សម្តេចធិបតីប្រកាសពីការលើកលែងពន្ឋជាច្រើនប្រភេទ ដើម្បីលើកស្ទួយសេដ្ឋកិច្ច

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសលើកលែងពន្ឋ និងបន្តការអនុវត្តការមិនយកពន្ឋលើផ្នែកជាច្រើននៃសេដ្ឋកិច្ច។

សម្តេចបានថ្លែងក្នុងវេទិការដ្ឋ និងវិស័យឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា រដ្ឋាភិបាលនឹងបន្តអនុវត្តន៍ លើការលើកលែងពន្ធលើវិស័យ និងផ្នែកសំខាន់ៗជាច្រើនដូចជា ទី១ ដីកសិកម្ម ពន្ធលើដីស្រែ ចំការជាលក្ខណៈគ្រួសារ និងលើកលែងពន្ធនាំចូលសម្ភារៈកសិកម្ម ទី២ លើកលែងពន្ធអចលទ្រព្យតម្លៃទាបជាង១០០លានរៀល ទី៣ ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទិ្ធអចលនទ្រព្យ ពីឪពុកម្តាយមកកូន ប្រពន្ធនិងប្តី និងយាយតាមកកាន់ចៅ ទី៤ អាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់បៀរវត្សរ៍របស់មន្ត្រីរាជការ និងពន្ធលើប្រាក់ឈ្នួលរបស់កម្មករ-និយោជិត។

សម្តេចបានបន្តទៀតថា លើសពីនេះ រដ្ឋាភិបាលក៏នឹងបន្តអនុវត្តការលុបចោលការបង់ភាស៊ី ការបង់ថ្លៃផ្សេងៗ សម្រាប់ប្រជាពលរដ្ឋដែលលក់ដូរផ្សេងៗតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទៅទូទាំងប្រទេស ព្រមទាំងអនុញ្ញាតឱ្យអាជីករ អាចអាស្រ័យផលលើតូបរានស្តង់ដារ នៅតាមទីតាំងផ្សាររដ្ឋ៕

 

 

សម្តេចធិបតីបញ្ជាក់ពីសិទ្ឋទិញដី និងផ្ទះរបស់ជនបរទេសនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាបានលើកឡើងនិងបញ្ជាក់ពីយន្តការមួយចំនួន ទាក់ទងនឹងការអនុញ្ញាត្តឲ្យជនបរទេសទិញដី និងលំនៅដ្ឋានជាប់ដីនៅកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងក្នុងវេទិការរដ្ឋ និងវិស័យឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ ដោយបានរំលឹកថា ទោះបីជនបរទេស មិនមានសិទ្ធិទិញដី ឬផ្ទះនៅជាន់ផ្ទាល់ដីក្ដី តែជនបរទេសមានសិទ្ធិស្របច្បាប់ នៅក្នុងការជួលរយៈពេលវែង គឺរហូតដល់៥០ឆ្នាំ។

សម្តេចបានបញ្ជាក់ថា “នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានដាក់ចេញរួចទៅហើយ”។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសលើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត ចំពោះលំនៅឋានដែល មានតម្លៃលើសពី៧០,០០០ដុល្លារឡើងទៅ។ អ្នកទិញលំនៅឋាន ដែលមានតម្លៃ៧០,០០០ ដុល្លារចុះ នឹងត្រូវរួចពន្ធប្រថាប់ត្រា៕

សម្ដេចធិបតីៈដីដែលមិនបានប្រើប្រាស់មានទំហំចាប់ពី៥ហិកតា ចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មានប្រសាសន៍ក្នុងវេទិកា “រាជរដ្ឋាភិបាល-ផ្នែកឯកជន” លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីដីដែលមានទំហំ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំ ចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី៥ហិកតា នឹងចាប់អនុវត្តន៍នៅដើមឆ្នាំ២០២៥។

ក្នុងវេទិកានៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ គឺមិនយកពន្ធលើផលចំណេ​ញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថា រដ្ឋមិនចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាលចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕

ដំណឹងល្អ!សម្ដេចធិបតីឱ្យក្រសួងស្ថាប័នចុះធ្វើអធិការកិច្ចតាម ក្រុមហ៊ុនឯកជនត្រឹម១ដងក្នុង១ឆ្នាំ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ឱ្យគ្រប់ក្រសួង និងស្ថានប័នផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុង១ឆ្នាំ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើងទើប ចុះធ្វើអធិ​ការកិច្ចតាមជាក់ស្ដែងបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាកាសកំណត់បែបនេះ ឆ្លើយតបតាមការស្នើសុំ របស់វិស័យ​ឯកជន ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព។ក្នុងឱកាសនេះ សម្តេចធិបតីបានថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបាន​ខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន ដែលបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយគ្នា មុនពេលការរៀបចំវេទិកា “រាជរដ្ឋាភិបាលផ្នែកឯកជន”នេះឡើង។ ដូច្នេះ នៅក្នុងវេទិកា រាជរដ្ឋាភិបាលផ្នែកឯកជន ថ្ងៃនេះ សម្ដេចធិបតី បានសម្រេចឱ្យមានការបង្កើក ​ក្រុមការងារ​អន្តរក្រសួងតាមវិស័យ ដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុង១ឆ្នាំ។

សម្ដេចធិបតីបានបញ្ជាក់ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ​ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗជាមុនសិន ហើយនៅពេលរៀបចំដាក់ឱ្យ​អនុវត្តត្រូវ​ផ្សព្វផ្សា​យ​ឱ្យបានយ៉ាងតិច៦ ​ខែមុនដាក់ឱ្យអនុវត្តន៍។

​សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា “រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ​ មិនមានការបង្កើតពន្ធថ្មីនោះទេ ​ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ៕

រដ្ឋាភិបាលដាក់ផលិតផលកសិកម្មថ្មី៥មុខទៀត ទៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមផលិតផលកសិកម្ម ចំនួន៥មុខបន្ថែមទៀត ទៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ។

ការប្រកាសនេះ បានធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា​ ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ថែមផលិតផលកសិកម្មចំនួន៥មុខទៀត ដែលកំពុងមានសក្ដានុពល គឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង នៅក្នុងស្រុក ដែលជាវត្ថុធាតុដើម ផលិតចំណីសត្វ ដោយអនុវត្តយន្ដការលើកទឹកចិត្តដូចគ្នា នឹងប្រកាសលេខ២៥២ខាងលើ ស្ដីពី ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ, អង្ករ ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឲ្យមាន ការផ្ដល់បញ្ជីឈ្មោះ អ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឲ្យបានច្បាស់លាស់ ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើន នៅក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្ត ឲ្យក្លាយទៅជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។

ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មចំនួន ៨មុខ រួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។

សម្ដេចធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ជារួមផលិត​ផលកសិកម្មទាំង៨មុខខាងលើនេះ ទទួលបានការលើកលែងពន្ធកាត់ទុក លើការទូទាត់ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គល មិនស្ថិតនៅក្នុងរបបស្វ័យប្រកាស អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវា ឲ្យដល់សហគ្រាស ទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរមា នៅក្នុងករណី បា​នកាន់នូវបញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

វិមានសំណាងបុរីដំបូងគេនៅរាជធានីដែលមានព្រែកធម្មជាតិហូរកាត់

ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការមានបឹងនៅក្បែរឬនៅក្នុងគំរោង ជារឿងគួរឲ្យចាប់អារម្មណ៍មួយរួចទៅហើយ ប៉ុន្តែប្រសិនជាមានព្រែកធម្មជាតិ និងមានទឹកហូរខួបប្រាំង ខួបវស្សាទៀតនោះ គឺរឹតតែពិសេសម្រាប់អ្នករស់នៅក្នុងបុរីនោះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់គំរោងបុរីវិមានសំណាងបានអះអាងកាលពីដើមសប្តាហ៍មុនថា បុរីវិមានសំណាងជាបុរីដំបូងគេ ដែលមានព្រែកធម្មជាតិជាង១០០០ម៉ែត្រហូរកាត់ ដែលភាពអំណោយផលនេះ បានធ្វើឲ្យលោកសម្រេចចិត្តសំអាត ថែរក្សា និងរៀបចំសួនច្បារតាមដងព្រែក ដើម្បីឲ្យម្ចាស់គេហដ្ឋាននានា ដើរហាត់​ប្រាណ អង្គុយអានសៀវភៅ និងសំរាកលំហែរបាន។លោកឧកញ៉ាបានបន្តថា បុរីវិមានសំណាងបាន និងកំពុងកសាងសហគមន៍ និងលំនៅដ្ឋានបែបស៊ីវិល័យមួយ ដោយផ្តោតលើធម្មជាតិ បរិស្ថានបៃតង និងផាសុខភាពសម្រាប់លំនៅដ្ឋាននិមួយៗ ដែលលំនៅដ្ឋានក្នុងបុរីនេះ​ សាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អូចធំៗ ដែលផ្តល់ឲ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ជាអ្វីដែលជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មី សស្របតាមនិន្នាការប្រែប្រួលអាកាសធាតុ។លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនជាស្ថាបត្យករដ៏ល្បី និងជាអគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជាបានលើកឡើងថា ការសាងសង់លំនៅដ្ឋាន ដែលផ្តោតលើភាពស៊ីវិស័យ គឺផ្តោតលើបរិស្ថានបៃតង ជាមួយដើមឈើ ទឹក ដែលធ្វើឲ្យបរិយាកាសក្នុងលំនៅដ្ឋានមានភាពត្រជាក់ និងមានអ៊ុកស៊ីសែកគ្រប់គ្រាន់ ដោយវានឹងផ្តល់បរិយាកាស ក្នុងការរស់នៅប្រក​បដោយភាពស្រស់ស្រាយ និងផាសុខភាព។

លោកសាស្រ្តាចារ្យបន្តថា “ការរស់នៅជាមួយដើមឈើ និងទឹក នឹងធ្វើឲ្យមានអារម្មណ៍ល្អ និងស្រស់ស្រាយ ហើយមានពន្លឺ និងដង្ហើមខ្យល់ចូលក្នុងផ្ទះជាប្រចាំ”៕

ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង១៨ពាន់លានដុល្លារក្នុងរយៈពេល១០ខែឆ្នាំនេះ

ដោយៈ គង់ ហ្វីអូណា

      ភ្នំពេញៈ  របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន​បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានប្រមាណជាង១៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសំខាន់ៗចំនួន២០ ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៣នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានចំនួនច្រើនជាងគេ ដោយបើគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ពោលគឺមានទំហំប្រមាណ៧,៤ពាន់លានដុល្លារ មានការថយចុះ១,៥ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួន៧,៦ពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីអាមេរិក ប្រទេសវៀតណាម បានឈរលេខរៀងទី២ ទទួលទិញទំនិញពីកម្ពុជា ប្រមាណ ២,២ពាន់លានដុល្លារ កើនឡើង​ជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានចំនួន១,៦ពាន់លានដុល្លារ។ ដោយឡែកចិនធ្លាក់មក​លេខរៀងទី៣ ដែលកម្ពុជានាំចេញទំនិញសម្រេចបាន១,១៧ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ ធៀបនឹងឆ្នាំ២០២២ មានចំនួន៩៩៧លានដុល្លារ។

ចំណែកការនាំចេញទៅប្រទេសជប៉ុន សម្រេចបានទឹកប្រាក់៩៧៤លានដុល្លារ និងការនាំចេញទៅប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ជាង​ ៦៥៥លានដុល្លារ។

តើទំនិញអ្វីខ្លះ ដែលបាននាំចេញពីកម្ពុជា របាយការណ៍គយ និងរដ្ឋាករបានបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូមជាដើម។

តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រម​ព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏​បានជំរុញទំហំនៃការនាំចេញ របស់កម្ពុជាទៅកូរ៉េ​ ​នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

កាលពីឆ្នាំ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួនទឹកប្រាក់២២,៤៨២,៩៣៧​ លាន​ដុល្លារ កើនឡើង១៦,៤ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល ​ពី​ទីផ្សារ​អន្តរជាតិ២៩,៩៤១,៦០​ លាន​ដុល្លារ កើនឡើង៤,៣​ ភាគ​​រយ​ផងដែរ៕

តើរដ្ឋាភិបាលចិនប្រើយុទ្ធសាស្រ្តអ្វីខ្លះដើម្បីសង្រ្គោះវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ ?

ដោយៈ ហ្វីអូណា

      អន្តរជាតិៈ វិបត្តិអចលនទ្រព្យនៅប្រទេសចិន បានធ្វើឲ្យមានការព្រួយបារម្ភជាសកល ប៉ុន្តែរដ្ឋាភិបាលចិនមិនបានព្រងើយកន្តើយនឹងបញ្ហានេះទេ។

ផ្ទុយទៅវិញ រដ្ឋាភិបាលចិន បានអនុវត្តន៍វិធានការជាច្រើន រាប់ចាប់ពីការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិការទិញផ្ទះ រហូត ដល់ការលើកទឹកចិត្តដល់ការវិនិយោគ។

ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនជាច្រើន ប្រឈមមុខបញ្ហារហូតដល់ដាក់ពាក្យ ការពារក្ស័យធនថែមទៀត។ ប្រឈមមុខវិបត្តិក្នុងវិស័យសំខាន់នេះ ចិនក៏ចាត់វិធានការជួយទ្រទ្រង់ដែរ។

ជាការដោះស្រាយមួយផ្នែក មន្ត្រីចិនបានស្នើសុំក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance Group ឱ្យទិញភាគហ៊ុនគ្រប់គ្រងនៅក្នុង Country Garden ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន ដែលកំពុងជំពាក់បំណុលគេ។

រដ្ឋាភិបាលចិនបានដឹកនាំរដ្ឋាភិបាលខេត្តគ័ងតុង ដែលជាកន្លែងក្រុមហ៊ុនទាំងពីរ មានទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីដើរតួជាអន្តរការី ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុន Ping An ក្នុងការជួយសង្គ្រោះ Country Garden ។

ក្រុមហ៊ុន Ping An ត្រូវបានជ្រើសរើស ដោយសារតែវាជាម្ចាស់ភាគហ៊ុនធំរបស់Country Garden។ មន្ត្រីចិនចង់ឱ្យបញ្ហាសាច់ប្រាក់ងាយស្រួលរបស់Country Garden ត្រូវបានដោះស្រាយនៅក្នុងខេត្តមួយនេះ។

ក្រុមហ៊ុនលំដាប់យក្ស និងជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសចិនCountry Garden មានបំណុលចំនួន១,៤ទ្រីលានយ័ន (១៩០ពាន់លានដុល្លារ) គិតត្រឹមចុងខែមិថុនា ហើយបច្ចុប្បន្នក្រុមហ៊ុននេះ មានគម្រោងប្រហែល៣០០០ ដែលកំពុងសាងសង់នៅចិន។ Country Garden បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ដែលស្ទើរតែជាប់នឹងហានិភ័យ នៃការមិនដំណើរការ។

នេះមិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកទេ សម្រាប់រដ្ឋាភិបាលចិន ប៉ុន្តែប្រសិនបើវាកើតឡើង នេះនឹងក្លាយជាអន្តរាគមន៍ដ៏ធំបំផុតមួយនៅចិនរហូតមកដល់បច្ចុប្បន្ន ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ ដែលកំពុងជាប់ជំពាក់បំណុល និងខ្វះសាច់ប្រាក់ងាយស្រួល។

ទោះបីជាក្រុមហ៊ុនអចលនទ្រព្យចិន ជាច្រើនផ្សេងទៀត រួមទាំងក្រុមហ៊ុន China Evergrande បានសងបំណុលរបស់ពួកគេក៏ដោយ រហូតមកដល់ពេលនេះ គោលនយោបាយរបស់ចិន បានផ្តោតជាសំខាន់លើការកាត់បន្ថយអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយច្បាប់ទិញផ្ទះ។

ដំណឹងជុំវិញក្រុមហ៊ុន Ping Anនេះ ជាសញ្ញាមួយដែលរដ្ឋាភិបាលចិនមានឆន្ទៈ ដើរតួនាទីកាន់ធំក្នុងដំណើរការនេះ។

កាលពីដើមសប្តាហ៍នេះ ភាគទុនិកកំពូលរបស់ China Vanke ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Shenzhen Metro ក៏បានប្រកាសថា ខ្លួនបានរៀបចំថវិកាប្រហែល១០ពាន់លានយ័ន(១,៤ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុន អចលនទ្រព្យធំទីពីររបស់ចិន។

ទីផ្សារអចលនទ្រព្យចិនមានវិបត្តិ តាំងពីពាក់កណ្តាលឆ្នាំ ២០២១ ។ នៅពេលនោះ អាជីវកម្មជាបន្តបន្ទាប់ ពីរាប់ចាប់ក្រុមហ៊ុនឯកជនធំៗ ដូចជា China Evergrande Group រហូតដល់ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលដូចជា CIFI Holdings កំពុងប្រឈមនឹងការលំបាកលើលំហូរសាច់ប្រាក់ និងសមត្ថភាពក្នុងការសងបំណុល។

ហេតុផលចម្បងនេះ ដោយសារតែគោលនយោបាយ “បន្ទាត់ក្រហមបី” របស់ទីក្រុងប៉េកាំងបានចាប់ផ្តើម ដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ ដោយការកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី។ នេះត្រូវបានគេចាត់ទុកថា ជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើន ក្នុងប្រទេសនេះមិនព្រមទទួលខុសត្រូវ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនប្រហែល៥០ បានលុបចោលសញ្ញាប័ណ្ណបរទេស ជាមួយនឹងទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ JPMorgan ។

អាជីវកម្មដែលគេចផុតពីការក្ស័យធន តែងតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយពិបាកក្នុងការខ្ចីដើមទុនថ្មី។

នៅពាក់កណ្តាលឆ្នាំមុន ស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយតម្លៃផ្ទះនៅចិនបន្តធ្លាក់ចុះ។ គម្រោងជាច្រើនត្រូវបានផ្អាក ដោយសារកង្វះដើមទុន។ រលកនៃការបញ្ឈប់ការបង់ប្រាក់កម្ចីទិញផ្ទះ បានផ្ទុះឡើងគ្រប់ទីកន្លែង។ យុទ្ធនាការប្រឆាំងកូវីដ-១៩ ដ៏ស្វិតស្វាញរបស់ចិន បានធ្វើឱ្យខូចទំនុកចិត្តទីផ្សារបន្ថែមទៀត។

បច្ចុប្បន្នអចលនទ្រព្យចិន បានរួមចំណែកដល់២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ ដូច្នេះបញ្ហានៅក្នុងវិស័យនេះកំពុងបង្កឱ្យមានការភ័យខ្លាច ក្នុងការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុរីករាលដាល។

មើលឃើញបញ្ហានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងស្វែងរកមធ្យោបាយដើម្បីស្តារវិស័យនេះឡើងវិញ។ នៅខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលចិនបានបញ្ឈប់កម្មវិធីសាកល្បងដាក់ពន្ធលើអចលនទ្រព្យ។ ប្រទេសនេះ ក៏បានបន្តជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុជួយដល់វិស័យនេះផងដែរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងប៉េកាំងបានចាប់ផ្តើមផែនការ ១៦ចំណុច ដើម្បីសង្គ្រោះទីផ្សារអចលនទ្រព្យ ដែលត្រូវបានចាប់ផ្តើមដោយធនាគារកណ្តាលចិន (PBOC) និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) នៅពាក់កណ្តាលខែ។ ផែនការនេះ ផ្តល់ការណែនាំដល់អាជ្ញាធរហិរញ្ញវត្ថុ នៅទូទាំងប្រទេស ផ្តោតលើការដោះស្រាយវិបត្តិសាច់ប្រាក់ ងាយស្រួលនៃអាជីវកម្ម ហើយនឹងបន្ធូរបន្ថយ ការរឹតបន្តឹងជាបណ្តោះអាសន្ន លើការផ្តល់ប្រាក់កម្ចីរបស់ធនាគារ។

នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្នះខ្នែងរបស់ចិន ក្នុងការជួយសង្គ្រោះទីផ្សារ ដែលអតីតទេសាភិបាលធនាគារកណ្តាលចិន Yi Gang ធ្លាប់បានរំពឹងទុកថា នឹងបន្ទន់ឥរិយាបថជុំវិញអត្រាការប្រាក់។ ប៉ុន្មានសប្តាហ៍ក្រោយមក ធនាគារចិនជាបន្តបន្ទាប់បានប្រកាសថាពួកគេនឹងប្រមូលប្រាក់រាប់រយពាន់លានដុល្លារ ទៅក្នុងអចលនទ្រព្យ។ នេះត្រូវបានចាត់ទុកថាជាជោគជ័យដំបូងនៃផែនការនេះ។

ជាក់ស្តែងធនាគាររដ្ឋធំៗចំនួន៦ របស់ចិនគ្រោងនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន១៤០ពាន់លានដុល្លារចូលទៅក្នុងទីផ្សារ។ ដើមទុនខាងលើគឺភាគច្រើន សម្រាប់ការអភិវឌ្ឍអចលនទ្រព្យ កម្ចីទិញផ្ទះសម្រាប់អតិថិជន និងការទិញយកការផ្តល់ហិរញ្ញប្បទាន ខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគមូលបត្របំណុល។

នៅពាក់កណ្តាលឆ្នាំនេះ PBOC បានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចីយ៉ាងច្រើន ដោយបានពង្រីកគោលនយោបាយមួយចំនួន នៅក្នុងកញ្ចប់សង្គ្រោះ១៦ចំណុច រហូតដល់ចុងឆ្នាំ ២០២៤ ។

រដ្ឋាភិបាលចិនក៏បានអនុម័តផែនការ សាងសង់លំនៅឋានតម្លៃទាប និងជួសជុលតំបន់មិនទាន់អភិវឌ្ឍន៍ ជាច្រើននៅក្នុងទីក្រុងធំៗ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ជាងនេះទៅទៀត ចិន ក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួន ដូចជា ការកាត់បន្ថយអត្រាការប្រាក់កម្ចីសម្រាប់អ្នកទិញលើកដំបូង និងកាត់បន្ថយការបង់ប្រាក់ចុះ សម្រាប់ការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួន។

លើសពីនេះ ធនាគារក៏បានបង្កើតវិធីមួយ ដែលមិនធ្លាប់ប្រើពីមុនមក ក្នុងការលើកទឹកចិត្តដល់ប្រាក់កម្ចីទិញផ្ទះ។ កាលពីដើមឆ្នាំនេះ ធនាគារមួយចំនួននៅទីក្រុងណាននីង ហាងចូវ នីងប៉ និងប៉េកាំង បានដំឡើងកម្រិតអាយុ សម្រាប់អ្នកខ្ចីប្រាក់កម្ចីទិញផ្ទះដល់អាយុ៨០ឆ្នាំ ទៅ៩៥ឆ្នាំ។

នេះមានន័យថាមនុស្ស ដែលមានអាយុ៧០ឆ្នាំក៏អាចខ្ចីបានជាមួយនឹងរយៈពេលបង់ចន្លោះពី១០ ទៅ២០ឆ្នាំ។ នេះជាឧបករណ៍ជំរុញឥរិយាបថអ្នកប្រើប្រាស់ ព្រោះវាអាចកាត់បន្ថយបន្ទុកសងបំណុ​លប្រចាំខែ។

ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋាន ក៏បានចូលរួមក្នុងការជួយសង្គ្រោះវិស័យនេះ។ នៅខែមិថុនា ឆ្នាំ២០២២ ទីក្រុង Meishan ក្នុងខេត្តស៊ីឈ័ន បានប្រកាសការឧបត្ថម្ភធន សម្រាប់ការទិញផ្ទះថ្មីក្នុងកំឡុងឆ្នាំ។

Wenzhou ដែលជាទីក្រុងមួយក្នុងខេត្តជឺជាំង អនុញ្ញាតឱ្យអ្នកទិញផ្ទះដំបូង បង់ការប្រាក់ត្រឹមតែ៣ឆ្នាំដំបូងប៉ុណ្ណោះ។ Huainan ដែលជាទីក្រុងមួយ នៅខេត្តអានហ៊ុយ បានស្នើឱ្យធនាគារបង្កើនការផ្តល់ប្រាក់កម្ចី និងកាត់បន្ថយរយៈពេលនៃការអនុម័ត ប្រាក់កម្ចីសម្រា​ប់អ្នកទិញផ្ទះលើកដំបូង។

ជាងនេះទៅទៀត ក្រុមហ៊ុនអចលនទ្រព្យខ្លួនឯង ក៏ផ្តល់ការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញអតិថិជនផងដែរ។

នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យCentral China Real Estate បានទទួលការបង់ប្រាក់ជាស្រូវសាលី ដោយបានឧបត្ថម្ភកសិកររហូតដល់ ១៦០ពាន់យ័ន (២៤ពាន់ដុល្លារ) ដើម្បីទូទាត់សម្រាប់ការបង់រំលស់ ដើម្បីទិញផ្ទះនៅក្នុងគម្រោងផ្ទះល្វែង River Mansion របស់ក្រុមហ៊ុននេះនៅខេត្តហឺណាន។ ប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនក៏បានស្នើឱ្យទទួលយកការបង់ប្រាក់ជាខ្ទឹម ពីអ្នកដែលកំពុងស្វែងរកទិញផ្ទះ នៅក្នុងគម្រោងមួយផ្សេងទៀត នៅក្នុងទីក្រុង Kaifeng ។

យ៉ាងណាមិញ ទីផ្សារអចលនទ្រព្យចិន មិនត្រូវបានចាត់ទុកថាមានភាពប្រសើរឡើងច្រើននោះទេ។ ទិន្នន័យដែលបានចេញផ្សាយកាលពីខែមុនបានបង្ហាញថា តម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះបីខែជាប់ៗគ្នាគិតត្រឹមចុងខែកញ្ញា។

បើផ្អែកតាមទំហំដី ការលក់អចលនទ្រព្យ ក្នុងខែកញ្ញាធ្លាក់ចុះជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគ លើអចលនទ្រព្យបានថយចុះ៩,១ភាគរយ ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ។

អ្នកទិញផ្ទះនានាមានភាពស្ទាក់ស្ទើរ ព្រោះចង់រង់ចាំតម្លៃធ្លាក់ចុះបន្តទៀត។ ផ្នត់គំនិតនេះ កំពុងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ពីព្រោះភ្នាក់ងារអចលនទ្រព្យ ត្រូវការលក់ផ្ទះបន្ថែមទៀត ដើម្បីប្រមូលប្រាក់ និងជៀសវាងការខកខាន។

កាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករកំណើនរបស់ចិន នឹងកើនដល់៥,៤ភាគរយនៅឆ្នាំនេះ។ យ៉ាងណាមិញIMF បានព្រមានថាសេដ្ឋកិច្ចចិន នៅតែប្រឈមមុខនឹងហានិភ័យជាច្រើន នៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ស្ថាប័ននេះជឿថា វិស័យអចលនទ្រព្យនៅចិន ក្នុងពេលបច្ចុប្បន្ននេះ«នៅតែទន់ខ្សោយ។

IMF អំពាវនាវឱ្យចិនអនុញ្ញាត ឱ្យក្រុមហ៊ុនអចលនទ្រព្យដែលមិនអាចងើបឡើងវិញបានចាកចេញពីទីផ្សារ។ ស្ថាប័ននេះយល់ថាការអនុញ្ញាតឱ្យអាជីវកម្ម ទន់ខ្សោយរបស់ចិនបន្តប្រតិបត្តិការបានរារាំងការងើបឡើងវិញនៃវិស័យនេះ។

ក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុ នៅទីក្រុងហុងកុង កាលពីដើមសប្តាហ៍នេះ ទេសាភិបាលរង PBOC លោក Zhang Qingsong ក៏បានទទួលស្គាល់ថា វិស័យអចលនទ្រព្យកំពុងធ្លាក់ចុះ។

លោកបានមានប្រសាសន៍ថា “យើងត្រូវតែគ្រប់គ្រងល្បឿននេះឱ្យកាន់តែឆាប់ ដើម្បីជៀសវាងការធ្លាក់ចុះយ៉ាងខ្លាំង និងផលវិបាកដែលមិននឹកស្មានដល់”។ លោកបន្តថា “យើងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ”។

លោក Zhang Qingsong បានអំពាវនាវដល់មន្ត្រីឱ្យស្វែងរកមធ្យោបាយថ្មី ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ព្រោះគំរូចាស់ពឹងផ្អែកលើការវិនិយោគ និងអចលនទ្រព្យលែងមាននិរន្តរភាពហើយ៕

អគ្គនាយកERA Cambodia អ្នកវិនិយោគបរទេសបានចាប់ផ្តើមជំនួសខ្មែរលើទីផ្សារខុនដូនៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានអះអាងថា ពីមុនជនជាតិខ្មែរបានកាន់កាប់ ទីផ្សារខុនដូភាគច្រើន ប៉ុន្តែបច្ចុប្បន្ននេះ ជនជាតិចិន និងអ្នកវិនិយោគដទៃទៀតបានចាប់   ផ្តើមទិញខុនដូច្រើនឡើងវិញហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា បច្ចុប្ប​ន្ននេះ ទីផ្សារខុនដូចាប់ផ្តើមប្រែប្រួលហើយ ដោយក្នុងអំឡុងវិបត្តិកូវីដ១៩ ជនជាតិខ្មែរបានក្លាយជាចំណែកភាគច្រើន នៃអ្នកទិញខុនដូនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នអ្នកធុរកិច្ចចិន កូរ៉េ ជប៉ុន តៃវ៉ាន់ជាដើម បានទិញខុនដូច្រើន និងជំនួសទីផ្សារជនជាតិខ្មែរឡើងវិញ។

លោកបានបញ្ជាក់ថា “អ្នកទិញជនជាតិចិន បានចាប់ផ្តើមសម្លឹងឱកាសនៅកម្ពុជា ដោយសារអត្រាតម្លៃខុនដូ មានភាពល្អប្រសើ​រ ដែលមានតម្លៃទាបជាងទីផ្សារ ចន្លោះពី៣០ទៅ៥០ភាគរយ”។ លោកបន្តថា “ការវិនិយោគខុនដូនាពេលនេះ ជាឱកាសល្អបំផុត ដើម្បីទទួ​លបានប្រាក់ចំណេញនាពេលអនាគត”។

លោកខន គង្គាបានបន្តថា ការទិញដើម្បីទាញយកផលចំណេ​ញពីការវិនិយោគនៅកម្ពុជា នៅតែមានអត្រាចំណេញខ្ពស់ ដោយអត្រាចំណេញមានចន្លោះពី៨ទៅ១២ភាគរយ អាស្រ័យលើគំរោង និងទីតាំងរបស់គំរោងនិមួយៗ។

ទីផ្សារខុនដូនៅកម្ពុជា បានជួបវិបត្តិអំឡុងសម័យកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែស្ថានភាពចុងឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោត អ្វីៗមានភាពប្រសើរឡើង ពិសេសក្រោយការរៀបចំ   ​រដ្ឋាភិបាលថ្មី។

លោកខន គង្គាបានបន្តថា ការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារ មិនលើសតម្រូវការ ដូចការលើកឡើងមួយចំនួននោះទេ ព្រោះនៅមានឱ​កាសច្រើននៅទីនេះ ខណៈអ្នកវិនិយោគបរទេស និងជនជាតិខ្មែរនៅ​បរទេស បានចាប់ផ្តើមទិញខុនដូកាន់តែច្រើន ស្របពេលនិន្នាការរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏បានវិនិយោគនិងទិញខុនដូសម្រាប់ការលំហែររបស់ពួកគេបណ្តើរៗផងដែរ៕

ក្រុមហ៊ុនSpaceX របស់Elon Musk នឹងមានតម្លៃឈានដល់៥០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០

ដោយៈ តែម សុខុម

សិង្ហបុរីៈ មហាសេដ្ឋីពាន់លានដុល្លារ លោកRon Baron បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានដ៏ល្បីល្បាញ CNBC កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅថា ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk នឹងមានតម្លៃកើនឡើងដល់ប្រមាណ៥០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។

សារព័ត៌មាន CNBC បានឱ្យដឹងថា លោកRon Baron កាន់កាប់ភាគហ៊ុនជាង១ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបាញ់បង្ហោះផ្កាយរណបបស់លោក Elon Musk មួយនេះ។

លោក Ron Baron បានគូសបញ្ជាក់ថា ក្រុមហ៊ុននេះនឹងមានតម្លៃចន្លោះពី២៥០ពាន់លានដុល្លារ ទៅ៣០០ពាន់លានដុល្លារ នៅ៣ឆ្នាំខាងមុខ។

ក្រុមហ៊ុន SpaceX នៅពេលបច្ចុប្បន្ន មានតម្លៃប្រមាណ១៥០ពាន់លានដុល្លារ ដែលធ្វើឱ្យវាជាប់ឈ្មោះ ក្នុងចំណោមក្រុមហ៊ុនឯកជន ដែលមានតម្លៃបំផុតក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។

កាលពីដើមខែនេះ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុនStarlink ដែលជាបុត្រសម្ព័ន្ធអ៊ីនធឺណិត ផ្កាយរណបរបស់ SpaceX បានឈានដល់ដំណាក់កាលជោគជ័យហើយ។

Starlink គឺជាក្រុមហ៊ុនផ្កាយរណប ធំបំផុតរបស់ពិភពលោក ហើយអះអាងថា ខ្លួនមានបណ្ដាញផ្កាយរណប ប្រមាណ៥.០០០នៅក្នុងគន្លងតារាវិថីកម្រិតទាប។

ដោយដកស្រង់ប្រភពច្បាស់ការ សារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនថា ក្រុមហ៊ុន SpaceX នឹងទទួលបានប្រាក់ចំណូល ប្រមាណ៩ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ដោយការលក់ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមា​ណ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤៕ Reuters ៕