បីៗ ចំនួន១២ បានចុះកិច្ចព្រមព្រៀងបង្កើតវិទ្យាស្ថានអចលនវត្ថុកម្ពុជា

ដោយគង់ សូរិយា

​ភ្នំពេញ:​ ថ្នាក់ដឹកនាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជាចំនួន១២ បានចុះកិច្ចព្រមព្រៀង ដើម្បីឈានទៅបង្កើតមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ដែលមជ្ឈមណ្ឌលនេះបង្កើ​តឡើង ក្នុងគោលដៅបើកវគ្គបណ្តុះបណ្តាលជំនាញអចលនវត្ថុនៅប្រទេសនេះ។

​លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៨ កក្កដាកន្លងមកថា ក្រុមហ៊ុនទាំង១២បាន​សម្រេចចុះហត្ថលេខា ដើម្បីចាប់ផ្តើមបង្កើតទុនរួមគ្នា ក្នុងការបើកមជ្ឈមណ្ឌលនេះ។ ការ​បណ្តុះបណ្តាលជំនាញជាភ្នាក់ងារវាយតម្លៃអចលនវត្ថុ និងជំនាញវាយតម្លៃជាដើម នឹងធ្វើ​ឡើងនៅខែកញ្ញាខាងមុខនេះ។

រហូតមកទល់ពេលនេះ មជ្ឈមណ្ឌលបានទទួលអាជ្ញាប័ណ្ណពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ។


​លោកបន្តថា “ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអចលនទ្រព្យ ជាការឆ្លើយតបនឹងតម្រូវការធនធានមនុស្ស នៅក្នុងទីផ្សារដែលកំពុងមានភាពរីកចម្រើននេះ”។លោកបន្តថា “មួយទសវត្សរ៍ចុងក្រោយនេះវិស័យសំណង់ និងអចលនវត្ថុកម្ពុជាមានភាពរីកចម្រើ​នខ្លាំង ហើយមានអ្នកជំនាញមកពីបរទេសមកធ្វើការងារនេះ ប៉ុន្តែចំនួនធនធានមនុស្សក្នុងវិស័យនេះនៅតែមានការខ្វះខាត”។

​លោកឃាង ពុទ្ឋីបានបន្តថា កម្មវិធីសិក្សាត្រូវបានរៀបចំតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រោះយើងបានសិក្សាពីកម្មវិធីសិក្សានៅប្រទេសជាច្រើន ដូចជា សឹង្ហុបុរី ជប៉ុន កូរ៉េជាដើម យកមកច្របាច់បញ្ចូលគ្នា ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីសិក្សារបស់យើងស្របតាម​បរិបទកម្ពុចា និងបរិបទតំបន់។លោកបន្តថា ចំណែកគ្រូបង្រៀនឬសាស្រ្តាចារ្យ នឹងជ្រើស​រើសយកចេញពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកមានបទពិសោធន៍លើការងារនេះជាច្រើនឆ្នាំ ព្រមទាំងសាស្រ្តាចារ្យជំនាញមកពីបរទេសផងដែរ។

​ការចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលនេះ នឹងចាប់ផ្តើមពីខែសីហាខាងមុខនេះ នៅការិយាល័យរបស់មជ្ឈមណ្ឌលស្ថិតក្នុងគំរោងONe Park នៃមជ្ឈមណ្ឌលភ្នំពេញ(អតីតបឹងកក់)៕

អ្នកជំនាញ​នៅ​និយាយ​អ្វីខ្លះ​ពី​ស្ថានភាព​អចលនទ្រព្យ​រយៈពេល​វែង​ខាងមុខ?

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការរីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា បើទោះបី​ប្រទេសមួយ​នេះ កំពុង​រៀបចំ​ការបោះឆ្នោត​ឆ្នាំ ២០១៨យ៉ាងណាក្តី។

លោក ឃាង ពុ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Sleukrith Realty បាន​ឲ្យ​ដឹង​នៅក្នុង​កម្មវិធី​កិ​ពិភាក្សា​អ​លន​ព្រ​ព្យ​កាលពី​ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៨កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន គឺថា​មាន​ភាព​វិជ្ជមាន​សម្រាប់​ការវិនិយោគ  និង​ដំណើរការ​ល្អប្រសើរ​ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​ការបោះឆ្នោត និង​មា​នស​ស្ថេរភាព​នយោបាយ​ល្អប្រសើរ ខណៈ​ស្ថានភាព​នយោបាយ ក្នុងប្រទេស​មួយចំនួន​ក្នុង​តំបន់​មិន​ស​សូវ​ល្អប្រសើរ  ដែល​ធ្វើអោយ​អ្នក​វិនិយោគិន​អន្តរជាតិ តែងតែ​សំឡឹងមើល​ពី​បញ្ហា​នេះ ហើយ​សម្រេចចិត្ត​មក​វិនិយោគ​ក្នុង​ប្រ​តេស​កម្ពុជា។

លោក​បន្តថា “បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា គឺជា​ទិសដៅ​ល្អប្រសើរ​សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ ដែល​កំពុងតែ​ចាប់យក​ឪ​កាស​នេះ ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុងចំណោម​វិស័យ​ផ្សេងទៀត។

លោក​បន្តទៀតថា ទាំង​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​នៅតែ​ល្អប្រសើរ បើ​កត្តានយោបាយ​រក្សាបាន​ល្អប្រសើរ​បែបនេះ។លោក​បញ្ជាក់ទៀតថា ស្ថេរភាព​នយោបាយ​ក្នុងប្រទេស ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រិ​ក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេងទៀត ព្រមទាំង​ទាក់ទាញ​អ្នក​វិ​និ​យោ​គិ​នានា​មក​វិនិយោគ​បន្ថែម​ក្នុងប្រទេស​កម្ពុជា។

លោក​អ៊ិន មាន​ស្ថាបនិក​គេហទំព័រ khmerhome.com បានដឹង​ដែរ​ថា ស្ថានភាព​នយោបាយ និង​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​នាពេលនេះ មិន​ធ្វើអោយប៉ះពាល់​ដំណើរការ​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ​នោះទេ ដោយសារតែ​លោក​មើលឃើញថា​សកម្មភាព​ទិញ ឬ​លក់​កុំ​ពុង​តែ​រស់​រវើក។

លោក​បញ្ជាក់ទៀតថា ដើម្បី​រួមចំណែក​ជាមួយ​ការរីកចម្រើន​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ស្របតាម​គោ​លន​បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ គេហទំព័រ Khmerhome.com បាន​បង្កើត App មួយ​ដើម្បី​ប្រមូលផ្តុំ​ព័ត៌មាន​អចលនទ្រព្យ​នៅ​មួយកន្លែង ដើម្បី​សម្រាប់​ឲ្យ​អ្នករកស៊ី​លើ​វិស័យនេះ ទទួលបាន​ព័ត៌មាន និង​មាន​ភាពងាយស្រួល​ក្នុងការ​វិនិយោគ និង​កា​រស​ម្រេ​ចិត្ត​ទិញ​លើ​វិស័យ​អ​ច​នល​ទ្រព្យ៕

Cambodia Real Estate Award ឆ្លុះបញ្ចាំងពីដំណើរឈានទៅមុខនៃវិស័យអចលវត្ថុកម្ពុជា

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ឬ Cambodia Real Estate Award បានទទួលការចាប់អារម្មណ៍ និងបញ្ចប់ដោយទទួលបានជោគជ័យ តាមរយៈការចែកពានរង្វាន់ជាច្រើនដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុនអន្តរជាតិជាច្រើនបាន​ចូលរួម ដើម្បីទទួលបានពានរង្វាន់ពីកម្មវិធីនេះ។

លោក Thomas O´Sulivan អគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនវត្ថុកម្ពុជា Realestate.com.khដែលបានផ្តួចផ្តើមកម្មវិធីនេះ ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា និងសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសា​សន៍ឲ្យដឹងក្នុងពិធីប្រកាសពានរង្វាន់ Cambodia Real Estate Awards ឆ្នាំ២០១៨ នារាត្រីថ្ងៃទី៦ កក្កដាកន្លងមកថា វិស័យអចលនវត្ថុកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះភ្នាក់ងារអចលនវត្ថុជាច្រើនបានខិតខំប្រឹងប្រែ​ងនិងចូលរួមចំណែកដល់ភាពជោគជ័យនេះ។

លោកបន្តថា “ដូច្នេះវាជាការចាំបាច់សម្រាប់យើង ក្នុងកា​រទទួលស្គាល់អ្នកទាំងនេះ  ជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ សម្រាប់សមិទ្ឋិផលនិង​ការរួមចំណែករបស់ពួកគេ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាង​បានថ្លែង និងត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព៌តមានផងដែរថា ដូចខ្ញុំបានលើ​កឡើងពីខាងដើមថា យើងត្រូវមានព្រឹត្តិការណ៍ទាំងនេះបន្ថែមទៀត នៅពេលអនាគត ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បុគ្គលឆ្នើមនៅក្នុងវិស័យអចលនវត្ថុកម្ពុជា ហើយក្នុងពេលជាមួយគ្នា ដើម្បីជួយលើកស្ទួយវិស័យនេះ រួមទាំងប្រទេសកម្ពុជាទៅឲ្យពិភពលោក​ខាងក្រៅបានស្គាល់។

លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណកម្មការវាយតម្លៃពានរង្វាន់នេះបានថ្លែងថា មានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យចូលរួម ដើម្បីទទួលបានការវាយតម្លៃសម្រាប់ពានរង្វាន់នេះ ប៉ុន្តែក្រុមហ៊ុនខ្លះមិនមានស្តង់ដា និងមិនមានចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានយើងជម្រុះចេញ និងជ្រើសរើសយកតែក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ មានការបង់ពន្ឋ និងគោរពច្បាប់បានត្រឹមត្រូវ ដើម្បីទទួលបានការវាយតម្លៃពីគណកម្មការរបស់យើង។

លោកបន្តថា “នៅឆ្នាំនេះជាលើកទី១មានអ្នកចូលរួមច្រើន ប៉ុន្តែលោកគិតថានៅឆ្នាំទី២នឹងមានក្រុមហ៊ុនចូលរួមកាន់តែច្រើនថែមទៀត ដែលនៅពេលនោះអ្នកជាប់លេខ១ឆ្នាំនេះ មិនប្រាកដថាបានលេខមួយទៀតទេ ដោយសារមានដៃគូប្រកួតប្រជែ​ងច្រើន”។​ លោកបន្តថា “អ្នកឈ្នះពានរង្វាន់នេះស័ក្តិសមនឹងទទួលបានការទទួលស្គាល់ និងទទួលបានពាន​រង្វាន់របស់យើង សម្រាប់ការបន្តឧត្តមភាព និងការធ្វើជាគំរូដល់អ្នកដទៃ”៕

កត្តាអ្វី ដែលធ្វើឱ្យជនជាតិចិន ចូលមករស់នៅកម្ពុជាកាន់តែច្រើនឡើងៗ

ដោយ រ៉ាវី

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃជនជាតិចិន បានចូលមករស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយហ៊ានជួលដីឬផ្ទះស្នាក់នៅមានតម្លៃខ្ពស់ជាងទីផ្សារ ក្នុងប្រទេសកម្ពុជាទ្វេរដងទៀតផង។

លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឡាក់គី (Lucky Real Estate Cambodfia) មានប្រសាសន៍ថា បច្ចុប្បន្នវត្តមានវិនិយោគិនចិន បានចូលមកស្នាក់នៅកម្ពុជាកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់មែន ពិសេសចូលមករស់នៅក្នុងក្រុងភ្នំពេញ និងខេត្តកំពង់សោម ដែលធ្វើឱ្យទីក្រុងជាប់មាត់សមុទ្រមួយនេះ ស្ទើរតែក្លាយជាទីក្រុងចិនឬហៅថា (China Town) ដូចនៅប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីដែរ។

លោកថា កត្តាដែលធ្វើឱ្យជនជាតិចិនហ៊ានជួលអចលនទ្រព្យ ដីធ្លី ផ្ទះសំបែង ថ្លៃខ្ពស់ខ្លាំងដើម្បីស្នាក់នៅធ្វើការវិនិយោគផ្សេងៗនេះ ទី1.គឺដោយសារជាតម្រូវការចាំបាច់ ក្នុងការស្នាក់នៅ ឬជាទីតាំងដែលមានសក្តាសនុពលក្នុងការបណ្តាក់ទុនរកស៊ី។ ទី2.ជួនកាលគាត់មិនបានជួលផ្ទាល់ពីម្ចាស់ផ្ទះឬម្ចាស់ដីនោះទេ ពោលគឺជួលតៗគ្នា ដែលធ្វើឱ្យអ្នកជួលរកប្រាក់ចំណេញតៗគ្នា ទើបបានជាធ្វើឱ្យការជួលមានតម្លៃថ្លៃលើសទីផ្សារទេ្វរដងដូច្នេះ។ និងទី3.ដោយសារតម្រូវការខ្លាំង ក្នុងដាក់បង្កើតស្នាក់ការក្រុមហ៊ុនដើម្បីធ្វើការវិនិយោគផ្សេងៗ។

តំបន់ដែលជនជាតិចិនរស់នៅច្រើនក្នុងក្រុងភ្នំពេញ មានដូចជាតំបន់បឹងកេងកង តំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងផ្សាររតនាផ្លាហ្សាជាដើម។ ការមកស្នាក់នៅក្រុងភ្នំពេញនេះ គឺដោយសារពួកគាត់មករកស៊ីបណ្តាក់ទុនក្នុងវិស័យវាយណភណ្ឌកាត់ដេរ និងការវិស័យអចលនទ្រព្យ ដីធ្លី និងសាងសង់សំណង់ខុនដូរលក់ជាដើម។ លោកថាការមករកស៊ីដីធ្លីនិងសំណង់នេះ គឺដោយសារជនជាតិចិនមើលឃើញឱកាសវិនិយោគកម្ពុជា នៅមានច្រើន ទទួលផលចំណេញច្រើនទៅថ្ងៃអនាគត ខណៈដែលប្រទេសរបស់ខ្លួន តម្លៃអចលនទ្រព្យឡើងខ្ពស់ស្ទើរខ្លាំង ស្ទើរអស់ឱកាសរកប្រាក់ចំណេញលែងបានហើយនោះ៕

CBRE ទទួលបានពានរង្វាន់៤ ពីកម្មវិធី Cambodia real estate Award 2018

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodiaបានទទួលពានរង្វាន់ច្រើនជាងគេ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឬ Cambodia Real Estate Awardដែលបាន​រៀបចំលើកទី១នៅប្រទេសកម្ពុជា។

ពានរង្វាន់នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនគេហទំព័រ Realestate.com.kh,សមា​គមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសនឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ កក្កដានេះថា ការទទួលបានពានរង្វាន់នេះជាការឆ្លុះបញ្ចាំង ពីការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនយើងមានលក្ខណៈពិសេស និងជា​ក្រុមហ៊ុនធំជាងគេនៅក្នុងវិស័យនេះ ហើយការទទួលពានរង្វាន់នេះ ធ្វើឲ្យគេស្គាល់ពីក្រុមហ៊ុនរបស់យើងកាន់តែច្រើន តាមរយៈការផ្តល់សេវាកម្មបានល្អ​ប្រសើរដល់អតិថិជន​។

អ្នកនាងបន្តថា “ទម្រាំទទួលបានពានរង្វាន់នេះ ក្រុមហ៊ុនត្រូវដាក់ឯកសារការងារជាច្រើនដល់គណកម្មការវាយតម្លៃឯករាជ្យ ដើម្បីទទួលបានការវាយតម្លៃដោយត្រឹមត្រូវ និងយុត្តិធ៌ម”។អ្នកនាងបន្តថា “វាបង្ហាញពីភាពត្រឹមត្រូវរបស់យើង ដែលជួយទាំងរដ្ឋាភិ​បាល និងឯកជន ព្រោះយើងត្រូវតែជាក្រុមហ៊ុនដែលមានការចុះបញ្ជីរត្រឹមត្រូវ មានវិជ្ជាជីវៈនិងមានការបង់ពន្ឋត្រឹមត្រូវ”។

ពានរង្វាន់ដែលក្រុមហ៊ុនCBRE Cambodiaទទួលបានចំនួនបួន មានដូចជា ទី១ ពនរង្វាន់ផ្នែកផ្តល់សេវាកម្មជួលបានល្អជាងគេ ទី២ ពានរង្វាន់ភ្នាក់ងារផ្នែកពាណិជ្ជកម្មបានល្អជាងគេ ទី៣ ពានរង្វាន់ជាភ្នាក់ងារជាជម្រើសរបស់អតិថិជន និងទី៤ ពានរង្វាន់ផ្នែកគ្រប់គ្រងអចលនទ្រព្យ៕