តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលតម្រុយអំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដើម្បីព្យាករណ៍ទិសដៅអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកសម្រាប់ឆ្នាំ២០២៥ និងគោលនយោបាយរបស់រដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២.៦៣៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៩ភាគរយដល់២៦៥១,៤០ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,១៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,១៣ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៧ភាគរយដល់៣០,៤១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០១ភាគរយដល់៩៦៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥១ភាគរយដល់៩២៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

លោកឧកញ៉ាចេង ខេងៈមានតែការគោរពច្បាប់ទេដែលធ្វើឲ្យយើង រស់ក្នុងសេចក្តីថ្លៃថ្នូរ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា មានតែការគោរពច្បាប់ទេ ទើបធ្វើឲ្យយើងរស់ក្នុងសេចក្តីថ្លៃថ្នូរ។

    លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមកាលពីសប្តាហ៍មុនថា សមាគមកំពុងរៀបចំយុទ្ឋសាស្រ្ត ដើម្បីធ្វើយ៉ាងណាឲ្យអ្នកមិនគោរពច្បាប់ ក្នុងវិស័យអច​ល​នវត្ថុគោរពច្បាប់ និងងាកមករកច្បាប់។

    លោកបញ្ជាក់ថា “បច្ចុប្បន្នសមាគម និងិយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុកំពុងប្រឹងប្រែងរួមគ្នា ដើម្បីជម្រុញឲ្យអ្នកនៅក្នុងទីផ្សារនេះគោរពច្បាប់ និងរត់មករកច្បាប់”។

    តាមទិន្នន័យបានបង្ហាញថា សមាគមបានប្រមូលក្រុមភ្នាក់ងារ និងក្រុមហ៊ុន ដែលមិនគោរពច្បាប់ជាង៤០០ក្រុម បញ្ជូនឲ្យនិយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ដើម្បីសិក្សានិងចាត់វិធានការតាមនិតិវិធី។

    លោកឧកញ៉ាចេង ខេងបានមានប្រសាសនថា នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ផ្តោតអាទិភាពលើការគោរពច្បាប់ ព្រោះប្រទេសមួយដែលមានភាពស៊ីវិល័យ គឺជាប្រទេសគោរពច្បាប់ឬនិតិរដ្ឋ។

    លោកបន្តថា “ប្រជាពលរដ្ឋត្រូវគោរពច្បាប់ ពង្រឹងការអនុវត្តន៍ច្បាប់ ព្រោះមានតែការគោរពច្បាប់ទេ ទើបធ្វើឲ្យទាំងអស់គ្នារស់ក្នុងសេចក្តីថ្លៃថ្នូរ មិនមានការចោទប្រកាន់គ្នាទៅវិញទៅមក”។ លោកបន្តថា “បើយើងមិនគោរពច្បាប់ យើងចោទគ្នាទៅវិញទៅមក មិនដឹងអ្នកណាខុស អ្នកណាត្រូវ ព្រោះយើងមិនយកច្បាប់មកធ្វើជាមូលដ្ឋាន”៕

ទីផ្សារអចលនទ្រព្យបែបបដិសណ្ឋារកិច្ចនៅប្រទេសហ្វីលីពីនរំពឹងស្ទុះងើបឡើងវិញនាឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបបដិសណ្ឋារកិច្ចរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ ដោយសារកំណើនភ្ញៀវទេសចរណ៍ និងការវិនិយោគពីបរទេសនៅក្នុងសណ្ឋាគារ និងរមណីយដ្ឋាន។

លំហូរភ្ញៀវទេសចរណ៍អន្តរជាតិចូលប្រទេសហ្វីលីពីននៅឆ្នាំ២០២៤នេះត្រូវបានគេមើលឃើញថា មានចំនួនលើសពី៧លាននាក់។ នៅឆ្នាំ២០២៨ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន១២លាននាក់ ដោយផ្អែកលើគោលដៅរបស់ក្រសួងទេសចរណ៍ហ្វីលីពីន។

ស្ថានភាពនេះនឹងទាក់ទាញអ្នកអភិវឌ្ឍន៍ក្នុងស្រុកឱ្យបោះទុនវិនិយោគកាន់តែច្រើន ឬបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបរទេសក្នុងការសាងសង់សណ្ឋាគារបន្ថែមទៀត ជាពិសេសនៅតំបន់ទេសចរណ៍ដែលកំពុងរីកចម្រើន។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ជឿជាក់ថា នេះជាឱកាសសម្រាប់ម៉ាកយីហោបរទេសដើម្បីពង្រីកវត្តមានរបស់ពួកគេនៅក្នុងប្រទេសហ្វីលីពីន។

ក្រុមហ៊ុននេះអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ក៏អាចទាញសក្តានុពលពីការអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលសន្និបាតនាពេលខាងមុខ និងការធ្វើទំនើបកម្មអាកាសយានដ្ឋាននៅក្រៅតំបន់រដ្ឋធានីម៉ានីល សម្រាប់ផែនការពង្រីកសណ្ឋាគាររបស់ពួកគេ។

ជាមួយគ្នានោះ ការបន្តស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នឹងជួយជំរុញតម្រូវការអភិវឌ្ឍន៍សណ្ឋាគារ និងរមណីយដ្ឋាននៅក្នុងគោលដៅមួយចំនួនដូចជាទីក្រុងទេសចរណ៍ Cebu ដ៏ល្បីល្បាញរបស់ហ្វីលីពីន។

ដោយឡែក លោក David Leechiu
នាយកប្រតិបត្តិក្រុមហ៊ុន Leechiu Property Consultants បានអះអាងថា “ការបើកជើងហោះហើរអន្តរជាតិថ្មីៗនឹងនាំមកនូវភ្ញៀវទេសចរណ៍កាន់តែច្រើនពីទីក្រុងហុងកុង ទីក្រុងសិង្ហបុរី និងទីក្រុងបាងកកនៅឆ្នាំក្រោយ។ ការណ៍នេះទាមទារឱ្យមានការវិនិយោគបន្ថែមទៀតលើគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន”។

ស្រដៀងគ្នានេះ លោកស្រី Sheila Lobien
នាយកប្រតិបត្តិក្រុមហ៊ុន Lobien Realty Group បានព្យាករណ៍ថា ទីផ្សារបដិសណ្ឋារកិច្ចរបស់ហ្វីលីពីនត្រូវនឹងស្ទុះងើបឡើងវិញយ៉ាងលឿន ខណៈចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចូលមកកំសាន្តនៅហ្វីលីពីននឹងកើនឡើងដល់ប្រមាណ៨,៣លាននាក់នៅឆ្នាំ២០២៥ បើធៀបនឹងចំនួន៧,៧លាននាក់នៅឆ្នាំនេះ។

លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះ សណ្ឋាគារនៅទូទាំងប្រទេសហ្វីលីពីនមានសរុបទាំងអស់ចំនួន៣៣៦.០០០បន្ទប់។ដូច្នេះ អ្នកអភិវឌ្ឍន៍ត្រូវតែបង្កើនចំនួនបន្ទប់សណ្ឋាគារឱ្យឡើងដល់៤៥៦.០០០បន្ទប់នៅឆ្នាំ២០២៨ខាងមុខ ដើម្បីបំពេញកំណើននៃតម្រូវការ”៕ប្រភព: Inquirer.Net៕

អ្នកជំនាញបង្ហើបពីកត្តាសំខាន់ចំនួន២ ដែលអាចជំរុញភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Hari V Krishnan នាយកប្រតិបត្តិក្រុមហ៊ុន PropertyGuru Group អះអាងថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីនឹងបង្ហាញពីកំណើនជាវិជ្ជមានគួរឱ្យចាប់អារម្មណ៍នៅក្នុងទសវត្សរ៍ក្រោយ ខណៈមានការផ្លាស់ប្តូរផ្នែកឌីជីថល និងការគិតគូរពីបរិស្ថាន។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអចលនទ្រព្យ “PropertyGuru Asia” នៅទីក្រុងបាងកក ប្រទេសថៃ លោក Krishnan បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់ស្មើនឹងចំនួនជាង៥០ភាគរយនៃផលទុនជាតិសរុប (GDP) របស់ពិភពលោក និងទទួលខុសត្រូវចំនួនជិត៤០ភាគរយ នៃការប្រើប្រាស់សកលនៅឆ្នាំ២០៤០។

លោក Krishnan រំពឹងថា កំណើនដ៏ធំនៃទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីនឹងទាក់ទាញការវិនិយោគសំខាន់ៗចូលមកកាន់តំបន់នេះ។

តួយ៉ាង ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Colliers រំពឹងថា បណ្តាអ្នកវិនិយោគចំនួន៦៩ភាគរយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងវិភាជន៍ចំនួនទ្រព្យសម្បត្តិរបស់ពួកគេជាង៣០% ដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេល៥ឆ្នាំខាងមុខ។

លោកក៏បានសង្កេតឃើញពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការទប់ទល់នឹងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដោយលោកបញ្ជាក់ថា ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើតគំរូអាជីវកម្មថ្មី និងវិធីសាស្ដ្រថ្មីដើម្បីទាក់ទាញអតិថិជន។

លោកបានថ្លែងបន្តថា “បច្ចុប្បន្ន យើងបន្តស្ថិតក្នុងដំណាក់កាលដំបូងនៃការវិវត្តន៍បច្ចេកវិទ្យា AI ជំនាន់ថ្មី ហើយយើងជឿជាក់យ៉ាងមុតមាំថា AI នឹងផ្លាស់ប្តូរទិដ្ឋភាពទីផ្សារអចលនទ្រព្យរបស់យើងនៅគ្រប់កម្រិតទាំងអស់”។

ទោះជាយ៉ាងណាក្តី លោក Krishnan បានកត់សម្គាល់ថា ដំណាក់កាលបន្ទាប់នៃកំណើនឧស្សាហកម្មអចលនទ្រព្យអាស្រ័យលើការរៀបចំធ្វើផែនការទីក្រុង គោលនយោបាយដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងការទទួលបានទិន្នន័យទាក់ទងនឹងអចលនទ្រព្យ។

លោកបានពន្យល់ទៀតថា ការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់បង្កើតទាំងឱកាស និងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដោយសារកត្ដានេះជំរុញឱ្យមានតម្រូវការលំនៅដ្ឋានទំនើប គុណភាពល្អ ដែលមានទាំងតម្លៃសមរម្យ និងការរចនាឡើងសម្រាប់មនុស្សវ័យចំណាស់។

អ្នកជំនាញរូបនេះក៏បានលើកឡើងផងដែរថា ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សបានបង្កឱ្យមានភាពមិនច្បាស់លាស់អំពីនិរន្តរភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ដោយសារឧស្សាហកម្មនេះបានរួមចំណែកប្រមាណ៤២ភាគរយនៃការបំភាយកាបូននៅលើពិភពលោក។

លោកបានមានប្រសាសន៍ឱ្យដឹងថា “ភាពមិនប្រាកដប្រជានេះបានជះផលប៉ះពាល់ដល់ទំនុកចិត្តក្នុងចំណោមបណ្តាអ្នកប្រើប្រាស់ ដែលចោទសួរថា តើអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានគិតគូរពីការរួមចំណែកដោះស្រាយការប្រែប្រួលអាកាសធាតុឬក៏អត់?”។

ក្នុងន័យនេះ លោក Krishnan បានណែនាំអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ឱ្យផ្តោតការយកចិត្តទុកដាក់លើការពង្រឹងការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ បូករួមទាំងការសម្រេចចិត្តដោយយោងលើទិន្នន័យ និងតម្លាភាព ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។

លោកបានបន្ថែមថា “បច្ចេកវិទ្យាអាចដើរតួនាទីក្នុងការជំរុញសហគមន៍មួយឱ្យមានភាពរស់រវើក និងនិរន្តរភាពបរិស្ថាននៅក្នុងទីក្រុង ដែលយើងកំពុងសាងសង់”៕ប្រភព: The Nation៕

ប្រទេសចិន​កំពុង​សាងសង់​ព្រលានយន្តហោះអន្តរជាតិលើកោះ​សិប្បនិម្មិត​ធំ​ជាង​គេ​ក្នុង​ពិភពលោក

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនកំពុងសម្រុកសាងសង់ព្រលានយន្តហោះនៅលើកោះសិប្បនិម្មិតធំជាងគេនៅលើពិភពលោក ដែលមានឈ្មោះថា “Dalian Jinzhou Bay International Airport”។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារពត៌មាន CNN។

នៅពេលសាងសង់រួចរាល់ ព្រលានយន្តហោះអន្តរជាតិមួយនេះនឹងលាតសន្ធឹងលើផ្ទៃដីកោះទំហំ២០គីឡូម៉ែត្រការ៉េ ហើយមានផ្លូវរត់ (Runways) ចំនួន៤ខ្សែ។

បច្ចុប្បន្ន ព្រលានយន្តហោះអន្តរជាតិហុងកុង “Hong Kong International Airport” ដែលមានទំហំ១២,៤៨គីឡូម៉ែត្រការ៉េ និងព្រលានយន្តហោះអន្តរជាតិ Kansai International Airport ដែលមានទំហំ១០គីឡូម៉ែត្រការ៉េ កំពុងជាប់ឈ្មោះក្នុងបញ្ជីតារាងអាកាសយានដ្ឋានធំបំផុតនៅលើពិភពលោក ដែលសាងសង់នៅលើកោះសិប្បនិម្មិត។ ប៉ុន្តែ នៅពេលព្រលានយន្តហោះ Dalian Jinzhou Bay International Airport ត្រូវបានសាងសង់រួចរាល់ នោះព្រលានយន្តហោះថ្មីនេះនឹងឈរនៅលំដាប់ទី១វិញ។

ព្រលានយន្តហោះរបស់ប្រទេសចិនមួយនេះនឹងអាចទទួលអ្នកដំណើរប្រមាណ៨០លាននាក់ និង ជើងហោះហើរប្រមាណ៥៤០.០០០ជើង ក្នុងមួយឆ្នាំៗ។ ការសាងសង់ត្រូវបានបែងចែកជាដំណាក់កាល ដោយដំណាក់ទី១ គ្រោងនឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០៣៥ខាងមុខ។

ទីក្រុង Dalian ជាទីក្រុងកំពង់ផែដ៏ធំរបស់ខេត្ត Liaoning។ ទីក្រុងនេះបានក្លាយជាសសៃឈាមទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត ដោយសារតែទីតាំងស្ថិតនៅជាប់សមុទ្រ និងជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជប៉ុន និងកូរ៉េខាងត្បូង។

វិស័យអាកាសចរណ៍របស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងអាចវ៉ាដាច់សហរដ្ឋអាមេរិក ដោយក្លាយជាទីផ្សារធំជាងគេនៅលើពិភពលោក និងទាមទារឱ្យចិនត្រូវតែមានព្រលានយន្តហោះប្រមាណ៤៥០ទីតាំងនៅឆ្នាំ២០៣៥ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកដំណើរ៕ប្រភព: CNN៕

តើតម្រូវការក្នុងទីផ្សារការិយាល័យនៅទីក្រុងហុងកុង និងសិង្ហបុរី មួយណាមានសន្ទុះខ្លាំងជាង?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការការិយាល័យក្នុងទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនបានកើនឡើងនៅឆ្នាំ២០២៤នេះ ដោយសារតែការធ្លាក់ចុះនៃតម្លៃជួលក្នុងរយៈពេល៣ឆ្នាំកន្លងមក បានជួយទាក់ទាញបណ្តាក្រុមហ៊ុនមកពីផ្នែកហិរញ្ញវត្ថុ និងផ្នែកច្បាប់។

ជាមួយគ្នានេះ ទីក្រុង Bengaluru របស់ឥណ្ឌា និងទីក្រុង Makati របស់ហ្វីលីពីនបានក្លាយជាទីផ្សារការិយាល័យដ៏ទាក់ទាញបំផុត។ ផ្ទុយទៅវិញ ទីផ្សារការិយាល័យនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះ។

តម្រូវការការិយាល័យនៅទីក្រុងហុងកុងបានកើនឡើង១១ភាគរយ ខណៈទីក្រុងនេះជាប់ចំណាត់ថ្នាក់ទី៨នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើចំនួនអ្នកសាកសួរអំពីទីតាំងជួលការិយាល័យ ដែលមានភាពបត់បែន(Flexible office)។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន The Instant Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ក្រុមហ៊ុន The Instant Group បានបន្ថែមថា តម្រូវការការិយាល័យរបស់សិង្ហបុរីបានដាំក្បាលចុះ៣១ភាគរយដោយឈរនៅចំណាត់ថ្នាក់ទី៩នៅក្នុងតំបន់។

ការធ្លាក់ចុះនៃទីផ្សារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី បណ្តាលមកពីបណ្តាក្រុមហ៊ុនកាន់តែច្រើនបានងាកទៅរកជម្រើស ឬទីតាំងការិយាល័យដែលមានតម្លៃជួលសមរម្យ។

តួយ៉ាង តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះ៣,៨៤ភាគរយក្នុងឆ្នាំ២០២៤នេះ ខណៈតម្លៃជួលការិយាល័យលំដាប់កំពូលនៅប្រទេសសិង្ហបុរីបានកើនឡើង១២ត្រីមាសជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cushman & Wakefield។

ចំណែក តម្រូវការការិយាល័យនៅទីក្រុង Bengaluru ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្លាំងបំផុតនៅឆ្នាំ២០២៤នេះ ក្នុងរង្វង់១០៧ភាគរយ ខណៈតម្រូវការនៅក្នុងទីក្រុង Makati ក្បែរទីក្រុងម៉ានីលក្នុងប្រទេសហ្វីលីពីន បានកើនឡើង៤៧ភាគរយ៕ប្រភព: SCMP៕

ម៉ាឡេសុីសម្រេចបើកការស្វែងរកសារជាថ្មីនូវបំណែកយន្តហោះមួយគ្រឿងដែលបានបាត់ខ្លួនដោយអាថ៌កំបាំងអស់ជាង១០ឆ្នាំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់ម៉ាឡេសុីមួយរូប បានបង្ហើបឱ្យដឹងថា ប្រទេសម៉ាឡេស៊ី បានយល់ព្រមលើសំណើក្នុងការបន្តស្វែងរកបំណែកយន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែល​មាន​ជើង​ហោះហើរ​លេខ MH370 ក្រោយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុតលើពិភពលោក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុីបច្ចុប្បន្ន លោក Anthony Loke បានថ្លែងថា សំណើស្វែងរកនៅឯតំបន់ថ្មីមួយ ស្ថិតនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ធ្វើឡើងដោយក្រុមហ៊ុន Ocean Infinity ដែលធ្លាប់បានធ្វើការស្វែងរកជើងហោះហើរនេះ ក្នុងឆ្នាំ២០១៨ រួចម្តងមកហើយ។ប៉ុន្តែ ក្រុមហ៊ុននេះមិនទទួលបានជោគជ័យឡើយ។

ការស្វែងរកលើកទី១ ពីសំណាក់ក្រុមហ៊ុន Ocean Infinity បានធ្វើឡើង ក្រោយពីមានកិច្ចខិតខំស្វែងរកដោយប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងចិន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌាភាគខាងត្បូង ក្នុងទំហំ១២០.០០០គីឡូម៉ែត្រការ៉េ ដោយផ្អែកលើទិន្នន័យរវាងផ្កាយរណបអុីនម៉ាសាត់ (Inmarsat) និងយន្តហោះ នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោក Loke បានលើកឡើងថា ក្រុមហ៊ុននឹងទទួលបានទឹកប្រាក់ចំនួន៧០លានដុល្លារអាមេរិក ប្រសិនបើអាចរកឃើញបំណែកសំខាន់ៗរបស់ជើងហោះហើរដែលបានបាត់ខ្លួនខាងលើនេះ។

លោក Loke បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ីជាបន្តបន្ទាប់បានប្តេជ្ញាចិត្តចំពោះក្រុមគ្រួសារសាច់ញាតិរបស់អ្នកដំណើររងគ្រោះទាំងអស់ ហើយលោកបានសម្តែងក្តីសង្ឃឹមថា កិច្ចការស្វែងរកសារជាថ្មីនេះ នឹងអាចរកឃើញបំណែកយន្តហោះ ដោយនាំមកនូវដំណោះស្រាយសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ។

តើមានមូលហេតុអ្វីនៅពីក្រោយការបាត់ខ្លួននេះ?

យន្តហោះ​មួយ​គ្រឿង​របស់ក្រុមហ៊ុន Malaysia Airlines ប្រភេទ​ Boeing 777 ដែល​មាន​ជើង​ហោះហើរ​លេខ MH370 បាន​បាត់​ដំណឹង​សូន្យចាប់តាំង​ពី​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ ក្រោយ​ពី​ហោះ​ឡើង​បាន​បន្តិច​ពី​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡំាពួ​រឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

យោងតាមតាម​ការ​សន្និដ្ឋាន​បានឱ្យដឹង​ថា បន្ទាប់​ពី​បានហោះ​ឡើង​បាន១ម៉ោង​ភ្លាម យន្តហោះ​នេះបាន​ប្តូរ​ទិសដៅ​​ ដោយ​អ្នក​បើកបរ​មិន​បាន​ប្រាប់​ពី​មូលហេតុ ដោយដំបូង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច រួច​ទៅ​ទិស​​ខាង​ត្បូង​ឆ្ពោះ​ទៅ​មហាសមុទ្រ​ឥណ្ឌា​ និង​ប្រហែល​ជា​បាន​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ​ ក្រោយ​ពី​បាន​បន្ត​ហោះហើរ​ជា​ច្រើន​ម៉ោង​មក។

យ៉ាងណាមិញ អ្នក​បើកបរ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ទំាង​អស់។ ប៉ុន្តែ ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្តល់​ដោយ​ផ្កាយរណប។

ទោះជាយ៉ាងណាក្តី គេ​មិន​អាច​ដឹង​ពី​ទីកន្លែង​ពិត​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់​នោះទេ ហើយ​គេ​ក៏នៅ​មិន​ទាន់​បាន​រក​ឃើញ​បំណែក​ណា​មួយ​របស់​យន្តហោះ​នេះនោះ​ដែរ ទោះ​បី​ជា​មាន​ការបើកប្រតិបត្តិការ​ស្វែង​រក​ដ៏ធំយ៉ាងណាក្តី។

ទីបំផុតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​ថា ការ​បាត់​ខ្លួនយន្តហោះ​មួយ​គ្រឿង​នេះ ជា​រឿង​គ្រោះថ្នាក់ ហើយអ្នកដំណើរ​ទាំង២៣៩នាក់​ ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​នោះក៏​ប្រហែល​ជា​បានស្លាប់​អស់​បាត់​ទៅ​ហើយ។

នៅលើជើងហោះហើរនេះ មានជនជាតិចិនចំនួនជាង១៥០នាក់ ដោយក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ បានធ្វើការទាមទារសំណងពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce និងក្រុមហ៊ុនធានារ៉ាប់រង Allianz ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ៕ប្រភព: BBC ៕

Malaysia approves new search for missing flight MH370

Malaysia Airlines Flight MH370 disappeared in March 2014 while on its way to Beijing, China, from Kuala Lumpur in Malaysia with 239 people on board.

Efforts to locate the wreckage of the Boeing 777 have sputtered over the years and hundreds of families of those on board remain haunted by the tragedy.

On Friday, Malaysia’s transport minister Anthony Loke said the cabinet approved in principle a $70m (£56m) deal with US-based marine exploration firm Ocean Infinity to find the aircraft.
Under a “no find, no fee” arrangement, Ocean Infinity will get paid only when the wreckage is found.
A 2018 search for the MH370 wreckage by Ocean Infinity under similar terms ended unsuccessfully after three months.

A multinational effort that cost $150m (£120m) ended in 2017 after two years of scouring vast waters. The governments of the three nations involved – Malaysia, Australia and China – said the search would only be resumed “should credible new evidence emerge” of the aircraft’s location.

While the government has “in principle” accepted Ocean Infinity’s offer, Loke said negotiations over specific terms of the deal were still ongoing and would be finalised early next year.
The new search will cover a 15,000 sq km patch in the southern Indian Ocean, based on new data that Kuala Lumpur found to be “credible”, the minister said.

“We hope this time will be positive,” Loke said, adding that finding the wreckage would give closure to the families of those on board.
Relatives of passengers on MH370 welcomed the Malaysian government’s approval of a new search.

“This announcement stirs mixed emotions – hope, gratitude, and sorrow. After nearly 11 years, the uncertainty and pain of not having answers have been incredibly difficult for us,” Intan Maizura Othaman also told the papers. Her husband, Mohd Hazrin Mohamed Hasnan, was a member of the cabin crew.

In a statement, Ocean Infinity CEO Oliver Plunkett said the Malaysian government’s decision was “great news”, adding: “We look forward to sharing further updates in the new year once we’ve finalised the details and the team gets ready to go.”

Flight MH370 took off from Kuala Lumpur in the early hours of 8 March 2014. It lost communication with air traffic control less than an hour after take-off and radar showed that it deviated from its planned flight path.

Investigators generally agree that the plane crashed somewhere in the southern Indian Ocean – though it is unclear as to why it happened.

Pieces of debris, believed to be from the plane, have washed up on shores of the Indian Ocean in the years after the disappearance.

Source: BBC

លោកហ៊ុន ម៉ានីអញ្ជើញក្រុងពាលីដើម្បីត្រៀមរៀបចំព្រឹត្តការណ៍ “សាទរកម្ពុជា”

ដោយៈ និស្ស័យ

    ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីសុំសេចក្តីសុខ​ សេចក្តីចម្រើនសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍​ “សាទរកម្ពុជា” ខណដែលពិធីនោះត្រូវបានប្រារព្ធធ្វើទ្បើងនៅបរិវេណខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍​ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្មវិធីជាច្រើន និងមានអ្នកចូលរួមប្រមាណ ៣.០០០នាក់។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ នឹងមានការបង្ហាញពីវប្បធ៌ម អរិយធ៌មជាតិ ផ្សារភ្ជាប់ជាមួយទម្រង់ទស្សនីយភាព សិល្បៈខ្មែរជាច្រើនទម្រង់ ដើម្បីបង្ហាញ ក៏ដូចជាផ្សព្វផ្សាយពីភាពផូរផង់ នៃអរិយ៌មជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕

  

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់តំបន់មជ្ឈឹមបូព៌ាជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសនៅមជ្ឈឹមបូព៌ា កាលពីពេលថ្មីៗកន្លងទៅ គឺជាការបើកទំព័រប្រវត្ដិសាស្រ្ដ ក្នុងការរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

ការជម្រុញកំណើនសេដ្ឋកិច្ចនេះ តាមរយៈការទាក់ទាញវិនិយោគិន និងទេសចរអារ៉ាប់មកកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោកឧកញ៉ាបណ្ឌិត កាលពីពេលថ្មីៗនេះ។

លោកឧកញ៉ាបណ្ឌិតបានបន្ថែមទៀតថា ក្នុងការទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ គឺកម្ពុជាមិនជាប់ចំណងណាមួយនោះទេ ព្រោះថាអារ៉ាប់ជាប្រទេសអ្នកមាន គិតតែពីការរកស៊ីតែម្យ៉ាងប៉ុណ្ណោះ គេមិនសូវគិតរឿងភូមិសាស្រ្ដនយោបាយ បញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនោះឡើយ។

លោកឧកញ៉ាបានបន្ថែមទៀតថា អារ៉ាប់នឹងចាប់អារម្មណ៍មកកម្ពុជា តាមរយៈហេតុបីយ៉ាង៖ ទី១ គឺកសិកម្ម ទី២ គឺទេសចរណ៍ ទី៣ គឺការទាក់ទាញ បញ្ចុះបញ្ចូលឱ្យពួកគេមកជួយកម្ពុជា ក្នុងនាមជាមិត្ដ។ អារ៉ាប់ជាប្រទេសដីខ្សាច់ ពួកគេមិនចាប់អារម្មណ៍ ទៅលើការដាំដំណាំកសិកម្មបាននោះទេ ហេតុនេះពួកគេត្រូវការទិញកសិផលនៅកម្ពុជាយើង ដើម្បីបំពេញតម្រូវការរបស់ប្រជាជនអារ៉ាប់។ ជាមួយនឹងហេតុផលជាប្រទេសដីខ្សាច់ ទេសចរអារ៉ាប់ ក៏ចាប់អារម្មណ៍ទៅលើធនធានធម្មជាតិ ដែលកម្ពុជាកំពុងតែមានផងដែរ ដូចជាតំបន់ទេសចរធម្មជាតិ ព្រៃភ្នំ សមុទ្រ ទន្លេជាដើម។

ជាមួយនឹងការយល់ឃើញនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ដាក់ទូតនៅតាមបណ្ដារប្រទេសនៅអារ៉ាប់ឱ្យបានកាន់តែច្រើន ដើម្បីទទួលបានវិនិយោគិន ក៏ដូចជាអ្នកទេសចរអារ៉ាប់កាន់តែច្រើនផងដែរ។

តាមរយៈដំណើរទេស្សនិច្ចផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ បានស្នើភាគីមិត្តជំរុញ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវនិងអង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅក្នុងទីផ្សារ តំបន់ និងលើពិភពលោក។

ជាមួយគ្នានោះ សម្តេចតេជោ បានស្នើដល់ប្រទេសជាមិត្តផ្សេងទៀតជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម វិនិយោគ និងទេស​ចរណ៍ ជាមួយកម្ពុជា រួមទាំងការបង្កើន និងបង្កើតការហោះហើរត្រង់មកកាន់កម្ពុជាផងដែរ៕