អ្នកនិពន្ធ ​និង​ដឹកនាំ​រឿង​ដ៏​ល្បី​របស់​ចិន​មាន​គម្រោង​អភិវឌ្ឍ​មជ្ឍមណ្ឌល​វប្បធម៌​ និង​ទេសចរណ៍​កម្ពុជា-ចិន​នៅ​ខេត្តសៀមរាប​

ដោយៈ ម៉ាណា

    ប្រទេសចិនៈ លោក Zhou Chaoyong អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងដ៏ល្បី (Chief Director) ប្រចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កោតសរសើរពីប្រវត្តិសាស្រ្តកម្ពុជា និងចូលរួមចងក្រង និងផ្សព្វផ្សាយឯកសារវប្បធម៌ និងទេសចរណ៍កម្ពុជាក្នុងសម័យទំនើបដល់ប្រជាជនចិន។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Zhou Chaoyong (ចូវ ឆាវយ៉ុង) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសារ របស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្អិតជាមួយក្រសួងទេស​ចរណ៍កម្ពុជា ក្នុងការផ្តល់ពត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ពិសេសគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការលើកលែងទិដ្ឋាការ សម្រាប់ប្រជាជនចិនជាដើម។

ជាការឆ្លើយតប លោក Zhou Chaoyong បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថាលោកសូមស្ងើចសរសើរអំពីវប្បធម៌ និងអរិយធម៌ដ៏ល្អវិសេសវិសាលរបស់កម្ពុជា ជាពិសេសតាមរយៈកំណត់ត្រារបស់ប្រវត្តិវិទូចិនដ៏ល្បីល្បាញ គឺលោក ជីវ តាខ្វាន់ ដោយសារលោកក៏មានស្រុកកំណើតដូចគ្នានឹងលោក ជីវ តាខ្វាន់ផងដែរ។

លោកក៏មានគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីអច្ឆរិយភាពនៃវប្បធម៌ និងទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ដោយប្រើប្រាស់បទពិសោធដែលធ្លាប់ឆ្លងកាត់ជាច្រើនឆ្នាំនៅប្រទេសចិន។

ទន្ទឹមនឹងនេះ លោក Zhou Chaoyong បានប្តេជ្ញានឹងប្រើប្រាស់ពេលវេលារបស់លោក ដើម្បីចងក្រងប្រវត្តិសាស្រ្តកម្ពុជា ក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ រួមជាមួយការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដោយដើរតាមលំនាំជាកវីនិពន្ទ ជីវ តាខ្វាន់ ជំនាន់ក្រោយ ដែលជាការរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងពត៌មានពាក់ព័ន្ធនឹងបញ្ហា Online Scam នៅកម្ពុជា តាមរយៈការបង្ហាញពីភាពវិសេសវិសាលនៃវប្បធម៌ និងទេសចរណ៍កម្ពុជា។

ស្តែងតាមរយៈការបេ្តជ្ញាចិត្តដ៏មោះមុតនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ កោតសរសើរ និងស្វាគមន៍ជាអនេកចំពោះគំនិតផ្តួចផ្តើម និងគម្រោងនានាខាងលើ ហើយក្រសួងទេសចរណ៍ ត្រៀមខ្លួនជាស្រេចក្នុងការសហការពេញលេញជាមួយលោក ក៏ដូចជាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)៕

ខេត្តព្រះសីហនុបន្តអនុម័តគំរោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ចំនួន៤

ដោយៈ ម៉ាណា

    ព្រះសីហនុៈ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើគម្រោងចំនួន៤។

គំរោងវិនិយោគធំៗចំនួន៤នោះរួមមាន ទី១. សំណើសុំនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋ សម្រាប់រោងចក្រផលិតឧបករណ៍ជាងគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុ​ន GOLDENLINKPRO (CAMBODIA) HARWARE MANUFACTURING CO.,LTD.។

ទី២. សំណើសុំនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋ សម្រាប់រោងចក្រកែច្នៃលោហធាតុ ដែក និងប្លាស្ទិក មានទីតាំងស្ថិតនៅក្បាលលេខ១២២០ ផ្លូវលំ ភូមិតាអោធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុ​ន D.B.GOLD IMPORT & EXPORT CO.,LTD.។

ទី៣. សំណើសុំចុះបញ្ចីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់រោងចក្របោះពុម្ភខ្នាតធំ ទៅលើក្រដាស និងប្លាស្ទិក មានទីតាំងស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ZHENCHENG WEILAI TECHNOLOGY (CAMBODIA) CO, LTD ទី៤. សំណើសុំចុះបញ្ចីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់រោងចក្រ ផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរឈើ គ្រឿងសង្ហារិម ក្ដារបន្ទះ ក្ដារកិន និងគ្រាប់កម្ទេចឈើ មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន YIYUAN HONGDA TIMBER (CAMBODIA) CO.,LTD ៕

កម្ពុជា ​វៀតណាម​បើក​កិច្ច​ប្រជុំ​លើការ​អនុវត្តកិច្ច​ព្រមព្រៀង​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​នៅ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​

ដោយៈ គង់ សូរិយា

    ព្រៃវែងៈ ក្រុមមន្រ្តីកម្ពុជា វៀតណាមបានបើកកិច្ចប្រជុំទ្វេភាគី ស្ដីពីការផ្លាស់ប្ដូរយោបល់ លើការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោក រវាងកម្ពុជា និងវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង កម្ពុជា)-តឹនណាម (ខេត្តតៃនិញ វៀតណាម)។

ភាគីកម្ពុជាដឹកនាំដោយលោកប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាន នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា) – តឹនណាម (វៀតណាម) បានពេញលេញ ស្របតាម​បទប្បញ្ញត្តិច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន ដោយមានការចូលរួមពីតំណាងក្រសួង- ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរផងដែរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាស នៃការយោគយល់គ្នា ស្មារតីមិត្តភាព អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីទាំងពីរបានឯកភាព លើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឹនណាម ដំណើរការទៅបានពេញលេញនាពេលឆាប់ៗខាងមុខ។

ការអនុវត្តនេះ នឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះផងដែរ ប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឹនណាម ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង នៃហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រតិបត្តិការនៅច្រកទ្វារព្រំដែន សំដៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូ​នតាមផ្លូវគោក រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕

វិស័យ​បច្ចេកវិទ្យា​ AI ​រំពឹង​ជំរុញ​សេដ្ឋកិច្ច​ និង​បង្កើន​តម្រូវ​ការ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាចុងក្រោយមួយដោយក្រុមហ៊ុន Cushman & Wakefield បានឱ្យដឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងជំរុញការពង្រីកសេដ្ឋកិច្ច និងបង្កើនតម្រូវការអចលនទ្រព្យពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC)។

ការសិក្សាបានកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) នឹងដើរតួជាកម្លាំងវិជ្ជមានសម្រាប់ទាំងកំណើនសេដ្ឋកិច្ច និងតម្រូវការអចលនទ្រព្យ ខណៈតំបន់នេះពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់ផលិតកម្ម សេវាកម្ម និងនវានុវត្តន៍។

លោក Dominic Brown ប្រធានផ្នែកស្រាវជ្រាវអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក និង EMEA នៃក្រុមហ៊ុន Cushman & Wakefield បានអះអាងថា ការវិភាគរបស់យើងបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) ពង្រីកសកម្មភាពសេដ្ឋកិច្ច ហើយការណ៍នេះនឹងជំរុញឱ្យមានតម្រូវការអចលនទ្រព្យកាន់តែច្រើន។

សេដ្ឋកិច្ចរបស់តំបន់​អាស៊ីប៉ាស៊ីហ្វិក​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ប្រហែល៣ភាគរយទៅ៤ភាគរយជារៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ២០៣០ ​ដោយ​សារការកើនឡើង​នៃផលិតភាព​ដែល​ជំរុញ​ដោយ​បញ្ញា​សិប្បនិម្មិត (AI) និង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​មជ្ឈមណ្ឌល​ទិន្នន័យ និង​ថាមពល។

បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជំនួសប្រជាជនវ័យចំណាស់នៅក្នុងប្រទេសអភិវឌ្ឍន៍ និងជំរុញផលិតភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេរំពឹងថានឹងបង្កើនតម្រូវការអចលនទ្រព្យពាណិជ្ជកម្មខណៈកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ និងការបង្កើតអាជីវកម្មថ្មីជំរុញឱ្យមានតម្រូវការការិយាល័យ និងឧស្សាហកម្មកាន់តែខ្ពស់។

ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារ និង​ឧស្សាហកម្ម​ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីបញ្ញាសិប្បនិម្មិត (AI) ដែលជំរុញដោយស្វ័យប្រវត្តិកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងខ្សែសង្វាក់ផ្គត់ផ្គង់៕

គម្រោង​អភិវឌ្ឍន៍័​ប្រមាណ​៧០​បាន​ និង​កំពុង​អភិវឌ្ឍន៍​នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ​

ដោយៈ ចំណាន

    កណ្តាលៈ  ជាធម្មតា តំបន់ជុំវិញព្រលានយន្តហោះ តែងតែទាក់ទាញអ្នកអភិវឌ្ឈន៍ ដើម្បីសាងសង់គម្រោងលំនៅដ្ឋាន ខុនដូ មជ្ឈមណ្ឌ​លពាណិជ្ជកម្ម និងឃ្លាំងស្តុកទំនិញជាដើម។

យោងតាមទិន្ន័យដែលបានកត់ត្រាបច្ចុប្បន្ន នៅតំបន់ជិំវិញព្រលាន​យន្តហោះអន្តរជាតិតេជោ មានបុរី (លំនៅដ្ឋានដែលមានរបងព័ទ្ធជុំវិញ) ដែលមានគម្រោងចន្លោះពី២៥ ទៅ៣៥។ គម្រោងខុនដូមានប្រមាណ៨គំរោង។ គម្រោងពាណិជ្ជកម្ម និងគម្រោងប្រើប្រាស់ចម្រុះ មានចន្លោះពី១០ ទៅ១៥គំរោង។ ឡូជីស្ទីក ឃ្លាំង និងសួនឧស្សាហកម្មមានចំនូនចន្លោះពី១៥ ទៅ២០គំរោង។ សរុបមកគំរោងដែលបាន និងកំពុងអភិវឌ្ឍន៍មានសរុបចន្លោះពី៥៥ ទៅ៧៥គម្រោង។

ការអភិវឌ្ឍមួយចំនួនដែលល្បីល្បាញជាងនេះ រួមមាន ទីក្រុង TIA City គម្រោងផ្ទះសម្រាប់អ្នកជីវភាពមធ្យម Worldbridge
* បុរីប្រណីត Hi-techជាដើម។

មូលហេតុដែលការអភិវឌ្ឍកំពុងកើនឡើងគឺថា អាកាសយានដ្ឋាននេះមានបំណងក្លាយជាចំណុចកណ្តាល នៃច្រករបៀងទីក្រុងធំជាង។

យោងតាមផែនការមេរបស់អាកាសយានដ្ឋាន ផ្ទៃដីប្រហែល៥០០០ហិកតា ជុំវិញអាកាសយានដ្ឋានត្រូវបានកំណត់ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ពាណិជ្ជកម្ម ភស្តុភារកម្ម ផលិតកម្ម និងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលបង្ហាញពីការធ្វើផែនការរយៈពេលវែងជាជាងគ្រាន់តែជាគម្រោងអាកាសយានដ្ឋាន។

ទស្សនវិស័យរបស់ខ្ញុំដល់ឆ្នាំ២០៣០ ប្រសិនបើសេដ្ឋកិច្ចកម្ពុជាកើនឡើងប្រហែលចន្លោះពី៥ ទៅ៦ភាគរយជារៀងរាល់ឆ្នាំ ហើយចរាចរណ៍អ្នកដំណើរអាកាសយានដ្ឋានបន្តកើនឡើង តំបន់នេះនឹងមានចំ​នួនបុរីកើនដល់ចន្លោះពី៤០ ទៅ៦០គំរោង។ គម្រោងខុនដូអាចកើនឡើងដល់១០ ទៅ២០គំរោង ទោះបីជាកំណើនទំនងជាបន្តិចម្តងៗក៏ដោយ ព្រោះតម្រូវការខុនដូ នៅតែខ្សោយជាងលំនៅដ្ឋានដែលមានដី។

ចំណែកការអភិវឌ្ឍ អគារពាណិជ្ជកម្ម សណ្ឋាគារ ការិយាល័យ លក់រាយ និងគម្រោងដឹកជញ្ជូន ទំនងជានឹងពង្រីកខ្លួនលឿនបំផុត ខណៈដែលអាជីវកម្មនានា កំពុងតាមដានសកម្មភាពអាកាសយានដ្ឋាន។

ច្រករបៀងអាកាសយានដ្ឋានតេជោ នឹងក្លាយជាច្រករបៀងកំណើនអចលនទ្រព្យដ៏រឹងមាំបំផុតមួយ របស់ប្រទេសកម្ពុជានៅឆ្នាំ ២០៣០ រួមជាមួយភាគខាងជើងនៃទីក្រុងភ្នំពេញ និងច្រករបៀងដឹកជញ្ជូនខាងលិច ដរាបណាហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅតែបន្តដូចការគ្រោងទុក៕

ទីផ្សារលំនៅឋាន​នៅ​ទីក្រុងហុងកុង​បាន​ងើបឡើងវិញ​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ឆ្នាំ​នេះ​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ទីក្រុងហុងកុងបានងើបឡើងវិញលឿនជាងការរំពឹងទុកនៅឆ្នាំនេះ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃផ្ទះអាចធ្វើឱ្យផ្ទះលែងមានតម្លៃសមរម្យសម្រាប់អ្នកទិញក្នុងស្រុក។

ការងើបឡើងវិញនៃទីផ្សារលំនៅឋានហុងកុងត្រូវបានជំរុញដោយការវិលត្រឡប់មកវិញរបស់អ្នកទិញក្នុងស្រុក ភាពរឹងមាំនៃតម្រូវការជួលរបស់និស្សិត និងបណ្តាវិនិយោគិនចិនដីគោកដែលឈានចូលទីផ្សារឡើងវិញ។

អំណាចនៃការទិញដ៏រឹងមាំរបស់ពួកគេបានជំរុញឱ្យតម្លៃលំនៅឋាននៅទីក្រុងហុងកុងកើនឡើងលឿនជាងការរំពឹងទុករបស់អ្នកទិញលើកដំបូង ឬអ្នកទិញក្នុងស្រុកជាច្រើន។

យោងតាមក្រុមហ៊ុន Centaline Property បានឱ្យដឹងថា អតិថិជនដែលទិញផ្ទះច្រើនខ្នងបានបញ្ចប់ប្រតិបត្តិការចំនួន៥៦៣ ដែលមានតម្លៃ១៤,៥ពាន់លានដុល្លារហុងកុង (១,៨៤ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ កើនឡើងជាងទ្វេដងធៀបនឹងឆ្នាំមុន។

ភាពរឹងមាំនៃតម្រូវការបានជំរុញសន្ទុះទីផ្សារ និងអនុញ្ញាតឱ្យម្ចាស់ផ្ទះដំឡើងតម្លៃផ្ទះ។ ប៉ុន្តែក្រុមអ្នកវិភាគអះអាងថា ការកើនឡើងយ៉ាងឆាប់រហ័សបែបនេះអាចធ្វើឱ្យអ្នកទិញផ្ទះក្នុងស្រុកកាន់តែច្រើនមិនហ៊ានឈានចូលទីផ្សារ៕ប្រភព: SCMP៕

ក្រុមហ៊ុនលំដាប់យក្ស​របស់​ចិន​គាំទ្រ​គោល​នយោបាយ​លើកលែង​ទិដ្ឋាការ​ពី​កម្ពុជា​សម្រាប់​ភ្ញៀវទេសចរណ៍​ចិន​

ដោយៈ ចំណាន

    ប្រទេសចិនៈ ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោក និងនៅប្រទេសចិន Ping An គាំទ្រគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជាសម្រាប់ប្រជាជនចិន និងប្តេជ្ញាចូលរួមជាមួយក្រសួងទេស​ចរណ៍ផ្តល់សេវាធានារ៉ាប់រង ប្រកបដោយគុណភាពខ្ពស់ដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវីធី 2026 World Al Conference and High-Level Meeting on Global Al Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនធានារ៉ាប់រង Ping An នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Ltd នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកនាយកប្រតិបត្តិ ក្រុមហ៊ុនអំពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ទាំងស្រុង នូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន។

ជាលទ្ធផល ភាគីទាំងសងខាង បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នា តាមរយៈការដាក់ចេញផែនការនិយោគ លើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ ពិសេសការពង្រឹងប្រព័ន្ធធានារ៉ាប់រងរួមគ្នា កម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនPing An នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ច ទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោ​គិនចិនលំដាប់ខ្ពស់ ដែលមានបំណងធ្វើទស្សនកិច្ចទេសចរណ៍​ និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។

ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្ម​ភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោល (Focal Point) ទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងការត្រៀមសិក្សាស្វែងយល់ជាក់ស្តែងនៅកម្ពុជា។

ក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Lt ជាក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនធំជាងគេលើពិភពលោក លើផែ្នកទ្រព្យសកម្ម (1st in Asset size) និងក៏ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេ លើពិភពលោកលើផ្នែកប្រាក់ចំណូ​ល(1st in Revenue) មានអតិថិជនទូទៅ (Retail Customers​) សរុបប្រមាណ ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុន(Corporate Customers) ប្រមាណ៤លានក្រុមហ៊ុន៕

សមាគមឧកញ៉ាកម្ពុជា​ចូលរួម​កម្មវិធី​ “រ៉ូដសូ​សម្រាប់​ការ​ផ្សាយ​លក់​ IPO របស់​ក្រុមហ៊ុន​ បុរី​ វិមាន​សំណាង ​ម.ក.”​

ដោយៈ ចំណាន

    ភ្នំពេញៈ លោកអ្នកឧកញ៉ាលី យ៉ុងផាត់ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ាហាន់ ឃាង អនុប្រធានសមាគមទទួលបន្ទុកខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ា​កម្ពុជា ចូលរួមកម្មវិធី “រ៉ូដសូសម្រា​ប់ការផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក.” ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។

កម្មវិធីរ៉ូដសូនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីការបោះផ្សាយលក់ និងការធ្វើបរិវិសកម្មមូលបត្រកម្ម សិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. ដែលមាន ឧកញ៉ាបណ្ឌិតគីម ហ៊ាង សមាជិកសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ។

កម្មវិធីនេះ ក៏មានគោលបំណងបង្ហាញជូនវិនិយោគិន និងសាធារ​ណជន អំពីសក្តានុពលវិនិយោគ ផែនការអាជីវកម្ម យុទ្ធសាស្ត្រកំណើន និងចក្ខុវិស័យអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលអនាគត។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. បានទទួលការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឱ្យធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់ ក្នុងការបោះជំហានចូលទីផ្សារមូលបត្រកម្ពុជា និងពង្រីកប្រភពទុនសម្រាប់ការអភិវឌ្ឍអាជីវកម្ម ប្រកបដោ​យចីរភាព៕

ក្រុមហ៊ុន​កូរ៉េ​មួយគ្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​ដាំដុះ​ និង​ខ្សែ​ច្រវាក់​នាំ​ចេញ​ផ្សិត​នៅ​កម្ពុជា​

ដោយៈ ចំណាន

    កូរ៉េខាងត្បូងៈ លោកស្រីនួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភា​ក្សាការងារជាមួយ លោក Karl Gonzalez Kim ប្រធានផ្នែកផែនការនៃក្រុមហ៊ុន CHEONGDO Mushroom នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។

ក្នុង​ឱកាសនោះ លោក Karl Gonzalez Kim បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ លើផលិត​កម្មផ្សិតនៅកម្ពុជា ព្រោះប្រទេសកម្ពុជា មានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ សម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិដទៃទៀត។

បន្ថែមពីនេះ​ លោកបបានបង្ហាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងក្នុងការបង្កើតកសិដ្ឋានដាំដុះ និងខ្សែច្រវាក់នាំចេញផ្សិតនៅកម្ពុជា ហើយបានស្នើសុំកិច្ចសម្របសម្រួល និងការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការស្វែងរកដៃគូក្នុងស្រុកដែលមានសក្តានុពល និងសមស្រប។

ក្រុមហ៊ុន CHEONGDO Mushroom បង្កើតឡើងតាំងពីឆ្នាំ១៩៨៣ មានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងការដាំដុះផ្សិត និងជាក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយ នៅសាធារណរដ្ឋកូរ៉េ​ និងមានជំនាញបច្ចេកទេសក្នុងការផលិតផ្សិតម្ជុល (Enoki) ផ្សិតអយស្ទ័រយក្ស (King Oyster) និងផ្សិតប្រភេទផ្សេងៗទៀត។

បច្ចុប្បន្ន ក្រុមហ៊ុនមានកសិដ្ឋានចំនួន៩កន្លែង នៅសាធារណរដ្ឋកូរ៉េ និងមានរោងចក្រ ព្រមទាំងប្រតិបត្តិការនៅបរទេស ដូចជា សហព័ន្ធអាល្លឺម៉ង់ ព្រះរាជាណាចក្រហូឡង់ ចក្រភពអង់គ្លេស សហព័ន្ធអូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិនជាដើម៕

តម្រូវ​ការ​លំនៅឋាន​កំពុង​កើន​ឡើង​នៅ​តំបន់​ជុំវិញ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​

ដោយៈ ចំណាន

    កណ្តាលៈ លំនៅឋានជាប់ដីបាននិងកំពុងមានការកើនឡើងនូវតម្រូវការ នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ប៉ុន្តែមិនទាន់មានសម្រាប់ខុនដូច្រើននៅឡើយទេ។

តម្រូវការសម្រាប់ផ្ទះ (ជាពិសេសបុរី និងផ្ទះដែលមានតម្លៃសមរម្យ) នៅជុំវិញអាកាសយានដ្ឋានថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារកត្តាមួយចំនួនដូចជា

ទី១ បុគ្គលិកអាកាសយានដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ។

ទី២ កម្មករផ្នែកភស្តុភារកម្ម ឃ្លាំង និងឧស្សាហកម្ម។

ទី៣ គ្រួសារដែលកំពុងស្វែងរកលំនៅឋាន ដែលមានតម្លៃសមរម្យនៅខាងក្រៅកណ្តាលទីក្រុងភ្នំពេញ។

ទី៤ ការតភ្ជាប់ផ្លូវកាន់តែប្រសើរឡើង រវាងទីក្រុងភ្នំពេញ ខេត្តកណ្តាល និងតាកែវ។

ក្រុមហ៊ុន Knight Frank Cambodia កត់សម្គាល់ថា តម្រូវការក្នុងស្រុកបច្ចុប្បន្ន កំពុងប្រមូលផ្តុំនៅក្នុងលំនៅឋាន ដែលមានដីមានតម្លៃសមរម្យ និងមធ្យម ហើយស្រុកដូចជាដង្កោ កំបូល និងព្រែកព្នៅ គឺជាតំបន់ពង្រីកសំខាន់ៗ ខណៈដែលទីក្រុងកំពុងរីកចម្រើនឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅអាកាសយានដ្ឋានថ្មី។

ចំណែកទីផ្សារខុនដូ តម្រូវការនៅតែមានកម្រិត ស្របនឹងទស្សនវិស័យសម្រាប់ខុនដូមានការប្រុងប្រយ័ត្នជាងមុន។

តម្រូវការបច្ចុប្បន្ននៅជិតអាកាសយានដ្ឋាន មិនទាន់ខ្លាំងគ្រប់គ្រាន់ ដើម្បីគាំទ្រគម្រោងខុនដូខ្ពស់ៗ មួយចំនួនធំនៅឡើយទេ ដោយសារតែ កត្តាមួយចំនូនដូចជា បុគ្គលិកអាកាសយានដ្ឋានភាគច្រើននឹងចូលចិត្តផ្ទះ ឬអាផាតមិនដែលមានតម្លៃសមរម្យ ជាជាងខុនដូប្រណីត។ ជនបរទេសនៅតែចូលចិត្ត ទីតាំងកណ្តាលទីក្រុងភ្នំពេញដូចជា បឹងកេងកង ដូនពេញ និងទួលទំពូង ដើម្បីភាពងាយស្រួល និងរបៀបរស់នៅ។

រាជធានីភ្នំពេញនៅតែបន្តមានការផ្គត់ផ្គង់ យូនីតខុនដូយ៉ាងច្រើន ដូច្នេះអ្នកអភិវឌ្ឍន៍នៅតែជ្រើសរើស អំពីការចាប់ផ្តើមគម្រោងថ្មីៗ៕