ក្រុមហ៊ុនរដ្ឋចិនប្រកាសបោះទុនសាងសង់គម្រោងអាផាតមុិនខ្នាតយក្សមួយនៅក្រៅប្រទេស

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់រដ្ឋាភិបាលចិនកំពុងសហការជាមួយក្រុមហ៊ុននៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានខ្នាតយក្សមួយនៅក្នុងទីក្រុងរីយ៉ាដ ស្របពេលទីផ្សារអចលនទ្រព្យក្នុងស្រុកបន្តធ្លាក់ចុះ។

ក្រុមហ៊ុនរដ្ឋចិន Citic Construction បានប្រកាសពីគម្រោង Tilal Khuzam ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ King Khalid ដោយសហការជាមួយនឹងក្រុមហ៊ុនលំនៅដ្ឋានជាតិអារ៉ាប៊ីសាអូឌីត (NHC) និងក្រុមហ៊ុនអចលនទ្រព្យ Rafal ក្នុងអំឡុងពេលពិព័រណ៍ Cityscape Global ក្នុងរាជធានីរបស់អារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន។

គម្រោងនេះត្រូវបានគេហៅម្យ៉ាងទៀតថា “Khuzam Hills” រួមមានដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដែលដំណាក់ដំបូងគ្រោងនឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២៦។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Rafal ។ អាផាតមុិនសរុបចំនួន៣.៥០០យូនីត នឹងត្រូវបានស្ថាបនាឡើងលើផ្ទៃដីប្រមាណ៦៣០.០០០ម៉ែត្រការ៉េ។

តាមរយៈចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានប្រកាសឡើងក្នុងឆ្នាំ២០១៩ ដោយព្រះអង្គម្ចាស់ Mohammed bin Salman អារ៉ាប៊ីសាអូឌីតកំពុងជំរុញវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញធនធានមនុស្សជាសកល ដើម្បីជួយផ្លាស់ប្តូរ និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកខ្លាំងលើធនធានប្រេង។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមកម្មវិធីលំនៅដ្ឋានរបស់ខ្លួននៅឆ្នាំ២០១៨ ដោយក្លាយជាប្រទេសដំបូងគេនៅទូទាំងពិភពលោក ដែលបានកំណត់ដាក់គោលដៅកម្មសិទ្ធិលំនៅដ្ឋានក្នុងកម្រិតយុទ្ធសាស្ត្រថ្នាក់ជាតិរបស់ខ្លួន។

ក្នុងនាមជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នោះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក៏កំពុង​ខិតខំពង្រឹង​ចំណង​មិត្តភាពរបស់ខ្លួនជាមួយរដ្ឋាភិបាលនៃប្រទេសចិនផងដែរ។

អារ៉ាប៊ីសាអូឌីតក៏បានបង្កើតក្រុមហ៊ុនលំនៅដ្ឋានជាតិអារ៉ាប៊ីសាអូឌីត (NHC) និងអាជ្ញាធរ​​ទូទៅនៃផលិតកម្មអចលនទ្រព្យ (REGA) ដោយដាក់ឱ្យចំណុះក្រោមក្រសួងលំនៅដ្ឋាន និងកិច្ចការទីក្រុង-ជនបទ ដើម្បីសម្រួលដល់ការអនុវត្តន៍ការងារក្នុងកម្មវិធីសាងសង់លំនៅដ្ឋានថ្មីឱ្យបានចំនួន៣០មុឺនយូនីតនៅឆ្នាំ២០៣០ខាងមុខ៕ប្រភព: SCMP ៕

រដ្ឋាភិបាលថៃគ្រោងសាងសង់ស្ពានបេតុងថ្មីមួយខ្សែ ដើម្បីតភ្ជាប់រវាងខេត្តចាន់បុរីជាមួយខេត្តប៉ៃលិនរបស់កម្ពុជា

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាល​ថៃគ្រោង​សាងសង់​ស្ពាន​មួយ​ខ្សែ ដែល​នឹង​តភ្ជាប់​ខេត្ត​ចាន់បុរី​ជា​អចិន្ត្រៃយ៍​ជាមួយ​ខេត្ត​ប៉ៃលិន​នៅក្នុង​ប្រទេស​កម្ពុជា​ ក្រោមទំហំទុនវិនិយោគ​ប្រមាណ១៥លាន​បាត(ប្រហែល៤៣៣.២៥៧ដុល្លារអាមេរិក)។

លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់ស្ពាននេះនឹងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ស្ពាន​នេះនឹង​ត្រូវ​បានប្រសិទ្ធនាម​ថា​ ជា​“ស្ពាន​មិត្តភាព​ចាន់​បុរី​-​ប៉ៃលិន​ថ្មី​”។នៅពេលសាងសង់រួចរាល់ ស្ពានមិត្តភាពនេះនឹង​ជំនួស​ស្ពាន​ដែក​បណ្ដោះ​អាសន្ន​ដែល​តភ្ជាប់​ខេត្តទាំង២នាពេលបច្ចុប្បន្ន។

ស្ពាន​បេតុង​នេះ​នឹង​មាន​ប្រវែង​ប្រហែល​៤០​ម៉ែត្រ ដែល​មាន​ផ្លូវ​ដើរ​ទទឹង​ប្រវែង៣​ម៉ែត្រ​ស្ថិតនៅ​អមសងខាង​គន្លងផ្លូវ​រថយន្ត។

គម្រោងស្ពាន​ ដែល​នឹងចំណាយទុនវិនិយោគ​​សាងសង់​ប្រមាណ១៥លាន​បាត​នេះត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នូវផ្នែក​ភស្តុភារ និង​បង្កើនទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា។

លោក Anutin បានគូសបញ្ជាក់ថា គម្រោង“ស្ពាន​មិត្តភាព​ចាន់​បុរី​-​ប៉ៃលិន​ថ្មី​”គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ។

លោក Anutin បានអះអាងថា គម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចនៅសងខាងព្រំដែនថៃ-កម្ពុជា។

គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមមន្ត្រីថៃ និងកម្ពុជា បានរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះ ដែលត្រូវបានរំពឹងថា នឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីអនុម័តក្នុងពេលឆាប់ៗខាងមុខ។

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានអនុម័តគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចមកហើយ ហើយស្ពាននេះនឹងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ៕ប្រភព: Bangkok Post៕

ទីផ្សារអចលនទ្រព្យក្នុងទីក្រុងហ្សាការតារំពឹងបង្ហាញនិន្នាការកើនឡើងនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៣%ទៅ៧%នៅឆ្នាំ២០២៥ខាងមុខ ដោយសារតែកត្តាផ្សេងៗ ដូចជាកំណើនសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុង។

គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដូចជាការអភិវឌ្ឍន៍ខ្សែរថភ្លើងថ្មី និងផ្លូវបង់ប្រាក់ នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងភាពងាយស្រួលក្នុងទីក្រុងហ្សាការតា ដោយធ្វើឱ្យអចលនទ្រព្យនៅក្នុងទីក្រុងនេះកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានេះ កំណើនប្រជាជន និងនិន្នាការនគរូបនីយកម្មរបស់ទីក្រុងហ្សាការតា ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានតម្រូវការលំនៅដ្ឋាន។

ម៉្យាងទៀត ការកើនឡើងនៃការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ និងការផ្តួចផ្តើមបង្កើតទីក្រុងឆ្លាតវៃក្នុងទីក្រុងហ្សាការតាកំពុងទាក់ទាញបណ្តាអ្នកវិនិយោគក្នុងស្រុក និងបរទេស ដែលនឹងជួយជំរុញកំណើននៃតម្លៃអចលនទ្រព្យនៅក្នុងសហគមន៍ទាំងនោះ។

លើសពីនេះ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាលំដាប់ ដោយជួយបង្កើនអំណាចនៃការទិញរបស់ប្រជាជនវណ្ណៈកណ្តាល និងជំរុញតម្រូវការអចលនទ្រព្យលំនៅដ្ឋាន។

ការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាកាតាក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង តាមរយៈគោលនយោបាយអំណោយផលរបស់រដ្ឋាភិបាល និងទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុងនៅក្នុងតំបន់អាស៊ាន។

និន្នាការនៃការបំពេញការងារពីផ្ទះ និងក្រុម Digital Nomad នឹងបង្កើនតម្រូវការលំនៅដ្ឋានសម្រាប់រស់នៅក្នុងទីក្រុងហ្សាការតា ជាពិសេសនៅក្នុងតំបន់ដែលមានការតភ្ជាប់សេវាអុីនធឺណេតល្អប្រសើរ និងភាពងាយស្រួល។

បន្ថែមលើនេះ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីចំពោះគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យត្រូវបានគេរំពឹងថានឹងជំរុញបង្កើនសកម្មភាពទីផ្សារទាំងមូល និងអាចជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើង។

ដោយសារតែទីក្រុងហ្សាការតាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី ដូច្នេះហើយ តម្លៃដីជាមធ្យមនៅទីក្រុងនេះមានតម្លៃខ្ពស់បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត។

គិតត្រឹមឆមាសទីមួយ ឆ្នាំនេះ ហាងឆេងដីធ្លីសម្រាប់សាងសង់លំនៅដ្ឋានក្នុងទីក្រុងហ្សាការតាមានតម្លៃជាមធ្យមចំនួន១៥,៩លានរូពីក្នុងមួយម៉ែត្រការ៉េ(ប្រហែល៩៩៩,២៨ដុល្លារ)៕ប្រភព: Bamboo Routes៕

វិភាគ: តើការកើនឡើងនៃកំដៅសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនថ្មីៗនេះអាចរាលដាលទៅជាសង្គ្រាមលោកលើកទី៣ឬទេ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជិតឈានចូលឆ្នាំទី៤ ដោយគ្មានតម្រុយពីការបញ្ចប់សង្រ្គាម ដែលបង្កនូវមហន្តរាយដ៏ធំធេងមិនចំពោះតែប្រទេសទាំងពីរផ្ទាល់ប៉ុណ្ណោះទេ តែក៏ចំពោះពិភពលោកទាំងមូលផងដែរ។

សង្រ្គាមនេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។

សង្គ្រាមក៏បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យតម្លៃថាមពល ស្បៀង ចំណីសត្វ កើនឡើង និងរំខានដល់ច្រវាក់ផ្គត់ផ្គង់ពិភពលោកជាខ្លាំង។

ជាប្រវត្តិសាស្ត្រ  អ៊ុយក្រែនធ្លាប់ជាផ្នែកមួយ នៃសហភាពសូវៀត ដែលមានរុស្ស៊ីជាក្បាលម៉ាស៊ីន។ ហេតុនេះ រុស្ស៊ីនៅតែចាត់ទុកអ៊ុយក្រែន ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

បើទោះ​បីជា​រុស្ស៊ី ព្យាយាមរក្សាអ៊ុយក្រែន ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនយ៉ាងណាក្តី ប៉ុន្តែអ៊ុយក្រែនបែរជាបាននិងកំពុងឆ្ពោះទៅ​រកទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយប្រ​ទេ​សលោកខាងលិចដូចជា ការសុំចូលជាសមាជិកសហភាពអឺរ៉ុប ជាពិសេសការសុំចូលបក្សសម្ព័ន្ធអង្គការយោធាណាតូ ដែលជាប្រភពនៃភាពតានតឹងរវាងអ៊ុយក្រែនជាមួយ​រុស្ស៊ី។

ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏បានឈានដល់កម្រិតកំពូលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៊ីបើកប្រតិបត្តិការចូលឈ្លានពានអ៊ុយក្រែន។

ម៉្យាងទៀត រុស្ស៊ីនៅតែរក្សាជំហរដដែល ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ដែលជាសញ្ញាបង្ហាញឱ្យឃើញថា សង្រ្គាមនេះនឹងអូសបន្លាយយូរបន្តទៅទៀត ខណៈរុស្ស៊ីតែងអះអាងថា នេះជាការការពារខ្លួនពីការគំរាមកំហែងរបស់បស្ចិមប្រទេស ជាពិសេស ការពង្រីកខ្លួនរបស់អង្គការសម្ព័ន្ធយោធាណាតូ មកកាន់តំបន់អឺរ៉ុបខាងកើត ។

តើសង្គ្រាមនេះ អាចវិវត្តន៍ទៅជាសង្គ្រាមលោកលើកទី៣ ដែរឬទេ? ខាងក្រោមនេះជាអត្ថបទវិភាគ របស់ទីភ្នាក់សារពត៌មានអាមេរិក Newsweek។

ថ្មីៗនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើនឡើងកំដៅកាន់តែខ្លាំង ក្រោយពីប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ពរបស់ខ្លួនដើម្បីជួយរុស្ស៊ី ក្នុងការប្រយទ្ធលើសមរភូមិអ៊ុយក្រែន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធបានបើកភ្លើងខៀវឱ្យអ៊ុយក្រែន អាចប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

ការសម្រេចចិត្តអនុម័តឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក ដើម្បីវាយប្រហារគោលដៅក្នុងទឹកដីរុស្ស៊ី បានកើតមានឡើងបន្ទាប់ពី ទីក្រុងម៉ូស្គូបានដាក់ពង្រាយទាហានឈរជើងទាហានជិត៥០.០០០នាក់ នៅក្នុងតំបន់ Kursk។

បន្ថែមពីលើភាពតានតឹងនេះ ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រយុទ្ធដើម្បីជួយកងកម្លាំងរុស្ស៊ី នៅតំបន់Kursk ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាខ្លាំង។

លោក Michael C. Desch សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Notre Dame បានលើកឡើងថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូបៃដិន ក្នុងការអនុញ្ញា​តឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពវាយប្រហារគោលដៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ីពិតជាមានគ្រោះថ្នាក់ និងគ្មានន័យអ្វីទាំងអស់។

អ្នកវិភាគរូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តថា “វាមានគ្រោះថ្នាក់ណាស់ ពីព្រោះខ្ញុំជឿថា ដើម្បីប្រើប្រាស់ប្រព័ន្ធវាយប្រហារចូលជ្រៅទៅកាន់ទឹកដីរុស្ស៊ី ដូចជា មីស៊ីល ATACMS ប្រហែលជាត្រូវការ ការចូលរួមដោយផ្ទាល់ ពីសហរដ្ឋអាមេរិក ជាពិសេសការកំណត់គោលដៅ”។

យ៉ាងណាមិញ លោកមិនប្រាកដថា សកម្មភាពនេះនឹងនាំទៅដល់សង្គ្រាមលោកលើកទី៣នោះទេ។ ប៉ុន្តែលោកអះអាងថា វានឹងធ្វើឱ្យសង្រ្គាមដ៏បង្ហូរឈាមនេះ មានសភាពកាន់តែធ្ងន់​ធ្ងរឡើងថែមទៀត។

លោក Robert Romanchuk អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវអ៊ុយក្រែន នៃសាកលវិទ្យាល័យ Harvard អះអាងថា ពលរដ្ឋអាមេរិក ប្រហែលជាមិនបានកត់សម្គាល់ទេ ហើយក៏មិនមានការភ្ញាក់ផ្អើលដែរ ខណៈមានជនជាតិអឺរ៉ុបជាច្រើនយល់ឃើញថា សង្គ្រាមលោកលើកទី៣ បានចាប់ផ្តើមឡើងរួចទៅហើយ។

លោកបន្តថា ប្រសិនបើរុស្ស៊ី ឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះសង្រ្គាមក្តៅនេះ ប្រហែលជាអាចនឹងបង្វែរ ទៅកាន់បណ្តារដ្ឋបាល់ទិក ឬប្រទេសប៉ូឡូញ ដែលពួកគេយល់ច្បាស់ណាស់អំពីអ្វីដែលនឹងកើតឡើង។

លោកជឿជាក់ថា “ខ្សែបន្ទាត់ក្រហមដែលគូសដោយរុស្ស៊ីហាក់គ្មានទីបញ្ចប់ទេ។ ផ្ទុយទៅវិញ នៅពេលក្រុមប្រទេសលោកខាងលិច ដើរហួសខ្សែបន្ទាត់ក្រហមទាំងនោះ រុស្ស៊ីតែងតែដកថយពីការគំរាមកំហែងរបស់ខ្លួន”។

ជាក់ស្ដែង រាល់ការបញ្ជូនអាវុធថ្មី ទៅកាន់អ៊ុយក្រែនត្រូវបានឆ្លើយតប ដោយការព្រមានពីទីក្រុងមូស្គូ។ ប៉ុន្តែម្តងហើយម្តងទៀត អាវុធត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែន ហើយរុស្ស៊ីមិនបានចាត់វិធានការសងសឹកអ្វីធំដុំនោះទេ។

លោក Richard K. Betts អ្នកជំនាញទំនាក់ទំនងអន្តរជាតិ គោលនយោបាយការបរទេសអាមេរិក និងជាអ្នកនិពន្ធ​សៀវ​ភៅ“American Force”បានអះអាងថា ហានិភ័យ ដែលរុស្ស៊ីអាចធ្វើការឆ្លើយតបក្នុងទ្រង់ទ្រាយធំ មានកម្រិតទាបណាស់ ដោយ​សារនៅពេលនេះ លោក ពូទីន កំពុងរង់ចាំរហូតទាល់តែលោកដូណាល់ ត្រាំ  ចូលកាន់តំណែង និងផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។

ផ្ទុយទៅវិញ លោក Lubomyr Luciuk សាស្ត្រាចារ្យនៃនាយកដ្ឋានវិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រអ៊ុយក្រែន នៃមហាវិទ្យាល័យ Royal Military College ក្នុងប្រទេសកាណាដាបានលើកឡើងថា ការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធទាំងអស់ ដែលអ៊ុយក្រែនត្រូវការដើម្បីកម្ចាត់រុស្ស៊ី នឹងកាត់បន្ថយជម្លោះនេះ និងទប់ស្កាត់សង្គ្រាមលោកលើកទី៣។

លោកបានវិភាគបន្តថា “ប្រសិនបើមិន​ធ្វើ​បែប​នេះ​ទេ នោះរុស្ស៊ី ប្រាកដជានឹង​​បានដៃនៅក្នុងការបំផ្លាញ ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដែល​ផ្អែក​លើ​ច្បាប់ និង​ធ្វើ​ឱ្យ​មានអស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ នៅ​ទូទាំង​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ”។

លោក Dani Belo អ្នកជំនាញផ្នែកសន្តិសុខ និងជានាយកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពិសោធន៍ស្រាវជ្រាវគោលនយោ​បាយសកល Horizons លើកឡើងថា សមត្ថភាព​របស់​អ៊ុយក្រែន​នាពេល​នេះ ​ក្នុង​ការ​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី ​ពិត​ជា​អា​ច​បង្កើន​កំដៅសង្គ្រាម​ជាមួយ​រុស្ស៊ី។

ទោះបីជាយ៉ាងណាក្តី លោកDani Belo បញ្ជាក់ថា ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកម្តងទៀតនាពេលនេះ អាចនឹងធ្វើឱ្យកំដៅសង្គ្រាមថយចុះ។

លោកបន្តថា ថ្មីៗនេះ យើងសង្កេតឃើញមានការរំពឹងទុកថា រដ្ឋបាលរបស់លោកត្រាំ អាចនឹងកាត់បន្ថយការផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន និងដាក់សម្ពាធនយោបាយលើទីក្រុងកៀវ (Kyiv)ដើម្បីបញ្ចប់ជម្លោះ។

ការណ៍នេះ​មាន​ន័យ​ថា អ៊ុយក្រែន​ នឹងមិនហ៊ាន​បង្កើនកំដៅសង្គ្រាមបន្ថែមនាពេល​​នេះ​ទេ។ ចំណែក ភាគី​រុស្ស៊ីបច្ចុប្បន្ន ​ក៏​មិន​ហ៊ានបង្កើនកំដៅទៀត​នោះ​ដែរ ព្រោះទីក្រុងមូស្គូជឿជាក់ថា រដ្ឋបាលរបស់លោកត្រាំ នឹងព្យាយាមបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស។

លោកបន្ថែមថា ដូច្នេះ វិមានក្រឹមឡាំងនឹងប្រកាន់យកវិធីសាស្រ្ត “រង់ចាំមើលស្ថានការណ៍” រហូតទាល់តែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មី ចូលក្នុងសេតវិមាន ដោយមិនបង្កឱ្យមានកំដៅកាន់តែខ្លាំងក្នុងអំឡុងពេលនេះទេ៕ប្រភព: Newsweek៕

 

HCMC retail space fully leased despite high prices

HCMC’s retail space occupancy is nearly 100% despite high rentals as supply flatlines and fails to meet rising demand.

As of November most District 1 malls such as Saigon Center, Parkson Le Thanh Ton, Vincom, and Diamond Plaza are almost fully occupied, with only a few shops available either in the basement or top floors.

A major F&B brand in the city wants to open a new outlet on Dong Khoi Street, one of the most expensive places to rent in the city, and to expand an existing store, but the lack of space has delayed the plans.
“We need more space, but finding a suitable location in District 1 has been challenging,” it told VnExpress.

A coffee chain has had to change its business strategy after failing to find appropriate retail space in the downtown area.

It said: “It is extremely difficult to find a space in malls located in prime locations. We need a spacious area but most malls are fully occupied.”

Property consultancy Avison Young Vietnam said there was no new supply in District 1 in the third quarter, and existing malls are fully occupied.

Around 75% of the city’s 1.5 million square meters of retail space is located in the suburbs, it added.

The lack of new supply, combined with high demand from luxury brands, have driven prices up.

District 1 retail rents were at US$275-300 per square meter per month in the third quarter, according to Avison Young.

Shopping malls are the first choice for many renowned brands entering the city market, which is why competition among brands for central locations is intense, David Jackson, its CEO, said.

The shortage of land means the low supply situation would prolong, with only one or two new podiums being launched in the short and most of them already leased, she said.
Rents are likely to remain at the same level, she added.

Source: Vnexpress

ឥណ្ឌូនេស៊ីគ្រោងឲ្យអ្នកធុរកិច្ចអន្តរជាតិវិនិយោគលើថាមពលកកើតឡើងវិញចំនួន៧៥ជីហ្គាវ៉ាត់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី គ្រោងផ្តល់ឱកាសដល់បណ្តាអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងរោងចក្រថាមពលកកើតឡើងវិញ ដែលមានសមត្ថភាព ផលិតចំនួន៧៥ជីហ្គាវ៉ាត់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

ផែនការនេះ ជាការប្តេជ្ញាចិត្តរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី ដែលបានចូលកាន់តំណែងកាលពីខែមុន។ នេះបើយោងតាមការឱ្យដឹងពីលោក Hashim Djojohadikusumo បេសកជនឥណ្ឌូនេស៊ីប្រចាំសន្និសីទអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុឆ្នាំ២០២៤។

ឥណ្ឌូនេស៊ី ដែលជាប្រទេសបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតមួយរបស់ពិភពលោក បានប្តេជ្ញាសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ តាមរយៈវិធីសាស្ត្រផ្សេងៗ រួមទាំងការបិទដំណើរការរោងចក្រ ថាមពលដើរដោយធ្យូងថ្ម និងដាក់ជំនួសមកវិញដោយរោងចក្រថាមពលកកើតឡើងវិញ។

លោក Hashim បានអះអាងថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ី នឹងផលិតថាមពលថ្មីចំនួន១០០ជីហ្គាវ៉ាត់ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដែលក្នុងនោះថាមពលថ្មីចំនួន៧៥% ឬស្មើនឹង៧៥ជីហ្គាវ៉ាត់នឹងក្លាយជាថាមពលកកើតឡើងវិញ។

លោក Hashim បានបន្ថែមថា គម្រោងផលិតថាមពលអាចកកើតឡើងវិញ នឹងដាក់រួមបញ្ចូលទាំងប្រភព ថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី កំដៅក្នុងផែនដី និងនុយក្លេអ៊ែរ។

យ៉ាងណាមិញ មន្ដ្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីរូបនេះ មិនបានពន្យល់បកស្រាយអំពី ផែនការផលិតថាមពលថ្មីចំនួន២៥ភាគរយផ្សេងទៀត នៃផែនការសរុបចំនួន១០០ជីហ្គាវ៉ាត់នោះទេ៕ប្រភព: Reuters៕

 

ស្ថាប័នជំនាញអចលនទ្រព្យវាយតម្លៃថាទីផ្សារការិយាល័យនៅសិង្ហបុរីមានដំណើរការល្អប្រសើរក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្រាវជ្រាវ ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារការិយាល័យនៅក្នុងទីក្រុងសិង្ហបុរី មានដំណើរការល្អប្រសើរ បន្ទាប់ពីការបញ្ចប់ទៅនៃវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩។

អត្រានៃការជួលការិយាល័យលំដាប់A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុងសិង្ហបុរី បានកើនឡើង១៤,៩ភាគរយ ក្នុងរយៈពេលចំនួន១២ត្រីមាសជាប់ៗគ្នា ចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២១។

កំណើនខាងលើបណ្តាល មកពីការវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសិង្ហបុរី មានល្បឿនលឿនជាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បូករួមទាំងការផ្គត់ផ្គង់ទាប និងការពន្យារពេលបើកដំណើរការគម្រោងថ្មី។

ទោះបីជាយ៉ាងណាក្តី កំណើននៃតម្លៃជួលការិយាល័យនៅសិង្ហបុរី បានជាប់គាំងចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២៤ ដែលក្នុងនោះ តម្លៃជួលការិយាល័យលំដាប់A បានស្ថិតនៅទ្រឹងគិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ។

ការជាប់គាំងនៃតម្លៃជួល បណ្តាលមកពីការបញ្ចប់ការសាងសង់អគារ IOI Central Boulevard Towers ដែលបានចាក់បញ្ចូលការិយាល័យ ទំហំ១,២លានហ្វីតការ៉េ បន្ថែមទៅកាន់ទីផ្សារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លើសពីនេះ ការកើនឡើងនៃអត្រាការប្រាក់ និងថ្លៃដើមអចលនទ្រព្យ ស្របពេលមានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ច បានជំរុញឱ្យបណ្តាក្រុមហ៊ុនជាច្រើន កាត់បន្ថយទំហំការិ​យាល័យ ឬស្វែងរកជម្រើសជួលទីតាំងផ្សេងទៀត ដែលមានតម្លៃសមរម្យ។

ផ្ទុយទៅវិញ បើយោងតាមក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យមួយផ្សេងទៀត Knight Frank  បានបង្ហាញថា តម្លៃជួលការិយា​ល័យប្រណីតប្រចាំខែ(Prime Office) នៅសិង្ហបុរីបានកើនឡើង០,៦ភាគរយក្នុងត្រីមាសទី៣ឆ្នាំនេះ ដល់ចំនួន១១,៣៥ដុល្លារសិង្ហបុរី(ប្រហែល៨,៥ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េបើធៀបនឹងត្រីមាសទី២៕ប្រភព: The Business Times៕

 

រឿងសំខាន់ៗចំនួន៥ទាក់ទងនឹងធនធានរ៉ែត្រូវបានលើកឡើងដោយប្រមុខរដ្ឋាភិបាល

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិស័យធនធានរ៉ែបាននិងកំពុងក្លាយជាប្រភពនៃចំណូលថវិកាជាតិធំមួយផងដែរ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ក្នុងការកសាងប្រទេស។

១ អនុម័តប្រភពថាមពលថ្មីចំនួន២៣គំរោង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលទើបអនុម័ត គម្រោងអភិវឌ្ឍន៍ប្រភពថាមពលថ្មីចំនួន២៣គម្រោង មានអានុភាពសរុប ៥,៩៥០មេហ្កាវ៉ាត់ ដែលភាគច្រើនជាថាមពលស្អាត។

គម្រោងអភិវឌ្ឍប្រភពថាមពលថ្មីទាំង ២៣គម្រោងនេះ មានតម្លៃ៥,៧៩០លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៩ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម ខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនី ដែលបានគ្រោងទុក។

សម្តេចបវរធិបតីបានថ្លែងឱ្យដឹងផងដែរថា កម្ពុជាបានដាក់ចេញគោលដៅឆ្នាំ២០៣០ ត្រូវផលិតថាមពលស្អាតឱ្យបាន៧០ភាគរយ ខណៈបច្ចុប្បន្ននេះ កម្ពុជាប្រភពថាមពលស្អាត ៦២ភាគរយទៅហើយ។

សម្តេចបវរធិបតីបញ្ជាក់ថា “គម្រោងវិនិយោគថាមពលអគ្គិសនី គឺរាជរដ្ឋាភិបាលបានចរចា ជាមួយភាគីវិនិយោគ ក្នុងតម្លៃមួយទាប ដើម្បីអាចយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃអាចទទួលយកបាន”។

២ បញ្ឈប់ផ្តល់អាជ្ញាប័ណ្ណស្រាបៀរសម្រាប់លក់ក្នុងស្រុក

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្ដេចសម្រេចបញ្ឈប់ ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្ដែបើផលិតសម្រាប់ការនាំចេញ ទើបរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ហើយ កំពុងផលិតស្រាបៀរ ដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឲ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា “ឥលូវ Licence (អាជ្ញាប័ណ្ណ) ផលិតស្រាបៀរខ្ញុំឈប់ឲ្យហើយ បច្ចុប្បន្នមាន៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឲ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឲ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឲ្យហើយក្រែងមានអ្នកចង់ធ្វើ”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការឆ្លើយបដិសេធ របស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរប​ស់វិស័យឯកជន ដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សារនេះ មិនតម្រូវឲ្យមានបន្ថែមទៀតឡើយ។

៣ រកចំណួលបានជិត៩០លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានឲ្យដឹងផងដែរថា វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា “វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូ​លចំណូលចូលថវិកាជាតិ ក្នុងនោះចំណូលរដ្ឋពីវិស័យរ៉ែ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកក្នុងថវិកាជាតិជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ព្រមទាំងបានផ្តល់ការងារផ្ទាល់ ក្នុងវិស័យរ៉ែនេះ ជូនប្រជាពលរដ្ឋ”។

៤ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណរុករករ៉ែថ្មីនៅព្រៃឡង់

        សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រ៤ សួងរ៉ែ និង ថាមពល ត្រូវពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ ដែលពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ។

បន្ថែមលើនេះ សម្តេចបានបន្តហាមដាច់ខាត មិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា “ក្រសួងរ៉ែ និង ថាម​ពល ត្រូវពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណ ធនធានរ៉ែ និងបន្តហាមដាច់ខាត មិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

សម្តេចបានបន្តថា “ដាក់មកខ្ញុំក៏ខ្ញុំអត់ស៊ីញ៉េដែរ។ តំបន់ព្រៃឡង់ អត់ឲ្យចេញអាជ្ញបណ្ណរុករករ៉ៃទៀតទេ”។

៥ លុបចោលអាជ្ញាប័ណ្ណថ្មកំបោរ

ជាមួយគ្នានេះ សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្ម ធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធា​នរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ប៉ុន្តែគ្រប់ប្រទេសនៅលើសកលលោក ត្រូវការជាចាំបាច់ ដើម្បីទាញយក និងប្រើប្រាស់ធនធានរ៉ែ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សម្ដេចបន្ថែមថា “អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ត្រូវមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន”៕

 

សម្តេចតេជោហ៊ុន សែនបង្ហាញមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃICAPP

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងបង្ហាញនូវមោទនភាព ដែលមហាសន្និបាតសន្និ​សីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ដែលបានធ្វើឡើងរយៈពេល១២ដង ក្នុងនោះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ២ដង។

សម្តេចសង្ឃឹមថា កម្ពុជានឹងមានឱកាសធ្វើលើកទី៣ និងទី៤ជាបន្តបន្ទាប់ទៅទៀត។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសដែលសម្តេច ឡើងថ្លែងក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ដែលមហាសន្និបាតនេះ បានប្រព្រឹត្តទៅ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា “ខ្ញុំពិតជាមានមោទនភាព ជាមួយនឹងកិច្ចការ ដែលបានធ្វើមហាសន្និបាតក្នុងរយៈពេល១២ដង កម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះបាន២ដង”។ សម្តេចបន្ថែមថា “ដោយឡែកអាស៊ាន​ ខ្លួនខ្ញុំផ្ទាល់​បានធ្វើជាប្រធានអាស៊ានរហូត៣ដង ចឹងទេវាមិនចំឡែកទេ នៅក្នុងការចូលរួមចំណែក នៅក្នុងក្របខណ្ឌមហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា (ICAPP) រយៈពេល ២ដងនេះ ហើយសង្ឃឹមថាលើកក្រោយនឹងអាចមានទី៣ និងទី៤តទៅទៀត”។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ ប្រទេសជាសមាជិកគណបក្ស​នយោបាយនៅអាស៊ី ហៅថា (ICAPP) និងស្ថាប័នដៃគូប្រមាណ៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងវាយតម្លៃខ្ពស់លើភាពខ្លាំង របស់គណបក្សនយោបាយនៅអាស៊ី ហៅថា (ICAPP) ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០មក និងបានប្រែក្លាយខ្លួនទៅជាអង្គការ គណបក្សនយោបាយដ៏ធំបំផុតមួយ ទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចក៏មានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែក ក្នុងសកម្មភាពនានា របស់បណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា (ICAPP) រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន៣០០ ដែលមានភាពចម្រុះគ្នា ទាំងនិន្នាការនយោបាយ និងមនោគមវិទ្យា។

សម្ដេចតេជោ ហ៊ុន សែន បានប​ន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ សម្តេចយល់ឃើញថា ប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” គឺជាប្រធានបទដែលកម្ពុជា មានបទពិសោធន៍យ៉ាងធំធេង និងជំនាញដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិត ដែលកម្ពុជា បានខិតខំតស៊ូ បញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងនាំមកនូវសន្តិភាព ក៏ដូចជា វិបុលភាពក្នុងរយៈពេលជាង៣ទស្សវត្សមកនេះផងដែរ៕

 

សម្តេចធិបតីលើកឡើងពីផលលាភនៃសុខសន្តិភាពដែលកម្ពុជាទទួលបានរយៈពេល២៦ឆ្នាំ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានគូសរំលេចថា ផលលាភនៃសន្ដិភាព ដែលកម្ពុជាទទួលបាន២៦ឆ្នាំមកនេះ បង្ហាញពីអត្ថប្រយោជន៍នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើក មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក៏បានលើកទឹកចិត្តដល់ប្រទេសជុំវិញ ពិភពលោក ដោះស្រាយជម្លោះតាមរយៈសន្តិភាព”។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ ក្រើនរំលឹកឱ្យឃើញអំពីទំហំ នៃអត្ថប្រយោជន៍ ដែលយើងទទួលបាន តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន”។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ដោយមានផ្លែផ្កានៃសន្តិភាពបែបនេះ បានជំរុញឱ្យកម្ពុជាកាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឲ្យមានឆន្ទៈ ក្នុងការរួមចំណែក ដល់ការដោះស្រាយជម្លោះ ដែលកំពុងបន្តកើតមានឡើង នៅជុំវិញពិភពលោក រាប់តាំងពី មីយ៉ាន់ម៉ា រហូតដល់អ៊ុយក្រែន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។

ប្រធានមហាសន្និបាត ICAPP លើកទី១២ បញ្ជាក់ថា អ្នកនយោបាយគ្រប់រូប គួរមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសន្តិភាព ជាពិសេសសន្តិភាព មិនគួរជាអាទិភាពបន្ទាប់បន្សំ ទាបជាងការស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត ឬការសម្រេច គោលដៅមនោគមវិជ្ជាជាក់លាក់ណាមួយនោះទេ។

សម្ដេចបន្តថា “នយោបាយប្រជានិយម ជ្រុលនិយម និងដាច់ខាតនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្តើមតំណែងនយោបាយឡើយ”។

សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ប្រទេសនីមួយៗ គួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬចុងក្រោយ ឈានដល់ការផ្លាស់ប្តូររបប ដោយមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបង្ហាញថា ក្នុងនាមជាជនរងគ្រោះនាពេលកន្លងមក ដោយសារឥរិយាបទនយោបាយ និងទំនាក់ទំនងអន្តរជាតិ ពិសពុលបែបនេះ គណបក្សប្រជាជនកម្ពុជា មានជំហរម៉ឺងម៉ាត់ ក្នុងការការពារ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ ប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយ ទោះក្នុងរូបភាពណាក៏ដោយ៕