ក្រុមហ៊ុនលក់រាយ Aeon គ្រោងបោះទុនសាងសង់ផ្សារទំនើបតម្លៃ២០០លានដុល្លារនៅប្រទេសវៀតណាម

 

ដោយ: គង់ លាងហួរ

ហាណូយ: ក្រុមហ៊ុនអចលនទ្រព្យលក់រាយ Aeon Mall គ្រោងនឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់ផ្សារទំនើបតម្លៃ៥,១៤ទ្រីលានលានដុង (ប្រហែល២០២លានដុល្លារអាមេរិក) នៅទីក្រុងទេសចរណ៍ Ha Long ក្នុងខេត្ត Quang Ninh នៅដើមខែធ្នូ ឆ្នាំនេះ។

គម្រោងផ្សារទំនើបកម្ពស់​៥ជាន់​នេះ នឹង​ត្រូវ​​សាងសង់​លើ​ដី​ទំហំ៩១ម៉ែត្រការ៉េ ហើយ​គ្រោងនឹង​បញ្ចប់​ នៅ​ចុង​ខែ​មេសា ឆ្នាំ២០២៥។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Vnexpress។

គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនលក់រាយ Aeon របស់ជប៉ុន មានផ្សារទំនើបចំនួន៧ទីតាំង នៅក្នុងប្រទេសវៀតណាម ដែលមានទំហំផ្ទៃក្រឡាសរុបបញ្ចូលគ្នា ទាំងអស់ប្រមា​ណ៤៦២.០០០ម៉ែត្រការ៉េ។

ថ្មីៗនេះ អាជ្ញាធរវៀតណាម ក៏បានអនុម័តឱ្យក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ សាងសង់ផ្សារទំនើបតម្លៃ៥,៤ទ្រីលានដុងនៅទីក្រុង Can Tho ក្នុង​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ បន្ទាប់ពី​ក្រុមហ៊ុន Aeon បាន​ចាប់​ផ្តើម​បើកការដ្ឋាន សាងសង់ផ្សារទំនើបនៅ​ខេត្ត Long An ក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ។

លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងផ្សារទំនើបជាច្រើនផ្សេងទៀត ដែលគ្រោងនឹងសាងសង់ឡើង នៅទីក្រុង Thanh Hoa និងទីក្រុង Da Nang ស្ថិតនៅភាគកណ្តាល ប្រទេសវៀតណាម។

ប្រទេសវៀតណាម គ្របដណ្តប់ចំនួនជិត៤០% នៃប្រភពប្រាក់ចំណេញ នៅក្រៅប្រទេសរបស់ផ្សារទំនើបអ៊ីអន។  ក្រុមហ៊ុនលក់រាយខ្នាតយក្សនេះ បានបោះទុនវិនិយោគ១,៥ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

នៅក្នុងរយៈពេល៩ខែ ដំបូងដើមឆ្នាំនេះ ខេត្ត Quang Ninh ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន១៥,៦៤លាននាក់ ដែលក្នុងនោះ រួមមាន ជនបរទេសចំនួនជាង២,៥៩លាននាក់៕ប្រភព: Vnexpress៕

គ្រាន់តែ​សៀវភៅអ្នក​ជំនួញ​ល្បី​ឈ្មោះ​ សំ សុខនឿន ចេញ​ភ្លាម ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំងអ្នក​រក​ស៊ី…..

គ្រាន់តែ​សៀវភៅអ្នក​ជំនួញ​ល្បី​ឈ្មោះ​ សំ សុខនឿន ចេញ​ភ្លាម ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំងអ្នក​រក​ស៊ី បុគ្គល​ល្បី​ឈ្មោះ ​និងឧកញ៉ា​រកស៊ី​ជំនួញ​ធំ​ៗ​ ​
………..
ក្រោយ​បញ្ចេញ​​សៀវភៅ ១ម៉ឺនច្បាប់ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ជា​ផ្លូវការ​រួច​មក ឃើញថាកំពុងទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំង​ពី​អ្នក​ជំនួញ បុគ្គល​ល្បី​ៗ និង​ឧកញ៉ា​លំដាប់​កំពូល​ៗ​ក្នុង​ស្រុក។

សៀវភៅ​របស់​អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP បាន​បោះ​ពុម្ពសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» កាល​ពី​អំឡុង​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ។

គ្រាន់តែ​សៀវភៅ​អ្នក​ជំនួញ​ល្បី​ឈ្មោះ​រូបនេះ​ចេញ​ភ្លាម ទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំង​មិន​ថា​ អ្នក​ធ្វើការ​ធម្មតា​ៗ​ក្នុង​ក្រុមហ៊ុន អ្នក​រក​ស៊ី បុគ្គល​ល្បី​ឈ្មោះ ព្រម​ជាមួយ​ឧកញ៉ា​ដែល​រកស៊ី​ជំនួញ​ធំ​ៗ​ដូច​គ្នា ក៏​ចាប់អារម្មណ៍​ជាវសៀវភៅ​នោះ​ដែរ។ ក្នុង​នោះ​រួម​មាន​លោក នៅ ស៊ីនិត ដែល​មហាជន​បាន​ស្គាល់​ហើយ​ថា ជា​វិស្វករ និង​ជា​អ្នក​ម៉ៅការ​សំណង់​ដ៏​ល្បីល្បាញ និង​ជោគជ័យ​លើ​វិថី​ស្ថាបត្យកម្ម​នៅ​កម្ពុជាក៏បានជាវសៀវភៅដល់ទៅ ៥ក្បាលឯណោះ។

លោក នៅ ស៊ីនិត មានប្រសាសន៍ថា៖ «ខ្ញុំជាអ្នកគ្រាំទ្រម្នាក់របស់អ្នកឧកញ៉ាជាយូរមកហើយ នៅពេលដែលខ្ញុំដឹងថាអ្នកឧកញ៉ានិពន្ធសៀវភៅនេះ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែន ដោយសារតែខ្ញុំចង់ដឹងនិងស្វែងយល់បន្ថែមអំពីគ្រឹះនៃជីវិតរបស់អ្នកឧកញ៉ា និងចង់រៀនសូត្រពីការវិនិយោគអចលនទ្រព្យ»។

មិន​ទាន់​អស់​ឡើយ នៅ​មាន​លោក ហួន លីហួរ ដែល​ជា​បុគ្គលជោគជ័យ​ប្រឡូក​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែរ​នោះ បានចាប់អារម្មណ៍ ហើយ​បាន​បញ្ជាក់​ពី​ការ​គោរព កោតសរសើរ​ការ​ខិតខំ​តស៊ូ​របស់​អ្នក​ឧកញ៉ា ទាល់តែ​ទទួល​បាន​ជោគជ័យ​ក្លាយ​ជា​អ្នក​ជំនាញ​ល្បីល្បាញ​ម្នាក់​ក្នុង​វិស័យ​អចលនទ្រព្យ។ លោក ហួន លីហួរ បានជាវសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ» មក​សិក្សា​ស្វែង​យល់​បន្ថែម និង​រៀន​អំពី​គន្លឹះ​ជោគជ័យ​ពី​អ្នក​ឧកញ៉ា បន្ថែម​ទៀត ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​សើក​ស្ទួយ​ស្នាដៃ​តាក់តែង​ដោយ​កូន​ខ្មែរ ក៏​ដូច​លើក​កម្ពស់​ការ​អាន​នៅ​កម្ពុជា។

រីឯ​អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់បុរី KK The Residence 598 និងបុរី KC ព្រែកព្នៅ ក៏បាន​ជាវ​សៀវភៅ «គ្រឹះនៃជីវិត​អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដោយថ្លែងបញ្ជាក់ថា អ្នកឧកញ៉ា​ចូលចិត្ត​អាន​នៅ​ពេល​ទំនេរ ហើយ​ជាពិសេស​ចូល​ចិត្ត​សិក្សា​ស្វែង​យល់​អំពី​អចលនទ្រព្យ ដូច​ដែល​មាន​ក្នុង​សៀវភៅ​នេះ ដូច្នេះហើយទើបអ្នកឧកញ៉ាសម្រេចជាវសៀវភៅដ៏ពិសិដ្ឋនេះ។

ចំណែក​ឧកញ៉ា អ៉ឹង លីហួត ដែល​ជា​អ្នក​ជំនួញ​ជោគជ័យ និង​ចាស់​វស្សា​ម្នាក់​នៅ​កម្ពុជា បាន​ចូលរួម​អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​កូន​ខ្មែរ ដ៏​ឆ្នើម​រូប​នេះ​មក​អាន ដើម្បី​ស្វែង​យល់​ពី​បន្ថែម ជួយ​ឲ្យ​មាន​គំនិត​ថ្មី​ៗ​ក្នុង​កិច្ចការ​ងារ​ប្រចាំ​ថ្ងៃ។

សេដ្ឋីនីវ័យក្មេង ឡេង ដាវី ប្រធាន​ក្រុមហ៊ុន Rithy Granite Cambodia ដែល​​ជា​កូន​ស្រី​​ឧកញ៉ា ឡេង ឬទ្ធី អគ្គ​នាយកក្រុមហ៊ុន ឡេង ឬទ្ធី គ្រុប ក៏​បាន​ជាវ​សៀវភៅ​របស់​អ្នកឧកញ៉ា​បណ្ឌិត សំ សុខនឿន ផង​ដែរ។ CEO ស្រី​រូបនេះ​បញ្ជា​ទិញរហូត​ទៅ​ដល់៥ ក្បាល ដាក់​តាម​សាខា និង​ក្រុមហ៊ុន​របស់​លោកស្រី មិត្តភ័ក្តិ និង​បុគ្គលិក​បាន​អាន ដើម្បី​កាន់តែ​​ច្បាស់​ពី​វិស័យ​ជំនួញ។ បើ​ទោះ​ជា​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ច្រើនឆ្នាំ តែ​សេដ្ឋីនី ឡេង ដាវី នៅតែ​ត្រូវ​ការ​អាន​សៀវភៅ ដើម្បី​ច្បិច​យក​ចំណុច​ល្អ​មាន​ក្នុង​នោះ មក​បង្គ្រប់​បន្ថែម​ការ​អាជីព​ឲ្យ​កាន់តែ​ប្រសើរ។

អ្នកជំនាញ និងអ្នកវិនិយោគក្នុងវិស័យអប់រំ ឧកញ៉ា ជា ដាណា អគ្គនាយកសាលាអន្តរជាតិ Westland International School និងអគ្គនាយកនៃក្រុមហ៊ុន Ritaro D&P Capital ក៏បានជាវសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»។ លោកឧកញ៉ាចាប់អារម្មណ៍លេីវិស័យអចលនទ្រព្យ ក៏ព្រោះថា បើទោះបីលោកបើកសាលាជាច្រើនសាខាក៏ពិតមែន ប៉ុន្តែភាពមានបានពិតប្រាកដកើតចេញពីអចលនទ្រព្យ។

សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ជា​សៀវភៅ​ដែល​យើង​គួរតែ​អាន ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ ហើយ​សៀវភៅ​នោះ​ប្រៀបដូចជា​ទុន​សំខាន់ ដែល​អាច​ឲ្យ​មនុស្ស​ម្នាក់​ៗ​ស្វែង​យល់​យ៉ាង​ត្រឹមត្រូវ​លើ​ការ​វិនិយោគ​ផ្សេង​ៗ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគបានសម្រុកលក់មាសចេញវិញ ដើម្បីទទួលបានប្រាក់ចំណេញ ក្រោយពីតម្លៃមាសបានហក់ឡើងថ្លៃកាលពីពេលថ្មីៗនេះ ដោយសារក្តីព្រួយបារម្ភជុំវិញការកើនឡើងនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៦៣ភាគរយដល់២៦៦៨,៤៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៧៨ភាគរយដល់២.៦៩១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧១២,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧១២,២០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៨៩ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៧,៥៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២១%ដល់៣០,៩៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,០៦%ដល់៩៦៤,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៥៥%ដល់១០០៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក៕

ប្រធានGCTPទទួលស្គាល់កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកAhmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) បានថ្លែងថា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុតនៅក្នុងពិភពលោក។

លោកបានថ្លែងបែបនេះ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាត្តឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយលោកបណ្ឌិតAhmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន(GCTP)។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គ​ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូIPTP​ទាំងអស់។

លោកបានបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេស ដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកក៏បានរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព  និងការធានានូវប្រក្រតីភាព នៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ លោកប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា​ កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជន ប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួម ក្នុងសម័យប្រជុំពេញអង្គ​ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោ​ធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ​ជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ​ និងជួយគ្នាទៅវិញទៅមក។

សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់អំពីតម្លៃ នៃសន្ដិភាព ដោយបានបញ្ជាក់ថា “សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេ​សឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាព នឹងបំផ្លាញប្រទេ​សមួយក្នុងរយៈពេលដ៏ខ្លី”។​

 ក្នុងន័យនេះ​ ការថែរក្សាសុខសន្ដិភាព គឺជាកត្តាចាំបាច់​ ហើយសន្តិភាព នឹងជួយដល់ការធ្វើសមាហរណកម្ម​ និង​ការតភ្ជាប់ពិភពលោក​ រួមទាំងការជំរុញឱ្យមានការតភ្ជាប់ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕

 

វិស័យសំណង់ស្រូបបានទឹកប្រាក់ជិត៧៨ពាន់លានដុល្លារ ដែលធ្វើឲ្យមុខមាត់ទីក្រុងមួយចំនួបផ្លាស់ប្តូរជាមួយអាគារកប់ពពក

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ មុនវិបត្តិកួវីដ១៩មកដល់ វិស័យសំណង់់ និងអចលនទ្រព្យ បានក្លាយជាកំលាំងចលករដ៏មួយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ដូចទឹកបាក់ទំនប់ ជាលទ្ឋផលរាជធានី និងទីក្រុងធំៗចំនួន៣ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុងដូចជា រាជធានីភ្នំពេញ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើគិតរហូតមកទល់ពេលនេះ នៅទូទាំងប្រទេស​មាន​កម្ពស់​ចាប់​ពី​៥​ជាន់​ឡើង​ទៅ កើន​ដល់​ចំនួន​ជាង២៨០០។ នេះ​បើ​យោង​តាមរបាយការណ៍ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់។

របាយការណ៍​បាន​ឱ្យ​ដឹងទៀត​ថា ចាប់​ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ ២០០០ ដល់​ខែ​កក្កដា ឆ្នាំ ២០២៤ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​អនុញ្ញាត​សាង​សង់​ នៅ​ទូទាំង​ប្រទេស​ចំនួន៦៦,៩៧៨ គម្រោង ដែល​ស្មើ​នឹង​ផ្ទៃ​ក្រឡា​ កម្រាល​សំណង់​សរុប១៩៤,៣១០,១៩៦ ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ៧៧,៧១៩, ៧៧៩,៨៩៩ ដុល្លារ។

ជាក់ស្តែង​អគារ​ដែល​មាន​កម្ពស់​ ចាប់​ពី៥ ជាន់​ឡើង​ទៅ​គឺ​មាន​ចំនួន​សរុប​២៨៥៧អគារ ដោយ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន១,៨១៣ អគារ ខេត្តព្រះសីហនុ៧៣០អគារ ខេត្ត​បន្ទាយមានជ័យ២៤៩អគារ និងខេត្ត​ផ្សេង​ទៀត​សរុប៦៥អគារ។

បើ​ធ្វើ​ការ​បែងចែក គឺ​អគារ​ដែល​មាន​កម្ពស់​ចាប់​ពី៥-​៩ ជាន់មាន​ចំនួន១,៦៥២អាគារ។ ចាប់​ពី១០-​១៩ជាន់ មាន​ចំនួន៧៤៣ អគារ។ ចាប់​ពី២០-​២៩ជាន់ មានចំនួន២៥០អគារ ចាប់​ពី ៣០-​៣៩ជាន់ មានចំនួន១៥២អគារ និង​អគារ​ចាប់​ពី៤០ជាន់​ឡើង​មាន​ចំនួន៦០អគារ។

ក្រសួង​បាន​បញ្ជាក់ថា “​វិស័យ​សំណង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍ​សង្គមជាតិ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ”។ ក្រសួងបន្ថែមថា “ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​បន្ត​ពង្រឹង​ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ ដែល​ជា​សសរ​ស្តម្ភ​មួយ ​នៃ​កំណើន​សេដ្ឋកិច្ច ដោយ​ផ្តោត​លើ​ការ​ជំរុញ ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ ការ​កសាង​ច្បាប់ ការ​កំណត់​ស្តង់ដា​សំណង់ និង​ការ​ពន្លឿន​រយៈពេល​ចេញ​លិខិត​អនុញ្ញាត​សាងសង់​ជូន​ប្រជាជន”។

​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ នៃ​សម្ព័ន្ធ​ក្រុមហ៊ុនSAM SN GROUP អ្នកឧកញ៉ាសំ សុខនឿន បានមានប្រសាសន៍ថា កំណើន​អគារ​ខ្ពស់​ ក្នុង​រយៈ​ពេល​ជាង១០ឆ្នាំ​កន្លង​មក គឺ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ​កំណើន​តម្រូវការ​កន្លែង​ស្នាក់​នៅ​របស់​ជន​បរទេស ​ដែល​មក​វិនិយោគ និង​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា (​ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនបរទេស​ អាច​ទិញ​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ចាប់​ពី​ជាន់​ទី១ឡើង​)។ កំណើន​ប្រជាជន​ចូល​មក​រស់​នៅក្នុង​ទីក្រុង ការកក​ស្ទះ​ចរាចរណ៍ កំណើន​ប្រាក់​ចំណូល​បុគ្គ​ល​និង​គ្រួសារ ព្រម​ទាំង​និន្នាការ​ នៃ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាជន​ខ្មែរ​ ចំពោះ​ការ​រស់​នៅ​លំនៅឋាន​ខ្ពស់​ៗ។

អ្នកឧកញ៉ាបន្ត​ថា ​“ភាគ​ច្រើន​នៃ​អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា ត្រូវ​បាន​ប្រើ​ប្រាស់​ជា អគារ​ខុនដូ អាផាតមិន ការិយាល័យ ផ្សារទំនើប និង​អគារ​ពាណិជ្ជកម្ម”។

អ្នកឧកញ៉ាបញ្ជាក់​ថា “​ស្ថិរភាព​នយោបាយ សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ បាន​ជួយ​ជំរុញ​ឱ្យ​វិស័យ​សំណង់​កម្ពុជា​រីក​មុខ​មាត់​យ៉ាង​ខ្លាំង ​ក្នុង​រយៈ​ពេល​ជិត២ទសវត្សរ៍​មក​នេះ”​។ អ្នកឧកញ៉ាបន្ថែមថា “ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ប្រសើរ​វិញ ខ្ញុំ​មាន​ជំនឿ​ថា សំណង់​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា​នឹង​លេច​វត្តមាន​កាន់​តែ​ច្រើន”។

អ្នកឧកញ៉ាបាន​លើក​ឡើង​ទៀត​ថា មុន​ឆ្នាំ២០១៩ ចំនួន​អគារ​ខ្ពស់ៗ​បាន​លេច​ឡើង​យ៉ាង​ច្រើន ​នៅ​ខេត្ត​ព្រះសីហនុ បន្ទា​ប់​ពី​ទីនោះ​ទទួល​បាន​ការ​ចូល​ទៅ​ បណ្តាក់​ទុន​យ៉ាង​ច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​ជន​ជាតិ​ចិន។

ទោះយ៉ាង​ណា​ បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ​ដើម្បី​លុប​បំបាត់​អាជីវកម្ម​មិន​ល្អ​ដល់​សង្គម ព្រម​ទាំង​វិបត្តិ​បណ្តាល​មក​ពី​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការដ្ឋាន​សំណង់​អគារ​ធំៗ និង​ខ្ពស់ៗ​ជា​ច្រើន​នៅ​ទីនោះ​ ត្រូវ​ជាប់​គាំង​មក​ដល់​ពេល​បច្ចុប្បន្ន។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តា វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ នឹង​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ​ នា​ពេល​ខាង​មុខ ខណៈ​រាជ​រដ្ឋាភិបាល​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ខេត្ត​ពហុបំណង​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានយល់ស្របនឹងការលើកឡើងរបស់អ្នកឿកញ៉ាសំ សុខខឿន ដោយលោកបញ្ជាក់ថា ក្រៅពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងកត្តាពាក់ព័ន្ឋមួយចំនួនទៀត ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ វាជាវដ្តមួយនៃនិន្នាការសាកលផងដែរ ពិសេសកម្ពុជាជាទីផ្សារថ្មី និងមានភាពស្រូបទាញ ផលចំណេញពីការវិនិយោគខ្ពស់ មុនពេលវិបត្តិកូវីដ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានចូលមកដល់។

លោកបន្តថា “ជំនឿចិត្តពិតជាមានសារៈសំខាន់ ដែលផ្តល់ដោយប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស ដោយសារពួកគេអាចរកផលចំណេញបានខ្ពស់ពីទីផ្សារនេះ”។ លោកបន្ថែមថា “ប៉ុន្តែវិស័យនេះ បានជួបភាពស្លោកស្រពោនរយៈពេលវែង ដោ​យសារបញ្ហាខាងក្រៅ និងបញ្ហាផ្ទៃក្នុងកម្ពុជា”។

លោកយិន លាងគង់បានពន្យល់ថា បញ្ហាខាងក្រៅដែលជះឥទ្ឋិពលដល់សេដ្ឋកិច្ច និងលំហូរទុនវិនិយោគផ្ទាំល់ពីបរទេ​សចូលមកកម្ពុជា គឺដោយសារសង្រ្គាមកូវីដ១៩ បញ្ហាក្នុងវិស័យអចលនទ្រព្យរបស់ចិន សង្រ្គាមរុស្ស៊ី អ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអ៊ែល និងហាម៉ាស់ និងបញ្ហានៃការកើនកម្តៅផ្នែកភូមិសាស្រ្តនយោបាយរបស់មហាអំណាចធំៗ។

យោងតាមតួលេខ​ដែល​កត់​ត្រា​ដោយ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែតុលា​ ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំចូល​ទំនិញ​ស្ថិត​ក្នុង​ជំពូក​​(HS ២​ ខ្ទង់​)​ លេខ​កូដ៧២ដែល​រួមមាន ​ដែក និង​ដែកថែបក្នុង​ទឹកប្រាក់​សរុប៥០៥,២​លាន​ដុល្លារ កើន៦៥,១​ភាគរយ ​បើ​ធៀប​រយៈពេ​ល​​ដូចគ្នា​ឆ្នាំ២០២៣ ដែល​មាន​ចំនួន ៣០៥,៩៧​ លាន​ដុល្លារ​។

ចំនួន​នេះ​ស្មើនឹង២,១២ភាគរយ ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ទំនិ​ញ​ចូល​សរុប​របស់​កម្ពុជា ​រយៈពេល១០​ខែ ឆ្នាំ​ ២០២៤ ដែលមាន​ចំនួន២៣,៤៩​ ពាន់​លាន​ដុល្លារ​៕​

គំរោងអេកូទេសចរណ៍មួយនៅកម្ពុជាត្រូវបានជ្រើសេរើសដណ្ដើមពានរង្វាន់និរន្តរភាពរបស់ EXO Foundation ឆ្នាំ ២០២៤

ដោយៈ គង់ សូរិយា

       មណ្ឌលគិរីៈ គម្រោងអេកូទេសចរណ៍ ចាហ៊ូ ដឹកនាំ​ដោយ​សហគមន៍​ជនជាតិដើម​ភាគតិចពូនង​ ​ក្នុង​ខេត្តមណ្ឌលគិរី ប្រ​ទេ​ស​កម្ពុជា ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូលរួម ​ប្រកួត​ប្រជែង​ដណ្ដើ​ម​​ពានរង្វាន់​និរន្តរភាព​របស់ EXO Foundation ឆ្នាំ ២០២៤​ ក្នុង​ប្រភេទ “ភព​ផែនដី – សហគ្រាស​សង្គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល”។​​​

ការទទួលស្គាល់​​នេះ ​ផ្តល់​កិត្តិយស​ដល់​គំនិត​ផ្តួចផ្តើម​ដែល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ច្នៃប្រឌិត ​ក្នុងការ​ចូលរួម​សហគមន៍ការគ្រប់គ្រង​បរិស្ថាន និង​ការអនុវត្ត​ទេសចរ ​ប្រកបដោយ​សីលធម៌​។​

លោកChris Iverson ទីប្រឹក្សាបច្ចេកទេស​អេកូ​ទេសចរណ៍​សម្រាប់​សមាគម​អភិរក្ស​សត្វព្រៃ លើកឡើង​ពី​សារៈសំខាន់​ចំពោះ​ការ​ជ្រើស​រើស​​នេះ​។​

លោក Iverson បាន​មានប្រសាសន៍ថា “​គំរូ​នៃ​ទេសចរណ៍​ដែល​ជំរុញ​ដោយ​សហគមន៍​របស់ ចាហ៊ូ​ បង្ហាញថា សហគមន៍​ក្នុងស្រុក និង​ជនជាតិដើម​ភាគតិច ​អាច​ការពារ​បរិស្ថានរ​បស់​ពួកគេ ខណៈពេលដែល​ធានាបាន​ នូវ​ជីវភាព​រស់នៅ​កាន់តែ​ធន់ អាស្រ័យ​លើ​ការបន្ត​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​ដែល​ជិត​ផុត​ពូជ”។​

ចាហ៊ូ​ គឺជា​គម្រោង​បំផុសគំនិត​មួយ ​ក្នុងចំណោម​គម្រោង​លើកទឹកចិត្ត​ចំនួន៥០​ ដែល​ត្រូវបាន​វាយតម្លៃ​ដោយ​គណកម្មការ​​ជំនាញ ដែល​ត្រូវបាន​ជ្រើសរើស ​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​ផ្អែក​លើ​សមត្ថភាព ​អភិរក្ស​​​សត្វព្រៃ​ ប្រកបដោយ​ការទទួលខុសត្រូវ និង​បទពិសោធន៍​វប្បធម៌ ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

គំនិត​ផ្តួចផ្តើម​នេះ ​ផ្តល់​ផល​វិជ្ជមាន​ជា​អតិបរមា ​នៅក្នុង​សហគមន៍​មូលដ្ឋាន ការថែរក្សា​ធនធានធម្មជាតិ ក៏ដូចជា​លើកកម្ពស់​ជីវភាព​រស់នៅ​។​

គម្រោង​ទេសចរណ៍ធម្មជាតិ​ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នេះ ​បានផ្តល់​សិទ្ធិអំណាច​ ដល់​សហគម​ន៍​ជនជាតិដើម​ភាគតិច​ពូនង​​ នៃ​អណ្តូង​ក្រឡឹង ដើម្បី​ធ្វើជា​ដៃគូ​ស្មើគ្នា​ក្នុងការ​គ្រប់គ្រង​ចា​ហ៊ូ​​។​

ចាប់តាំងពី​ឆ្នាំ២ឥ១៣ ជំនឿ​ប្រពៃណី និង​ទំនៀមទម្លាប់​ត្រូវបាន​គោរព ខណៈដែល​អ្នកស្រុក​ចំនួន២៤​នាក់ ​ត្រូវបាន​បណ្តុះបណ្តាល និង​ជួល​ក្នុងតួនាទី​បដិសណ្ឋារកិច្ច ការណែនាំ និង​ការស្រាវជ្រាវ​។​

សកម្មភាព​ប្រកប​ដោយ​និរន្តរភាព​

ការប្តេជ្ញាចិត្ត​លើ​គម្រោង​អេកូ​ទេសចរណ៍ “​ចាហ៊ូ” ចំពោះ​និរន្តរភាព ​ត្រូវបាន​បញ្ចូល​ក្នុង​មូលនិធិ សត្វ​ទោច​របស់ខ្លួន ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ២០១៧​។​

លោក Iverson បានមានប្រសាសន៍ថា ​ទឹក​ប្រាក់​​ជាង៥​ម៉ឺន​ដុល្លារ​ ត្រូវបាន​បង្កើត​តាមរយៈ​មូលនិធិ សត្វ​ទោច​ ដែល៣០​ ដុល្លារ​ពី​អ្នកទស្សនា​ម្នាក់ៗ​ គាំទ្រ​ដោយផ្ទាល់​ដល់​សកម្មភាព​អភិរក្ស ​ដែល​ដឹកនាំ​ដោយ​សហគមន៍ ពិធី​វប្បធម៌​ជនជាតិដើម​ភាគតិច​ពូនង​ និង​កម្មវិធី​ជំនួយ​មនុស្ស​ចាស់​។

លោកបញ្ជាក់ថា “មូលនិធិ​នេះ​ធានាថា ​ទេសចរណ៍​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ដល់​សហគមន៍”​។​

គម្រោង​អេកូ​ទេសចរណ៍ ចាហ៊ូ​ ការពារ​ជម្រក​សត្វ​ត្រ​យ៉ង​សំខាន់ៗ​ចំនួន៧០០​ហិកតា ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​ជម្រក​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ដូចជា សត្វ​ទោច​​ថ្ពាល់​លឿង​ជាដើម​​។​

លោក Iverson បាន​បញ្ជាក់ថា “នេះ​មិនមែន​គ្រាន់តែ​អំពីគម្រោង​អេកូ​ទេសចរណ៍”​ចាហ៊ូ” ​ប៉ុណ្ណោះ​ទេ វាជា​ការបង្ហាញ​ពិភពលោក​ នូវ​អ្វីដែល​អាចធ្វើ​ទៅបាន ​ពេល​​សហគមន៍​រួមគ្នា​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​របស់​ពួកគេ។ ​

លោកបញ្ជាក់ទៀតថា “កិច្ចសហការ​គឺជា​គន្លឹះ ​ក្នុងការ​ធ្វើឱ្យ​ទេសចរណ៍ ​ប្រកបដោយ​និរន្តរ​ភាព ជា​កម្លាំង​ដ៏​មាន​អត្ថន័យ​សម្រាប់​ការអភិរក្ស”។​

គាំទ្រ​ចក្ខុវិស័យ​របស់​សហគម​ន៍ “ពូនង” ​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​ ដោយ​បោះឆ្នោតឱ្យចាហ៊ូ​។ រាល់​ការបោះឆ្នោត​តំណាង ឱ្យ​ជំហាន​ឆ្ពោះទៅកាន់​ការអភិរក្ស ​ទាំង​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​។​

ចុច​លើ​តំណ​ភ្ជាប់​៖ https://forms.gle/6M5HJ14bnw4VoM9G8 ហើយ​ជ្រើសរើស «Jahoo» បន្ទាប់មក​ «summit»។ បោះឆ្នោត​ឥឡូវនេះ​! ថ្ងៃ​ផុតកំណត់​គឺ​ថ្ងៃទី ២៥ ខែវិច្ឆិកា៕

 

វិភាគៈ តើអ្វីជាមូ្លហេតុធ្វើឲ្យទីក្រុងប៉ោយប៉ែតនៅតែបន្តរះឡើង ខណៈទីក្រុងដទៃស្លោកស្រពោន?

ដោយៈ គង់ សូរិយា

       បន្ទាយមានជ័យៈ ការរីកចម្រើនទីក្រុងណាមួយ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវារឹតតែគួរឲ្យចាប់អារម្មណ៍ ខណៈទី​ក្រុងដទៃទៀតកំពុងស្ងប់ស្ងាត់ បែរជាសម្លេងការដ្ឋានសំណង់លាន់លឺយ៉ានរន្ថើន នៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ​។

        ទីក្រុងតូចមួយ ដែលគេមិនសូវចាប់អារម្មណ៍អស់រយៈពេលយូរមកហើយនេះ បានជួបនូវយុគមាសរបស់ខ្លួន ជាមួយនឹងកំណើនប្រជាសាស្រ្ត យានយន្ត និងការកកស្ទះចរាចរណ៍ជាហូរហែរ។

        តើហេតុអ្វីបានជាទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យនៅតែរះឡើង? មានកត្តាសំខាន់ៗចំនួន៥ ដែលមិនគួរមើលរំលងឬបដិសេធបាន។

កំណើនប្រជាសាស្រ្ត

       ដោយសារការរីកចម្រើនវិស័យសំណង់ កាស៊ីណូ សណ្ឋា​គារ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ បានធ្វើឲ្យទីក្រុងនេះទាក់ទាញប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចូលទៅរស់នៅ ធ្វើការ និងប្រកបអាជីវកម្មក្នុងទឹកដីថៃ ពិសេសផ្សារ៉ងក្លឿ ដែលមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានចូលទៅលក់ទំនិញ ធ្វើការលក់កំលាំងពលកម្ម ពិសេសប្រជាពលរដ្ឋមួយចំនួនបានស្នាក់នៅក្នុងផ្សារតែម្តង។

        ជាមួយនឹងកំណើននេះ បានធ្វើឲ្យទីក្រុងប៉ោយប៉ែត ក្លាជាទីក្រុងធំមួយ ក្នុងចំណោមទីក្រុងធំៗមួយចំនួន ដែលមានមនុ​ស្សរស់នៅ រហូតដល់ជាង២០០,០០០នាក់ និងជនបរទេសរស់នៅប្រមាណ៣០,០០០នាក់។

ច្រកព្រំដែនដែលផ្លាស់ប្តូរទំនិញធំជាងគេនៅទូទាំងប្រទេស

       ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បាននិងកំពុងក្លាយជាមូលដ្ឋានឬច្រកព្រំដែន ដែលមានការផ្លាស់ប្តូរទំនិញ និងលំហូរពាណិជ្ជកម្ម​ ទេសចរណ៍ផ្នែកផ្លូវគោកធំជាងគេនៅកម្ពុជា។

        កំណើននៃប្រជាពលរដ្ឋប្រចាំថ្ងៃ បានធ្វើឲ្យទំនិញផ្លាស់ប្តូរកាន់តែច្រើន ពិសេសរបស់របរប្រើប្រាស់ ជាក់ស្តែងលំហូរទំនិញឬការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយប្រទេសថៃបានកើនឡើងដល់ទំហំទឹកប្រាក់ជាបន្តបន្ទាប់។

        ជាក់ស្តែងបើតាមលោកអ៊ុំ រាត្រីអភិបាលនៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីឆ្នាំ២០២៣ថា សម្រា​ប់ខេត្តបន្ទាយមានជ័យ អាចចំណូលបានចន្លោះពី១ ទៅ១,៥លានដុល្លារពីការផ្លាស់ប្តូរទំនិញ ជាមួយប្រទេសថៃក្នុងមួយថ្ងៃ។

គោលនយោបាយថៃបូក១

        ការរីកចម្រើននៃឧស្សាហកម្ម បាននិងកំពុងក្លាយជាផ្នែកមួយ ជម្រុញការរីកចម្រើននៅខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែតផងដែរ។

        តំបន់សេដ្ឋកិច្ចពិសេសជាច្រើន បានទាក់ទាញរោងចក្រ សហគ្រាសមកពីប្រទេសថៃ និងបណ្តាប្រទេសនានាជាច្រើន​ផងដែរ ដោយសារលក្ខខ័ណ្ឌអំណោយផល នៃទីតាំងភូមិ​សាស្រ្ត ភាពអនុគ្រោះលើលក្ខខ័ណ្ឌប្រាក់ចំណេញ និងការរួចពន្ឋលើការនាំចេញ និងនាំចូល ព្រមទាំងកំលាំងពលកម្មមានតម្លៃទាប ធៀបជាមួយប្រទេសថៃ។

        គោលនយោបាយថៃបូក១ បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាសនានា ដែលត្រូវការទីតាំងអំណោយផល កំលាំងពលកម្មតម្លៃទាប និងភាពអនុគ្រោះច្រើន ចូលមកវិនិយោគនៅកម្ពុជា និងនាំចេញទៅកាន់ទីផ្សារប្រទេសថៃផង នាំចេញទៅកាន់ទីផ្សារប្រទេសជាច្រើនទៀត ដូចជា ប្រទេសសមាជិកក្រុមប្រទេស ភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(RCEP​) ការអនុគ្រោះពន្ឋ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កម្ពុជា កូរ៉េ កម្ពុជា អារ៉ាប់អេមីរ៉ាតជាដើម។

ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ

       បើគិតមកដល់ចុងឆ្នាំ២០២៤នេះ ក្រុងប៉ោយប៉ែតបានក្លា​យជាទីក្រុងធំទី៣ ដែលមានអាគារកំពស់កប់ពពកច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

        ជាក់ស្តែងយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គិតមកទល់ពេលនេះ ខេត្ត​បន្ទាយមានជ័យ សំដៅដល់ទីក្រុងប៉ោយប៉ែត និងទីក្រុងរបស់ទីរួមខេត្តនេះ មានសំណង់ចាប់ពីកំពស់៥ជាន់ ដល់ជាង៣០ជាន់ចំនួន២៤៩អគារ។

        ចំនួននេះ មិនទាន់រាប់បញ្ចូលអាគារកាស៊ីណូ អាគារពា​ណិ​ជ្ជកម្ម អាគារលំនៅដ្ឋាន និងសណ្ឋាគារ ដែលបាននិងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃនៅឡើយទេ។

        បច្ចុប្បន្នទីក្រុងនេះ មានកាស៊ីណូតូចធំសរុបចំនួន២០ និងកំពុងមានការកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ ជាមួយនឹងវត្តមាន សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៥ និងវត្តមានហាង ផ្សាររាត្រី ភោជនីយដ្ឋានល្បីៗជាច្រើនទៀត។

        កំណើននការរីកចម្រើនវិស័យសំណង់ បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ កាន់តែច្រើនមកកាន់ទីក្រុងនេះ ពិសេសលំហូរប្រជាពលរដ្ឋ មករស់នៅទីក្រុងនេះ អាចកើនដល់៣០០,០០០នាក់នៅឆ្នាំ២០៣០ខាងមុខ ដែលទាមទារឲ្យរដ្ឋាភិបាលគិតគូរពីបញ្ហាប្រឈមចំនួន៣ ដែលកំពុងជាប់គាំងនៅទីក្រុងនេះ ដូចជា បញ្ហាទឹកស្អាត បញ្ហាថាមពលអគ្គិសនី និងបញ្ហាផ្លូវក្នុងទីក្រុងនេះ ដែលត្រូវការពង្រីក និងកែលំអរបន្ថែមទៀត៕

        វិភាគដោយលោកយិន លាងគង់សហស្ថាបនិកអគ្គនាយ ក គេហទំព័រPropertyarea.asia &Cambodiafinancialtimes.com៕

 

រដ្ឋាភិបាលកម្ពុជាសិក្សារៀបចំអភិវឌ្ឍខេត្តតំបន់K4ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

ដោយៈ គង់ សូរិយា

       នារតីៈ ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសិក្សារៀបចំអភិវឌ្ឍទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។

          ពាក្យតំបន់K4 ត្រូវបានហៅដោយក្រុមប្រតិបត្តិករទេស​ចរណ៍នានា ដែលសំដៅដល់ខេត្ត កំពង់សោម កំពត កែប និងខេត្តកោះកុង ដែលផ្តើមដោយអក្សរK។

ផែនការនេះ ត្រូវបានដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ និងបានបើកកិច្ចប្រជុំកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមក្នុងកិច្ចប្រជុំនេះ និងមានការចូលរួមពីតំណាងមន្ទីរសំខាន់ៗ របស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមាន៖ ព្រះសីហនុ, កំពត, កោះកុង, និង កែប។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះដើម្បីពិនិត្យ និងផ្តល់មតិយោបល់ លើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍន៍ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ជាភាសាខ្មែរ និងការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាល គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង(រ.ត.ព.ឆ.) ដើម្បីសម្រេចឱ្យបាននូវភាព គ្រប់ជ្រុងជ្រោ​យ និងមានសង្គតិភាពខ្ពស់។

អង្គប្រជុំ​បានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំង ទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។​  ក្រុមការងារលេខាធិការដ្ឋាន​ ក.ប.ព.ឆ.​ នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណ៍ ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួងសម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម ​មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ៕

Could Biden’s Ukraine Missile Move Trigger World War III? Experts’ Verdicts

Arecent shift in U.S. policy has sparked intense debate, as President Joe Biden authorized Ukraine to deploy American long-range missiles, including the Army Tactical Missile Systems (ATACMS), against targets inside Russia.

Michael C. Desch, Packey J. Dee Professor of International Relations, University of Notre Dame
I think President Biden’s decision to sanction Ukrainian use of U.S. weapons, capable of hitting targets deep in old Russia, is both dangerous and pointless.

It is dangerous because I believe that to use deep strike systems like ATACMS may require direct U.S./NATO involvement, primarily in targeting.

I doubt it will lead to WWIII, but it will further escalate a bloody and dangerous war that should have never happened, and should have been shut down long ago. It likely has already escalated the scope of the conflict—the Houthis, for example, seem to have acquired some advanced weaponry that likely came from Russia.

Robert Romanchuk, Ukrainian Studies Fund Research Fellow, Harvard Ukrainian Research Institute
Americans may not have noticed—nor, shockingly, have many Europeans—that World War III has already begun. On one side are Russia, China, Iran, and North Korea. The Russian war in Ukraine is being fought with Chinese support for Russian industry, Iranian drones, and North Korean ammunition and missiles, which kill Ukrainian civilians every night, and now North Korean troops.

Richard K. Betts, International Relations Scholar, U.S. Foreign Policy. Author of ‘American Force’
At this point, the risk of major Russian escalation in response to ATACMS is low since Putin now has a natural incentive to wait a couple of months until Trump takes office and reverses U.S. policy on Ukraine.

Professor Lubomyr Luciuk, Department of Political Science and Economics, Ukrainian History, Royal Military College of Canada
Providing Ukraine with all the weapons needed to defeat the Russians will de-escalate this conflict and prevent a world war. Not doing so will yield the field to “powers and principalities” seeking to undermine the rules-based international order and exacerbate worldwide geopolitical instability. Ensuring Ukraine’s victory is the antidote to Russia’s predatory and rapacious behavior.

Dani Belo, PhD, Security and International Relations Director, Global Policy Horizons Research Lab
Ukraine’s ability to now strike into Russian territory indeed has the potential to escalate the war with Russia. However, the election of Donald Trump will likely dampen the escalation.

There is currently an anticipation that Donald Trump’s administration may cut military hardware supplies to Ukraine and put political pressure on Kyiv to end the conflict. This means Ukraine does not have a strong incentive to escalate now, only to lose its fighting ability within a few months.

From Russia’s perspective, there is also currently no incentive for escalation. Moscow believes that Trump’s administration will attempt to end the war quickly, so the Kremlin is likely to adopt a ‘wait and see’ approach until the new presidential administration enters the white house without substantial escalation. This means any escalation is likely to be restrained.

Source: Newsweek

តើអាផាតមុិននៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃប៉ុន្មានក្នុងមួយយូនីត?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានឱ្យដឹងថា តម្លៃផ្ទះនៅតំបន់ Greater Kuala Lumpur ក្នុងប្រទេសម៉ាឡេសុី ត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ដំណាច់ចុងឆ្នាំ២០២៤នេះ។

ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាផលចំណេញត្រឡប់មកវិញពីការជួលអាផាតមុិនសរុបជាមធ្យមក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងរង្វង់៥,២៤ភាគរយ។

ចំណែក តម្លៃអាផាតមុិននៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ម៉ាឡេសុីមានតម្លៃខុសៗគ្នាអាស្រ័យលើទំហំយូនីត។

តួយ៉ាង អាផាតមុិនដែលមានបន្ទប់គេងចំនួន១នៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃលក់ជាមធ្យមចំនួន២៥២.៨៣៩ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន៧២៩ដុល្លារក្នុងមួយខែ។នេះបើយោងតាមវេបសាយអចលនទ្រព្យ Global Property Guide។

ជាមួយគ្នានេះ អាផាតមុិនដែលមានបន្ទប់គេងចំនួន២នៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃលក់ជាមធ្យមចំនួន៣១៧.១២០ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន៩៨៦ដុល្លារក្នុងមួយខែ។

ចំណែក អាផាតមុិនដែលមានបន្ទប់គេងចំនួន៣ មានតម្លៃលក់ជាមធ្យមចំនួន៤០២.៨២៩ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន១.២៨៦ដុល្លារក្នុងមួយខែ។

រីឯ អាផាតមុិនដែលមានបន្ទប់គេងចំនួន៤ មានតម្លៃលក់ជាមធ្យមចំនួន៧៤៦.០៩០ដុល្លារក្នុងមួយយូនីត ខណៈតម្លៃជួលមានទំហំទឹកប្រាក់ចំនួន២.៥៧១ដុល្លារក្នុងមួយខែ៕ប្រភព: Global Property Guide៕