កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា លើទឹកខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ

សៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ  កសិដ្ឋានដំណាំពោត របស់ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាព អភិបាលស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងបងប្អូនប្រជាពលរដ្ឋពីបណ្តាឃុំទាំងប្រាំបួន នៃស្រុកប្រាសាទបាគង សរុបអ្នកចូលរួមប្រមាណ៦០០នាក់។

លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។ លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៍ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប អ៊ឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសគឺកិច្ចសហការ​ប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យកសិកម្ម ដាំដំណាំពោត នៅលើផ្ទៃដីប្រមាណ ១០០០ហិកតា ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាបកើនឡើងមួយកម្រិតទៀត។ ដែលនេះបានឆ្លុះបញ្ចាំងនូវការចូលរួមចំណែកស្របតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដ៏មុតស្រួច នៅក្នុងយុគសម័យថ្មីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់អ្នកបន្តវេនដ៏វៃឆ្លាត ប្រកបដោយថាមពល និងភាពប៉ិនប្រសព្វ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមការលើកឡើងរបស់លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការ​នាំមកនូវកសិកម្មបែប​ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ។ លោកបានបន្តទៀតថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រីនិងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយនិងរីកចម្រើននៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីអោយមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

ក្រុមហ៊ុនសម្លឹងឃើញថា ពោតជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលសម្រាប់កសិករក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់កសិករក្នុងស្រុកសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថេរភាព ដោយការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតរបស់កសិដ្ឋាននឹងនាំឱ្យទិន្នផល​កើនខ្ពស់ជាងការប្រើប្រាស់វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់៣ដង។ តាមរយៈការ ​ផលិតពោតក្នុងស្រុក នឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់កម្ពុជា។ ជាពិសេសនាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញ​ទៅដោយ​ដំណាំ​ចម្រុះ​រួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិន​ត្រឹម​តែ​រក្សា​ស្ថេរភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ គឺ​រួម​ចំណែក​ដល់​និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយផងដែរ។

ក្រៅពីការធ្វើពិពិធកម្មដំណាំ ក្រុមហ៊ុនក៏កំពុងវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាពផងដែរ ដោយអនុវត្តលើកកម្ពស់សុខភាពដី និងការប្រមូលផ្តុំកាបូន តាមរយៈការទទួលយកបច្ចេកវិទ្យាកែលម្អដី និងបច្ចេកទេសចាប់យកកាបូនដោយប្រើផេះអង្កាមដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងថែរក្សាធនធានធម្មជាតិ។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋាន ឯកឧត្តម អ៊ឹង គឹមលាង ក្នុងនាមគណៈអភិបាលខេត្តសៀមរាប បានសាទរនិងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស- អេស៊ា (ខេមបូឌា) ឯ.ក ដែលបានជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ១០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្ត សង្ឃឹមថាក្រុមហ៊ុននឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដើ​ម្បី​ចូលរួមដល់កិច្ចអភិវឌ្ឍ និង​​​រួម​ចំណែ​កបង្កើនកា​រ​ងារ និងមុខរបរដល់​ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។ រាជរដ្ឋាភិបាលក៏ដូចជា រដ្ឋបាលខេត្តសៀមរា​បបានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគ លើសហ-គ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនបុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយនេះជាឱកាសល្អដែលខេត្តសៀមរាបទទួលបាននូវការវិនិយោគពីក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា(ខេមបូឌា)ឯ.ក។ តាមរយៈនៃការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្ម ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ទាំងនេះពិតជាបានរួមចំណែកក្នុងការបង្កើននូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយពិតជាបានកាត់បន្ថយភាពក្រីក្ររបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

Billionaire Gautam Adani got rich off coal. Now his company is building a green energy plant the size of Chicago.

The largest power plant in the world is under construction, and it’ll produce enough clean energy to fuel entire countries like Belgium, Chile, or Switzerland.It will cover 200 square miles — nearly the size of Chicago.

Adani Green Energy Limited (AGEL) is building the solar and wind power plant in a salt desert in the western Indian state of Gujarat. AGEL is the clean energy unit of the Adani Group, the biggest coal miner and importer in India founded by billionaire Gautam Adani in 1988. Adani is currently the second richest person in Asia, according to Forbes.

The Adani Group has promised to dump $70 billion into clean energy by 2030 — including $20 billion on this project alone — as India tries to reduce its reliance on fossil fuels, CNN reported.

“There is no choice for India but to start doing things at a previously unimagined size and scale,” Sagar Adani, the 30-year-old nephew of Gautum Adani and the executive director of AGEL, told CNN.

The project, expected to be finished in five years, will create 15,200 green jobs and produce enough clean energy to power 16 million Indian homes, AGEL said in a press release on its website.Source: Business Insider

ឥណ្ឌាកំពុងសាងសង់រោងចក្រថាមពលបៃតងធំជាងគេបំផុតលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: កំពូលមហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានបោះទុនវិនិយោគ ចំនួន២០ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលបៃតង ដ៏ធំជាងគេបំផុតនៅលើពិភពលោក។

ទីតាំងរោងចក្រនេះ មានទំហំធំជិតស្មើទីក្រុង Chicago របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Business Insider។Billionaire Gautam Adani got rich off coal. Now his company is building a green  energy plant the size of Chicago. | Business Insider Indiaប្រភពដដែលបានបន្តថា ក្រុមហ៊ុន Adani Green Energy Limited របស់កំពូលមហាសេដ្ឋីរូបនេះ កំពុងសាងសង់រោងចក្រថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ ស្ថិតនៅភាគខាងលិចនៃរដ្ឋ Gujarat ដោយក្រុមហ៊ុនបានប្រកាសពី​មហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយរោងចក្រនេះទៅជា រោងចក្រថាមពលបៃតងធំជាងគេបំផុតរបស់ពិភពលោក។

គម្រោងបង្កើតរោងចក្រថាមពលបៃតង ធំជាងគេបំផុតនៅលើពិភពលោកមួយនេះ នឹងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងរយៈពេល៥ឆ្នាំខាងមុខ  ដែលអាចបង្កើតការងារចំនួន១៥.២០០កន្លែង និងមានសមត្ថភាពផ្គត់ផ្គង់ថាមពលបៃតង ដល់ប្រជាជនឥណ្ឌាប្រមាណ១៦លានគ្រួសារ។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Adani Group ក៏បានរាយការណ៍ឱ្យដឹងផងដែរថា ខ្លួនគ្រោងនឹងបណ្តាក់ទុន ចំនួន៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ដើម្បីប្រែក្លាយឥណ្ឌាទៅជាប្រទេស ដែលមានថាមពលបៃតងប្រើប្រាស់គ្រប់គ្រាន់។

ទោះជាយ៉ាងណាក្តី ផែនការមួយនេះ ហាក់មិនអាចសម្រេចបានជោគជ័យលឿនពេកនោះទេ ខណៈបច្ចុប្បន្ន ឥណ្ឌាគឺជាប្រទេសប្រើប្រាស់ធ្យូងថ្មច្រើនជាងគេធំបំផុតទី៣ នៅលើពិភពលោក។

ប៉ុន្តែស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានប្ដេជ្ញាក្នុងការលុបបំបាត់ការបំភាយ ឧស្ម័នកាបូនឌីអុកស៊ីត បានពាក់កណ្ដាល នៅត្រឹមឆ្នាំ២០៣០ និងលុបបំបាត់ឱ្យបានទាំងស្រុង១០០ភាគរយ នៅក្នុងឆ្នាំ២០៧០ខាងមុខ៕

រដ្ឋមន្រ្តីទេសចរណ៍ជម្រុញឲ្យមានការហោះហើរត្រង់ពីអឺរ៉ុប

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានស្នើឱ្យសហភាពអឺរ៉ុប ជួយជំរុញក្រុមហ៊ុន និងអ្នកវិនិយោគទេសចរណ៍អឺរ៉ុប មកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាបន្ថែម។

ការស្នើនេះធ្វើឡើងក្នុងជំនួប រវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាលើកាលានុវត្តភាព កិច្ចសហប្រតិបត្តិការ ​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ លោករដ្ឋមន្រ្តី បានស្នើឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជួយជំរុញក្រុមហ៊ុន និងអ្នកវិនិយោគទេសចរណ៍អឺរ៉ុប មកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងបានស្នើឱ្យឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យមានជើងហោះហើរត្រង់ ពីតំបន់អឺរ៉ុបមកកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីសុខ សូកេន បានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds) និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីកៀរគរ ឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។លោក និងឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕

តើសេដ្ឋីនិងមហាសេដ្ឋីភាគច្រើនរស់នៅទីក្រុងណាខ្លះ នៅសហរដ្ឋអាមេរិក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើពិភពលោក និងសម្បូរទៅដោយសេដ្ឋី និងមហាសេដ្ឋីលំដាប់កំពូលជាច្រើនរូប ដែលសុទ្ធសឹងតែជាអ្នកមានជាងគេបំផុតនៅលើពិភពលោក ដូចជា លោក Elon Muskជាដើម។

ប៉ុន្តែគេប្រហែលជាមិនទាន់ដឹងទេថា តើមហាសេដ្ឋីភាគច្រើនរស់នៅតំបន់ណា ឬទីក្រុងណាខ្លះ នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ដូច្នេះ ខាងក្រោមនេះគឺជាទីក្រុងទាំង១០នៅអាមេរិក ដែលមានសេដ្ឋី(Millionaires) និងមហាសេដ្ឋី(Billionaires) រស់នៅច្រើនជាងគេ ដោយផ្អែកតាមទិន្នន័យពីក្រុមហ៊ុន Henley & Partners និងក្រុមហ៊ុន New World Wealth។ចំណាត់ថ្នាក់ទី១: ទីក្រុងញ៉ូវយក មានសេដ្ឋីចំនួន៣៤៩.៥០០នាក់ និងមហាសេដ្ឋីចំនួន៦០នាក់។

ចំណាត់ថ្នាក់ទី២: តំបន់ San Francisco Bay Area ក្នុងរដ្ឋកាលីហ្វ័រញ៉ា មានសេដ្ឋីចំនួន៣០៥.៧០០នាក់ និងមហាសេដ្ឋីចំនួន៦៨នាក់។

ចំណាត់ថ្នាក់ទី៣: ទីក្រុង Los Angeles មានសេដ្ឋីចំនួន២១២.១០០នាក់ និងមហាសេដ្ឋីចំនួន៤៣នាក់។

ចំណាត់ថ្នាក់ទី៤: ទីក្រុង Chicago  មានសេដ្ឋីចំនួន១២០.៥០០នាក់ និងមហាសេដ្ឋីចំនួន២៤នាក់។

ចំណាត់ថ្នាក់ទី៥: ទីក្រុង Houstonមានសេដ្ឋីចំនួន៩០.៩០០នាក់ និងមហាសេដ្ឋីចំនួន១៨នាក់។

ចំណាត់ថ្នាក់ទី៦: ទីក្រុង Dallas មានសេដ្ឋីចំនួន៦៨.៦០០នាក់ និងមហាសេដ្ឋីចំនួន១៥នាក់។

ចំណាត់ថ្នាក់ទី៧: ទីក្រុង Seattle មានសេដ្ឋីចំនួន៥៤.២០០នាក់ និងមហាសេដ្ឋីចំនួន១១នាក់។

ចំណាត់ថ្នាក់ទី៨: ទីក្រុង Boston មានសេដ្ឋីចំនួន៤២.៩០០នាក់ និងមហាសេដ្ឋីចំនួន៨នាក់។

ចំណាត់ថ្នាក់ទី៩: ទីក្រុង Miami មានសេដ្ឋីចំនួន៣៥.៣០០នាក់ និងមហាសេដ្ឋីចំនួន១៥នាក់។

ចំណាត់ថ្នាក់ទី១០: ទីក្រុង Austin មានសេដ្ឋីចំនួន៣២.៧០០នាក់ និងមហាសេដ្ឋីចំនួន១០នាក់៕

ទីផ្សារខុនដូជួលនៅប្រទេសសិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពមិនសូវអំណោយផល

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមភ្នាក់ងារអចលនទ្រព្យ បានបញ្ជាក់ប្រាប់កាសែត The Straits Times ថា គិតមកទល់ពេលបច្ចុប្បន្ននេះ ទីផ្សារជួលខុនដូនៅប្រទេសសិង្ហបុរី បាននិងកំពុងបន្តធ្លាក់ចុះ ខណៈអគារខុនដូដែលទើបបញ្ចប់សាងសង់ថ្មីៗ ត្រូវបានផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។

លោក Alex Low ភ្នាក់ងារនៅក្រុមហ៊ុនអចលនទ្រព្យ PropNex Realty បានលើកឡើងថា “កិច្ច​ព្រម​ព្រៀង​ជួល ដែលធ្លាប់​តែបិទ​ក្នុង​   រយៈ​ពេល​មួយ​ថ្ងៃ ប៉ុន្តែ​ពេលនេះ លែង​មាន​ទៀត​ហើយ”។

នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការកើនឡើងនៃតម្រូវការបន្ទប់ខុនដូជួលត្រូវបានជំរុញដោយផ្នែក ជាពិសេសគឺការពន្យារពេលសាងសង់នៅក្នុងវិស័យសំណង់ ដែលបណ្តាលមកពីបញ្ហាជំងឺរាត ត្បាតកូវីដ-១៩។ជាមួយគ្នានេះ ការហូរចូលនៃក្រុមជនបរទេស ដែលមានទេពកោសល្យខ្ពស់ និស្សិតអន្តរជាតិ និងការកើនឡើងនៃចំនួនប្រជាជនសិង្ហបុរី ដែលកំពុងស្វែងរកកន្លែង រស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ក៏បានជំរុញនិន្នាការនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី(URA) បានបង្ហាញថា ការជួលខុនដូ ក្នុងរយៈពេល៣ខែចុងក្រោយ នៃដំណាច់ឆ្នាំ២០២៣កន្លងទៅ បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំ។

លោកស្រី Jasmine Lau ភ្នាក់ងារក្រុមហ៊ុនអចលនទ្រព្យ PropNex   បានអះអាងថា “ចាប់តាំងពីឆមាសទី២ ឆ្នាំ២០២៣មក យើងបានកត់សម្គាល់ឃើញ ជនបរទេសជាច្រើនបានវិលទៅកាន់ស្រុកកំណើតវិញ ហើយប្រជាជនសិង្ហបុរី បានផ្លាស់ប្តូរទីលំនៅទៅកាន់ផ្ទះល្វែងប្រភេទ Build-To-Order របស់ពួកគេ។

កត្តា​ទាំង​នេះ ​បាន​រួម​ចំណែក​ជំរុញឱ្យការ​ផ្គត់ផ្គង់​ខុនដូ​ជួល មានចំនួនច្រើនលើសលប់”។ចំណែកលោក Luqman Hakim ប្រធានផ្នែកទិន្នន័យ និងវិភាគនៅវិបផតថលស្វែងរកអចលនទ្រព្យ ដែលហៅថា “99.co” ក៏បានកត់សម្គាល់ឃើញផងដែរ ពីការផ្គត់ផ្គង់បន្ទប់ខុនដូលើសតម្រូវការ ដែលនាំឱ្យតម្លៃជួលចុះថោក ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ រហូតមកដល់ពេលនេះ៕

KS Residenceផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ពិសេសជាមួយ ការបញ្ចុះតម្លៃ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ បុរីKS Residenceបានបញ្ចប់ការសាងសង់ ជាមួយ​ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ពិសេសមានសន្តិសុខ២៤ម៉ោង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីKS Residenceបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ផ្ទះនៅបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) បានសាងសង់ចប់ ១០០% មានប្លង់រឹង LMAP មិនជំពាក់ធនាគារ ទិញភ្លាម បង់លុយភ្លាម អាចចូលស្នាក់នៅភ្លាម។

លោកបន្តថា បុរីKS បានសាងសង់ផ្ទះនិមួយៗ មានរបងដែលងាយស្រួលក្នុងការរស់នៅ និងចតយានយន្ត ជាមួយផ្លូវទំហំធំងាយស្រួលធ្វើចរាចរ​ណ៍ផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបថា លក្ខខ័ណ្ឌ​បង់ប្រាក់សម្រាប់ការទិញបុរីនេះ មានភាពងាយស្រួលដោយក្រុមហ៊ុនមានធនាគារជាដៃគូជាច្រើន សម្រាប់ផ្តល់ឥណទានដល់អ្នកទិញផ្ទះនៅក្នុងបុរីនេះ។

បុរីKS Residence មានទីតាំងស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាតំបន់ប្រជុំជន ដែលមានម​នុស្សរស់នៅ និងធ្វើដំណើរឆ្លងកាត់ច្រើន ដែលអ្នកទិញបុរីនេះ អាចប្រកបអាជីវកម្មបាន និងស្នាក់នៅជាមួយផាសុខភាពផងដែរ៕

តើរាជធានីភ្នំពេញ ដល់ពេលសាងសង់រថភ្លើងលើអាកាស និងក្រោមដីហើយឬ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការសាងសង់ខ្សែរថភ្លើងធុនស្រាល រត់នៅលើអាកាស និងក្រោមដីជាជម្រើសថ្មី នៃការកាត់បន្ថយលំហូរការកកស្ទះចរាច​រណ៍ នៅរាជធានីភ្នំពេញ។ការបង្កើតឲ្យមានសមិទ្ឋផលនេះ ជារឿងប្រវត្តិសាស្រ្តផង និងអាចមិនទាន់ដល់ពេលផង ។

ប្រវត្តិសាស្រ្ត
វាជាប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលចង់ឃើញនូវសមិទ្ឋផលនេះ ដែលពួកគេមានមោទនភាព ដែលទីក្រុងរបស់ខ្លួនមានភាពទំនើបដូចប្រទេសជិតខាងរបស់ខ្លួន។

មិនទាន់ដល់ពេល
រឿងមិនទាន់ដល់ពេល ជាបញ្ហាអវិជ្ជមានមួយស្ថិតនៅត្រង់ថា ឥរិយាបទរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មិនទាន់បានផ្លាស់ប្តូរនៅឡើយទេ ពួកគេមិននិយមដើរថ្មើជើងទេ។ ជាក់ស្តែងខ្សែរថយន្តក្រុងសាធារណៈភាពច្រើន គ្មានមនុស្សជិះនោះទេ ធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ខាតបង់ប្រាក់រាប់ម៉ឺនដុល្លារជារៀងរាល់ខែ។

ការមិននិយមដើរថ្មើរជើង នឹងធ្វើឲ្យខ្សែរថភ្លើងធុនស្រាលលើអាកាស និងក្រោមដី សាងសង់ឡើងគ្រាន់តែជាការលម្អ រាជធានីច្រើនជាង។

ផ្លូវរត់ភ្លើងលើអាកាសក្តី ក្រោមដីក្តី សុទ្ឋតែតម្រូវឲ្យអ្នកធ្វើដំណើរត្រូវដើរថ្មើជើងឡើងស្ពានអាកាស ឬដើរចុះតាមជណ្តើរយន្តទៅក្រោមដី ដើម្បីបានជិះរថភ្លើង។

តើប្រជាពលរដ្ឋខ្មែរបានផ្លាស់ប្តូរ និងត្រៀមទទួលយករសនិយមថ្មីនេះឬនៅ? ខណៈក្រុមហ៊ុនចិនជាច្រើន និងថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុង​សិក្សា​សមិទ្ធិ​លទ្ធ​ភាព និង​ពិនិត្យ​មើល​ជម្រើស​សម​ស្រប ​ចំពោះ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ដែល​មាន​បំណង​វិនិ​យោគ​ លើ​ការ​កសាង​ផ្លូវ​រថភ្លើង​ធុន​ស្រា​លត​ភ្ជាប់​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​ព្រលាន​យន្ត​ហោះ​ថ្មី ​និង​ផ្លូវ​រថ​ភ្លើង​ក្រោម​ដី​រាជ​ធានី​ភ្នំពេញ ​(Metro)​កាលពីដើមសប្តាហ៍មុន។

លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ​ស៊ុន ​ចាន់​ថុល ​អនុ​ប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ប្រជុំ​ពិភា​ក្សា​ជា​មួយ​ក្រុម​ហ៊ុន​ China Metro Group និង​ក្រុម​ហ៊ុន Guangzhou Metro Group អំពី​គម្រោង​ផ្លូវ​រថ​ភ្លើង​ធុន​ស្រា​ល​ត​ភ្ជាប់​ពី​រាជ​ធានី​ភ្នំពេញ​ ទៅ​ព្រលាន​យន្ត​ហោះ​ថ្មី ​និង​ផ្លូវ​រថ​ភ្លើង​ក្រោម​ដីនៅ​រាជ​ធានី​ភ្នំពេញ​។​

លោក ស៊ុន ​ចាន់​ថុល​ បាន​លើក​ឡើង​ថា កន្លង​មក​ CDC បាន​ស្តាប់​ពី​ការ​សិក្សា​សមិទ្ធិ​លទ្ធ​ភាព ​ពី​ប្រទេស​មួយ​ចំនួន ដែល​មាន​រថ​ភ្លើង​ផ្សេង​គ្នាម​កពី​ស្ថា​ប័ន​ផ្សេងៗ ​រួម​មាន​ ការ​សិក្សា​សមិទ្ធិ​លទ្ធ​ភាព​លើ​ប្រភេទ​រថភ្លើង​ AGT ដោយ JICA ជប៉ុន​,​ ការ​សិក្សា​សមិទ្ធិ​លទ្ធ​ភាព​លើ​ប្រភេទ​រថ​ភ្លើង​Monorail ដោយ​ក្រុម​ហ៊ុន​ CCECC និង​ការសិ​ក្សា​សមិទ្ធិ​លទ្ធ​ភាព ​លើ​ប្រភេទ​ផ្លូវ​រថ​ភ្លើង​ក្រោម​ដី ដោយ​ក្រុម​ហ៊ុន​ CCCC ​ផង​ដែរ​។​

លោក​បាន​បញ្ជាក់​ថា​ ការសិ​ក្សាពីជម្រើស​ទាំង​នេះ ដើម្បី​ពិនិត្យ​មើល​ជម្រើស​ណា​មួយ​ ដែល​វា​សមស្រប​សម្រាប់​ទីក្រុង​ភ្នំពេញ ​ទាក់​ទង​នឹង​ទំហំ​របស់​ទីក្រុង ​ចំនួន​ប្រជា​ពលរដ្ឋ ​ស្ថាន​ភាព​នៃ​ការប្រើ​ប្រា​ស់​ផ្លូវ​ថ្នល់ ​ក៏ដូច​ជា​ពិនិត្យ​លទ្ធ​ភាព​ដំបូង​ លើ​គម្រោង​រៀបចំ​ការ​សិក្សា​សមិទ្ធិ​លទ្ធ​ភាព​ផង​ដែរ​៕

CIC Plc កំពុងវិវត្តន៍បែបណា តើអ្វីជាបញ្ហានៅពីក្រោយរឿងនេះ?

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ មនុស្សរាប់ពាន់នាក់បានរងគ្រោះ និងរងការឈឺចាប់ជាមួយទឹកប្រាក់ប្រមាណ៩០លានដុល្លារ ដែលពួកគេបានវិនិយោគ ដើ​ម្បីទទួល​បានផលចំណេញត្រលប់ ជាមួយអត្រាការប្រាក់ខ្ពស់ត្រូវ​បាត់បង់។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ាគួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាចាងហ្វាងសាលាអន្តរទ្វីបអាមេរិកាំង។

អ្នកឧកញ៉ាបានសរសេរសារបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គម និងបានប្រាប់គេហទំព័រPropertyarea.asia កាលពីល្ងាចថ្ងៃទី២៤ មិនាថា អ្វីដែលលោកដាក់លិខិត និងបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម គឺសង្ឃឹមថាវាកំរើក ដំណើរការល្អ វានឹងមានដំណោះស្រាយ បើមិនអញ្ចឹងទេ ប្រជាពលរដ្ឋរាប់ពាន់នាក់នឹងក្តៅក្រហាយ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “ខ្ញុំបានបាត់បង់ប្រាក់ជិត៣០ម៉ឺនដុល្លារ នៅក្នុងក្រុមCIC Plc ជារឿងពិត”។ អ្នកឧកញ៉ាបានបន្ថែមថា “ខ្ញុំជាអ្នកវិនិយោគ ជាអ្នករងគ្រោះក្នុងក្រុមហ៊ុននោះផងដែរ”។ អ្នកបន្តថា “ ខ្ញុំចង់មានភាពយុត្តិធ៌ម និងមានការស៊ើបអង្កេត ហើយប្រមុខរដ្ឋាភិបាល នឹងមិនព្រងើយកន្តើយនឹងរឿងនេះទេ ព្រោះបញ្ហានេះ និងឧកញ៉ាម្នាក់ ដែលមានរឿងអាស្រូវផ្នែកដីធ្លីដូចគ្នានេះ សុទ្ឋតែប៉ះពាល់ដល់មុខមាត់ជាតិរបស់យើង”។ជាមួយគ្នានេះ លោកទូច សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វាមិនមែនមានតែរឿងនេះមួយទេ គឺមានរឿងផ្ទុះជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនដែលរងគ្រោះ មានសិទ្ឋប្តឹងទៅកាន់សមត្ថកិច្ច ឬតុលាការ ទៅនាយកដ្ឋានព្រហម្មទណ្ឌក្រសួងមហាផ្ទៃជាដើម។ អ្វីសំខាន់សមត្ថកិច្ចមិនមែន មានតែក្រសួងមហាផ្ទៃមួយទេ គឺមានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងស្ថាប័នមានសមត្ថកិច្ចដទៃទៀត។

លោកបន្តថា “វាផ្អែកលើឆន្ទៈរបស់ជនរងគ្រោះ ឬជនរងគ្រោះត្រូវរួមសហការ ជាមួយសមត្ថកិច្ចជំនាញណាមួយ ដែលខ្លួនចង់សហការផ្អែកតាមច្បាប់ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការស៊ើបអង្កេត និងប្រមូលភស្តុតាង”។ លោកបញ្ជាក់ទៀតថា “និយាយបែបនេះ មិនមែនមានន័យថាសមត្ថកិច្ចមិនធ្វើការ ឬព្រងើយកន្តើយចំពោះបញ្ហាណាមួយទេ”។

លោកទូច សុខៈបានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោកមិនអាចនិយាយថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេតលើករណីនេះឬយ៉ាងណាទេ ព្រោះវាជាកិច្ចការសំងាត់របស់​សមត្ថកិច្ច។លោកបន្តថា បើសិនជាមានការប្រកាសថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេត វានឹងប៉ះពាល់ដល់ការសំខាន់ និងលទ្ឋផល នៃការស៊ើបអង្កេត។ទាក់ទងបញ្ហានេះផងដែរ និយ័តករមូលបត្រកម្ពុជា និងបញ្ចាំ ដែលជាស្ថាប័នផ្តល់អាជ្ញាប័ណ្ណដល់CIC Plc បើកក្រុមហ៊ុនវិនិយោគរួម បាននិងកំពុងធ្វើអ្វីខ្លះលើរឿងអាស្រូវមួយនេះ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ លោកស៊ូ សុជាតិបានមានប្រសាសន៍ថា យើងកំពុងស្ថិតនៅក្នុងដំណើរការរៀបចំ ហើយយើងខិតខំរិះរកគ្រប់មធ្យោ​បាយទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន។

លោកបន្ថែមថា “តែឥឡូវនេះ ខ្ញុំ​មិន​ទាន់អាច​ធ្វើ​ការអត្ថាធិប្បាយ​បន្ថែម​ទៀតបាន​នៅឡើយទេ​”។
តើអ្វីជាបញ្ហានៅពីក្រោយការដួលរលំរបស់CIC PLc (Cambodia Investment Club)?ជនរងគ្រោះ និងថ្នាក់ដឹកនាំជាច្រើន សុទ្ឋបានសម្តែងការងឿនឆ្ងល់ មិនដឹងថា CIC Plc ដួលរលំតាមរបៀបណា? និងបាត់លុយរបស់ពួកគេទៅណា អ្នកណាជាអ្នកយកលុយនេះ?។

អ្នកវិនិយោគមួយរូបបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ថ្នាក់ដឹកនាំធំ និងនាយកប្រតិបត្តិរបស់CIC Plc លោកឡែម ចាន់សំរេច បានលបលួចយកទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់នោះ ទៅទិញដីស្ងាត់ៗ ហើយ​នៅពេលបញ្ហាសេដ្ឋកិច្ចជាប់គាំង រួមទាំងការដួលរលំរបស់វិស័យអចលនទ្រព្យ បានធ្វើឲ្យលុយទាំងនោះជាប់គាំងនៅលើដី និងគំរោង​វិនិយោគជាច្រើនទៀត ដែលក្រុមថ្នាក់ដឹកនាំCICបានបង្កើតឡើង។

ថ្នាក់ដឹកនាំមួយរូបរបស់CICបានលើកឡើងថា CIC PLc បានទិញដី និងវិនិយោគលើគំរោងជាច្រើន រួមមាន ទិញដីនៅខេត្តមណ្ឌ​លគិរី រតនៈ ស្ទឹងត្រែង ពោធិសាត់ កំពត តាកែវ ខេត្តកណ្តាលជាដើម ប៉ុន្តែនៅពេលទីផ្សារអចលនទ្រព្យជាប់គាំង លុយទាំងនោះ ត្រូវបានជាប់គាំងនៅនឹងដី និងគំរោងទាំងអស់នោះ។

អ្នកវិនិយោគខាងលើបានសម្តែងនូវមន្ទិល និងចម្ងល់មួយចំនួនដូចជា ទី១ ប្រសិ​នជាក្បាលម៉ាស៊ីន ឬមេដឹកនាំ និងនាយកប្រតិបត្តិឃុបឃិតគ្នាដកលុយទាំងនោះ ហេតុអ្វីពួកគេមិនដឹង? ព្រោះទំហំទុនវិនិយោគមាន៩០លានដុល្លារអាមេរិកឯណោះ វាជាទំហំទឹកប្រាក់ច្រើនណាស់។ ទី២ ធម្មតា គំរោងវិនិយោគដែលមានទឹកប្រាក់ច្រើនបែបនេះ ច្បាស់ណាស់នឹងមានការបង្កើតគណនីរួម ដើម្បីឲ្យថ្នាក់ដឹកនាំដឹង ពីការបញ្ចេញលុយក្នុងទំហំណាមួយ និងធ្វើឡើងដោយអ្នកណា និងមានគោលបំណងអ្វី? ។

ទី៣ ជាធម្មតានៅពេលមានការបើកក្លឹប ឬសមាគម ឬក្រុមហ៊ុនអ្វីមួយ តែងតែមានការរៀបចំលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ននោះ ដោយអនុញ្ញាត្តឲ្យប្រធាន ឬនាយកប្រតិបត្តិអាចដកប្រាក់ ក្នុងទំហំណាមួយប៉ុណ្ណោះ បើសិនជាដកលើសចំនួន គឺត្រូវប្រជុំសម្រេចពីក្រុមប្រឹក្សាភិបាល។

ទី៤ ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលCIC ទាំង១២រូប សុទ្ឋតែជាអ្នកជំនួញ និងមានសមត្ថភាព ហេតុអ្វីពួកគេបណ្តោយឲ្យរឿងនេះកើតមានឡើងទៅរួច?។

ជាក់ស្តែង លោកឃីម សុខហេង ដែលជានាយកសាលាបណ្តុះបណ្តាលភាពជោគជ័យ(LSI) និងជាបុគ្គលសំខាន់ម្នាក់នៅពីក្រោយការប្រមូលលុយសន្ឋឹកសន្ឋាប់នេះ បានព្យាយាមលាក់បាំងការពិត ពីអ្វីដែលលោកទទួលខុសត្រូវ និងបានបដិសេធថា ក្រុមហ៊ុននេះនៅតែដំណើរការ និងមិនដួលរលំ?។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាច្រើនបានឲ្យដឹងថា ជនរងគ្រោះជាច្រើនបាន និងកំពុងពិភាក្សាគ្នា ដើម្បីជួលមេធាវីឲ្យធ្វើការងារ និងដាក់ពាក្យបណ្តឹងលើរឿងនេះ ដោយពួកគាត់បានលើកឡើងថា ប្រសិនជាគ្មានការដាក់ពាក្យបណ្តឹងរឿងនេះ នឹងអាចមិនទទួលបានលទ្ឋផល៕

មន្រ្តីជាន់ខ្ពស់ និងសេដ្ឋវិទូៈ កម្ពុជាត្រូវតែពិនិត្យមើលលើលំហូរFDI ឱ្យបានដិតដល់ មុននឹងសម្រេចអនុម័ត

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមសេដ្ឋវិទូ និងក្រុមអ្នកជំនាញ លើកិច្ចការសេដ្ឋកិច្ចកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលពិនិត្យមើល គម្រោងលំហូរវិនិយោគផ្ទាល់ពីបរទេស (FDIs) ឱ្យបានដិតដល់ជាមុនសិន មុនពេលសម្រេចចិត្តអនុម័តឱ្យអនុវត្តន៍។

លោកបណ្ឌិត Jayant Menon សាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថាន Yusof Ishak និងជាអតីតសេដ្ឋវិទូ នៅធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានលើកឡើងថា “អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ត្រូវតែវាយតម្លៃជាផ្លូវការលើការចំណាយ និងអត្ថប្រយោជន៍ នៃសំណើគម្រោងវិនិយោគទាំងអស់ មុននឹងអនុម័ត”។

លោកបានផ្តល់អនុសាសន៍ថា “កម្ពុជាគួរតែបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យគម្រោងថ្មីមួយ ដែលអាចដំណើរការជាស្ថាប័ន មិនមានលក្ខន្ដិកៈ ដែលមានតំណាងអន្តរក្រសួង និងភាគីអ្នកពាក់ព័ន្ធជាច្រើន ដូចជា ថ្នាក់ដឹកនាំសហគមន៍ ក្រុមអ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីវាយតម្លៃសំណើគម្រោងវិនិយោគ”។

លោកបណ្ឌិត Jayant បានបង្ហាញមតិនៅលើគេហទំព័ររបស់វិទ្យាស្ថាន Yusof Ishak យ៉ាងដូច្នេះថា “ស្ថាប័ននេះគួរតែជ្រើសរើសបុគ្គលិក ដែលមានសមត្ថភាពបច្ចេកទេស និងមានសមត្ថភាពធ្វើការវិភាគរវាងការចំណាយ និងអត្ថប្រយោជន៍បានគ្រប់ជ្រុងជ្រោយ ដើម្បីជាធាតុចូលក្នុងការវាយតម្លៃ”។

សេដ្ឋវិទូដ៏ល្បីឈ្មោះរូបនេះបន្ថែមទៀតថា “កម្ពុជាគួរតែសម្រិតសម្រាំង និងមានយុទ្ធសាស្ត្រ ក្នុងការជ្រើសរើសគម្រោងវិនិយោគ ទោះបីជាគម្រោងនោះ ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយដើមវិនិយោគពីបរទេស ឬជាការផ្តល់ប្រាក់កម្ចីយ៉ាងណាក្តី”។

ការអំពាវនាវឱ្យមានការប្រុងប្រយ័ត្ននេះ បានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយ៉ាងខ្លាំង ដើម្បីទាក់ទាញលំហូរ FDI មកពីទូទាំងពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏កំពុងប្រឈម នឹងការប្រកួតប្រជែងពីសំណាក់ បណ្តាប្រទេសជិតខាងផ្សេងទៀតនៅក្នុងតំបន់ ដូចជា ប្រទេសថៃ វៀតណាម និងម៉ាឡេស៊ីជាដើម។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ  អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “រាជរដ្ឋាភិបាលកម្ពុជាបានបោះទុនវិនិយោគយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែទឹកជ្រៅ និងគម្រោងធារាសាស្ត្រ ក្នុងចំណោមគម្រោងផ្សេងៗទៀត។

លោក​បាន​ចង្អុល​បង្ហាញ​ថា “ក្នុង​ន័យ​នេះ ការ​ពិនិត្យ​មើល​គម្រោ​ង​ ដែល​ស្ថិត​ក្រោម​វិស័យ​អាទិភាពឱ្យបានដិតដល់ គឺពិតជាមាន​សារៈ​សំខាន់​ណាស់​”។

លោក ឡោ វិចិត្រ បានបន្តថា រដ្ឋាភិបាលកំពុងចាប់ផ្តើមអនុវត្តន៍អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចកាបូបឌីជីថល ដែលសម្រេចបានវឌ្ឍនភាពយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានភាពល្អប្រសើរ ជាងបណ្តាប្រទេសជិតខាងទៅទៀត។

លោកបានផ្តល់ជាអនុសាសន៍ថា “កម្ពុជាត្រូវតែកំណត់ថា តើ FDI មួយណាជាផ្នែកសំខាន់ ដែលទាមទារការយកចិត្តទុកដាក់បន្ថែម ការលើកទឹកចិត្ត និងការសម្របសម្រួលពីរដ្ឋាភិបាល ដើម្បីបន្តសម្រេ​ចបាននូវភាពជោគជ័យ ហើយការរក្សានិរន្តរភាពនៃលំហូរ FDI ពិតជាមានសារៈសំខាន់បំផុត”។

លោកឡោ វិចិត្រ បានគូសបញ្ជាក់ថា “វិស័យកសិកម្ម កសិ-កែច្នៃ និងតំបន់សេដ្ឋកិច្ចពិសេស ត្រូវតែជាវិស័យសំខាន់ និងជាអាទិភាព ក្នុងការទាក់ទាញលំហូរ FDI”។

លោកបានលើកឡើងថា “រដ្ឋាភិបាលត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនការវិនិយោគ ទៅលើពាណិជ្ជកម្មអេឡិចត្រូនិក ឬហៅថាE-Commerce ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា កាន់តែច្រើនឱ្យចូលមកបណ្តាក់ទុន នៅកម្ពុជានាពេលអនាគត”។

លោក ឡោ វិចិត្រ អះអាងថា “ការវិនិយោគដ៏ត្រឹមត្រូវទៅលើធនធានមនុស្សពិតជា នឹងនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស ដូចជាក្រុមហ៊ុន Apple ឬក្រុមហ៊ុន Intel ឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ដោយពិចារណាទៅលើភាពជោគជ័យរបស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល”។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា​ត្រូវតែត្រៀមខ្លួន​​ប្រកួត​ប្រជែង​​ ដើម្បី​ទាក់ទាញលំហូរ FDI បើ​ទោះ​ជា​យើងបាន​ចុះ​ហត្ថលេខា ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរភាគី និង​កិច្ច​ព្រមព្រៀងពហុភាគី ជាច្រើនរួចមកហើយយ៉ាងណាក្តី។

លោកបន្តថា “បរិបទនៃលំហូរវិនិយោគផ្ទាល់ ពីបរទេសបានផ្លាស់ប្តូរ និងកាន់តែមានភាពស្មុគស្មាញ ដោយសារការប្រែប្រួលនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងស្ថានភាពភូមិសាស្ត្រសេដ្ឋកិច្ច”។

លោក វង្សី វិស្សុត បន្ថែមថា “កម្ពុជាត្រូវតែមានភាពសកម្ម នៅពេលនិយាយដល់ការកំណត់គោលដៅ និងផែនការសកម្មភាពជាក់លាក់ ដើម្បីបង្កើនការទាក់ទាញលំហូរ FDI ព្រោះការវិនិយោគមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងលើកកំពស់កម្រិតជីវភាពរបស់ប្រជាជន”។

ប្រទេសកម្ពុជាបានទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេសជិត៤៥ពាន់លានដុល្លារ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយតួលេខនេះ បានកើនឡើងជាងទ្វេរដង ចាប់តាំងពីឆ្នាំ២០១៤ ដែលមានទំហំទឹកប្រាក់ប្រមាណ២០ពាន់លានដុល្លារ។

កាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសកម្ពុជាបានទាក់ទាញលំហូរ FDI សរុបជាទឹកប្រាក់ចំនួន៤,៦៨ពាន់លានដុល្លារ ដោយកើនឡើង៧,៥ភាគរយពី៤,៣៥ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០២២។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់វិនិយោគថ្មី ត្រូវបានគេវាយតម្លៃថា ជាកត្តាជំរុញឱ្យកម្ពុជាសម្រេចបានភាពជោគជ័យ ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសនាពេលថ្មីៗនេះ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា បណ្តាវិនិយោគិនបរទេស ដែលបានចូលមកបណ្តាក់ទុននៅកម្ពុជា ក្នុងឆ្នាំ២០២២ភាគច្រើនបំផុត មានប្រភពមកពីប្រទេសចិន ប្រទេសជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងប្រទេសសិង្ហបុរី ហើយគម្រោងវិនិយោគភាគច្រើនតែងផ្តោតជាសំខាន់ ទៅលើវិស័យកសិកម្ម និងកសិឧស្សា ហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕