តើប្រទេសវៀតណាម​អាចទទួល​បានផលប្រយោជន៍អ្វីខ្លះពីរដ្ឋបាលដឹកនាំអាណត្តិថ្មីរបស់​លោកដូណាល់ ត្រាំ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនទីផ្សារមូលធន KB Securities Vietnam (KBSV) បង្ហាញសុទិដ្ឋិនិយម​ថា​ បណ្តាក្រុមហ៊ុន​អាមេរិក​ និង​បណ្តាក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្តរបស់​អាមេរិក​​ អាចនឹង​​បង្វែរមូលដ្ឋានផលិត​កម្ម​​​ទៅ​កាន់​ប្រទេស​វៀតណាម​ ក្នុង​អាណត្តិរបស់​លោក​ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ​ ​ ខណៈរដ្ឋបាលថ្មីរបស់លោកនឹង​បង្កើន​ភាព​តាន​តឹង​​ពាណិជ្ជកម្ម​​រវាងអាមេរិក​ និងចិន​​។

យោងតាមកាសែត​ The Investor ​ បានរាយការណ៍ថា បណ្តាក្រុមហ៊ុន​សហគ្រាសមកពីប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​ត្រូវ​បាន​ព្យាករណ៍ថា​ នឹង​​​ផ្លាស់ប្តូរ​ផលិតកម្ម​របស់​ខ្លួន​ទៅកាន់ប្រទេសវៀតណាម។ ​នាពេល​បច្ចុប្បន្ន​ បណ្តាក្រុមហ៊ុន​មកពី​ប្រទេស​ទាំង​នេះ​ ​បាន​ចូលរួម​ចំណែក​ជាង​៥០ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​។​

ស្ថាប័ន KBSV បានចង្អុលបង្ហាញថា ​ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​ ជា​មូលហេតុ​ ដែល​ជំរុញឱ្យបណ្តាក្រុមហ៊ុន​សាជីវកម្មពហុជាតិ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីប្រទេសចិន ដើម្បីបញ្ចៀសហានិភ័យ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគបានអះអាងថា និន្នាការនេះប្រហែលជាពុំមានទ្រង់ទ្រាយធំខ្លាំងដូចកាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែល​នៅពេលនោះ បណ្តាក្រុមហ៊ុនយក្សដូចជា Apple Intel Foxconn Lego និង Sumitomo Wiring Systems ផ្លាស់​ប្ដូរ​ទីតាំង​ផលិតកម្ម​ចេញពីប្រទេសចិន​នោះទេ​​។

ក្រុមអ្នកវិភាគបានបន្ថែមថា ឧស្សាហកម្មនាំចេញសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាម ជាពិសេសវាយនភណ្ឌ​ និងកាត់ដេរ អាចបង្កើនការប្រកួតប្រជែងជាមួយផលិតផលចិន នៅពេលនាំចេញទៅ​កាន់ទីផ្សារអាមេរិក។

ជាមួយ​គ្នានេះ ទោះបីជាសហរដ្ឋអាមេរិកអាចនឹង​ដាក់ពន្ធចាប់ពី១០ភាគរយទៅ២០ភាគរយ​ ​លើផលិតផលវាយនភណ្ឌរបស់វៀតណាមយ៉ាងណាក្តី ក៏​ផលប៉ះពាល់ជាក់ស្តែង​មានទំហំមិន​គួរ​ឱ្យព្រួយបារម្ភនោះទេ​ បើប្រៀបធៀបទៅនឹងពន្ធបច្ចុប្បន្នចន្លោះពី៨ភាគរយទៅ២៥ ភាគរយ​។

ម៉្យាងទៀត ការដាក់ពន្ធ​ចន្លោះ​ចន្លោះពី១០ភាគរយទៅ២០ភាគរយ​ អាច​​​​​នឹងធ្វើឱ្យវៀតណាមមានសមត្ថភាពប្រកួ​ត​ប្រជែង​ខ្លាំង​ជា​ង​អត្រា​ពន្ធ​ចំនួន៦០ភាគរយ​ ដែលលោក​ ​ត្រាំ​ បានគំរាម​ដាក់​លើ​ទំនិញចិន​។ ​យ៉ាងណា​មិញ​ វៀតណាម​ក៏នៅតែ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​បណ្តាប្រទេសផ្សេង​ទៀត​ផងដែរ។

ទោះ​ជាយ៉ាង​ណា​ក្តី ការដឹកនាំអាណត្តិថ្មីរបស់​លោក ត្រាំ​ អាចបង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ រួម​មាន​ដូចជា ការធ្លាក់ចុះនៃលំហូរ​វិនិយោគផ្ទាល់​ពី​ប្រទេស​ចិន​ ខណៈ​សហរដ្ឋ​អាមេរិក​ក៏អាច​នឹង​ដំឡើងពន្ធ​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​លើផលិតផល​វៀតណាម​ផងដែរ៕ប្រភព: The Investor៕

កំណើនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទូទាំងពិភពលោកវ៉ាដាច់កំណើនសន្ទស្សន៍ផ្សារហ៊ុនសកល

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារស្វីស UBS បានឱ្យដឹងថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីនៅទូទាំងពិភពលោកបានកើនឡើង១២១ភាគរយដល់ចំនួន១៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស UBS បានឱ្យដឹងបន្តថា ចំនួនមហាសេដ្ឋីបានកើនឡើងពី១.៧៥៧នាក់ ដល់ចំនួន២.៦៨២នាក់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

យោងតាមការបោះពុម្ពផ្សាយលើកទី១០ នៃរបាយការណ៍ក្រោមចំណងជើងថា “មហិច្ឆិតាមហាសេដ្ឋី”ប្រចាំឆ្នាំរបស់ធនាគារ UBS ដែលអង្កេតតាមដានទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោក បានរកឃើញថា កំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានវ៉ាដាច់កំណើនទីផ្សារភាគហ៊ុនពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។

លោក Benjamin Cavalli អ្នកជំនាញនៅធនាគារ UBS អះអាងថា របាយការណ៍នេះចងក្រងកំណើន និងការវិនិយោគទ្រព្យសម្បត្តិ ក៏ដូចជាវិធីសាស្ត្ររក្សាទុកទ្រព្យសម្បត្តិសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់ប្រើប្រាស់ដើម្បីជះឥទ្ធិពលវិជ្ជមានលើសង្គម។

នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២៤ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទូទាំងពិភពលោកបានកើនឡើង១២១ភាគរយពី៦,៣ទ្រីលានដុល្លារដល់ចំនួន១៤ទ្រីលានដុល្លារ ខណៈសន្ទស្សន៍ភាគហ៊ុនសកល MSCI AC World បានហក់ឡើង៧៣ភាគរយ។

ក្នុងចំណោមនោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យានៅទូទាំងពិភពលោកបានកើនឡើង៣ដងពី៧៨៨,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ចំនួន២,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៤។

ធនាគារ UBS បានបន្ថែមថា“កាលពីប៉ុន្មានឆ្នាំមុន ក្រុមមហាសេដ្ឋីបានបោះទុនវិនិយោគលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទូទាត់តាមឌីជីថល។ ថ្មីៗ​នេះ ពួកគេ​បាន​បង្កើត​បច្ចេកវិទ្យា AI ជំនាន់​ថ្មី និង​អភិវឌ្ឍ​ន៍សុវត្ថិភាព​អុីនធឺណេត បច្ចេកវិទ្យា fintech ការ​បោះពុម្ព 3D និង​មនុស្សយន្ត​”៕ប្រភព: Inquirer.Net៕

ក្រុមអ្នកវិភាគ: ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ានចំនួន៤ បង្ហាញពីលទ្ធគាំពារនិយម

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ការដាក់ពន្ធដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីបណ្តាប្រទេសអាស៊ានចំនួន៤ បានរំខានដល់ពាណិជ្ជកម្មពិភពលោក និងជះផលប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធទៅលើការនាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ ដោយចោទប្រកាន់ថា បណ្តាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិននៅក្នុងប្រទេសទាំងនេះបានធ្វើឱ្យតម្លៃបន្ទះសូឡាធ្លាក់ចុះ។

លោកស្រី Lee Pei May អ្នកជំនាញខាងនយោបាយនៅសាកលវិទ្យាល័យអុីស្លាមអន្តរជាតិម៉ាឡេស៊ីបានថ្លែងប្រាប់កាសែត Xinhua ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលសហរដ្ឋអាមេរិកកាន់តែប្រកាន់ជំហរគាំពារនិយម។

លោកស្រីបន្តថា “រដ្ឋាភិបាលម៉ាឡេស៊ីយល់ឃើញថា យើងត្រូវធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ហើយនេះជាហេតុផលមួយ ដែលម៉ាឡេសុីសម្រេចដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន(BRICS)”។

លើសពីនេះ លោកស្រី Lee បានសម្តែងការហួសចិត្តចំពោះសហរដ្ឋអាមេរិក ដែលធ្លាប់អះអាងថា ខ្លួនជាអ្នកតស៊ូមតិនាំមុខគេដើម្បីស្វែងរកសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរី។

អ្នកជំនាញរូបនេះជឿជាក់​ថា​ ប្រទេស​ចិន​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ប្រកបដោយភាព​បើកចំហ​ និង​ភាពស្វាហាប់​ជាង​មុន ដោយ​សង្កត់ធ្ងន់​ឥតងាករេ​លើ​សារៈសំខាន់​នៃ​ការធ្វើពាណិជ្ជកម្ម​ដោយ​យុត្តិធម៌ និង​បើកចំហ​។

ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញការព្រួយបារម្ភអំពីទំនោររបស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយពាណិជ្ជកម្មទៅជាអាវុធនយោបាយ។

ជាមួយគ្នានេះ ចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពគាំពារនិយមរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Azmi Hassan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅស្ថាប័ន Nusantara Academy for Strategic បានអះអាងថា “វិធានការរបស់អាមេរិកពុំមែនជាសញ្ញាបង្ហាញពីភាពរឹងមាំទេ។ ប៉ុន្តែ នេះជាភាពទន់ខ្សោយ ដោយសារតែសហរដ្ឋអាមេរិកយល់ឃើញថា ខ្លួនពិបាកការពារសេដ្ឋកិច្ច និងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន”។

លោក​បាន​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បំពាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ចំពោះ​បណ្តាប្រទេសដទៃ។

លោក Azmi បានអះអាងទៀតថា ប្រទេសម៉ាឡេស៊ី កំពុងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ខណៈបណ្តាប្រទេសផ្សេងទៀតនឹងឈានដល់ការសន្និដ្ឋានដូចគ្នា និងចាត់វិធានការសមស្រប៕ប្រភព: Xinhua៕

APAC to see full investment recovery in 2025; Singapore’s market to parallel global narrative: Savills

Asia Pacific’s (Apac’s) real estate market continues to outperform its global peers, with real GDP growth exceeding that of the US and Europe, says Savills Research in its global outlook report for
2025, released on Nov 28.

“For the first time in five years, there is more stability, and perhaps more conviction, in the economic outlook,” says Paul Tostevin, Savills head of world research. “This will put markets on a surer footing, boosting investment and activity.”

In the first three quarters of 2024, Apac saw investment volumes grow 4% y-o-y to US$108.7 billion. The three markets that saw the most significant y-o-y growth in investment volumes over this period were Singapore (74% growth), South Korea (71%) and Australia (63%).

Savills Research forecasts global real estate investment turnover to rise 27% to US$952 billion in 2025. By 2026, global investment activity is expected to surpass the US$1 trillion mark for the first time since 2022.

Savills says global investments are expected to reach pre-pandemic levels by 2026, spurred by a stabilisation in interest rates and improved investor confidence.

Singapore’s real estate market is expected to parallel the global narrative,” says Alan Cheong, executive director of research & consultancy, Savills Singapore.

Meanwhile, according to Savills, Apac is expected to stage “a full investment recovery” next year, driven by sectors such as tourism, living and industrial sector, specifically logistics and data centres.

Source: Edgeprop

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីចំនួន២ចាប់ដៃគ្នា ដើម្បីនាំយកគំនិតសាងសង់លំនៅដ្ឋានរស់នៅរួមគ្នាមកកាន់កម្ពុជា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី Hong Lai Huat Group ​បាន​ចុះកិច្ចព្រមព្រៀង​ជាយុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ The Assembly Place ដើម្បីនាំយកគម្រោងលំនៅដ្ឋានរស់នៅរួម(Co-living)មកកាន់កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន The Assembly Place នឹងគ្រប់គ្រងរាល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន Hong Lai Huat នៅប្រទេសកម្ពុជា។ ភាពជាដៃគូនេះក៏នឹងនាំមកនូវគំនិតនៃសាងសង់អគារលំនៅដ្ឋានរស់នៅរួមគ្នាដល់ប្រទេសកម្ពុជាជាលើកដំបូងផងដែរ។

យោងតាមសេចក្តីប្រកាសរួមគ្នាមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា បណ្តាក្រុមហ៊ុនសិង្ហបុរីទាំង២ បានបញ្ជាក់ថា ពួកគេនឹងផ្តោតលើការសម្រេចបញ្ចប់គោលបំណងសំខាន់ៗក្នុងរយៈពេល៦០ថ្ងៃខាងមុខ មុនពេលចុះកិច្ចព្រមព្រៀងចងដោយច្បាប់(Binding agreement)។

គោលបំណងសំខាន់ៗមួយចំនួនរួមមានដូចជា ការសិក្សាអំពីលទ្ធភាពផ្គត់ផ្គង់លំនៅដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍន៍ Royal Group Platinum ដែលស្រាប់របស់ក្រុមហ៊ុន Hong Lai Huat នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុនទាំង២ក៏នឹងពិភាក្សាគ្នាផងដែរអំពីវិធីសាស្ដ្រធ្វើទីផ្សារដើម្បីលក់ផ្ទះអាជីវកម្មនៅក្នុងគម្រោង Royal Group Platinum របស់ក្រុមហ៊ុន Hong Lai Huat Group។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា Royal Group Platinum ជាគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មចម្រុះ ដែលមានលំនៅដ្ឋានចំនួន៨៥១យូនីត និងផ្ទះអាជីវកម្មចំនួន៥០យូនីត៕ប្រភព: Edgeprop៕

ម៉ាឡេសុីដាក់ចេញគំនិតផ្តួចផ្តើមថ្មីមួយដើម្បីលើកទឹកចិត្តការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ Prasarana Malaysia Berhad របស់រដ្ឋាភិបាលម៉ាឡេសុី បានបើកដំណើរការសំបុត្រ MyTourist Pass ដើម្បីលើកទឹកចិត្តប្រជាជន និងភ្ញៀវទេសចរណ៍ឱ្យងាកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។

សំបុត្រនេះផ្តល់ជូនភ្ញៀវទេសចរណ៍នូវមធ្យោបាយធ្វើដំណើរសាធារណៈនៅជុំវិញទីក្រុងគូឡាឡាំពួរ។ មធ្យោបាយនៃការដឹកជញ្ជូនសាធារណៈទាំងនោះរួមមានដូចជា រថភ្លើងធុនស្រាល រថភ្លើង MRT ផ្លូវរថភ្លើង Monorail ឡានក្រុង និងសេវារថយន្តដឹកអ្នកដំណើរ។

លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុីបានថ្លែងថា សំបុត្រនេះនឹងត្រូវបានលក់ជូនសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាតំបន់ Klang Valley ដែលរួមមានទីក្រុងគូឡាឡាំពួរ ទីក្រុង Putrajaya និងរដ្ឋ Selangor។

លោក​បាន​កត់​សម្គាល់​ថា គំនិតផ្តួចផ្តើមនេះនឹងជំរុញឱ្យភ្ញៀវ​ជាតិ និង​ភ្ញៀវបរទេស​ជា​ច្រើន​ងាកមកប្រើ​ប្រាស់មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​នៅពេល​មក​ដល់​ទីក្រុង​គូឡាឡាំពួ។

ចំពោះប្រជាជនម៉ាឡេស៊ី សំបុត្រ MyTourist Pass ត្រូវបានដាក់លក់ក្នុងតម្លៃ២០រីងហ្គីត (៤,៥៤ដុល្លារអាមេរិក) សម្រាប់រយៈពេលមួយថ្ងៃ តម្លៃ៣០រីងហ្គីតសម្រាប់រយៈពេល២ថ្ងៃ និងតម្លៃ៤០រីងហ្គីតសម្រាប់រយៈពេល៣ថ្ងៃ។

លោក​រដ្ឋមន្ដ្រីបានមានប្រសាសន៍ឱ្យដឹងបន្ត​ថា​ ចំពោះ​ជន​បរទេស​ សំបុត្រ MyTourist Pass ត្រូវបានដាក់លក់ក្នុងតម្លៃ​៤០​រីង​ហ្គីត​សម្រាប់រយៈពេលមួយថ្ងៃ តម្លៃ៦០​រីង​ហ្គីត​សម្រាប់រយៈពេល២ថ្ងៃ និង​តម្លៃ៨០​រីង​ហ្គីត​សម្រាប់រយៈពេល៣ថ្ងៃ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេសុីលោក Fadillah Yusof បានលើកឡើងថា គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះជាការឆ្លើយតបទាន់ពេលវេលា ខណៈដែលម៉ាឡេស៊ីនឹងចូលកាន់តំណែងជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ៕ប្រភព: Vnexpress៕

ធនាគារពិភពលោក កោតសរសើរ គោលនយោបាយអភិវឌ្ឍ របស់ក្រសួងបរិស្ថាន

ធនាគារពិភពលោក៖ យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានផង និងការពារបរិស្ថានឱ្យបានល្អផង

លោកស្រី Tania Meyer ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ចូលរួមលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រ មានន័យថាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋានផង និងការពារបរិស្ថានឱ្យបានល្អផង។

ក្នុងពេលទទួលបានការអនុញ្ញាតជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន លោកស្រី Tania Meyer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានជំរុញលើកទឹកចិត្តជាពិសេសសិស្សានុសិស្ស និងយុវជន ឱ្យចូលរួមយ៉ាងសកម្មដើម្បីភាពស្អាត និងភាពបៃតង។

លោកស្រី បានលើកឡើងពីការគាំទ្រដល់ការអភិវឌ្ឍគោលដៅលំហែបៃតង និងរបៀងទេសចរណ៍ធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ។

លោកស្រី Tania Meyer បានប្រកាសថា ធនាគារពិភពលោក ប្រកាសផ្តល់ទឹកប្រាក់ចំនួន ២ លានដុល្លារ សម្រាប់គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ក្នុងការឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្រដល់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលកំពុងដាក់ចេញយុទ្ធនាការ ជាជំហានៗយ៉ាងស្វាហាប់ លើការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការចូលរួមយ៉ាងផុសផុល ជាពីប្រជាពលរដ្ឋចំនួន៩,៧លាននាក់ ក្នុងនោះសិស្សានុសិស្សទូទាំងប្រទេសមានចំនួនជាង៣,៦លាននាក់ បានចូលរួមប្តេជ្ញាចិត្ត យ៉ាងតិច១ថ្ងៃ និងឈានទី២ថ្ងៃ មិនប្រើថង់ប្លាស្ទិក និងបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ បន្ទាប់មក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» សំដៅទៅលើតាមភូមិ ឃុំទូទាំងប្រទេសកម្ពុជារួមគ្នា គឺប្រជាពលរដ្ឋ ទាំងអស់សម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ រោងចក្រ គ្រឹះស្ថាន វត្តអារាមនិងភូមិដ្ឋានឱ្យបានស្អាត។

នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តធនាគារពិភពលោក ពង្រីកបន្ថែមលើគម្រោងជួយលើការអភិវឌ្ឍដោយចីរភាព ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹងសំរាម ការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការកសាងហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម ដើម្បីឆ្លើយតបនឹងការទប់ស្កាត់បំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ៕

ក្រុមហ៊ុនចិនចំនួន៧មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

ដោយៈគង់ ម៉ាលីន

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនលោក Du Xu នាយកប្រតិបត្តិ ក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃគណៈប្រតិភូ ដែលមានសមាសភាពពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

មានប្រសាសន៍លើកឡើង ក្នុងជំនួបនាឱកាសនេះ លោក Du Xu បានសម្ដែងការអបអរសាទរ ចំពោះលទ្ធផលដ៏មានផ្លែផ្កានៃដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការរបស់គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់សាធារ​ណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ផងនោះ។

ជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនទាំង៧ ដែលមានវត្តមាននាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងត្រូវបានយកចិត្តទុកដាក់ និងមានតួនាទីសំខាន់សម្រាប់គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។

ជាក់ស្ដែង ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក មានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយ ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ក្រឡានៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។ បន្ថែមពីនេះ សម្រាប់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក.អ.ក.បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រា​ប់ការចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានឈ្មោះថាប្រព័ន្ធ cdcIPM។

លោកបន្តថា ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើង ស្របតាមគតិបណ្ឌិ​តដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក.អ.ក. ដើម្បីជំរុញប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីក.អ.ក. បានដោយផ្ទាល់ផងដែរ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដើម្បីស្ទាបស្ទង់អំពីគោលនយោបាយនាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២២ភាគរយដល់២៦៣៧,៨៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៩ភាគរយដល់២៦៥៨,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣២,០៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៤៨,៤០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៥,៧៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៥,៧១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧១%ដល់៣១,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៨៨%ដល់៩៤៩,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៨៨%ដល់៩៨៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

សញ្ញាវិជ្ជមាន: ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិក នឹងងើបឡើងវិញខ្លាំងនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានបញ្ជាក់ក្នុងរបាយការណ៍ទស្សនវិស័យសកលសម្រាប់ឆ្នាំ២០២៥ ថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តមានដំណើរការល្អប្រសើរជាងតំបន់ផ្សេងទៀតលើពិភពលោក តាមរយៈការសម្រេចកំណើនសេដ្ឋកិច្ច ខ្ពស់ជាងសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប។

លោក Paul Tostevin ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវពិភពលោករបស់ក្រុមហ៊ុន Savills បានមានប្រសាសន៍ឱ្យដឹងថា “នេះជាលើកទីមួយក្នុងរយៈពេល៥ឆ្នាំ ដែលទីផ្សារមានស្ថិរភាពកាន់តែច្រើន ហើយវិនិយោគិនអាចមានទំនុកចិត្តលើទស្សនវិស័យសេដ្ឋកិច្ច។ ការណ៍នេះនឹងធ្វើឱ្យទីផ្សារមានទិសដៅកាន់តែច្បាស់ និងជំរុញការវិនិយោគ”។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ការវិនិយោគអចលនទ្រព្យនៅតំបន់អាសុីប៉ាសុីហ្វិកបានកើនឡើង៤%ធៀបនឹងឆ្នាំមុន ដល់ទំហំទឹកប្រាក់ចំនួន១០៨,៧ពាន់លានដុល្លារ។

បណ្តាប្រទេសចំនួន៣ក្នុងតំបន់ ដែលសម្រេចបានអត្រាកំណើននៃទំហំវិនិយោគលើអចលនទ្រព្យខ្ពស់ជាងគេបំផុត រួមមានប្រទេសសិង្ហបុរីចំនួន៧៤% ប្រទេសកូរ៉េខាងត្បូងចំនួន៧១% និងប្រទេសអូស្ត្រាលីចំនួន៦៣%។

Savills បានបញ្ជាក់បន្ថែមថា ទីផ្សារការិយាល័យនៅតំបន់អាសុីប៉ាសុីហ្វិកនៅតែមានភាពទាក់ទាញ ដោយគ្រប់គ្រងចំណែក៧០% នៃការវិនិយោគសរុបលើទីផ្សារអចលនទ្រព្យទាំងមូលក្នុងតំបន់នារយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៤ បើធៀបនឹងកម្រិតមធ្យមភាគសកលត្រឹមតែ២៣%។

ក្រុមហ៊ុន Savills Research បានព្យាករណ៍ថា ទំហំនៃការវិនិយោគលើអចលនទ្រព្យសកលនឹងកើនឡើង២៧% ដល់ទំហំទឹកប្រាក់ចំនួន៩៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។

ចំពោះនៅឆ្នាំ២០២៦ សកម្មភាពវិនិយោគអចលនទ្រព្យសកលត្រូវបានគេរំពឹងថានឹងកើនឡើងលើសពីទំហំទឹកប្រាក់១ទ្រីលានដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២។

Savills អះអាងថា ការវិនិយោគជាសកលត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩នៅឆ្នាំ២០២៦ ដោយសារស្ថិរភាពនៃអត្រាការប្រាក់ និងការស្តារឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់វិនិយោគិន។

ទន្ទឹមគ្នានេះ ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិក ត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនកូវីដនៅឆ្នាំ២០២៥ ដែលជំរុញដោយវិស័យនានាដូចជា វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេសផ្នែកដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យ៕ប្រភព: Edgeprop៕