រដ្ឋាភិបាលថៃគ្រោងផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ទន្លេមេគង្គ

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: កាសែត Bangkok Post បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃចន្ទ ហើយបានស្នើឱ្យប្រទេសទាំងពីរ សាងសង់ស្ពានផ្លូវដែកថ្មីមួយ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេរភាគីបន្ថែមទៀត។

​លោក Chai Wacharonke អ្នកនាំពាក្យរបស់រដ្ឋាភិបាល​ថៃ បានមានប្រសាសន៍ឱ្យដឹងថា លោក សេដ្ឋា បានស្នើឱ្យប្រទេសទាំងពីរ ធ្វើការកែលម្អការដឹកជញ្ជូន និងពាណិជ្ជកម្មទ្វេរភាគី ហើយប្រែក្លាយប្រទេសឡាវ និងភាគឦសាននៃប្រទេសថៃ ទៅជា “តំបន់រីកចម្រើនរួមគ្នា” ។

គោលបំណងនៃការបង្កើត តំបន់រីកចម្រើនរួមគ្នានេះ គឺដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី ឱ្យហក់ឡើងដល់១១ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឡាវនោះ លោក សេដ្ឋា បាន​ស្នើ​គម្រោងសាងសង់ស្ពាន ​ផ្លូវ​រថភ្លើង​ថ្មី​មួយ ឆ្លង​កាត់ទន្លេ​មេគង្គ ដោយ​ត​ភ្ជាប់​ពីខេត្ត Nong Khai របស់ប្រទេសថៃទៅកាន់ទីក្រុង​វៀងចន្ទន៍ប្រទេសឡាវ។

លោក Chai បានបន្តថា រដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីផ្តល់មូលនិធិដល់គម្រោងនេះ ខណ:ប្រទេស​ថៃ ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំចូលថាមពល​ស្អាត​បន្ថែម​ទៀត​ ពី​ប្រទេស​ឡាវ ដើម្បី​ជំរុញកំណើន​ឧស្សា​ហកម្មរបស់ខ្លួន។អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ រូបនេះអះអាងទៀតថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាជាគោលការណ៍ ក្នុងការកសាងស្ពានមិត្តភាពទី៦ តភ្ជាប់ពីខេត្ត Ubon Ratchathani ទៅកាន់ខេត្ត Salavan ក្នុងប្រទេសឡាវផងដែរ។

លើសពីនេះ លោក សេដ្ឋា ថាវីស៊ីន បានសន្យាថា ប្រទេសថៃនឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីប្រែក្លាយប្រទេសឡាវដែលគ្មានកំពង់ផែសមុទ្រ ទៅជាប្រទេសដែលមានផ្លូវគមនាគ​មន៍​ដឹកជញ្ជូនតភ្ជាប់ទៅកាន់ពិភពលោក៕

Qatar Airways resumes daily flights to Cambodia’s capital

The Doha-based Qatar Airways has resumed its daily flights to Phnom Penh, capital of Cambodia, via Vietnam’s Ho Chi Minh City, the airline operator said on Monday.

The first flight landed at the Phnom Penh International Airport on Sunday afternoon. Qatar Airways country manager for Vietnam and Cambodia, Vu Thi Thanh Huong, said the airline was delighted to resume daily services to Phnom Penh.

“This route not only strengthens our commitment to the Cambodian market but also opens up new travel possibilities for our passengers,” she said in a statement.

Cyril Girot, CEO of Cambodia Airports, a subsidiary of VINCI Airports, said the resumption of daily flights between Doha and the Gulf Region and the Cambodian capital “is a very positive sign for Cambodia’s leisure industry and the business community.” Source: Xinhua

សម័យសេដ្ឋកិច្ជធ្លាក់ គួរស្រោចស្រង់ជីវភាពដោយរបៀបណា?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គ្រួសារនៅតាមទីជនបទដែលជំពាក់បំណុល និងមានជីវភាពខ្វះខាត គួរធ្វើកសិកម្មលក្ខណៈគ្រួសារ ដើម្បីជួយទ្រទ្រង់ជីវភាព និងកាត់បន្ថយការចំណាយ។

លោកង៉ែត ជូអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិភាគអចលនទ្រព្យបានសរសេរថា តាមការស្រាវជ្រាវកាលពី១០ឆ្នាំមុន (2013) និងការស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា យ៉ាងតិចមានពលរដ្ឋដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៨ភាគរយ បានកាត់បន្ថយការចំណា​យលើម្ហូបអាហារ ដើម្បីព្យាយាមសងកម្ចី និងការប្រាក់ប្រចាំខែ។

លោកបន្តថា ប្រការនេះអាចធ្វើអោយប៉ះពាល់ ដល់សុខភាពសំរាប់ក្រុមគ្រួសារទាំងមូល ក៏ដូចជាកង្វះអាហារូបត្ថម្ភសំរាប់កុមារ ដែលស្ថិតក្នុងវ័យលូតលាស់ទាំងរាង្គកាយ និងសតិបញ្ញា។ ដូច្នេះ ពលរដ្ឋនៅតាមទីជនបទគប្បីផ្តោតលើការធ្វើកសិកម្ម (ដាំ និងចិញ្ចឹម) បែបលក្ខណះគ្រួសារដើម្បីទ្រទ្រង់ជីវភាព។

ការដាំបន្លែ និងចិញ្ចឹមសត្វគូរធ្វើក្នុងរូបភាពមួយចំនួនដូចជា ទី១ ដាំបន្លែផ្លែឈើងាយៗ៖ ដូចជាស្លឹកបាស ផ្ទី ត្រកួន កញ្ឆែត ព្រលិត ឆៃយ៉ា ដំឡូង ចេក ត្រាវ។ល។

ទី២ ជីកស្រះចិញ្ជឹមត្រី ខ្យង ខ្ចៅ ចិញ្ចឹមមាន់ ទា (យកពង និងសាច់)។ល។ ទី៣ ក្រៅពីការប្រើប្រាស់ជាអាហារ ដែលមានសុវត្ថិភាព (គ្មានសារធាតុគីមីសំយោគ ដែលប៉ះពាល់ដល់សុខភាព) អាចលក់យកប្រាក់ សំរាប់ជួយសំរួលដល់ជីវភាពផងដែរ៕

រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យបារក្នុងតំបន់ទេសចរណ៍បើកដល់ម៉ោង៤ទៀបភ្លឺចាប់ពីឆ្នាំ២០២៤

ដោយៈ តែម សុខុម

បាងកកៈ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច បារ ឬកន្លែងកម្សាន្តក្នុងបណ្ដាខេត្តទេសចរណ៍របស់ថៃ នឹងត្រូវបានអនុញ្ញាតឱ្យបើកដល់ម៉ោង៤:០០ទៀបភ្លឺចាប់ពីឆ្នាំថ្មីតទៅ។

លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ថា ការអនុញ្ញាតថ្មីនេះ គឺជាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin ហើយជាជំហានដំបូង នឹងត្រូវអនុវត្តនៅតាមបណ្ដាខេត្តដែលពេញនិយម ក្នុងចំណោមភ្ញៀវទេសចរ ជាពិសេសជនបរទេស។

លោកលើកឡើងថា តំបន់ទេសចរណ៍គោលដៅទាំងនោះរួមមានបាងកក ឈៀងម៉ៃ និងភូកេត។ លោកបញ្ជាក់ថា កន្លែងកម្សាន្តនានាត្រូវតែរក្សាសណ្ដាប់ធ្នាប់ឱ្យបានល្អ និងគ្មានបទល្មើសកើតឡើង ក្នុងម៉ោងបើកដំណើរការរកស៊ី។

លោកបន្ថែមថា “យើងធ្វើបែបនេះ គឺសម្រាប់អ្នកដែលមិនបំពានច្បាប់។ ដូចនេះត្រូវតែនាំគ្នាគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ឧទាហរណ៍តាមរយៈការចៀសវាងការស្រវឹងបើកបរ ការកាន់ប្រដាប់អាវុធ និងការចែកចាយគ្រឿងញៀនជាដើម”។

លោកបន្ថែមទៀតថា យុវជនដែលមានវ័យក្រោម២០ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ហើយភ្ញៀវទេសចរត្រូវតែជួយទប់ស្កាត់ការវាយតប់គ្នា។ ប្រសិនបើគ្រប់គ្នាសហការគ្នាបានល្អ ហើយការកម្សាន្តប្រព្រឹត្ត ទៅដោយគ្មានបញ្ហាអ្វីកើតឡើង ពួកគេចង់បើកយូរដល់ម៉ោងប៉ុន្មានក៏បានដែរ។

លោកបញ្ជាក់ថា មន្ត្រីមានសមត្ថកិច្ច នឹងបន្តទទួលយកមតិយោបល់លើបញ្ហានេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ហើយបន្ទាប់មកនឹងបញ្ជូនសំណើពាក់ព័ន្ធ នឹងការកម្សាន្តនេះទៅគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តជាផ្លូវការ៕ Bangkok Post៕

រដ្ឋមន្រ្តីក្រសួងដែនដីជំរុញឱ្យរៀបចំបែងចែកដីនៅតំបន់ឆ្នេរទៅតាមសក្ដានុពល ដើម្បីទាក់ទាញវិនិយោគិន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំណង់​ បានជំរុញគណៈកម្មាធិកា​រជាតិ ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បែង​ចែក ​និងកំណត់​សក្ដានុពល​ដី​នៅតំបន់​ឆ្នេរ ដើម្បីបង្កលក្ខណៈ​ងាយស្រួល សម្រាប់​វិនិយោគិន​ ក្នុងការ​ស្វែងរក​ការ​វិនិយោគ​នានា។

លោក​បាន​មានប្រសាសន៍ថា ការរៀបចំ​ និង​បែង​ចែក​ដី ​ដូចជា​តំបន់​លំនៅឋាន តំបន់​លម្ហែ​ និងតំបន់​ពាណិជ្ជកម្ម​ជាដើម គឺបង្កលក្ខណៈ​ងាយស្រួល​ ដល់​វិនិយោគិន ​ដែលចូលទៅតំបន់​នោះ ​តួ​យ៉ាង​អ្នក​វិនិយោគដែល​ចូលទៅ​កាន់​តំបន់ឆ្នេរ​ ហើយចង់​វិនិយោគ​សណ្ឋាគារ គឺ​មានតំបន់មួយ សម្រាប់ឱ្យ​គាត់​វិនិយោគ ឬអ្នកវិនិយោគចង់វិនិយោគ​លើ​បុរី គឺមានតំបន់​លំនៅឋាន ​សម្រាប់​ឱ្យ​វិនិយោគិន​ពិចារណា​ក្នុងកា​របណ្ដាក់​ទុនវិនិយោគ​​ ។

ជាមួយគ្នានេះ លោកគួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​​ធ្លាប់បានលើកឡើងថា ការ​រៀបចំ​ និងបែង​ចែក​ដី ​ទៅតាម​សក្ដានុពល​នីមួយៗ​ គឺពិតជា​ផ្តល់ភាពងាយស្រួល ​ដល់​អ្នកវិនិយោគ​មកពីក្រៅប្រទេស ​និ​ងអ្នក​វិនិយោគ​នៅក្នុ​ងប្រទេស​កម្ពុជា​ផងដែរ ​។​ លោក​អភិបាលខេត្តបានបង្ហាញថា​ បច្ចុប្បន្ន​ រដ្ឋបាលខេត្តព្រះសីហនុ បាន​ចូលរួម​យ៉ាង​សកម្ម​ ក្រោម​ការ​ចង្អុល​បង្ហាញពី​គណៈកម្មាធិការសម្របសម្រួល​ អន្តរក្រសួង​រៀបចំ​ផែនការ​មេ ដើម្បី​អភិវឌ្ឍ​ខេត្តព្រះសីហនុ​ ទៅជា​តំបន់សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ដោយបានសិក្សា​បែង​ចែក​ជា​តំបន់​លំនៅឋាន ពាណិជ្ចកម្ម​ ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់​សាសនា ​និ​ងវប្បធម៌ជាដើម ។​

លោកបញ្ជាក់ថា  “ការគ្រប់គ្រង​ការប្រើប្រាស់​ដីធ្លី​ ការ​បែង​ចែក​ដីធ្លី​ ការអភិវឌ្ឍ​ដែនដី និង​នគរូបនីយកម្ម​ ព្រម​ទាំង​ការ​រៀបចំ​គោល​នយោបាយ​នានា ដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុ និងឧត្តម​ភាព​ នវា​នុវត្តន៍​ខ្ពស់ ​សំដៅរួម​ចំណែក​ប្រែក្លាយ​កម្ពុជា ​ទៅជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០”។   យោងតាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ប្រទេស​កម្ពុជាមានឆ្នេរសមុទ្រ លាតសន្ធឹងប្រវែង៤៤០គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន៤ រួមមាន ខេត្ត​ព្រះសី​ហ​នុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំ​ណោ​ម​ឆ្នេរ​ខ្សា​ច់​សរុប៤៨កន្លែង មានឆ្នេរខ្សាច់ចំនួន១៦កន្លែង បា​នចូលរួ​មប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត ដោយក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន២ និងខេ​ត្ត​ព្រះសី​ហ​នុចំនួន៨។ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ ទទួលជ័យលាភីមានចំនួន១០ឆ្នេរ ។ធនធានស​មុ​ទ្រ​​យ៉ាង​ច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេស​នៅក្នុ​ង​ខេ​ត្ត​ព្រះ​​សីហនុ ដែល​គេ​ឃើ​ញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុ​ទ្រ​តូ​ច​ធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់ថ្មីៗជាច្រើន​៕

ការរឹបអូសអចលនទ្រព្យនៅចិន ហក់ឡើងជាង៣០ភាគរយក្នុងឆ្នាំ២០២៣ ខណៈម្ចាស់ផ្ទះជាប់ផុងក្នុងបំណុល

ដោយៈ តែម សុខុម

ប៉េកាំងៈ ការស្ទាបស្ទង់មួយបង្ហាញថា ចំនួននៃការរឹបអូសអច​ល​នទ្រព្យនៅប្រទេសចិន បានកើនឡើង៣២,៣%ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។

កំណើននៃការរឹបអូសនេះ ដោយសារម្ចាស់ផ្ទះជាប់ផុងក្នុងបំណុល ស្របពេលទីផ្សារអចលនទ្រព្យដាំក្បាលចុះ និងការស្ទុះងើបឡើងនៃសេដ្ឋកិច្ចគ្មានស្ថិរភាព។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា។

យោងតាមការស្ទាបស្ទង់ របស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិន China Index Academy បានរកឃើញថា ការរឹបអូសអចលនទ្រព្យចន្លោះពីខែមករា ដល់ខែកញ្ញា បានកើនឡើងដល់៥៨៤.០០០យូនីត បើធៀបនឹងចំនួន៤៤១.០០០យូនីត ដែលត្រូវបានរឹបអូស ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការរឹបអូសអចលនទ្រព្យ ប្រភេទលំនៅឋានបានកើនឡើងដល់២៨៤.០០០យូនីត បើធៀបនឹងចំនួន២០៦.០០០យូនីត ដែលត្រូវបានរឹបអូស ក្នុងរយៈពេល៣ត្រីមាសក្នុងឆ្នាំ២០២២ ខណៈអនុបាតនៃប្រតិបត្តិការ ទិញអចលនទ្រព្យបែបនេះ ក្នុងពិធីដាក់ដេញថ្លៃបានធ្លាក់ចុះ៤,៨%មកនៅត្រឹម២៥,៧%។

ទីក្រុងនានាដែលមានចំនួន នៃការរឹបអូសខ្ពស់ គឺស្ថិតក្នុងខេត្តស៊ីឈាន់ (Sichuan)។ សេដ្ឋកិច្ចរបស់ប្រទេសចិន បានរីកចម្រើនលឿនជាងការរំពឹងទុកក្នុងត្រីមាសទី៣ ដែលអាចជួយឱ្យរដ្ឋាភិបាលចិន សម្រេចគោលដៅកំណើនប្រមាណ៥%របស់ខ្លួនក្នុងឆ្នាំ២០២៣។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា វិស័យអចលនទ្រព្យចិន ដែលកំពុងជាប់ផុងក្នុងវិបត្តិ នៅតែធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច ស្ថិតក្នុងភាពមិនប្រាកដប្រជា៕ Reuters ៕

មន្រ្តីជាន់ខ្ពស់កម្ពុជាបានស្នើជប៉ុនរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ណស់កម្ពុជា ​បានស្នើ​ភាគី​ជប៉ុន ​ចូលរួម​សហការ​ក្នុងការ​រៀបចំ​បង្កើត​ក​ម្ម​វិធី​នានា​ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ​អំពី​ភាព​វិជ្ជមាន​លើ​កិច្ចការងារ​វិនិយោគ និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​កម្ពុជា​ ទៅកាន់​អ្នកវិនិយោគ​ជប៉ុន។

ការស្នើនេះធ្វើឡើង ខណៈ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល៣​ ត្រីមាស ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ជាង១,៣​ ពាន់​លាន​ដុល្លារ​។​

សំណើ​នេះ ​ត្រូវបាន​លើកឡើង​ដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជា នា​អំឡុង​កិច្ចប្រជុំ​លើក​ទី​២៦ ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដោយមាន​ការចូលរួម​ពី​លោក UENO Atsushi​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ​នៃ​ប្រទេស​ជប៉ុន ​(JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​(JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ​(JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន ​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា សរុប​ប្រមាណ២០០​រូប​។​ លោកស៊ុន ចាន់ថុល បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​វិនិយោគិន​ជប៉ុន ​ដែល​បាន​ពង្រឹង និង​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដែល​ទាំងនេះ​គឺជា​ការឆ្លុះបញ្ចាំង ​ឱ្យឃើញ​ពី​ការផ្តល់​សេចក្តីទុកចិត្ត ​ពី​សំណាក់​វិនិយោគិន​ជប៉ុន ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការចាប់យក​ឱកាស ​ដ៏​អំណោយផល​ពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​លក្ខខណ្ឌ​ទីផ្សារ​នាំចេញ​ដ៏​ល្អ ​ដែល​កម្ពុជា​កំពុងមាន​ពី​សំណាក់​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក​។​លោក​បានបញ្ជាក់ថា “​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការផ្តល់​នូវ​សេចក្តីទុកចិត្ត​ ពី​សំណាក់​វិនិយោគិន​បរទេស​និយាយ​ជារួម និយាយ​ដោយឡែក​វិនិយោគិន​ជប៉ុន ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការ​ច្បាម​យក​កាលានុវត្តភាព​ ជា​អតិបរមា​ពី​កត្តា​សុខសន្តិភាព ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បរិស្ថាន​វិនិយោគ​ដែលមាន​ភាពអនុគ្រោះ និង​របប​វិនិយោគ​ ដែល​បើកចំហ​អំណោយផល ​សម្រាប់​ការវិនិយោគ និង​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​”។​

ឯកអគ្គរាជទូត​ជប៉ុន លោក UENO Atsushi​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​របស់​កម្ពុជា ​ដែល​តែង​ខិតខំ​ប្រឹងប្រែង ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់​ចំពោះ​ក្ដីកង្វល់ និង​សំណូមពរ​នានា​របស់​វិនិយោគិន​ជប៉ុន​នាពេល​កន្លងមក​។​កិច្ចប្រជុំ​ទ្វេភាគី​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែរទាំ​វិនិយោគ​ដែល​ត្រូវបាន​រៀបចំឡើង ​ចាប់តាំងពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០០៩ ក្រោម​ក្របខ័ណ្ឌ ​នៃ​កិច្ចព្រមព្រៀង​រវាងកម្ពុជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោកស៊ីន​ហ្សូ អា​បេ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧​។

សម្រាប់​ប្រធានបទ​សំខាន់ៗ​ ដែល​បាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៦ នេះ​មាន​វិសាលភាព​ គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ពន្ធដារ ភ័ស្ដុភារ​កម្ម ថាមពល និង​ពាណិជ្ជកម្ម ជាដើម​៕

ផលចំណេញពីការវិនិយោគ ជាកូនសោគន្លឹះដើម្បីទាក់ទាញ រំហូរFDIមកកាន់កម្ពុជា

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ផលចំណេញពីការវិនិយោគ(Return on Investment)ជាកូនសោគន្លឹះ ក្នុងការទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) មកកាន់កម្ពុជា។ ជាមួយគ្នានេះ ច្បាប់បទដ្ឋានគតិយុត្តិនានា ក៏ជាកត្តាសំខាន់មួយ ដែលទាក់ទាញ និងបង្កើ​នទំនុកចិត្ត របស់អ្នកវិនិយោគអន្តរជាតិផងដែរ។

ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់ជាច្រើន ដើម្បីបើកចំហជើងមេឃ ស្វាគមន៍ការវិនិយោគរបស់វិនិយោគិន គ្រប់ជាតិសាសន៍។

មូលដ្ឋានច្បាប់បទដ្ឋានទាំងនោះ រួមមាន ច្បាប់វិនិយោ​គថ្មី បានផ្តល់នូវចំណុចលើកទឹកចិត្តជាច្រើន ដល់អ្នកវិនិយោគជាតិ និងអ​ន្តរជាតិ ដូចជា អ​នុញ្ញាត្តឲ្យខេត្តនានាអ​នុម័តទុនវិនិយោគ ដែលមានតម្លៃចាប់ពី៥លានដុល្លារចុះ អនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋកាន់កាប់ ឬបើកក្រុមហ៊ុនដែលមានទុន ដោយខ្លួនឯង១០០ភាគរយ ការបង់ពន្ឋមិនមានភាពស្មុគ្រស្មាញ ការលើកទឹកចិត្តផ្នែកពន្ឋ ការបង់ពន្ឋមិនសូវមានភាពស្មុគ្រស្មាញជាដើម។   ទាក់ទងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា តើទទួលបានផលចំណេញដូចមុនឬទេ? អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ថា ផលចំណេញពីការវិនិយោគនៅកម្ពុជា បានថយចុះអំឡុងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី អ៊ុយក្រែន និងភាពតានតឹងភូមិសាស្រ្តនយោបាយនានា។

អ្នកស្រីប​ន្តថា “យ៉ាងណាផលចំណេញពីការវិនិយោគនៅកម្ពុជា សម្រេចបានចន្លោះ៤ ទៅ៥ភាគរយប្រចាំឆ្នាំ ប៉ុន្តែនិន្នាការនេះបាននិងកំពុងប្រឈមការប្រកួតប្រជែងខ្ពស់”។

ទាក់ទងការវិនិយោគដីធ្លី និងទីផ្សារបុរីលំនៅដ្ឋានវិញ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ថា ការវិនិយោគលើដីធ្លី ទទួលបានផលចំណេញតិចជាងមុន ដោយសារឱកាសទីផ្សារត្រូវបានបែងចែកច្រើន ដែលទីផ្សារនេះពីមុន ប្រៀបដូចជាបឹងមួយមានត្រី១០០០ក្បាល មានមនុស្ស​ចាប់១០នាក់ ប៉ុន្តែបច្ចុប្បន្នទំហំបឹងនៅដដែល ចំនួនត្រីនៅដដែលប៉ុន្តែចំ​នួនអ្នកចាប់ត្រី បានកើនឡើងដល់១០០នាក់ឬច្រើនជាងនេះ៕

 

រដ្ឋាភិបាលគ្រោងចំណាយថវិកា១៦៥លានដុល្លារសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងឆ្នាំ២០២៤

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយ៉ាងខ្លាំងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ និងចាំបាច់មួយចំនួន ដើម្បីជួយទ្រង់ទ្រងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការឧបត្ថម្ភថវិកា នៅពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

ជាក់ស្តែងនៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រោងថវិកាប្រមាណ១៦៥លានដុល្លារអាមេរិក សម្រាប់ជួយដល់គ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ។តាមរយៈសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នាចុងសប្តាហ៍មុននេះ បានបញ្ជាក់អំពីចំនួនថវិកា ដែលត្រូវគ្រោងចំនួន ៦៧៤.៥ ប៊ីលានរៀល សមមូលនឹងប្រមាណ១៦៥ លានដុល្លារ សម្រាប់បម្រើ ដល់ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ចំនួនជាង៣៨៥លានដុល្លារ លើការបន្តអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។

ថវិកាចំណាយជាង៣៨៥លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ត្រូវបានអនុវត្តលើកម្មវិធីចំនួន១១ ដែលកម្មវិធីខ្លះបានបញ្ចប់ និងកម្មវិធីឧបតម្ថម្ភដទៃទៀតកំពុងបន្តអនុវត្តន៍នៅឡើយ៕

 

កម្ពុជា វៀតណាមកំណត់ទីតាំងដើម្បីតភ្ជាប់ផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និង វៀតណាម រៀបចំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងតភ្ជាប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួ​យនឹង ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។

ភាគីកម្ពុជាបានដឹកនាំដោយលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា រួមជាមួយ លោកLe Anh Tuan  អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការកំណត់ទីតាំងតភ្ជាប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា ជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីសំណាក់ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ របស់ភាគីទាំងសងខាង ព្រមទាំងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានឯកភាព ពន្លឿនការអនុវត្តគម្រោង និងការងារពាក់ព័ន្ធដើម្បីជាប្រយោជន៍រួម ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ នេះជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំកម្រិតបច្ចេកទេស លើកទី១ នៅខេត្តតៃនីញ៕