ធនាគារ ហត្ថា និងសាកលវិទ្យាល័យជាតិបាត់ដំបងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមកសាងកម្លាំងការងារកម្ពុជានាពេលអនាគត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីជំរុញភាពជាដៃគូសហការគ្នា ក្នុងគោលបំណងលើកកម្ពស់ការអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។ កិច្ចសហការជាយុទ្ធសាស្ត្រនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីគំនិតផ្តួចផ្តើមសំខាន់ៗសម្រាប់ការអភិវឌ្ឍការអប់រំ និងហិរញ្ញវត្ថុ។ អតិថិជនរបស់ធនាគារ ហត្ថានឹងរីករាយជាមួយនឹងការបញ្ចុះតម្លៃថ្លៃសិក្សាពិសេសនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់។ ស្ថាប័នទាំងពីរនឹងលើកកម្ពស់សេវាកម្មរបស់គ្នាទៅវិញទៅមក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសកម្មភាពយុទ្ធនាការរួមគ្នា។

ថ្លែងអំពីភាពជាដៃគូនេះ លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ដោយធ្វើឱ្យការអប់រំកាន់តែងាយស្រួល ធ្វើអោយប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រដល់កម្លាំងការងារនាពេលអនាគត។ តាមរយៈការសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង យើងមានគោលបំណងធ្វើឱ្យសហគមន៍កាន់តែទូលំទូលាយ ទទួលបានសេវាអប់រំ និងហិរញ្ញវត្ថុចម្បងៗបន្ថែមទៀត”។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់​ដំបង ក៏បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូ ដោយបានបញ្ជាក់ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃជាមួយធនាគារ ហត្ថា ដើម្បីផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតរបស់យើងឆ្ពោះទៅកាន់វឌ្ឍភាព និងការរៀនសូត្រកាន់ប្រសើរ។ កិច្ចសហការនេះ មិនត្រឹមតែគាំទ្រដល់ការធ្វើដំណើរអប់រំរបស់និស្សិតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគម្លាតរវាងវិស័យសិក្សា និងវិស័យហិរញ្ញវត្ថុ ដោយធានាថានិស្សិតបញ្ចប់ការសិក្សារបស់យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់កម្លាំងពលកម្មនាពេលអនាគត”។

អាស្រ័យហេតុនេះ ភាពជាដៃគូនេះស្របជាមួយនឹងគោលដៅទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស និងជួយកសាងសង្គមដែលជំរុញដោយចំណេះដឹង កាន់តែប្រសើរ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែល​ទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយា​ល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាព​ងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក និងភាពតានតឹងភូមិសាស្ត្រនយោបាយ ខណៈក្រុមអ្នកវិនិយោគបន្តរង់ចាំមើលយុទ្ធសាស្រ្តអត្រាការប្រាក់នៅឆ្នាំ២០២៥ របស់ធនាគារកណ្តាលអាមេរិក និងគោលនយោបាយពន្ធរបស់រដ្ឋាភិបាលអាមេរិកថ្មី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៥ភាគរយដល់២៦២៧,៦៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣ភាគរយដល់២៦៤៣,៤០ដុល្ល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៨,១២ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានផ្អាកការជួញដូរកាលពីថ្ងៃពុធម្សិលមិញ និងបន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,២០ពិន្ទុកាលពីថ្ងៃអង្គារ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៧ភាគរយដល់៣០,៣៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០១ភាគរយដល់៩៦០,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៥ភាគរយដល់៩៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

ដំណឹងល្អៈ ឆ្នាំ២០២៥រដ្ឋបាលរាជធានីនឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើងនៅមាត់ទន្លេ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  លោកឃួង ស្រេងបានឲ្យដឹងថា នៅចុងខែមករា ២០២៥ខាងមុខ ត្រូវតែដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៌កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង។

លោកបញ្ជាក់ថា “អ្វីសំខាន់គឺចេញដំណើរសិន ហើយយ៉ាងយូរដាច់ខែមករា ឆ្នាំ២០២៥ ការងារផ្សេងៗទៀត ចាំដោះស្រាយបន្ត ហើយត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីចេញដំណើរ”។

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោកបានបន្ដថា ផ្លូវថ្មើជើងនេះ មានគម្រោងយូរមកហើយ តែអាស្រ័យដោយស្ថានភាពជួបការលំបាក ដូចជាជំងឺកូវីដ១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណា រាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំ អនុវត្តន៍ឲ្យសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ សម្រួលការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

លោកឃួង ស្រេង បានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បម្រើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរជាយូរមកហើយ តាំងពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែដោយសារស្ថានភាព នៃវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យគម្រោងនេះផ្អាកដំណើរការមួយឡែកសិន។

ប៉ុន្តែមកដល់ពេលនេះ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល ពីការជំរុញទាក់ទាញភ្ញៀវទេសចរ នៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរជំរុញការងារផ្លូវថ្មើរជើងនេះ ឲ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឲ្យបានច្រើន។

លោកបញ្ជាក់ថា “ដើម្បីឲ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវថ្មើរជើងនេះ ចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវនេះឲ្យបានល្អ ដែលធានាថាគម្រោ​ងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ”។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សា ជាមួយប្រជាពលរដ្ឋនៅតំបន់ខាងលើ រួមទាំងការផ្សព្វផ្សាយ ឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍នៃផ្លូវថ្មើរជើងនេះ ដែលចែកចេញជា៣តំបន់ ដោយសុំអោយប្រជាពលរដ្ឋចូលរួម។

មន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ បានសិក្សាលម្អិត ក្រោមការណែនាំពីអភិបាលរាជធានីភ្នំពេញ បានគិតដល់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវ តទឹក ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី ការហាមរថយន្តចេញ-ចូល ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ រួមទាំងការរៀបចំចំណតជាដើម៕

អាកាសយានដ្ឋានតារាសាគរស្វាគមន៍ជើងហោះហើរលើកទី១ នៅថ្ងៃនេះ

ដោយៈ គង់ សូរិយា

    កោះកុងៈ បន្ទាប់ពីពន្យាពេលអស់ជាច្រើនលើកច្រើនសារ នៅទីបំផុតអាកាសយានដ្ឋានអន្តរជាតិសារាសាគរ ក្នុងខេត្តកោះកុងបានស្វាគមន៍ជើងហោះហើរជួល (Charter flight) លើកដំបូងនៅនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ កាលពីរសៀលថ្ងៃទី២៥នេះ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCAI។

ពិធីទទួលស្វាគមន៍ជើងហោះហើរ នៅថ្ងៃនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១៥០នាក់។

លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នាពេលថ្មីៗនេះថា ការទទួលជើងហោះហើរដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងក្នុងស្រុកតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា “អាកាសយានដ្ឋានអន្តរជាតិនេះ នឹងបើកជើងហោះឆាតទើរក្នុងស្រុកពេញលេញ ស្របតាមអនុលោមភាពលក្ខខ​ណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាមុខ”។

អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។

តាមផែនការមេស្តីពីការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះ រំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

សម្តេចធិបតីៈ ការអប់រំមានឥទ្ឋិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការអប់រំមានឥទ្ធិពលវិជ្ជ​មាន​​ លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន៣។

យន្តការទាំងបីនោះរួមមាន ទី១) ការអប់​រំប​ង្កើន​មូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តា​ចាំ​បាច់​សម្រាប់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិត​ថ្មីមួយកម្រិ​តទៀត។

ទី២ ការអប់រំបង្កើនសមត្ថភាពក្នុង ការធ្វើនវានុវត្តន៍ ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹងសម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និង អភិវឌ្ឍផលិតផលថ្មី ដែលការណ៍នេះលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងទី៣ ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និង ចំណេះដឹងថ្មីៗដទៃ ទៀត ដែលកត្តាទាំងនេះជួយបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យមួយនាព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចបន្តថា “ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយមូលធនមនុស្សខ្ពស់ធានា បាននូវសមត្ថភាពប្រកួតប្រជែង ប្រកបដោយជោគ​ជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍​នៃការកើន​ឡើងជាបន្តបន្ទាប់នៃសកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយសេដ្ឋកិច្ចសកលឱ្យកាន់តែប្រសើរ និងការជំរុញពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ឱ្យកាន់តែទូលំទូលាយ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍កើនឡើងនៃបរិវត្តកម្មឌីជីថល កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធា​នមនុស្ស ប្រកបដោយជំនាញខ្ពស់ គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាព ប្រកួតប្រជែងជាអន្តរជាតិ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡានិង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អ​ប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម​លើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាម​បរិការ​ណ៍​នៃការរីកចម្រើន នៃសេដ្ឋកិច្ចនិង សង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និងសកលភាវូបនីយកម្ម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យអប់រំ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិតទាំងរដ្ឋ និងឯកជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាកលវិទ្យាល័យ, សាស្រ្តាចារ្យ និងសិស្ស-និស្សិត ឱ្យយកចិត្តទុកដាក់ខ្ពស់ចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាព​អប់រំបណ្តុះបណ្តាល និងការកសាង “វប្បធម៌គុណភាព” និងការផ្តល់តម្លៃលើ “គុណាធិបតេយ្យ  ដើម្បីធានាផលិតបាននូវធនធានមនុស្ស ដ៏មាន​តម្លៃ​សម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព សមត្ថភាពវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព តាមតម្រូវការរបស់ស្ថាប័ន និយោជក និងសង្គមជាតិទាំងមូល៕

តំបន់ Bangna-Trat នៅជាយទីក្រុងបាងកក កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់ Bangna-Trat ស្ថិតនៅជាយទីក្រុងបាងកក ប្រទេសថៃកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ និងអ្នកវិនិយោគបរទេស។

តំបន់ Bangna-Trat មានទីតាំងអំណោយផលល្អ និងជាទីតាំងដ៏សំខាន់សម្រាប់កំណើននាពេលអនាគត ព្រោះតំបន់នេះជាច្រកចេញចូលអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ព្រមទាំងមានការតភ្ជាប់ទៅកាន់ផ្លូវសំខាន់ៗក្នុងរាជធានី និងស្ថិតនៅជិតច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។

ការវិនិយោគអចលនទ្រព្យនៅតំបន់ Bangna មានការកើនឡើងយ៉ាងគំហុក ខណៈបណ្តាអ្នកអភិវឌ្ឍន៍ធំៗដូចជាក្រុមហ៊ុន Central Group និងក្រុមហ៊ុន The Mall Group កំពុងជំរុញគម្រោងធំៗ ដើម្បីពង្រឹងផលប័ត្ររបស់ពួកគេ។

ថ្មីៗនេះ ក្រុមហ៊ុន CPAXTRA Public Company Limited បានប្រកាសបោះទុនវិនិយោគជាង៨,៣៩ពាន់លានបាតក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះ “The Happitat” ដែលនឹងធ្វើឱ្យតំបន់ Bangna មានភាពរស់រវើកបន្ថែមទៀត។

ដោយឡែក ក្រុមហ៊ុនយក្ស Central Pattana (CPN) ក៏បានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះផងដែរ ដោយទិញយកក្រុមហ៊ុន Siam Future Development Public Company Limited (SF) ដែលជាម្ចាស់ផ្សារទំនើប “Mega Bangna”ក្នុងតម្លៃទឹកប្រាក់ជាង២០ពាន់លានបាត។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន The Mall Group កំពុងស្ថាបនាគម្រោង “Bangkok Mall” ក្រោមទុនវិនិយោគចំនួន៥០ពាន់លានបាត ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុតនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះរួមមាន ឆាកសម្រាប់រៀបចំព្រឹត្តិការណ៍ធំៗ សណ្ឋាគារប្រណីត និងទីតាំងកម្សាន្តដ៏ធំទូលាយ ស្ថិតនៅចំទីតាំងជាយុទ្ធសាស្ត្រដើម្បីផ្សារភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ច្រករបៀងសេដ្ឋកិច្ច (EEC)។

តំបន់ Bangna-Trad បានវិវត្តន៍ខ្លួនទៅជាមជ្ឈមណ្ឌលនៃឱកាសអាជីវកម្ម និងរបៀបរស់នៅប្រណីត ដោយទាក់ទាញទាំងអ្នកវិនិយោគ និងអ្នកប្រើប្រាស់ ស្របពេលដែលមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាខ្សែរថភ្លើង(MRT) ផ្លូវហាយវេ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងល្បឿនលឿន៕ប្រភព: The Nation៕

កម្ពុជាជាគោលដៅទេសចរណ៍បែបផ្សងព្រេងដ៏ទាក់ទាញក្នុងតំបន់អាស៊ាន ដែលផ្សារភ្ជាប់ប្រវត្តិសាស្ត្រ ធម្មជាតិ និងវប្បធម៌

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្លុកអាស៊ានក្នុងនាមជាតំបន់មានប្រវត្តិសាស្ត្រដ៏សម្បូរបែប ភាពរស់រវើកនៃវប្បធម៌ និងទេសភាពដ៏ស្រស់ស្អាតបានក្លាយជាគោលដៅសម្រាប់ដំណើរទេសចរណ៍ផ្សងព្រេង។

ក្នុងនោះ ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ឡាវ ថៃ និងកម្ពុជា ជាបណ្តាប្រទេសលេចធ្លោនាំមុខគេក្នុងតំបន់អាស៊ាន ដោយទាក់ទាញអ្នកធ្វើដំណើរមកជុំវិញពិភពលោក។ ប្រទេសទាំង៥នេះផ្តល់បទពិសោធន៍ចម្រុះដល់ភ្ញៀវទេសចរណ៍ ដូចជាការដើរលេង ការជ្រមុជទឹក ការកម្សាន្ត និងទេសចរណ៍បែបធម្មជាតិ។

តួយ៉ាង កម្ពុជាជាគោលដៅទេសចរណ៍បែបផ្សងព្រេង ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ។ ជាក់ស្ដែង រមណីយដ្ឋានបុរាណអង្គរផ្តល់ជូនដំណើរទេសចរណ៍ជិះកង់ឆ្លងកាត់តំបន់ប្រាសាទបុរាណជាច្រើន លាយឡំការផ្សងព្រេងជាមួយនឹងការបញ្ជ្រាបវប្បធម៌។

ជាមួយគ្នានេះ តំបន់ទេសចរណ៍ជួរភ្នំក្រវាញ ជាគោលដៅស័ក្តិសមសម្រាប់ការដើរលេង និងទស្សនាសត្វព្រៃ និងផ្តល់នូវជម្រើសនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព។

រីឯ បឹងទន្លេសាបជាគោលដៅល្អឥតខ្ចោះសម្រាប់ការជិះទូកកាយ៉ាក់ និងទស្សនាទេសភាពភូមិបណ្តែតទឹក ដែលផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពនៃជីវិតរស់នៅបែបប្រពៃណីខ្មែរ។

សកម្មភាពទេសចរណ៍ដ៏ពេញនិយម
រួមមានដំណើរទេសចរណ៍ធម្មជាតិ ដូចជាការស្នាក់នៅផ្ទះសំណាក់ក្នុងតំបន់ដាច់ស្រយាល គាំទ្រសហគមន៍មូលដ្ឋាន និងកិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានធម្មជាតិ។

លើសពីនេះ ភ្ញៀវទេសចរណ៍ក៏អាចដើរលេងកំសាន្តបែបផ្សងព្រេងនៅក្នុងព្រៃក្រាស់នៃតំបន់ជួរភ្នំក្រវាញដើម្បីទស្សនារុក្ខជាតិ និងសត្វកម្រ។

ចំណែកឯ ដំណើរទេសចរណ៍វប្បធម៌ រួមបញ្ចូលនូវដំណើរផ្សងព្រេង ដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្ត ដោយការស្វែងយល់ពីប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងទៀត៕ប្រភព:Travel & Tour World៕

អ្នកធុរកិច្ចចិនវិនិយោគក្នុងទំហំទឹប្រាក់ជាង៣២០០លានដុល្លារនៅ កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ

លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមកិច្ចប្រជុំខាងលើ នៅទីក្រុងគុនមិញ ខេត្តយូណាន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ពហុវិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។

មានមតិក្នុងកិច្ចប្រជុំ លោកអគ្គលេខាធិការរងបានថ្លែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនរដ្ឋបាលខេត្តយូណាន សម្រាប់ភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ថែមពីនេះ លោកសួន សុផល បានគូសបញ្ជាក់សាជាថ្មីអំពីចំណងមិត្តភាពជាប្រពៃណី ដែលភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា -ចិនប្រកបដោយភាពស៊ីជម្រៅពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ  និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមាន ក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ។

ក្នុងស្មារតីដុសខាត់កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រលើកិច្ចការស្តីពីវិនិយោគ ឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតទៀតនិយាយជារួម និងនិយាយដោយឡែក ក្នុងក្របខ័ណ្ឌទ្វេភាគីក្នុងនាមជាមិត្តរួមទន្លេមេគង្គ-ឡានឆាងតែមួយ ជាមួយខេត្តយូណាន លោកបានលើកទឹកចិត្តសហគ្រាសមកខេត្តយូណាន ឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីផលិតវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់។

ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រំហូរវិនិយោគផ្ទាល់ពីប្រទេសចិន មកបណ្តាក់ទុនលើទឹកដីកម្ពុជា តែងតែឈរនៅលំដាប់កំពូលជានិច្ច ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។

ជាក់ស្តែង ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ៣,២១ពាន់លានដុល្លារអាមេរិក៕

សម្តេចធិបតី ៖ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់​ចេញគោលនយោយបាយ និងកញ្ចប់​លើក​ទឹកចិត្តការវិនិយោគ​នៅតំបន់​ព្រំដែន

សម្តេចមហាបវរធិបតី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយ​ថ្នាក់​ដឹក​នាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍​លំនៅ​ដ្ឋាននាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និង​ថ្លែង​អំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍​លំនៅ​ដ្ឋានកម្ពុជា​ ដែលបានចូលរួម​បរិច្ចាគថវិកាក្នុង​មូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​ ដោយ​ផ្តោតលេី​ការកសាងផ្លូវក្រវាត់ព្រំដែន​នាពេល​កន្លងមក។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់​ព្រំដែន​នេះ​ គឺជាប្រវត្តិសាស្ត្រ​មួយ​ដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាព​ទឹក​ដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាត​ឱ្យ​កូន​ខ្មែរគ្រប់​ជំនាន់​បានធ្វើដំណើរដល់ព្រំដែន​ដែលមិនធ្លាប់បានធ្វើដំណើរ​ទៅដល់​ពីមុន។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមទៀតថា រាជរដ្ឋា​ភិ​បាល​​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការពារ​បូរណភាព​ទឹកដី​ និងអធិបតេយ្យជាតិ​មិនឱ្យបាត់បង់​ សម្រាប់​កូន​ចៅគ្រប់ជំនាន់​ទៅថ្ងៃអនាគត និងបានដាក់ទិស​ដៅ​ប្រែក្លាយ និងអភិវឌ្ឍន៍តំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំង​ប្រទេស​និយាយ​ជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជា​ព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សា​ហកម្ម​។

សម្ដេចមហាបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក​ ស្វែងរកឱកាស​ និង​លទ្ធភាពបណ្ដាក់ទុនឱ្យបាន​ច្រេីនបន្ថែមទៀតនៅ​តំបន់​ទាំងនោះ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រ បានសង្កត់ធ្ងន់ថា នៅ​ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់​លើក​ទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​ ជាពិសេស​ការវិនិយោគលេី​វិស័យ​កសិ-ឧស្សាហកម្ម​។

សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា​ ជាមួយការប្តេជ្ញាចិត្ត​ ក្នុងការសម្រេចឱ្យបានតាម​ផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ដោយ​ផ្តោតលើផ្លូវក្រវាត់ព្រំដែននោះ ទទួលបានការ​ចូលរួមដោយស្ម័គ្រ​ចិត្តរបស់​ប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងរយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុស​ពីប្រជាពលរដ្ឋ​សរុប​ជាង ៧២ម៉ឺនអង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារ​អាមេរិក។

ថវិកាមូលនិធិនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការកសាងផ្លូវ​ក្រវាត់​ព្រំដែន​ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយនៃផ្លូវ​ខ្សែ​ក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅខេត្ត​មណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែង​សរុប ១០២,៤៨គីឡូម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់​មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដី​ជាច្រើន​ផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោស​សម្អាត​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡា​ផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្ប​ការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការ​ដ្ឋានជាផ្លូវ​ការ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោង បញ្ចប់នៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕

ប្រភព៖ khmerfirst.net

ធនាគារ ហត្ថា និងសាកលវិទ្យាល័យបៀលប្រាយ (សាខាបាត់ដំបង) បានចាប់ដៃគ្នាលើកកម្ពស់ការអប់រំ មូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិMUFG បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យបៀលប្រាយ (សាខាបាត់ដំបង)ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងជំរុញការអប់រំ បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងផ្តល់សិទ្ធិអំណាចដល់អ្នកជំនាញជំនាន់ក្រោយ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ហត្ថា នឹងរីករាយជាមួយការបញ្ចុះតម្លៃថ្លៃសិក្សាពិសេសសម្រាប់កម្មវិធីអប់រំរបស់សាកលវិទ្យាល័យបៀលប្រាយ។ តាមរយៈថ្លៃសិក្សាសមរម្យ និងមានឱកាសទទួលបានការសិក្សាច្រើនជាងមុន ស្ថាប័នទាំងពីរមានគោលបំណងពង្រឹងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើឱ្យពួកគេទទួលបាននូវជំនាញសំខាន់ៗសម្រាប់កម្លាំងពលកម្មនាពេលបច្ចុប្បន្ននេះ។

លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូ ដោយបញ្ជាក់ថា​ “កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ការអប់រំ ការផ្តល់អំណាចដល់យុវជន និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈការសហការជាមួយសាកលវិទ្យាល័យបៀលប្រាយ យើងកំពុងជួយអតិថិជនទទួលបានឱកាសថ្មីសម្រាប់ការរីកចម្រើនរបស់ពួកគេ ទទួលបានសេវាហិរញ្ញវត្ថុសំខាន់ៗ ព្រមទាំងត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត”។

លោក គក គឹម នាយកសាកលវិទ្យាល័យបៀលប្រាយ(សាខាបាត់ដំបង) បានចែករំលែកនូវអារម្មណ៍ស្រដៀងគ្នា ដោយកត់សម្គាល់ថា “កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់និស្សិត និងសហគមន៍ទាំងមូលរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយធនាគារ ហត្ថា យើងកំពុងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព បទពិសោធក្នុងវិស័យហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុ ដែលជាធាតុសំខាន់ៗនៃការអភិវឌ្ឍធនធានមនុស្ស។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា”។

សរុបមក ភាពជាដៃគូនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការជំរុញការអប់រំ បរិយាប័ន្នហិរញ្ញវត្ថុ និងកំណើនធនធានមនុស្ស។ បន្ថែមពីលើនេះទៀត កិច្ចសហការនេះ ពង្រឹងទំនាក់ទំនងរវាងការអប់រំ និងវិស័យហិរញ្ញវត្ថុ ដោយធានាថាសហគមន៍កាន់តែទូលំទូលាយជាងមុន ទទួលបានអត្ថប្រយោជន៍ពីិកិច្ចសហប្រតិបត្តិការរួមគ្នាទាក់ទងនឹងការអប់រំ បទពិសោធការងារជាក់ស្តែង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែល​ទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយា​ល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាព​ងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។