បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ាគ្រោងសាងសង់គម្រោងផ្លូវរថភ្លើងប្រវែង២.១៧៣គីឡូម៉ែត្រតភ្ជាប់តំបន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសចំនួន៦ នៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើការរួមគ្នា ដើម្បីសាងសង់ខ្សែរថភ្លើងប្រវែង ប្រហែល២.១៧៣គីឡូ​ម៉ែត្រ ដែលជាយុទ្ឋសាស្រ្តនៃការតភ្ជាប់ និងសមាហរណកម្មប្រទេសក្នុងតំបន់នេះ។

គម្រោងដ៏ធំនេះ នឹងត្រូវចំណាយថវិកាសាងសង់អស់រាប់ពាន់លានដុល្លាអាមេរិក ដែលជាគម្រោង​ហេដ្ឋារចនាសម្ព័ន្ឋធំ​ជាងគេបំផុត​ទី​ពីរ​នៅក្នុងពិភពលោក។

គម្រោងនេះមានឈ្មោះថា The Gulf Railway គឺជាប្រព័ន្ធផ្លូវដែក ដែលត្រូវបានស្នើសាងសង់ឡើង ដើម្បីតភ្ជាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ (GCC)។  ខ្សែរថភ្លើងនេះ នឹងតភ្ជាប់ប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។Gordie Howe International Bridgeបណ្តារដ្ឋនីមួយៗមានទំនួលខុសត្រូវ ក្នុងការសាងសង់ផ្នែកនៃគម្រោង ដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយនឹងសាងសង់បណ្តាញផ្លូវដែក ស្ថានីយ៍ និងស្ថានីយដឹកទំនិញផ្ទាល់ខ្លួន។

យោងតាម​ការប៉ាន់ស្មាន គម្រោងនេះនឹងត្រូវចំណាយថវិកាចំនួន១៩៦ពាន់លានផោន(ប្រហែល២៥១,៨៣ពាន់លានដុល្លារអាមេរិក) ប៉ុន្តែការសាងសង់​នៅ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ បើទោះជា​ខ្សែរថភ្លើងនេះ គ្រោង​នឹង​បើក​ដំណើរការ ​ក្នុង​ឆ្នាំ២០២៥យ៉ាងណាក្តី។

គម្រោងនេះត្រូវបានស្នើឡើង និងអនុម័តជាលើកដំបូងដោយក្រុមប្រឹក្សា GCC ក្នុងឆ្នាំ២០០៩ ប៉ុន្តែនៅពេលនោះ ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាសមាជិកតែមួយគត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ខ្សែរថភ្លើងនេះ នឹងមានចំណុចចាប់ផ្តើមពីប្រទេសគុយវ៉ែត ហើយឆ្លងកាត់កំពង់ផែ Dammam និងកំពង់ផែ Al-Batha របស់ប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុង Abu Dhabi និងទីក្រុង Al Ain របស់ប្រទេសអារ៉ាប់រួម និងទីក្រុងSohar មុនពេលបញ្ចប់នៅរដ្ឋធានី Muscat ប្រទេសអូម៉ង់។

គម្រោងខ្សែរថភ្លើងនេះ ក៏នឹងមានផ្លូវបែកខ្នែង ពីកំពង់ផែ Dammam ទៅកាន់ប្រទេសបារ៉ែន (Bahrain) និងប្រទេសកាតា (Qatar) តាមរយៈផ្លូវ ដែលស្នើសាងសង់ឡើងចំនួន២ខ្សែ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់រថភ្លើង ដែលអាចធ្វើដំណើរបានក្នុងល្បឿន២២៥,៣គីឡូម៉ែត្រក្នុងមួយម៉ោង៕

ធនាគារ ហត្ថា និង មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចាប់ដៃគ្នាក្នុងការផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ជូនអតិថិជនរបស់ខ្លួន

ដោយ : សហការី

ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា ជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរពេទ្យដ៏ធំលេចធ្លោមួយក្នុងចំណោមមន្ទីរ​ពេទ្យនានា នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និង លោកជំទាវ ឧកញ៉ា គួន ធីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មន្ទីរ​ពេទ្យ អរៀនដា ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកជាច្រើន ពីស្ថាប័នទាំងពីរ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការបង្កើនលទ្ធភាពផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដូចជាការបញ្ចុះតម្លៃលើសេវា និងកញ្ចប់ពិនិត្យសុខភាពទូទៅ រហូតដល់៥០% ព្រមទាំងទទួលបានការបញ្ចុះតម្លៃភ្លាមៗរហូតដល់២០% សម្រាប់សេវាសម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ក្នុង​ស្រុក ការចាក់វ៉ាក់សាំង និងសេវាសុខភាពជាច្រើនមុខទៀត សម្រាប់អតិថិជន បុគ្គលិកធនាគារ ហត្ថា និងក្រុមគ្រួសាររបស់ពួកគាត​់ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈហត្ថាម៉ូបាល និងប័ណ្ណហត្ថាវីសា ជាមួយនឹងមន្ទីរពេទ្យ ប៉ុណ្ណោះ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ “កិច្ចសហការគ្នារវាង ធនាគារ ហត្ថា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា ពិតជាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថា” ។ លោកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា៖ “តំណាងឱ្យធនាគារ ហត្ថា ខ្ញុំសូមសំដែងការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ ដែលបានខិតខំបំពេញការងារនាំមកនូវសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរនៅថ្ងៃនេះ និងតាមរយៈកិច្ចចាប់ដៃគូជាយុទ្ធសាស្ត្រនេះ អតិថិជនដ៏មានតម្លៃរបស់យើង នឹងទទួលបាននូវអត្ថប្រយោជន៍ពីការបញ្ចុះដ៏ធំសម្បើមដូចជាសេវាកញ្ចប់ពិនិត្យសុខភាពទូទៅ រហូតដល់៥០%  និងសេវាព្យាបាលដទៃផ្សេងទៀតរហូតដល់២០% ” ។

លោកជំទាវ ឧកញ៉ា គួន ធីតា បានបង្ហាញថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាខ្ញុំ បង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ” និង លោកជំទាវឧកញ៉ា បង្ហាញថា ជាមួយនឹងគោលដៅរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវ តម្លៃដ៏សមរម្យរបស់ខ្លួន ដោយប្រកាន់យកគោលការណ៍ «តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ» ដើម្បីឱ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខាភិបាល ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា។ ជាក់ស្តែងចំពោះកញ្ចប់សម្រាលដោយធម្មជាតិ មានតម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជនទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗ មានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

អំពី មន្ទីរពេទ្យអន្តរជាតិ អរៀនដា

មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជំងឺលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកជម្ងឺកុមារ ផ្នែកជម្ងឺទូទៅ ផ្នែកព្យាបាលជំងឺធ្ងន់(ICU) និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់។ ការជឿជាក់ និងទំនុកចិត្តរបស់អ្នកជំងឺមកលើយើងខ្ញុំ គឺដោយសារមន្ទីរពេទ្យអន្តរជាតិអរៀនដាផ្តល់អាទិភាពជាចម្បងលើសុខភាព និងអាយុជីវិតរបស់អ្នកជំងឺដោយពុះពារ ប្រឹងប្រែងធ្វើការព្យាបាលនូវករណីដែលស្មុគ្រស្មាញ ជំងឺធ្ងន់ធ្ងរ និងកាចសាហាវបំផុត ដោយបានសង្គ្រោះអាយុជីវិតទារក កុមារ ស្រ្តី និងជនទូទៅគួរជាទីមោទនភាព។ ភាពជោគជ័យនៃបេសកកម្មដ៏សំខាន់នេះគឺអាស្រ័យដោយការចូលរួមពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងសមាជិកដទៃទៀតនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលពោរពេញដោយបទពិសោធន៍ខ្ពស់ ជំនាញច្បាស់លាស់ មានការតាំងចិត្តមោះមុត បំពេញការងារប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ រួមផ្សំជាមួយឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើប។

China’s domestic travel takes off, but foreign visitors yet to make a comeback

China expects domestic travel frequency and revenues to return to pre-pandemic levels this year, but international arrivals will take longer to recover, according to a state-affiliated research institute.

A report released on February 1 by the China Tourism Academy (CTA) predicts Chinese nationals will make as many as 6 billion trips this year, about the same as 2019, though they are expected to travel shorter distances.

While domestic travel is experiencing a steady recovery since the lifting of stringent Covid-19 restrictions, only 50 per cent of the international arrivals seen in 2019 are expected to return next year, the CTA report said.

Revenue from domestic tourism is expected to bounce by 23 per cent to 6 trillion yuan (US$839 billion) from 2023 to 2024 – exceeding the 5.7 trillion yuan (US$796 billion) revenues achieved in 2019.

Tourism in China has been recovering since December 2022, when the country’s zero-Covid policy was dropped, with the number of in-country trips last year returning to about 80 per cent of pre-pandemic levels. Source: SCMP

ការសិក្សាៈ ភ្ញៀវទេសចរបរទេសមិនទាន់ចូលទៅកាន់ប្រទេសចិនច្រើនឡើងវិញនៅឡើយ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនរំពឹងថា ចំនួននៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក និងប្រាក់ចំណូលនឹងស្ទុះងើបឡើងវិញ ដល់កម្រិតមុនផ្ទុះជំងឺកូវីដ នៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post។

ប៉ុន្តែទោះជាយ៉ាងណាក្តី ចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ នឹងត្រូវចំណាយពេលយូរជាងនេះ ក្នុងការស្តារឡើងវិញ។ នេះបើយោងតាមរបាយការណ៍សិក្សា របស់វិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ China Tourism Academy (CTA)។

របាយការណ៍របស់វិទ្យាស្ថាន CTA បានព្យាករថា ជនជាតិចិននឹងធ្វើដំណើរចំនួន៦ពាន់លានដង (Trip)នៅឆ្នាំនេះ ដែលជាកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០១៩ ប៉ុន្តែពួកគេនឹងធ្វើដំណើរក្នុងចម្ងាយជិតៗជាងមុន។

របាយការណ៍ដដែលបានបន្តថា ការធ្វើដំណើររបស់ភ្ញៀវទេស​ចរក្នុងស្រុក កំពុងស្ទុះងើបឡើងវិញជាលំដាប់ ចាប់តាំងពីរដ្ឋាភិបាលបានលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ ខណៈចំនួនភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់៥០%នៃកម្រិតមុនផ្ទុះជំងឺកូវីដ នៅឆ្នាំ២០២៥។

ប្រាក់ចំណូលពីភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេរំពឹងថា នឹងកើន​ឡើង២៣ភាគរយ ដល់៦ទ្រីលានយ័ន (ប្រហែល៨៣៩ពាន់លានដុល្លារ) ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បើធៀបនឹងប្រាក់ចំណូលចំនួន៥,៧ទ្រីលានយ័ន ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩។

វិស័យទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិន បាននិងកំពុងស្ទុះងើបឡើងវិញ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ខណៈចំនួននៃការធ្វើដំណើរកំសាន្ត ក្នុងប្រទេសចិនកាលពីឆ្នាំ២០២៣ បានកើនឡើងដល់អត្រា៨០ភាគរយ នៃកម្រិតមុនផ្ទុះជំងឺរាតត្បាត៕

ដំណឹងល្អៈ ការបើកជើងហោះហើរត្រង់រវាងកម្ពុជា អូស្រ្តាលី អាចនឹងចាប់ផ្តើមនាពេលខាងមុខ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការនាពេលខាងមុខ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចុះពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១២ មិនាកន្លងមកនេះ។

សម្តេចបានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនង វិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំ គណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី កាលពីសប្ដាហ៍កន្លងទៅនេះ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាងសង់ចំនួន៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន១,៥០០លា​ន​ដុល្លារ​អាមេរិក។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា “ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងធ្វើឡើងនៅពេលដែលចំនួនអ្នកធ្វើដំណើរមានការកើនឡើង ខណៈបច្ចុប្បន្ននេះរាល់ ការធ្វើដំណើរមកពីប្រទេ​សអូស្ដ្រាលី ត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗ ទើបបន្ដមកដល់ប្រទេសកម្ពុជា”។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបានបន្តថា ថ្ងៃមុនទៅអូស្ដ្រាលីយើងបានចុះកិច្ចព្រមព្រៀង ជាមួយអូស្ដ្រាលី ពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាស, យើងថ្ងៃមុខអាចឈានទៅដល់ការហោះហើរត្រង់តែម្ដង។

សម្តេចបានបញ្ជាក់ថា “ឥលូវនេះយើងហោះមកចូលតាមប្រទេ​សផ្សេងៗ យើងចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលី បើកច្រកថ្ងៃក្រោ​យបើមានចំនួនមនុស្សធ្វើដំណើរ”។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងតភ្ជាប់ ជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានានៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា នឹងមានភាពងាយស្រួលនៅពេលដែលកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធវិស័យផ្លូវអាកាសគ្រប់គ្រាន់ ពោលជាក់ស្ដែង ដូចអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅពេលសាងសង់រួចរាល់ នឹងកាន់តែបង្កលក្ខណៈងាយស្រួល។ ដូច្នេះហើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស និងមនុស្សក្នុងវិស័យទេស​ចរណ៍ត្រូវតែដើរទន្ទឹមគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចរាល់ហើយនោះ ចំនួនជើងហោះហើរ ពិសេសប្រភេទយន្ដហោះធុនធំ ដែលមកពីប៉ែកអឺរ៉ុប នឹងមានកាន់តែច្រើន ម្ល៉េះហើយនៅពេលនេះ វិស័យទេសចរណ៍របស់កម្ពុជា នឹងកាន់តែមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា ក៏កាន់តែកើនឡើងដូចគ្នាដែរ៕

ក្រុមហ៊ុនប្រេងខ្នាតយក្សAramco គ្រោងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុន Saudi Aramco  បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមទៀត នៅក្នុងប្រទេ សចិន ព្រោះលោកជឿជាក់ថា តម្រូវការប្រេងនៅចិនមានភាពរឹងមាំ ហើយបាននិងកំពុងកើនឡើង។

ក្រុមហ៊ុនប្រេង Aramco បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន ដោយបានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការចម្រាញ់ប្រេង និងគីមីឥន្ធនៈ ដែលកិច្ចព្រមព្រៀងមួយចំនួន មានភ្ជាប់ជាមួយកិច្ចព្រមព្រៀងទិញលក់ប្រេងឆៅ។

លោក Amin Nasser បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា គិតរហូតមកដល់ពេលនេះ យើងកំពុងស្ថិតនៅដើមឆ្នាំ២០២៤ ហើយតម្រូវការប្រេង នៅក្នុងប្រទេសចិនមានសុខភាពល្អ និងកំពុងកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានReuters។

លោកNasser បានលើកឡើងបែបនេះ បន្ទាប់ពីការចេញផ្សាយលទ្ធផល ដែលបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនប្រេងយក្ស Aramco ធ្លាក់ចុះ២៤,៧% មកនៅត្រឹម១២១,៣ពាន់លានដុល្លារ ដោយសារតម្លៃប្រេងធ្លាក់ចុះ។

ជាមួយគ្នានេះ លោក Nasser រំពឹងថា ទីផ្សារប្រេងពិភពលោកនឹងនៅតែមានសុខភាពល្អ ពេញមួយឆ្នាំ២០២៤នេះ។ លោក Nasser បានព្យាករថា តម្រូវការប្រេងសកលនឹងកើន ដល់១០៤លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ២០២៤ បើធៀបនឹងតម្រូវការជាមធ្យមចំនួន១០២,៤លានបារ៉ែល ក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។

កាលពីចុងខែមករា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាឱ្យក្រុមហ៊ុន Aramco លុបចោលផែនការពង្រីកសមត្ថភាព ផលិតកម្មរបស់ខ្លួនដល់១៣លានបារ៉ែលក្នុងមួយថ្ងៃ ដោយត្រឡបទៅគោលដៅផលិតត្រឹមតែ១២លានបារ៉ែលក្នុងមួយថ្ងៃ ដូចកាលពីមុន។

គម្រោងចំនួន២ ដែលជាផ្នែកមួយ នៃផែនការពង្រីកផលិតកម្មគឺគម្រោង Safaniyah និងគម្រោង Manifa ត្រូវបានផ្អាក ខណៈដែលគម្រោងចំនួន៣ផ្សេងទៀតកំពុងដំណើរការ។

គម្រោងទាំង៣នោះ រួមមានដូចជា គម្រោង Zuluf គម្រោង Marjan និងគម្រោង Berri ដែលរំពឹងថា នឹងបន្ថែមការផលិតប្រេងឆៅចំនួន៦០ម៉ឺន ៣០ម៉ឺន  និង២៥ម៉ឺនបារ៉ែលរៀងៗគ្នា ក្នុងមួយថ្ងៃ៕

ការព្យាករណ៍ថ្មីៈ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាចនឹងថយចុះ ខណៈភូមិសាស្ត្រនយោបាយមានភាពតានតឹង

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Economist Intelligence Unit (EIU)បានឱ្យដឹងថា ភាពតានតឹងភូមិសាស្ត្រនយោ​បាយនៅតំបន់សមុទ្រក្រហម អាចនឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីទាំងមូល និងជំរុញឱ្យអត្រាអតិផរណាកើនឡើង ហើយបណ្តាប្រទេស ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត រួមមាន ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។

ជាមួយគ្នានេះ យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា ក្នុងរយៈពេល២ខែដំបូង ដើមឆ្នាំ២០២៤នេះ សកម្មភាពពាណិជ្ជកម្ម នៅព្រែកជីកស៊ុយអេ(Suze) បានដាំក្បាលចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ព្រែកជីកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏ខ្លីបំផុត រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលគ្របដណ្តប់ប្រមាណ១៥ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោកតាមផ្លូវសមុទ្រ។

ប៉ុន្តែក្រោយពីក្រុមឧទ្ទាម ហ៊ូទី បានបើកការវាយប្រហារទៅលើតំបន់សមុទ្រក្រហម នាវាដឹកទំនិញជាច្រើន បានផ្លាស់ប្តូរទិសដៅធ្វើដំណើរទៅតាមផ្លូវវាងជុំវិញទ្វីបអាហ្វ្រិក ដែលត្រូវចំណាយពេលជាមធ្យមចំនួន១០ថ្ងៃ។

ក្រុមហ៊ុនEIU បានព្រមានថា ភាពតានតឹងនេះ អាចអូសទាញកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីឱ្យថយចុះ និងជំរុញអត្រាអតិផរណាឱ្យកើនឡើង។ ទោះជាយ៉ាងនេះក្តី ការនាំចេញរបស់បណ្តាប្រ​ទេសមួយចំនួននៅតំបន់អាស៊ី បានរងផលប៉ះពាល់រួចទៅហើយ គិតចាប់តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ដោយសារតែការបញ្ជាទិញពីប្រទេសលោកខាងលិចមានការថមថយចុះ។

ដូច្នេះហើយ ការវាយប្រហារដោយក្រុមឧទ្ទាម ហ៊ូទី ទៅលើនាវាដឹកទំនិញនាពេលថ្មីៗនេះ នឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែលំបាក ជាពិសេសគឺ ប្រទេសដែលពឹងផ្អែកខ្លាំង លើការនាំចេញ ហើ​យប្រទេស ដែលងាយរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។

យោងតាមការគណនារបស់ក្រុមហ៊ុនស្រាវជ្រាវ EIU រកឃើញថា ដើមឡើយ ការដឹកជញ្ជូនទំនិញពីទ្វីបអឺរ៉ុប ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ត្រូវចំណាយពេលប្រហែល៣២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពេលនេះ ការដឹកជញ្ជូនទំនិញរវាងទ្វីបទាំង២ ត្រូវចំណាយពេលចំនួន៥៦ថ្ងៃ។ ចំណែកឯការដឹកជញ្ជូនពីអឺរ៉ុប ទៅកាន់ប្រទេសចិន ត្រូវចំណា​យពេលចំនួន៥៥ថ្ងៃ បើធៀបនឹងចំនួន៤២ថ្ងៃកាលពីមុន។

កាលពីខែមករាកន្លងទៅ ក្រុមហ៊ុនវិភាគសេដ្ឋកិ​ច្ច Oxford Economics បានព្រមានថា បច្ចុប្បន្ននេះ ថ្លៃដឹកជញ្ជូនកុងតឺន័របានកើនឡើងទ្វេរដង បើធៀបនឹងដើមខែធ្នូ ឆ្នាំ២០២៣ ហើយកំណើនថ្លៃដឹកជញ្ជូន នឹងបង្កផលប៉ះពាល់ដល់ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេស ដែលពឹងផ្អែកលើការនាំចូលអាហារ ដូចជា ប្រទេសឥណ្ឌា និងប៉ាគីស្ថានជាដើម។

ក្រុមហ៊ុន EIU បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អាចបន្ទាបកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីចំនួន០,៥ភាគរយ នៅឆ្នាំ២០២៤នេះ និងបង្កើនអត្រាអតិផរណាចំនួន០,៤ភាគរយបន្ថែមទៀត៕

តើតម្លៃអចលនទ្រព្យភ្នំពេញ និងទីក្រុងនៃបណ្តាប្រទេសអាស៊ាននានា ខ្ពស់ជាងប្រាក់ចំណូលរបស់ប្រជាជនប៉ុន្មានដង?

ដោយ: គង់ លាងហួរ

ភ្នំពេញៈ តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងរាជធានីភ្នំពេញ មានកម្រិតខ្ពស់ជាង ប្រាក់ចំណូលរបស់ប្រជាជនទូទៅចំនួន២៩ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះ១,៥ដង បើធៀបកាលពីពាក់កណ្តាលឆ្នាំមុន។ នេះបើយោងតាមគេហទំព័រស្ថិតិ Numbeo ដែលមានមូលដ្ឋាននៅប្រទេសស៊ែប៊ី។

ចំណែកឯ តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម មានកម្រិតខ្ពស់ជាងប្រាក់ចំណូលរបស់ប្រជាជនទូទៅចំនួន៣៦,៣ដង នៅដើមឆ្នាំ២០២៤នេះកើនឡើង បើធៀបនឹង៣៥,៤ដងកាលពីពាក់កណ្តាលឆ្នាំមុន។

តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហាណូយ មានកម្រិតខ្ពស់ជាង ប្រាក់ចំណូលរបស់ប្រជាជនទូទៅ ចំនួន១៩,៦ដង នៅដើមឆ្នាំ២០២៤នេះកើនឡើង បើធៀបនឹង១៨,៤ដងកាលពីពាក់កណ្តាលឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ មានកម្រិតខ្ពស់ជាងប្រាក់ចំណូល របស់ប្រជាជនទូទៅចំនួន៣០,៥ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង៣១,៣ដងកាលពីពាក់កណ្តាលឆ្នាំមុន។

តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មានកម្រិតខ្ពស់ជាងប្រាក់ចំណូល របស់ប្រជាជនទូទៅចំនួន១៩,១ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង២២,៥ដងកាលពីពាក់កណ្តាលឆ្នាំមុន។

តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានកម្រិតខ្ពស់ជាងប្រាក់ចំណូល របស់ប្រជាជនទូទៅចំនួន៣៣,៨ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង៤០,៨ដងកាលពីពាក់កណ្តាលឆ្នាំមុន។

ចំណែក តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានកម្រិតខ្ពស់ជាងប្រាក់ចំណូលរបស់ប្រជាជនទូទៅចំនួន៧,៣ដងប៉ុណ្ណោះ នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង៨,២ដងកាលពីពាក់កណ្តាលឆ្នាំមុន៕

មន្រ្តីជាន់ខ្ពស់កម្ពុជា ចិនពិភាក្សាពិភាក្សាផ្តោតលើឱកាសធ្វើធុរកិច្ច ខណៈអ្នកវិនិយោគចិនបន្តនាំមុខនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នកធុរកិច្ចកម្ពុជា និងចិន បានបើកកិច្ចប្រជុំស្ដីពី ការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នា រវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ”។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយការិយាល័យបរទេសនៃខេត្តសានតុង សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកការយល់ដឹង អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកជា វុទ្ឋីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅប្រទេសកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ ចំពោះកិច្ចសហប្រតិបត្តិការវិនិ​យោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

លោកក៏បានគូសបញ្ជាក់អំពីក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានដំឡើងកម្រិតជា “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងអាចសម្រេចបាន នូវកិច្ចសហប្រតិបត្តិការផ្នែកនយោ​បាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀត ឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។

លោក ជា វុទ្ឋីបានលើកទឹកចិត្តឱ្យវិនិយោគិនចិន អញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជា ដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ។

លោកបានជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត សំបកកង់រថយន្ដនៅកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដ ដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។

រំហូរទុនវិនិយោគរបស់ចិន តែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំ ក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងកសិ-ឧស្សាហកម្ម៕

គំរោងជាប់គាំងនៅខេត្តព្រះសីហនុចំនួន៥ទៀតត្រូវបានលើកយកមកជជែកដោយមន្រ្តីពាក់ព័ន្ឋ

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សា លើការស្នើការលើកទឹកចិត្តពិសេស របស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធ នឹងអគារជាប់គាំងចំនួន៥បន្ថែមទៀត។

កិច្ចពិភាក្សាកាលពីថ្ងៃទី១២ មិនាកន្លងមកនេះ ត្រូវបានដឹកនាំ ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត របស់វិស័យឯកជន ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។

ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការលើកទឹក-ចិត្តពិសេស និង ការសម្រួលនីតិវិធី ។

គម្រោងទាំង៥ នេះ រួមមាន ទី១ គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី២ គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ទី៣ គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ទី៤ គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងទី៥ គម្រាងអគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ក្រុមការងារបានឯកភាពជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្ត ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់ អនុវត្តន៍គម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងទាំង៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ចដោយរលូន។

កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានពិនិត្យ និងសម្រេ​ចលើការផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។ សម្រាប់ខែ មីនា និងជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និងកំពុងទទួល និងពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។

កិច្ចការទាំងនេះ ទទួលបានការគាំទ្រ និងការចូលរួមសហការល្អពីក្រសួងស្ថាប័ន ដែលមានសមត្ថ-កិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តព្រះសីហនុ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ “អត្ថ-ប្រយោជន៍ពិសេស” អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃនិងផ្តល់ការអនុម័ត នៅការិយា​ល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌ​ល​អភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០។