មន្រ្តីជាន់ខ្ពស់​បើក​សន្និសីទ​ទាក់ទង​ការអភិវឌ្ឍ ​និង​ទំនើបកម្ម​វិស័យកសិកម្ម​នៅ​កម្ពុជា​

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ “ការបើកចំហកាលានុវត្តភាពវិនិយោគ”។

សន្និសីទនេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំរវាង ក.អ.ក. ជាមួយក្រុមហ៊ុន Pengbo (Cambodia) Co., Ltd.។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស មកពីសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងប្រតិបត្តិការ និងមានបំណងស្វែងរកឱកាស ពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សា​ហកម្មនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណ១០០ស្ថាប័ន។

ថ្លែងនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យឯកជន ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បាន និងកំពុងតួនាទីជាអ្នកសម្របសម្រួល និងគាំទ្ររាល់សកម្មភាពវិនិយោគយ៉ាងសកម្មផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបបានរំលេចអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ក្នុងនាមជា “មិត្តដែកថែប និងជាកិច្ចសហប្រតិបត្តិការយូរអង្វែង” ដែលផ្តល់នូវបរិយាកាសអំណោយផល និងជំនឿចិត្តខ្ពស់ដល់វិនិយោគិនចិន។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងស៊ីជម្រៅនូវមូលហេតុសំខាន់ៗ ដែលវិនិយោគិនគួរជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ រួមមាន ១. សន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ រួមជាមួយលំនឹងម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាប។ ២. កម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវន្ត និងងាយស្រួលក្នុងការបណ្តុះបណ្តាល។ ៣. ច្បាប់ស្តីពីវិនិយោគមានភាពបើកចំហ អំណោយផលខ្ពស់ និងផ្តល់នូវកញ្ចប់លើកទឹកចិត្ត សម្បូរបែបដល់វិនិយោគិន។

៤. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនប្រទាក់ក្រឡា ជាអាទិ៍ ការលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ព្រមទាំងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ នូវវិស័យភស្តុភារកម្មជាតិ
៥. កម្ពុជាមានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំកណ្តាលតំបន់ (មហាអនុតំបន់មេគង្គ, អាស៊ាន, អាស៊ាន+៥) និងមានការបើកចំហទីផ្សារទូទាំងសកលលោក និងការសម្រេចបាននូវការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) មុនគេជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាច្រើនទៀត។

ជាការឆ្លើយតប តំណាងវិនិយោគិនចិន បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង លើសក្តានុពលវិនិយោគនៅកម្ពុជា និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសន្និសីទនេះ អ្នកវិនិយោគទាំងអស់ទទួលបានព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការរៀបចំផែនការ និងការសម្រេចចិត្តវិនិយោគជាក់ស្តែងនាពេលខាងមុខ។

នៅក្នុងកម្មវិធនេះក៏មានការធ្វើបទបង្ហាញស្តីពី សក្តានុពលកសិកម្មរបស់កម្ពុជា ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបទបង្ហាញស្តីពីការដាំដុះ និងការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ គំរូកិច្ចសន្យាកសិកម្ម ព្រមទាំងក្របខ័ណ្ឌនៃការបញ្ជាទិញនាពេលអនាគត និងបរិមាណរំពឹងទុក ដោយតំណាងសហគ្រាសចិនផងដែរ៕

កម្ពុជា ​វៀតណាម​ ឡាវ​ពិភាក្សា​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោករវាង​ត្រី​ភាគី​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធា​រណការនិងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន៣ រួមមាន (១) កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម (២) កិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ និង (៣) កិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក។

ភាគីវៀតណាមចូលរូមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Phan Thi Thu Hien អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម និងភាគីឡាវដឹកនាំដោយលោក Chanthala Phimmachack អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អ្នកជំនាញការរបស់ JICA និងវិស័យឯកជននៃប្រទេសទាំងបី ដែលមានចំនួនសមាសភាពចូលរួមសរុបប្រមាណ១៥០នាក់។

កិច្ចប្រជុំទាំងបីនេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តខ្លឹមសារកំណត់ហេតុ នៃកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅរវាងកម្ពុជា ជាមួយនឹងវៀតណាម និងឡាវ ក៏ដូចជាការតាមដានការអនុវត្តកិច្ចព្រមព្រៀងជាលក្ខណៈទ្វេរភាគី ពិធីសារ និងអនុស្សរណៈនៃការយោគយល់គ្នា ដោយពិភាក្សាគ្នាអំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយរួម ដែលកំពុងកើតមានឡើងពាក់ព័ន្ធ ទៅនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

កិច្ចប្រជុំទ្វេភាគីលើកទី១០ កម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីលើកទី១ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២៥ ដែលប្រទេសវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកសម្រាប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ឡាវលើកទី៦ គឺបានរៀបចំឡើងកាលពីឆ្នាំ២០១៦ ដោយ បានអាក់ខានអស់រយៈពេលប្រមាណ១០ ឆ្នាំមកហើយ។

ក្នុងន័យនេះ ការរៀបចំកិច្ចប្រជុំទាំងបីខាងលើនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីការតាំងចិត្តរួមគ្នា ក្នុងការចូលរួមជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ឱ្យមានភាពល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសទាំងបី សំដៅពង្រឹងការតភ្ជាប់រវាងប្រទេស និងប្រ​ទេស និងការធ្វើសមាហរណកម្មក្នុងតំបន់៕

តើ​អ្វី​ជា​ទស្សន​វិស័យអចលនទ្រព្យ​កម្ពុជា​នៅ​ឆ្នាំ​២០២៧​ខាង​មុខ​?​

ដោយៈ ចំណាន

   ភ្នំពេញៈ ខ័ណ្ឌមួយចំនួន នៅតែត្រូវបានចង្អុលបង្ហាញថា ជាតំបន់ ដែលទាក់ទាញការវិនិយោគ និងមានសក្តានុពលលើការអភិវឌ្ឍ គំរោងនានា។

បណ្តាខ័ណ្ឌ និងស្រុកទាំងនោះរួមមាន ខ័ណ្ឌកំបូល  ស្ថិតនៅភាគខាងលិចនៃភ្នំពេញ។ កណ្តាល តាខ្មៅ តំបន់ជុំវិញ​អាកាសយានដ្ឋានអន្តរជាតិតេជោ ពិសេសច្រករបៀងផ្លូវជាតិសំខាន់ៗ ដូចជា ទីក្រុងបាវិត និងច្រករបៀងព្រំដែនវៀតណាម។

តំបន់ដែលបានជ្រើសរើស នៃខេត្តព្រះសីហនុអចលនទ្រព្យទាក់ទងនឹងទេសចរណ៍សៀមរាប។

ជាមួយគ្នានេះ ទីផ្សារខុនដូ និងជួបនូវការការងើបឡើងវិញនឹងយឺតជាងមុន ដែល លោក អ្នកគួរមានការប្រុងប្រយ័ត្នជាមួយនឹងការទិញខុនដូធម្មតានៅឆ្នាំ២០២៦។

ទោះជាយ៉ាងណា មានភាពខុសគ្នារវាងគម្រោងល្អ និងមានតម្លៃសមរម្យ ដែលអ្នកជំនាញបានផ្តោតលើគម្រោងដែលបានបញ្ចប់ មានទី តាំងល្អ តម្លៃសមរម្យ ពិសេសមានតម្រូវការជួលខ្លាំង។

យ៉ាងណាក្តី ក៏វិស័យនេះនៅមានហានិភ័យ សម្រាប់គម្រោងដែលមិនទាន់បានសាងសង់បញ្ចប់  តម្លៃលក់តម្លៃខ្ពស់ ហើយអ្នកអភិវឌ្ឍន៍ខ្សោយ ស្របពេលចំនួនគំរោងមានការប្រកួតប្រជែងច្រើន។

ឆ្នាំ ២០២៧គួរតែប្រសើរជាងឆ្នាំ ២០២៦ ដោយធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងពី៣,៩% ក្នុងឆ្នាំ ២០២៦ ដល់៤,៩% ក្នុងឆ្នាំ ២០២៧ ដែលមួយផ្នែកដោយសារតែសមត្ថភាពផលិតកម្មដែលដឹកនាំដោយលំហូរFDIចូលមក។

ជាមួយគ្នានេះ ទស្សនវិស័យខែកក្កដា ឆ្នាំ២០២៦ របស់ ADB ក៏រំពឹងថាប្រទេសកម្ពុជា នឹងងើបឡើងវិញនៅឆ្នាំ២០២៧ ដោយមានកំណើន៤,៧%។

ប្រសិនបើការងារ ការវិនិយោគផ្ទាល់ពីបរទេស ទេសចរណ៍ និងលក្ខខណ្ឌឥណទានមានភាពប្រសើរឡើង តម្រូវការអចលនទ្រព្យគួរតែបន្តបន្ទាប់បន្តិចម្តងៗ៕

រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ​បើក​ចំហ​ជើងមេឃ​ ផ្សារភ្ជាប់​ការ​លើក​លែង​ទិដ្ឋាការ ​គឺ​ជា​សំណើ​យុទ្ធសាស្ត្រ​គន្លឹះ​ថ្មី​

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងរួមគ្នាពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការ សម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ ដែលជាកាតាលីករដ៏សំខាន់ សម្រាប់បង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីរៀបចំជាសំណើគោរពជូន ប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ​ទាំងអស់ ដោយមានការចូលរួមពី ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ»”។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ក៏មានការចូលរូមពីសភាពាណិជ្ជកម្មបរទេសប្រចាំកម្ពុជាជាច្រើន ដូចជា AmCham, CanCham, EuroCham, ក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៊ិនវេសមិន, តំណាងក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន និងសមាគមឧស្សាហកម្មទេសចរណ៍ សរុបអ្នកចូលរួមចំនួន៧៧នាក់។

លោកបានបញ្ជាក់ជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្តពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលវិស័យឯកជនបានលើកសំណូមពរចំនួន២ និងក៏ជាកម្មវត្ថុនៃកិច្ចប្រជុំនៅក្នុងថ្ងៃនេះដែរ រួមមាន៖ (១) ការពិចារណា លើគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ទីផ្សារសក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចិនរហូតដល់ដំណាច់ឆ្នាំ និង (២) សំណើសុំបង្កើតយន្តការពិសេសថ្នាក់ជាតិ សម្រាប់ជំរុញការស្តារវិស័យទេស​ចរណ៍ និងអាកាសចរណ៍ ដើម្បីសម្របសម្រួលគោលនយោបាយពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន។

លោកបញ្ជាក់ថា “កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែង របស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ ដោយសារវិស័យទាំងពីរនេះមានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នាដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន”។

ក្នុងន័យនេះ ដើម្បីរួមចំណែកបង្កើនលំហូរ ភ្ញៀវទេសចរអន្តរជាតិ និងជំរុញការស្តារវិស័យទេសចរណ៍ ដ៏ដូចជាជំរុញដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាន់តែមានសន្ទុះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ទេសចរណ៍ និងអាកាសចរណ៍ត្រូវការការចូលរួមជាសហថាមពលពីរាជរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ បានបង្ហាញពីស្មារតី និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមនានា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីពង្រីកទីផ្សារទេសចរណ៍ បង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើង និងពង្រឹងការតភ្ជាប់អាកាសចរណ៍៕

តើ​តម្លៃ​អាផាតមុិន​ជា​មធ្យម​នៅ​បណ្តា​ទីក្រុងធំៗ​របស់​តំបន់អឺរ៉ុប ​មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ម៉ែត្រ​ការ៉េ?​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានថ្លៃបំផុតនៅតំបន់អឺរ៉ុបប្រមូលផ្តុំនៅប្រទេសស្វីស លុចសំបួរ ដាណឺម៉ាក បារាំង ហូឡង់ ន័រវេស និងចក្រភពអង់គ្លេស ខណៈតម្លៃផ្ទះនៅទីក្រុងមួយចំនួននៅតំបន់អឺរ៉ុបកណ្តាល ខាងកើត និងអាគ្នេយ៍នៅតែមានតម្លៃសមរម្យ។

ទីក្រុង Zurich នៃប្រទេសស្វីសឈរនៅលំដាប់កំពូលនៃទីផ្សារលំនៅឋានរបស់អឺរ៉ុប ដោយមានតម្លៃអាផាតមុិនជាមធ្យមប្រហែល១៨.២០៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងលុចសំបួរ មានទំហំទឹកប្រាក់ចំនួន១០.៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិនជាមធ្យមនៅទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាក មានទំហំទឹកប្រាក់ចំនួន៩.៧៤៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងប៉ារីស នៃប្រទេសបារាំង មានទំហំទឹកប្រាក់ចំនួន៩.៦៧៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិនជាមធ្យមនៅទីក្រុង Amsterdam នៃប្រទេសហូឡង់ មានទំហំទឹកប្រាក់ចំនួន៩.៤៣៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុង Oslo នៃប្រទេសន័រវេស មានទំហំទឹកប្រាក់ចំនួន៨.៩៨៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិនជាមធ្យមនៅទីក្រុង Stockholm នៃប្រទេសស៊ុយអែតមានទំហំទឹកប្រាក់ចំនួន៨.៣៣២ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មានទំហំទឹកប្រាក់ចំនួន៨.៣២៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញមានទំហំទឹកប្រាក់ចំនួន៥.៩៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

តើ​តម្លៃដី​នៅ​ទីក្រុង​សំខាន់ៗ​របស់​តំបន់អាស៊ាន​មាន​ភាព​ខុស​គ្នា​ដូច​ម្តេច?​

ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមខែសីហា ឆ្នាំ២០២៦ តម្លៃដីធ្លីនៅទូទាំងទីក្រុងសំខាន់ៗរបស់តំបន់អាស៊ានមានភាពខុសគ្នាយ៉ាងខ្លាំង ដោយសារដង់ស៊ីតេប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច ភាពអាចរកបាននៃដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងភាពចាស់ទុំនៃទីផ្សារអចលនទ្រព្យក្នុងស្រុក។

តួយ៉ាង តម្លៃដីនៅប្រទេសសិង្ហបុរីមានតម្លៃចន្លោះពី៧.០០០ដុល្លារទៅ១៤.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេសុីមានតម្លៃប្រមាណ២.៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនមានតម្លៃប្រមាណ៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុីមានតម្លៃប្រមាណ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងហាណូយ ប្រទេសវៀតណាមមានតម្លៃប្រមាណ៨.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងហូជីមិញមានតម្លៃចន្លោះពី១០០ដុល្លារទៅ២៧.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវមានតម្លៃប្រមាណ៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងភ្នំពេញមានតម្លៃប្រមាណ១.៧៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

Victoria Parkland ពង្រីក​ការជ្រើស​រើស​បុគ្គលិក​ជាមួយ​​នឹង​វឌ្ឍនភាព​នៃ​ការលក់​

ដោយៈ ចំណាន

   កណ្តាលៈ ជាមួយនឹងវត្តមានអតិថិជនកាន់តែច្រើន បានទៅទស្ស​នា និងទិញដីឡូត៍វីឡា ក្នុងគម្រោង Victoria Parkland ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងជ្រើសរើសបុគ្គលិកផ្នែកលក់បន្ថែម។

ការសាងសង់ការិយាល័យលក់ ដ៏ស្រស់ស្អាត មានកន្លែងញាំកាហ្វេជជែកការងារ និងសិក្សាគំរោង ព្រមទាំងចំណតយានយន្តបានបញ្ចប់រួចហើយរហូតមកទល់ពេលនេះ។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា អតិថិជនទិញគម្រោងនេះ នឹងទទួលបានម៉ូតវីឡា មានភាពស៊ីវិល័យជាច្រើនបែប ដែលអាចជ្រើសរើសបាន ហើយក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មសាងសង់ជូនផងដែរ។

គម្រោងនេះ បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្ពស់ ពីប្រជាពលរដ្ឋក្រុងតាខ្មៅ ដែលនឹងកើនឡើងដល់១០ម៉ឺននាក់ នៅឆ្នាំ២០៣០ ខណៈការលក់គម្រោងនេះ សម្រេចបានជោគជ័យបណ្តើរ។

គម្រោងនេះ នឹងសាងសង់ខុនដូ ផ្ទះអាជីវកម្ម អាគារពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារ ព្រមទាំងវីឡាប្រណីតៗផងដែរ។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងឆ្ពោះទៅមុខ តាមផែនការ និងចក្ខុវិស័យរបស់ខ្លួន ដែលនឹងប្រែក្លាយទីក្រុងនេះ ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម ដ៏រសរវើកមួយនាពេលអនាគត៕

ក្រសួងទេសចរណ៍ ​និង​ក្រុមហ៊ុន​មួយចាប់ដៃ​គ្នា​ជំរុញការ​ទាក់​ទាញ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មក​កម្ពុជា​

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ព្រមទាំងរួមគ្នាបង្កើតតម្លៃបន្ថែមដល់ផលិតផល និងព្រឹត្តិការណ៍ទេសចរណ៍នានា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

នាឱកាសនៃកិច្ចជំនួប ដ៏មានសារៈសំខាន់នេះ លោកស្រី ណេង ស៊ីណាត បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ ជាមួយក្រសួងទេសចរណ៍ និង CTB ដោយចូលរួមបង្កើតតម្លៃបន្ថែមដល់កម្មវិធី និងព្រឹត្តិការណ៍នានា ព្រមទាំងស្វែងយល់អំពីគម្រោង និងផែនការព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខ ដើម្បីសិក្សាលទ្ធភាពចូលរួម និងរួមចំណែកផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងចំទីផ្សារគោលដៅ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន Compass Advertising Co., Ltd. ដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លើការធ្វើទីផ្សារ ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីពង្រីកការចូលរួមពីទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្រចាំឆ្នាំ ដូចជា បុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអេកូទេសចរណ៍ និងបុណ្យភ្នំ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងកិច្ចសហការលើការទាក់ទាញសិល្បករ តារាចម្រៀង និងព្រឹត្តិការណ៍អន្តរជាតិល្បីៗមកកម្ពុជា ដោយប្រើប្រាស់បទពិសោធន៍ និងបណ្តាញដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ បង្កើនភាពរស់រវើកនៃគោលដៅ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញ និងដៃគូរបស់ក្រុមហ៊ុននៅទីផ្សារបរទេស ជាពិសេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)” និងការជំរុញអំណាចទន់ (Soft Power) តាមរយៈទេសចរណ៍ភាពយន្ត ទស្សនាប្រាសាទនាពេលរាត្រី ទេសចរណ៍ម្ហូបអាហារ ការប្រគំតន្ត្រីអន្តរជាតិ ទេសចរណ៍កីឡា និងព្រឹត្តិការណ៍ទេសចរណ៍នានា។

ដោយឡែក សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០២៦ ដែលគ្រោងរៀបចំនៅខេត្តព្រះសីហនុ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Compass Advertising Co., Ltd. សិក្សា និងលើកសំណើមកក្រសួងទេសចរណ៍ ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍ ឱ្យកាន់តែមានភាពច្នៃប្រឌិត ទាក់ទាញ និងបង្កើតតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចមូលដ្ឋាន។

ទន្ទឹមនឹងនេះ ករណីមានលទ្ធភាពទាក់ទាញព្រឹត្តិការណ៍ ឬតារាអន្តរជាតិល្បីៗមកសម្តែងនៅកម្ពុជា ក្រុមហ៊ុនអាចសិក្សា និងលើកជាសំណើ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហការ ជាមួយក្រសួងទេសចរណ៍។

ជំនួបនេះ បានបង្ហាញពីការបន្តពង្រឹង ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការប្រើប្រាស់ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍ជាចលករជំរុញទេសចរណ៍ ដើម្បីលើកកម្ពស់ភាពទាក់ទាញនៃ “គោលដៅកម្ពុជា” និងរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពរស់រវើក ប្រកួតប្រជែង និងរីកចម្រើន ប្រកប​ដោយចីរភាព៕

Air Cambodia ពង្រីក​ការទិញយន្តហោះ​ជាមួយ​ផែន​ការ​ពង្រីក​ជើងហោះហើរ​ទូទាំង​ប្លុក​អាស៊ាន​នៅ​ពេលអនាគ​

ដោយៈ នរិន្ទ

   ភ្នំពេញៈ ក្រុមហ៊ុនអាសចរណ៍Air Cambodia កំពុងរៀបចំខ្លួនធ្វើសមាហរណកម្មជើងហោះហើរក្នុងតំបន់ តាមជើងហោះហើរក្នុងតំបន់។

ផែនការនេះត្រូវបានពង្រឹង តាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា ជាមួយក្រុមហ៊ុនCOMAC សម្រាប់យន្តហោះក្នុងតំបន់​C90​9រហូតដល់២០គ្រឿង និងក្រុមហ៊ុនBoeing ចំនួន១០គ្រឿង។

ជាមួយនឹងការដឹកជញ្ជូន ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៦ យន្តហោះក្នុងតំបន់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើរក្នុងស្រុក និងជើងហោះហើរចម្ងាយខ្លី ទូទាំងអាស៊ីអាគ្នេយ៍ ដោយបញ្ជូនអ្នកដំណើរយ៉ាងរលូន ទៅកាន់បណ្តាញហោះហើរមេអន្តរជាតិ ដែលកំពុងរីកចម្រើន។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រុម​ហ៊ុនអាកាសចរណ៍ខេមបូឌា កំពុងជំរុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសម្របសម្រួលការតភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពដូវចជា ការអនុវត្តដោយជោគជ័យ​ នូវពេលវេលាកំណត់នៃការឆែកអ៊ីនរយៈពេល១៥នាទី បានសម្រួលសម្រាប់ជើងហោះហើរក្នុងស្រុក ដែលតភ្ជាប់សៀមរាបទៅភ្នំពេញ និងព្រះសីហនុ ដោយផ្តល់ឱ្យអ្នកដំណើរនូវភាពបត់បែន នៃកាលវិភាគហោះហើរអតិបរមា ដោយរក្សាបាននូវភាពទៀងទាត់ នៃពេលវេលាហោះហើរយ៉ាងហ្មត់ចត់៕

ក្រុមអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យនឹងបើកកិច្ចពិភាក្សាលើស្ថានភាពអចលនទ្រព្យនិងផ្សារហ៊ុននៅចុងខែសីហានេះ

ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ នឹងបើកកិច្ចពិភាក្សា និងចែករំលែកចំណេះដឹងនៅក្នុងសិក្ខាសាលាស្តីអំពី “បច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យនិងមូលបត្រកម្ពុជា” នាថ្ងៃទី៣០ សីហាខាងមុខនេះ។

សិក្ខាសាលានេះ នឹងមានការចូលរួមពីពីវាគ្មិនកិត្តិយសដូចជា៖

ទី១ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។

ទី២ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ទី៣ ឧកញ៉ាសាស្រ្តាចារ្យបណ្ឌិត ចេង ខេង ប្រធានសមាគមសហព័ន្ធ អភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា។

ទី៤ លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co.,Ltd

និងទី៥ លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ។

សិក្ខាសាលានេះ គឺសម្រាប់អ្នកចូលរួម៣៦០នាក់ ដែលចង់យល់ដឹង ចង់វិនិយោគជាមួយមូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងបច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។

🗓 កាលបរិច្ឆេទ៖ ៣០ សីហា ២០២៦
⏰ ម៉ោង៖ ៨:៣០ ព្រឹក – ១២:០០ ថ្ងៃត្រង់
📍 ទីតាំង៖ CJCC។ ចូលរួមដោយសេរី និងឥតគិតថ្លៃ! (Free of Charge)។ ចុះឈ្មោះឥឡូវនេះ https://forms.gle/RqQ2TXPFs6Uq8tFb7 ឬស្កែន QR Code លើរូបភាព។
សម្រាប់ព័ត៌មានបន្ថែម៖ +855 61 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh៕