ប្រទេសថៃ និងជប៉ុនសម្រេចបានអត្រាកំណើនតម្លៃស្នាក់នៅសណ្ឋាគារខ្ពស់ជាងគេក្នុងតំបន់អាសុីប៉ាសុីហ្វិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានលើកឡើងថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីជំងឺរាតត្បាត។

ទោះជាយ៉ាងណា សន្ទុះនៃកំណើនបាននិងកំពុងថយចុះនៅក្នុងឆ្នាំ២០២៥ និងឈានចូលដល់ដំណាក់កាលមួយដែលមានស្ថិរភាព។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ក្រុមហ៊ុន Colliers បានគូសបញ្ជាក់ថា ទំហំនៃការវិនិយោគសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានដាំក្បាលចុះ១៩ភាគរយមកនៅត្រឹមចំនួន២,១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លំហូរវិនិយោគនៅតែបន្តហូរចូលទៅកាន់ទីផ្សារបដិសណ្ឋារកិច្ចរបស់ប្រទេសមួយចំនួនក្នុងតំបន់ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers។

របាយការណ៍ដដែលបានបន្ថែមថា ប្រទេសសិង្ហបុរីក៏នៅតែបន្តជាប់ឈ្មោះជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគសណ្ឋាគារក្នុងតំបន់អាសុីប៉ាសុីហ្វិកផងដែរ។

លោក Govinda Singh អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន Colliers បានលើកឡើងថា “ការធ្លាក់ចុះនៃការវិនិយោគលើទីផ្សារបដិសណ្ឋារកិច្ចនៅត្រីមាសទី១ ពុំមែនជារឿងភ្ញាក់ផ្អើលនោះទេ។ ភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយអាចនាំឱ្យវិនិយោគិនមានការប្រុងប្រយ័ត្ន”។

លោករំពឹងថា សកម្មភាពវិនិយោគលើសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងមានការកើនឡើងវិញចាប់ពីត្រីមាសទី២ ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ ខណៈពេលដែលលក្ខខណ្ឌទីផ្សារមានស្ថិរភាព។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលធ្លាប់ពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍ចិន កំពុងព្យាយាមចាប់យកឱកាសពីមូលដ្ឋាននៃកំណើនភ្ញៀវទេសចរណ៍ឥណ្ឌា។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យរបស់សហរដ្ឋអាមេរិក CoStar បានឱ្យដឹងថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅតំបន់អាសុីប៉ាសុីហ្វិកបានកើនឡើង៣,៣ភាគរយ ដល់ចំនួន៩២ដុល្លារអាមេរិកក្នុងមួយយប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ក្នុងចំណោមនោះ ប្រទេសថៃ និងប្រទេសជប៉ុនបាននាំមុខគេ ដោយតម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅប្រទេសទាំង២នេះបានហក់ឡើង១៤,៧ភាគរយ និង១១,៩ភាគរយដល់ចំនួន១៥៤ដុល្លារ និង១២៧ដុល្លាររៀងគ្នាក្នុងមួយយប់៕

ការសិក្សា: ដីធ្លីនៅទីក្រុងឌូបៃមានតម្លៃជាមធ្យមចំនួនប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានការប្រែប្រួលយ៉ាងខ្លាំងនៅទូទាំងតំបន់ផ្សេងៗគ្នា គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៥នេះ ដោយរងឥទ្ធិពលពីកត្តានានាដូចជា ភូមិសាស្ត្រទីតាំង ស្ថានភាពការអភិវឌ្ឍន៍ និងតម្រូវការ។

តួយ៉ាង ដីនៅក្នុងតំបន់ Emirates Hills ដែលសម្បូរដោយសហគមន៍ផ្ទះវីឡាប្រណីតនៅក្នុងទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុយក្សលើពិភពលោកមានតម្លៃជាមធ្យមចន្លោះពី៦.២៦២ដុល្លារទៅ៧.៦២៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែក ដីនៅតំបន់កោះសិប្បនិម្មិត Palm Jumeirah ដ៏ល្បីល្បាញបំផុតរបស់ទីក្រុងឌូបៃមានតម្លៃជាមធ្យមចន្លោះពី៦.៨០៧ដុល្លារទៅ១០.៨៩០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។តំបន់នេះមានតម្រូវការអចលនទ្រព្យប្រណីតខ្ពស់។កោះ Palm Jumeirah មានទិដ្ឋភាពឆ្នេរសមុទ្រដ៏ទាក់ទាញ និងមានអត្រាផលចំណេញត្រឡប់ពីការជួលអចលនទ្រព្យចន្លោះពី៦ភាគរយទៅ៨ភាគរយ។

ជាមួយគ្នានោះ ដីនៅក្នុងតំបន់ Downtown Dubai ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើករបស់ទីក្រុងឌូបៃ ដោយសារមានអគារខ្ពស់ជាងលើពិភពលោក Burj Khalifa មានតម្លៃជាមធ្យមចំនួន៧.៨៩៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តំបន់នេះប្រមូលផ្តុំដោយគម្រោងលំនៅដ្ឋានប្រណីត និងអគារពាណិជ្ជកម្មខ្ពស់ៗកប់ពពក។

ដីនៅតំបន់ Dubai Marina មានតម្លៃជាមធ្យមចន្លោះពី៤.៦២៨ដុល្លារទៅ៦.២៦២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅតំបន់ Dubai Hills Estate មានតម្លៃជាមធ្យមចន្លោះពី៣.២៦៧ដុល្លារទៅ៣.៨១២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯ ដីនៅលើកោះ Pearl Jumeirah មានតម្លៃជាមធ្យមចន្លោះពី៦.៨០៧ដុល្លារទៅ៨.១៦៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តំបន់សហគមន៍លំនៅដ្ឋានជាប់មាត់សមុទ្រនេះទាក់ទាញអ្នកដែលកំពុងស្វែងរកភាពឯកជនផ្តាច់មុខ និងភាពស្ងប់ស្ងាត់៕

តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមហក់ឡើងថ្លៃចំនួន៥៩ភាគរយត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងបន្តសម្រេចបានកំណើនខ្ពស់នៅឆ្នាំ២០២៥ បន្ទាប់ពីទីផ្សារបានចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤។ សញ្ញាវិជ្ជមាននេះត្រូវបានជំរុញដោយកត្តាសំខាន់ៗមួយចំនួន ដូចជា ការកែទម្រង់ច្បាប់ កំ៉ណើនសេដ្ឋកិច្ច ការវិនិយោគពីបរទេស និងហេដ្ឋារចនាសម្ព័ន្ធ។

ទីផ្សារអាផាតមុិនវៀតណាមត្រូវបានគេរំពឹងថា នឹងនាំមុខគេក្នុងការងើបឡើងវិញ ដោយផ្តោតលើគម្រោងដែលមានស្ថានភាពផ្លូវច្បាប់ច្បាស់លាស់ និងតម្លៃសមរម្យ។

ការបើកដំណើរការលក់អាផាតមុិនថ្មីនៅទីក្រុងហាណូយអាចកើនឡើងដល់ចន្លោះពី៤០.០០០យូនីតទៅ៤៥.០០០យូនីតក្នុងឆ្នាំ២០២៥នេះ លើសពីការបើកដំណើរការលក់អាផាតមុិនចំនួន៣០.១០០យូនីតកាលពីឆ្នាំ២០២៤។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍កំពុងពង្រីកការវិនិយោគទៅកាន់តំបន់ថ្នាក់ខេត្ត ដោយផ្តោតលើទីក្រុងរណប និងមជ្ឈមណ្ឌលឧស្សាហកម្មធំៗដូចជា ទីក្រុង Nghe An ទីក្រុង Thanh Hoa ទីក្រុង Quang Ninh ទីក្រុង Bac Ninh និងទីក្រុង Bac Giang។

ការ​សម្រេចចិត្តងាកទៅបោះទុនវិនិយោគនៅតាមបណ្តាខេត្តទាំង​នេះ​ ដោយ​សារ​តែ​កង្វះ​ដីធ្លី និង​ការ​កើន​ឡើង​នូវថ្លៃដើមលើការអភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​កណ្តាល​ក្រុង។

គិតចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៤ នៃឆ្នាំ២០២៥នេះ វិស័យអចលនទ្រព្យវៀតណាមត្រូវបានគេរំពឹងថា នឹងមានសន្ទុះនៃការរីកចម្រើនខ្លាំង ដោយសារតែកំណើននៃការបោះទុនវិនិយោគដើម្បីអាចរកបានប្រាក់ចំណេញខ្ពស់ដូចជា ដីឡូតិ៍ និងគម្រោងផ្ទះវីឡាជាដើម។

តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានហក់ឡើងចំនួន៥៩ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ តួលេខនេះមានកម្រិតខ្ពស់ជាងបណ្តាប្រទេសដទៃផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ដែលសម្រេចបានកំណើនចំនួន៥៤ភាគរយ អូស្ត្រាលីសម្រេចបានចំនួន៤៩ភាគរយ ជប៉ុនសម្រេចបានចំនួន៤១ភាគរយ និងសិង្ហបុរីសម្រេចបានចំនួន៣៧ភាគរយ។

នៅឆ្នាំ២០២៥នេះ តម្លៃអចលនទ្រព្យថ្មី និងតម្លៃអចលនទ្រព្យប្រភេទទី២ (Second-hand) នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយសារការកើនឡើងនៃការចំណាយថ្លៃដើមទុនវិនិយោគលើការអភិវឌ្ឍន៍គម្រោង៕

តើអគារខ្ពស់ៗកប់ពពកណាខ្លះដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នាពេលបច្ចុប្បន្ន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ អគារខ្ពស់ៗកប់ពពកជាច្រើននៅទូទាំងពិភពលោកបានឈានដល់ដំណាក់កាលជិតបញ្ចប់ការសាងសង់ ឬបាននិងកំពុងបន្តដំណើរការស្ថាបនាឡើងវិញនាពេលថ្មីៗនេះ។ ខាងក្រោមនេះ​ជា​ទិដ្ឋភាព​ទូទៅ​របស់គម្រោង​អគារកប់ពពក​មួយ​ចំនួន៖

ទី១: អគារ Jeddah Tower

អគារ Jeddah Tower ត្រូវបានគេរំពឹងថា នឹងមានកម្ពស់ជាង១.០០០ម៉ែត្រ។ អគារនេះស្ថិតនៅទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការសាងសង់អគារ Jeddah Tower បានបន្តដំណើរការឡើងវិញនៅខែមករា ឆ្នាំនេះ បន្ទាប់ពីបានផ្អាកតាំងពីឆ្នាំ២០១៨។

គម្រោងអគារ Jeddah Tower ត្រូវបានរចនាឡើងដោយលោក Adrian Smith ដែលជាស្ថាបត្យករអាមេរិកដ៏ល្បីល្បាញ។ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ពិភពលោកនៅពេលសាងសង់រួចរាល់នៅឆ្នាំ២០២៨ខាងមុខ។

ទី២: អគារ Merdeka 118

គម្រោងអគារ Merdeka 118 ស្ថិតនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីមានកម្ពស់៦៤៤ម៉ែត្រ។ គិតមកទល់ពេលបច្ចុប្បន្ន អគារនេះជិតបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយ។អគារ Merdeka 118 នឹងក្លាយជាអគារខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអគារ Burj Khalifa ដែលរួមមានអចលនទ្រព្យប្រើប្រាស់ចម្រុះ ដូចជាសណ្ឋាគារ និងលំនៅដ្ឋាន។

ទី៣: អគារ Tianfu Center

អគារ Tianfu Center ដែលស្ថិតនៅទីក្រុង Chengdu នៃប្រទេសចិន មានកម្ពស់៤៨៩ម៉ែត្រ។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ។

អគារ Tianfu Center ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Kohn Pedersen Fox ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅទីក្រុង Chengdu នៅពេលសាងសង់រួចរាល់។

ទី៤: អគារ China International Silk Road Center

អគារនេះមានទីតាំងនៅទីក្រុង Xi’an របស់ប្រទេសចិន ដែលមានកម្ពស់៤៩៨ម៉ែត្រ។បច្ចុប្បន្ន គម្រោងអគារ China International Silk Road Center កំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៥នេះ។

អគារខ្ពស់កប់ពពកនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ Skidmore, Owings & Merrill របស់សហរដ្ឋអាមេរិក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ទីក្រុង Xi’an ។

ទី៥: អគារ Fuyuan Zhongshan 108 IFC

អគារនេះមានទីតាំងនៅក្នុងទីក្រុង Zhongshan នៃប្រទេសចិន ដែលមានកម្ពស់៤៩៨ម៉ែត្រ។ បច្ចុប្បន្ន អគារនេះកំពុងស្ថិតក្រោមការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ។ អគារ Fuyuan Zhongshan 108 IFC នឹងរួមមានទាំងបន្ទប់សណ្ឋាគារ និងការិយាល័យ៕

សញ្ញាវិជ្ជមាន: តម្លៃផ្ទះនៅក្នុងទីក្រុងហុងកុងបានកើនឡើងជាលើកដំបូងក្នុងរយៈពេល៤ខែ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងហុងកុងរបស់ប្រទេសចិនបានបិទបញ្ចប់ការធ្លាក់ចុះរយៈពេល៤ខែ ដោយបានកើនឡើងនៅក្នុងខែមេសា ឆ្នាំ២០២៥ ដោយសារការធ្លាក់ចុះនៃអត្រាការប្រាក់នាពេលថ្មីៗនេះបានជួយជំរុញបង្កើនទំនុកចិត្តរបស់អ្នកទិញផ្ទះ។

យោងតាមទិន្នន័យពីនាយកដ្ឋានវាយតម្លៃ និងធ្វើចំណាត់ថ្នាក់របស់រដ្ឋបាលទីក្រុងហុងកុងបានបង្ហាញឱ្យដឹងថា តម្លៃផ្ទះនៅទីក្រុងមួយនេះបានកើនឡើង០,៤ភាគរយនៅក្នុងខែមេសា ធៀបនឹងខែមីនា បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងខែមីនា។

អាជ្ញាធរហុងកុងបាននិងកំពុងព្យាយាមជំរុញវិស័យអចលនទ្រព្យឱ្យងើបឡើងវិញ ដោយបានលុបចោលវិធានការទប់ស្កាត់ទាំងអស់លើការទិញអចលនទ្រព្យ និងបន្ធូរបន្ថយអត្រាការប្រាក់ដើម្បីជំរុញតម្រូវការលំនៅដ្ឋាននៅទីក្រុងហុងកុង។

ក្រុមអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថា តម្លៃផ្ទះនៅទីក្រុងហុងកុងក្នុងឆ្នាំ២០២៥ អាចនឹងកើនឡើង ឬអាចធ្លាក់ចុះ៥ភាគរយ អាស្រ័យលើល្បឿនក្នុងការកាត់បន្ថយអត្រាការប្រាក់ផ្លូវការ និងស្ថានភាពពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

លោក Eddie Kwok នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE ប្រចាំទីក្រុងហុងកុងបានលើកឡើងថា ប្រសិនបើអត្រាការប្រាក់បន្តធ្លាក់ចុះ នោះទីផ្សារអចលនទ្រព្យលំនៅដ្ឋានអាចនឹងមានការងើបឡើងវិញ ដោយសារអតិថិជនចំណាយតិចក្នុងការបង់អត្រាការប្រាក់លើកម្ចីទិញផ្ទះបើធៀបនឹងការជួល៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីគេសង្កេតឃើញថា តម្លៃមាស Spot Gold បានងើបឡើងថ្លៃវិញដល់៣៣១៥,៨៩ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៨ភាគរយមកនៅត្រឹម៣២៩៣,២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៦ភាគរយដល់៣២៩៥,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,៤៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,២៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨៨ភាគរយដល់៣៣,១៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៦ភាគរយដល់១០៨០,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៧ភាគរយដល់៩៧៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

ប្រវត្តិសាស្ត្រដែលកប់បាត់រយៈពេល ៥សតវត្សត្រូវបានស្ដារឡើងវិញ

(សៀមរាប)៖ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រោយរីងទឹកអស់រយៈពេល៥០០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញ។

ថ្លែងក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ លោក ភឿន សុឃីម បញ្ជាក់បន្ថែមថា ការស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញបានជួយឲ្យប្រជាពលរដ្ឋមានទឹក ប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសទឹកជំនន់ និងជួយទ្រទ្រង់គ្រឹះប្រាសាទផងដែរ។

ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា លើកឡើងយ៉ាងដូច្នេះថា «ក្នុងរដូវវស្សាក្រុងសៀមរាបលិចទឹក ៣ទៅ៤ដងក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក អាជ្ញាធរជាតិអប្សរាបានជួសជុល និងស្ដារប្រព័ន្ធធារាសាស្ត្រមួយចំនួនឡើងវិញ ដែលអាចទប់ស្កាត់ និងបញ្ចៀសទឹកជំនន់បាន នៅក្នុងក្រុងសៀមរាបក៏ដូចជាតំបន់ប្រាសាទ»។

លោកបន្តថា បើគិតមកទល់ពេលបច្ចុប្បន្នមាន រយៈពេល១៣ឆ្នាំហើយដែលក្រុងសៀមរាប ក្នុងរដូវវស្សាលែងមានទឹកជំនន់ ហើយប្រជាពលរដ្ឋខ្លះសឹងតែភ្លេចទៅហើយថា ខេត្តសៀមរាបពីមុនជួបប្រទះ និងទឹកជំនន់ដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រចាពលរដ្ឋនិងប្រាង្គប្រាសាទ។

បើតាមលោក ភឿន សុឃីម, ការស្ដារឡើងវិញគឺធ្វើតាមលំនាំផ្លូវទឹកបុរាណដែលមានស្រាប់។ លោកបន្តថា យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញទឹក ទឹកនៅតំបន់អង្គរមានពិតជាមានសារៈសំខាន់ខ្លាំង មិនត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ​ និងដោះដូរទឹកជំនន់នោះទេ ពោលគឺអាចទ្រទ្រង់ប្រាសាទធំៗដែលជាសម្បត្តិបេតិកភណ្ឌជាតិបានផងដែរ។

ប្រាសាទធំៗនៅតំបន់អង្គរ បានសាងសង់ដោយស្រទាប់ខ្សាច់ ដូច្នេះទាមទារឲ្យមានប្រព័ន្ធទឹកនៅខាងក្រោម ដើម្បីពង្រឹងគ្រឹះប្រាសាទនាំឲ្យដង់ស៊ីតេហាប់ណែន ព្រោះប្រាសាទមានអាយុកាលរាប់ពាន់ឆ្នាំ និងមានទម្ងន់រាប់ពាន់តោនដែលបណ្ដាលឲ្យប្រាសាទងាយទ្រុឌទ្រោម បើគ្មានប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ លោក ភឿន សុឃីម។

ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា អះអាងថា តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៥នេះ ការស្ដារឡើងវិញនៃប្រព័ន្ធធារាសាស្ត្រសម្រេចបាន ៩០%ហើយ ពោលគឺ៩៣គីឡូម៉ែត្រ។ លោកថា ក្រោយបញ្ចប់ផែនការនេះជោកជ័យទាំងស្រុងនោះ ខេត្តសៀមរាប នឹងអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ បើទោះជាភ្ញៀវទេសចរកើនឡើងច្រើនយ៉ាងណាក្ដី៕

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ

ដោយ៖ សហការី

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន «ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលប្រព្រឹត្តទៅនៅក្រសួងព័ត៌មាន នារសៀលទី២៩ ខែឧសភា ឆ្នាំ២០២៥។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាយន្តការដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។

រូបថត៖ ខឹម សុវណ្ណារ៉ា

តើផ្លូវជាតិលេខ៤១តភ្ជាប់ពីតំបន់ណាទៅកាន់តំបន់ណា?

ដោយៈ និស្ស័យ

    កណ្តាល កំពតៈ ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ខេត្តកំពត) តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗ នៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត។

ជាពិសេសផ្លូវនេះតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ផ្លូវជាតិនេះបានចូលរួមលើកកម្ពស់ ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសបានចូលរួមជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន៩៥,២៦៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕

វិភាគៈ ដំណើរទស្សនកិច្ចសម្រាប់ប្រជាជាតិ និងការនាំទង់ជាតិកម្ពុជាបក់នៅទឹកដីព្រះអាទិត្យរះ

ដោយៈ យិន លាងគង់

    តូក្យូៈ ទង់ជាតិរបស់ប្រទេសជប៉ុន ដែលដាក់រូបព្រះអាទិត្យជាតំណាង មិនផ្លាស់ប្តូរព៌ណទេ តែវាបានបក់រវិកៗ ស្វាគមន៍មេដឹកនាំ   វ័យក្មេងរបស់កម្ពុជា។

សម្លេងទះដៃ សំណើចពោរពេញដោយក្តីរំភើប របស់ប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែររស់នៅប្រទេសជប៉ុន និងសមាជិកគណៈប្រតិភូបាននាំមកនូវអារម្មណ៍កក់ក្តៅ ប្រៀដូចព្រះទិត្យរបស់ជប៉ុន រះនាពេលព្រឹកព្រលឹម។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានក្លាយជាមេដឹកនាំកម្ពុជា ប្រកបដោយថាមភាព សម្រាប់ជាតិកម្ពុជាទាំងមូល និងជាមេដឹកនាំវ័យក្មេងជាងគេ នៅក្នុងចំណោមមេដឹកនាំរបស់ប្រជាជាតិអាស៊ី អាគ្នេយ៍ ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពោរពេញដោយកាលវិភាគដ៏មមាញឹក សម្តេចធិបតីហ៊ុន ម៉ាណែត និងស្រ្តីទី១កម្ពុជា បានចេញដំណើរបន្តទៅទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃគិតចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៥ខាងមុខ។

ទំនាក់ទំនងដែលត្រូវបានពូនជ្រុំ

    ទំនាក់ទំនងកាទូតរបស់កម្ពុជា និងប្រទេសជប៉ុនមានសភាពវែងអន្លាយដូចរឿងមួយពាន់មួយយប់ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ១៦០៣ ដែលមានសភាពលូន និងរអាក់រអួលជាបន្តបន្ទាប់ ប្រៀបដូចទឹកសមុទ្រមានជោរ មាននាចន៍។

ឆ្លងកាត់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ ទំនាក់ទំនងកម្ពុជា​និង​ជប៉ុន ដែល​ពិត​មែន​តែ​មាន​ទំនាក់​ទំនង​មិត្ត​ភាព ​រវាង​គ្នា​អស់​រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​ហើយ ទើប​តែ​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក​តែ​ប៉ុណ្ណោះ។

អ្នកសិក្សាប្រវរត្តិសាស្រ្តកម្ពុជា លោកហ្សង់ ហ្រ្វង់ស្វ័រតាន់បានលើកឡើងថា គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​កិច្ច​ព្រម​ព្រៀង ​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទើប​ឃើញ​ជប៉ុន​ចេញ​មុខ​ដើរ​តួនាទី​សំខាន់ ​នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​ស្ថាបនា​កម្ពុជា​ឡើង​វិញ។ តាំង​ពី​ឆ្នាំ​១៩៩២​រហូត​មក​ទល់​សព្វថ្ងៃ ជា​មធ្យមភាគ ជប៉ុន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​ដើម្បី​ជួស​ជុល​ ឬ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ និង​បង្កើត​ធនធាន​មនុស្ស។

រដ្ឋាភិបាល​ជប៉ុន​បន្ត​បន្ទាប់​គ្នា​បាន​អះអាង​ថា ខ្លួន​បាន​សម្រេច​ចិត្ត​មក​ជួយ កម្ពុជា​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ​ក្រោយ​របប​ខ្មែរ​ក្រហម​ស្រដៀង​គ្នា ​នឹង​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ពោល​គឺ​ប្រទេស​បាន​ខ្ទេចខ្ទី រីឯ​ប្រជាជន​ក៏​បាន​ស្លាប់​អស់​ច្រើន​ដែរ។

យ៉ាងណា​ក៏​ដោយ ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ជប៉ុន​ដល់​កម្ពុជា​នេះ ចង់​ឬ​មិន​ចង់ វា​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ ​នៃ​យុទ្ធសាស្ត្រ​របស់​ទីក្រុង​តូក្យូ​(Tokyo) ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ជប៉ុន នៅ​កម្ពុជា​ដាច់​ដោយ​ឡែក​និង​នៅ​អាស៊ីអាគ្នេយ៍​ជា​ទូទៅ។

​ទំនាក់​ទំនង​ទ្វេរ​ភាគីជាមួយកម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​លើ​ជំនួយ ​និង​ប្រាក់​កម្ចី​ច្រើន​រយ​លាន​ដុល្លារ​ របស់​ជប៉ុន​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ ព្រម​ទាំង​ការពង្រឹង​សហប្រតិបត្តិការ​ផ្សេងៗ ដូច​យ៉ាង​នៅ​លើ​វិស័យ​វប្បធម៌ អប់រំ​ជាតិ ទេសចរណ៍ និង​សុខាភិបាល។

និយាយ​រួម ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ជប៉ុន នា​អំឡុងពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​បន្ត​មាន​លក្ខណៈ​កាន់​តែ​ស្និទ្ធស្នា​ល​ឡើង​ជា​លំដាប់។ ទំនាក់​ទំនង​នេះ “បរិសុទ្ធ​ណាស់” បើ​យោង​ទៅ​តាម​ព្រះរាជ​បន្ទូល ​របស់​អតីត​ព្រះមហាក្សត្រនរោត្តម សីហនុ។

ជំនួយអភិវឌ្ឍន៍ជប៉ុននៅកម្ពុជា

    ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលជប៉ុនបាននាំមុខគេ ក្នុងការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដែលមានការប្រាក់ទាបដល់កម្ពុជា មុនពេលប្រទេសចិនចូលមកជំនួសដំណែង។

អ្វីដែលជាសមិទ្ឋផលដ៏លេចធ្លោរបស់ជប៉ុននៅកម្ពុជា គឺប្រទេសនេះ បានជួយតភ្ជាប់ស្ពានជ្រោយចង្វារឡើងវិញ នៅឆ្នាំ១៩៩២ ដែលបានផ្លាស់ប្តូរមុខមាត់តំបន់ជ្រោយចង្វារទាំងស្រុង។

លើសពីនេះ ជប៉ុនក៏បានសាងសង់ស្ពានមិត្តភាពកម្ពុជា ជប៉ុនទន្លេបិទ នៅក្រុងកំពង់ចាម ស្ពានដ៏ស្រស់ស្អាតជាងគេ គឺស្ពានត្យឹបាសា ឬស្ពានអ្នកលឿង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត រួមមានការស្តារ និងសាងសង់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៥ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនឬមជ្ឈមណ្ឌលគាំពារមាតា និងទារកហៅពេទ្យជប៉ុន មន្ទីរពេទ្យបង្អែកជប៉ុននៅក្រុងសៀមរាប ព្រមទាំងជំនួយជាច្រើនទៀត ក្នុងន័យចូលរួមស្តារសុខមាលភាពសង្គម និងជម្រុញសម្ទុះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

មេដឹកនាំពោរពេញដោយថាមពល

    ជាមួយនឹងការផ្តល់ជំនួយ និងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ សម្តេចធិបតីហ៊ុន ម៉ាណែតក្នុងអំឡុងពេលអញ្ជើញ ទៅដល់ប្រទេសជប៉ុន មេដឹកនាំកម្ពុជារូបនេះ បានទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ សហមាគមធុរកិច្ច និងមេដឹកនាំជប៉ុនជាបន្តបន្ទាប់ ដើម្បីពិភាក្សាការងារទ្វេរភាគី ពិសេសបង្ហាញនូវទស្សនវិស័យ កាលានុវត្តន៍ភាព និងគោលនយោ​បាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តអ្នកវិនិយោគជប៉ុន ឲ្យពង្រីកការវិនិយោគ និងបោះទុនវិនិយោគនៅកម្ពុជា។

ជាមួយនឹងការចាប់រលាក់ដៃ ពោរពេញដោយភាពកក់ក្តៅ និងស្និទ្ឋស្នាល មេដឹកនាំក្រុមហ៊ុន សមាគមធុរកិច្ចជប៉ុនធំៗប្រមាណ៣០ ត្រូវបានអនុញ្ញាត្តឲ្យចូលជួប និងពិភាក្សាការងារក្នុងរយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនៅជប៉ុន របស់សម្តេចធិបតីហ៊ុន ម៉ាណែតនៃកម្ពុជា។

ជាមេដឹកនាំពោរពេញដោយចំណេះដឹង ឥរិយាបទបែបអេលីត និងពោរពេញដោយទេពកោសល្យ មេដឹកនាំកម្ពុជារូបនេះ កំពុងដើរលើ “កម្រាលព្រំមាស”របស់សម្តេចតេជោហ៊ុន សែនអតីតៈនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្ប​ន្នជាប្រធានព្រឹទ្ឋសភា ដើម្បីនាំប្រជាជាតិនេះឆ្ពោះទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូល “មធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បេសកកម្មដ៏លំបាក ពោរពេញដោយការែកពន់ និងឆ្លងកាត់របត់នយោបាយពិភពលោកដ៏ស្មុគ្រស្មាញ និងប្រែប្រួលមិនអាចព្យាក​រណ៍បាននេះ បាននិងកំពុងធ្វើឲ្យមេដឹកនាំកម្ពុជារូបនេះ ត្រូវខិតខំកាន់តែខ្លាំង ដើម្បីសម្រេចបាននូវចក្ខុវិស័យ រយៈពេលវែងសម្រាប់ជាតិមួយនេះ។

កម្រាលព្រំព៌ណក្រហម​និងការចាប់ផ្តើមនូវទំនាក់ទំនងកាន់តែប្រសើរ

    ផ្តើមចេញពីព៌ណនយោបាយកាន់តែល្អប្រសើរ និងស្អិតរមួត ការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានកំណើនជាប់ជាប្រចាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បាន​កើនឡើង​ក្នុងទំហំទឹកប្រាក់ពី១,៤ពាន់លានដុល្លារ​ នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។ នេះបើតាមទិន្នន័យគយ និងរដ្ឋាករកម្ពុជា។

    មន្រ្តីជាន់ខ្ពស់កម្ពុជា លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចាត់ទុកកំណើននេះ​ ជាការឆ្លុះបញ្ចាំងថា “ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏សំខា​ន់​សម្រាប់កម្ពុជា”។

    លើសពីនេះ សេដ្ឋវិទូកម្ពុជាបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់​នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងកាលពីពេលកន្លងមកថា ជប៉ុនបានក្រាលមូលដ្ឋាន សម្រាប់ការវិនិយោគរយៈពេលវែងរួចហើយនៅកម្ពុជា ដោយអ្នកធុរកិច្ចរបស់ប្រទេសនេះ បានសាងសង់មន្ទីរពេទ្យ សាងសង់សាលារៀន ខុនដូ អាគារពាណិជ្ជកម្ម ធនាគារ ទីលានវាយកូនហ្គោល និងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ជាច្រើនទៀត ដែលសមល្មម សម្រាប់អ្នកវិនិយោគរបស់ប្រទេសនេះ មកធ្វើការនិងរស់នៅកម្ពុជាប្រកបដោយភាពកក់ក្តៅ។

    លោកបញ្ជាក់ថា “អ្នកវិនិយោគជប៉ុន មុនមកកាន់ប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ ពីមូលដ្ឋានសន្តិភាព ស្ថេរភាពនយោបាយ​រយៈពេលវែង ការរីកចម្រើនសេដ្ឋកិច្ច ព្រមទាំងមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តិច្បាស់លាស់ណាស់ មុនពួកគេសម្រេចចិត្តមកវិនិយោគ”។

យុទ្ឋសាស្រ្តគោះទ្វារអ្នកវិនិយោគ

    ជាមួយនឹងទស្សនទាន និងចក្ខុវិស័យច្បាស់លាស់ តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្ត “កាទូតសេដ្ឋកិច្ច” ដោយអនុញ្ញាត្តឲ្យស្ថានទូតនានារបស់កម្ពុជា ប្រចាំនៅប្រទេសជាមិត្ត មានមន្រ្តីកាទូតជំនាញផ្នែកសេដ្ឋកិច្ច សម្តេចធិបតីហ៊ុន ម៉ាណែតបានណែនាំ និងផ្តល់អនុសាសន៍ជាច្រើនឲ្យស្ថានទូតនិមួយៗ ពង្រីកទំនាក់ទំនងនិងធ្វើការផ្សព្វ​ផ្សាយពីកាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកធ្វើធុរកិច្ចនៅកម្ពុជា។

    លើសពីនេះមន្រ្តីជាន់ខ្ពស់កម្ពុជា លោកស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដើរតូនាទីសំខាន់ និងយ៉ាងសកម្មដើម្បីដើរគោះទ្វារអ្នកវិនិយោគនៅតាមបណ្តាប្រទេសជាច្រើន។

    កាន់តែពិសេសជាងនេះ នៅពេលអញ្ជើញទៅទស្សនកិច្ចនៅប្រ​ទេសណាមួយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែបានរៀបចំវេទិកាធុរកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅប្រទេសទាំងនោះ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាជាមួយនឹងលទ្ឋផលគួរជាទីគាប់ចិត្តផងដែរ។

    ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ នៅប្រទេសជប៉ុនសម្តេចធិបតី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា ជប៉ុន ដោយមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន២២៧ក្រុមហ៊ុន បានអញ្ជើញចូលរួម។

ទំនាក់ទំនងកាន់តែប្រសើរឡើងដូចព្រះអាទិត្យជប៉ុន

    ជាមួយនឹងការស្វាគមន៍មេដឹកនាំកម្ពុជា ដោយប្រជាពលរដ្ឋជប៉ុន និងកម្ពុជា មេដឹកនាំនៃប្រទេសទាំងពីរ បាននិងកំពុងស្វែងរកនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់កម្រិតយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

    ក្រៅពីអញ្ជើញជាអធិរបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JTRO) សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ បានជួបសវនាការជាមួយជួបជាមួយ ព្រះអង្គម្ចាស់Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

បង្ហាញកិត្យានុភាពលើឆាកអន្តរជាតិ

    ផ្តើមចេញពីសិស្សពូកែ មេដឹកនាំដ៏មានប្រជាប្រិយភាព មេដឹកនាំ ដែលមានសញ្ញាបត្របណ្ឌិតច្រើនជាងគេ ជាបុរសកម្ពុជាទី១ ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិកWest Point មេដឹកនាំកម្ពុជារូបនេះ ក៏ទទួលបាននូវស្នាមថើប ពីប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងច្រើនជាងគេ នៅគ្រប់ទិសទីនៅកម្ពុជាផងដែរ។

ជាមួយនឹងប្រជាប្រិយភាព និងចំណេះដឹងពហុជំនាញនេះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តយស ក្នុងកម្មវិធីដែលរៀបចំឡើង ដោយសារព័ត៌មានNikei Asia ដែលជាវេទិកាលំដាប់ពិភពលោក ដែលមានមេដឹកនាំ និងអ្នកជំនាញអន្តរជាតិល្បីៗចូលរួម។

    ជាអ្នកដឹកនាំមានចំណេះដឹងផ្នែកយោធា វិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចដ៏ឆ្នើម សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនឹងបង្ហាញខ្លួនក្នុងនាមមេដឹកនាំវ័យក្មេងកម្ពុជា ដែលនឹងបង្ហាញនូវទស្សនទានថ្មី សម្រាប់​បរិបទនយោបាយ និងសេដ្ឋកិច្ចក្នុងបរិបទថ្មីទៅកាន់វេទិកាដ៏មានកិត្យានុភាពមួយនេះ។

    ការជ្រើសរើសមេដឹកនាំឈ្លាសវៃបានម្នាក់ ជាសំណាងល្អរបស់ប្រជាជាតិ៕