Mideast conflict, China demand boost gold prices

Increasing tensions in the Middle East could push gold above US$2,000 an ounce, while domestic prices could reach 34,700 baht per baht-weight (15.2 grammes) after two spikes on Thursday, say local gold traders.

Spot gold rose 0.4% to $1,986.79 on Thursday morning, while US gold futures edged up 0.1% to $1,997.10 as growing concerns about the Israel-Hamas conflict increased investors’ appetite for safe-haven assets.

Domestic gold prices increased twice by 400 baht yesterday to 34,150 baht for gold bars, in part because of the stronger dollar.

“The Israeli leader’s vow to launch a ground invasion to push Palestinians out of the Gaza Strip has raised investors’ concerns that their conflict could turn into the Third World War,” said Varut Rungkhum, head of research at YLG Bullion & Futures.

Meanwhile, the main UN agency in Gaza halted aid operations and reportedly partially pulled out its team on the ground, signalling the war might escalate, he said.

“We project global gold prices to reach $2,003 per ounce while domestic prices could be in the range of 34,400 to 34,700 baht,” said Mr Varut.

Other analysts expect gold prices could eventually reach $2,100 during the current tensions. Mr Varut noted how they last climbed above $2,000 in Match 2022, not long after the Russian invasion of Ukraine.

Gold reached an all-time high of $2,074.88 in August 2020.
In the near term, gold prices could be influenced by the outlook for continuing high interest rates in the United States. That outlook in turn could be influenced by US third-quarter gross domestic product (GDP) data due this week.

As US bond yields edged up again overnight, analysts are now predicting the Federal Reserve might increase its benchmark rate one more time this year, said Mr Varut. Source: Bangkok Post

តើក្រុមហ៊ុនលំដាប់យក្សទាំង១០របស់សហរដ្ឋអាមេរិកមានឈ្មោះអ្វីខ្លះ និងមានទ្រព្យសម្បត្តិច្រើនបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដូចដែលយើងគ្រប់គ្នាបានដឹងស្រាប់ហើយ បណ្តាប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានក្រុមហ៊ុនក្នុងស្រុកជាច្រើន ខណៈក្រុមហ៊ុនខ្លះមានទំហំតូច ទំហំមធ្យម និងទំហំធំ អាស្រ័យទៅលើប្រាក់ចំណូលរបស់ពួកគេ។ ចុះតើអ្នកមានដឹងទេ តើក្រុមហ៊ុនណាខ្លះដែលមានទំហំប្រាក់ចំណូលធំជាងគេបំផុត នៅសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើពិភពលោក។

ខាងក្រោមនេះគឺជាក្រុមហ៊ុនដ៏ធំបំផុត ទាំង១០របស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២២ ដែលវាយតម្លៃចំណាត់ថ្នាក់ដោយទស្សនាវដ្ដី Fortune ។
ទី១: ក្រុមហ៊ុន Walmart
ក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រកាសប្រាក់ចំណូលចំនួន៦១១ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមបញ្ជីរបស់ទស្សនាវដ្តី Fortune ។ ក្រុមហ៊ុន Walmart បានកាន់កាប់តំណែងកំពូលទី១ អស់រយៈពេល១១ឆ្នាំជាប់ៗគ្នារួចមកហើយ។

ទី២: ក្រុមហ៊ុន Amazon
ក្រុមហ៊ុនលក់​រាយ​តាម​អ៊ីនធឺណិត​មួយនេះ​ រក​ចំណូល​បាន​៥១៤ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។  Amazon បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីនេះអស់រយៈពេល៤ឆ្នាំជាប់ៗគ្នារួចមកហើយ។

ទី៣: ក្រុមហ៊ុន Exxon Mobil
ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ រកប្រាក់ចំណូលបានចំនួន៤១៣ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៥៥ពាន់លានដុល្លារកាលពីឆ្នាំ២០២២។  ក្រុមហ៊ុន Exxon Mobil បាន​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី៣ បន្ទាប់​ពី​ទាញទម្លាក់ក្រុមហ៊ុន Apple។

ទី៤: ក្រុមហ៊ុន Apple
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ រកប្រាក់ចំណូលបាន៣៩៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២ ដោយធ្លាក់ចុះមកនៅចំណាត់ថ្នាក់លេខ៤ ប៉ុន្តែAppleនៅតែជាក្រុមហ៊ុន ដែលរកបានប្រាក់ចំណេ​ញច្រើនបំផុតក្នុងបញ្ជីនេះ។

ទី៥: ក្រុមហ៊ុន UnitedHealth Group
ក្រុមហ៊ុនធានារ៉ាប់រងសុខភាពមួយនេះ រកចំណូលបាន៣២៤ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនថែទាំសុខភាពលំដាប់ខ្ពស់បំផុតទី៥ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune។

ទី៦: ក្រុមហ៊ុនCVS Health
ក្រុមហ៊ុនខ្សែសង្វាក់ឱសថស្ថានមួយនេះ បានរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំ២០២២ ចំនួន៣២២ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទី៦ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune និងជាក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រី។  ជាក់ស្តែង  លោកស្រី Karen Lynch បានចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុននេះនៅឆ្នាំ២០២១។

ទី៧: ក្រុមហ៊ុន Berkshire Hathaway
ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Warren Buffett មួយនេះ ទទួលបានប្រាក់ចំណូលចំនួន៣០២ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្រុមហ៊ុននេះ កាន់កាប់តំណែងលេខ៧ ក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune ។

ទី៨: ក្រុមហ៊ុនAlphabet
ក្រុមហ៊ុនមេរបស់ Google មួយនេះ រកប្រាក់ចំណូលបានជិត២៨៣ពាន់លានដុល្លារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Alphabet អាចរក្សាចំណាត់ថ្នាក់លេខ៨ របស់ខ្លួននៅក្នុងបញ្ជី។

ទី៩: ក្រុមហ៊ុន McKesson
ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំពេទ្យមួយនេះ រកចំណូលបាន២៦៤ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យក្រុមហ៊ុន McKesson ជាប់ចំណាត់ថ្នាក់ទី៩ នៅក្នុងបញ្ជីកាលពីឆ្នាំមុនផងដែរ។

ទី១០: ក្រុមហ៊ុន Chevron
ប្រាក់ចំណូលរបស់ក្រុមហ៊ុនថាមពល ដែលមានមូលដ្ឋាននៅទីក្រុង San Ramon រដ្ឋកាលីហ្វ័រញ៉ា មួយនេះ បានកើនឡើង៥២% រហូតដល់២៤៦ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវាជាប់ចំណាត់ថ្នាក់ទី១០៕

សម្តេចធិបតី ហ៊ុន ម៉ាណែត: កម្ពុជា កំពុង សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរឆ្ពោះទៅសម្រេចបាននូវគោលដៅគ្មានមីននៅត្រឹមឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
កំពង់ស្ពឺ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាកំពុងសម្រេចបាននូវវឌ្ឍនភាពល្អឆ្ពោះទៅសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥។

សម្តេចបានថ្លែងសុន្ទរកថា ក្នុងពេលប្រកាសខេត្តកំពង់ស្ពឺជាខេត្តគ្មានមីនទី១៣ថា“គិតរហូតមកដល់ពេលនេះ ខេត្តចំនួន១៣ ក្នុងចំណោម២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាត្រូវបានប្រកាសថាជាខេត្តគ្មានមីន ហើយយើងកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥”។

ខេត្តដែលគ្មានមីនចំនួន១២ផ្សេងទៀត គឺរាជធានីភ្នំពេញ ស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និង កំពត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយ ឱ្យបន្តជួយប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្មានមីននេះផងដែរ។កម្ពុជា ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម (ERWs)។  យោងតាមការប៉ាន់ប្រមាណបង្ហាញថា គ្រាប់មីនចន្លោះពី៤លានទៅ៦លានគ្រាប់ និងគ្រាប់មីនផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមរយៈពេល៣ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៨។

លោក លី ធុច អនុប្រធានទី១ នៃអាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA) មានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ គ្រាប់មីន និង ERW បានសម្លាប់មនុស្សចំនួន១៩.៨២២នាក់ និងរបួស ឬកាត់ផ្តាច់មនុស្សចំនួន៤៥.២០៩នាក់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនអ្នកស្លាប់ និងរបួសខ្ពស់បំផុត។

លោកបានបន្តថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីទំហំ២.៧៩៥គីឡូម៉ែត្រការ៉េត្រូវបានបោសសម្អាតមីន និង ERW ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ១១លាននាក់។ លោក លី ធុច បានបន្ថែមថា “កម្ពុជានៅតែត្រូវការលុបបំបាត់ដីដែលនៅសល់ចំនួន៥៣៨គីឡូម៉ែត្រការ៉េដែលមានមីននៅត្រឹមឆ្នាំ២០២៥”៕

តម្លៃហាងឆេងមាសបានហក់ឡើងលើសពីកម្រិត២.០០០ដុល្លារក្នុងមួយអោន នៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានហក់ឡើងលើសពីកម្រិត២.០០០ដុល្លារក្នុងមួយអោន នៅថ្ងៃចន្ទនេះ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យមាសមានតម្រូវការកាន់តែខ្លាំងឡើងសម្រាប់អ្នកវិនិយោគ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% ដល់២០០៣,១៨ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0119 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៨% ដល់២០១៣,៤០ដុល្លារក្នុងមួយអោន។

តម្លៃមាសបានហក់ឡើងដល់២០០៩,២៩ដុល្លារ ក្នុងមួយអោនកាលពីថ្ងៃសុក្រ សប្តាហ៍មុន ជាលើកដំបូង គិតចាប់តាំងពីពាក់កណ្តាលខែឧសភា ខណៈដែលអ្នកវិនិយោគបានសម្រុកទិញមាស ដោយសារការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលរាលដាលចេញពីជម្លោះរវាងអុីស្រាអែល និងក្រុមហាម៉ាស់។

ចំណែក នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា ការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង ស្របពេលដែលអតិផរណាប្រចាំខែនៅតែមានកម្រិតខ្ពស់ក្នុងខែកញ្ញា។

យោងតាមអ្នកសេដ្ឋកិច្ចចំនួន៣/៤ ក្នុងចំណោមអ្នកសេដ្ឋកិច្ចជាង២០០នាក់ដែលស្ទង់មតិដោយកាសែត Reuters បានអះអាងថា អត្រាអតិផរណាដ៏ខ្ពស់នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាកនៅឆ្នាំក្រោយ ហើយហានិភ័យជាចម្បងគឺថា វាកើនឡើងខ្ពស់ជាងអ្វីដែលពួកគេបានព្យាករទុក ដោយបង្ហាញថា អត្រាការប្រាក់នឹងនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលយូរ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣% ដល់២៣,០៧ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានធ្លាក់ចុះ០,៣%ដល់៩០០,៧៤ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម palladium បានស្ថិតនៅទ្រឹងត្រឹម១១២១,៨៨ដុល្លារក្នុងមួយអោន៕

ការលក់នៅតាមផ្សារទំនើបធំៗនៅប្រទេសជប៉ុនបានកើនឡើងរយៈពេល៧ខែជាប់ៗគ្នា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថាប័នឧស្សាហកម្មមួយ បានអះអាងកាលពីពេលថ្មីៗថា ការលក់នៅផ្សារទំនើបធំៗ របស់ប្រទេសជប៉ុនបានកើនឡើងរយៈពេល៧ខែជាប់ៗគ្នាគិតត្រឹមខែកញ្ញា ឆ្នាំនេះ ដោយតម្លៃសរុបត្រូវបានជំរុញ ដោយការកើនឡើងនៃតម្លៃទំនិញជាច្រើនមុខ។

សមាគមហាងលក់ខ្សែសង្វាក់ជប៉ុនបានរាយការណ៍ថា ការលក់សរុបបានឈាន ដល់ទំហំទឹកប្រាក់១,០៧ពាន់ពាន់លានយ៉េន (ប្រ​ហែល៧,១៣ពាន់លានដុល្លារអាមេរិក) កើនឡើង២,៨ភាគរយធៀបនឹងឆ្នាំមុន។

ជាក់ស្តែង ការ​លក់​ផលិតផល​អាហារ ​បាន​កើន​ឡើង៤,៨ភាគរយ បើ​ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​ កាន់​តែមានការប្រុងប្រយ័ត្នក្នុងការចាយវាយរបស់ពួកគេយ៉ាងណាក្តី។

ទោះជាយ៉ាងនេះក្តី ការ​លក់​សម្លៀក​បំពាក់​បាន​ធ្លាក់​ចុះ៣,៥ភាគរយ ហើយ​ការលក់គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ទូទឹកកក និង​ម៉ាស៊ីន​បោកគក់​បាន​ធ្លាក់​ចុះ១៩ភាគរយ។

សមាគមខាងលើបន្ថែមថា ការ​លក់​ត្រូវ​បាន​ជំរុញគាំទ្រដោយ​សារតម្លៃ​ទំនិញកើនឡើងកាន់​តែ​ខ្ពស់ បើ​ទោះ​បី​ជា​ចំនួន​ទំនិញ​ដែល​បានលក់​ដាច់ នៅ​តែមានកម្រិតទាបយ៉ាងណាក្តី ដោយសារអត្រាអតិផរណាអាចបន្តធ្វើឱ្យប៉ះពាល់ ដល់ការចំណាយផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។

តួយ៉ាង អតិផរណាអ្នកប្រើប្រាស់ស្នូល នៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលត្រូវបានគេចាត់ទុកជាសូចនាករ ឈានមុខគេនៃនិន្នាការទូទាំងប្រទេស បានកើនឡើងដោយមិននឹកស្មានដល់ នៅក្នុងខែតុលា។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល របស់ទីក្រុងតូក្យូ (CPI) ដែលមិនរាប់បញ្ចូលអាហារស្រស់ៗ ប៉ុន្តែរាប់បញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ បានកើនឡើង២,៧% នៅក្នុងខែតុលា ធៀបនឹងឆ្នាំមុន ពោលគឺលើសការព្យាករណ៍សម្រាប់កំណើន២,៥%របស់ទីផ្សារ៕

អ្នកវិភាគៈ សង្គ្រាមនៅមជ្ឈឹមបូព៌ា និងតម្រូវការមាសដ៏ខ្ពស់នៅប្រទេសចិន នឹងជំរុញឱ្យតម្លៃមាសហក់ឡើងលើស២ពាន់ដុល្លារក្នុង១អោន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមពាណិជ្ជករមាសក្នុងប្រទេសថៃ បានអះអាងថា ការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ាអាចជំរុញឱ្យតម្លៃហាងឆេងមាស ហក់ឡើងលើសពី២.០០០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស ក្នុងប្រទេសថៃអាចហក់ឡើង ដល់៣៤.៧០០បាតក្នុង១៥,២ក្រាម។

ជាទូទៅនៅពេលស្រុកទេសមានវិបត្តិ ឬសង្គ្រាម មនុស្សតែងតែសម្រុកទិញមាសទុក ឬវិនិយោគលើមាស ព្រោះមាសត្រូវបានគេចាត់ទុកជា លោហធាតុមានតម្លៃ និងជាទ្រព្យដ៏មានសុវត្ថិភាពសម្រាប់ប្រើប្រាស់ ក្នុងការដោះដូរជាមួយទំនិញផ្សេងៗ នៅពេលមានវិបត្តិ ឬរូបិយប័ណ្ណគេលែងត្រូវការ។

លោក Varut Rungkhum ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន YLG Bullion & Futures បានលើកឡើងថា “ការប្តេជ្ញារបស់មេដឹកនាំអ៊ីស្រាអែល ក្នុងការបើកការឈ្លានពាន ដើម្បីរុញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភថា ជម្លោះនេះអាចក្លាយទៅជាសង្រ្គាមលោកលើកទី៣”។

លោកបានបន្តថា ទន្ទឹមនឹងនេះ ទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា បានបញ្ឈប់ប្រតិបត្តិការផ្តល់ជំនួយ ហើយត្រូវបានគេរាយការណ៍មកថា បានដកក្រុមរបស់ខ្លួនមួយផ្នែក ដែលជាសញ្ញាបង្ហាញថា សង្រ្គាមអាចនឹងកើនឡើងកំដៅ។

លោក Varut បានមានប្រសាសន៍ថា “យើងព្យាករថា តម្លៃមាសពិភពលោក នឹងហក់ឡើងដល់ដល់២.០០៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃមាសក្នុងស្រុករបស់ប្រទេសថៃ អាចស្ថិតនៅក្នុងចន្លោះពី៣៤.៤០០ ទៅ៣៤.៧០០បាតក្នុង១៥,២ក្រាម” ។

ចំណែកឯ អ្នកវិភាគផ្សេងទៀតរំពឹងថា តម្លៃមាសនៅទីបំផុតអាចហក់ឡើងដល់២.១០០ដុល្លារ ក្នុងមួយអោនក្នុងអំឡុងពេលមានភាពតានតឹងបច្ចុប្បន្ននៅតំបន់មជ្ឈឹមបូព៌ា។

ក្រៅពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ការកើនឡើងនៃតម្រូវការមាសនៅក្នុងប្រទេសចិន ក៏បានជំរុញឱ្យតម្លៃមាសហក់ឡើងខ្ពស់ផងដែរ។  តម្រូវការមាសនៅចិនដីគោក បានកើនឡើង៧,៣% ក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងនេះក្តី ក្នុងរយៈពេលដ៏ខ្លី តម្លៃហាងឆេងមាសអាចរងឥទ្ធិពល ដោយសារទស្សនវិស័យ នៃការបន្តដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក ដែលមានន័យថា កាលណាអត្រាការប្រាក់កើនឡើង នោះតម្លៃមាសនឹងធ្លាក់ចុះ។

លោក Varut បានគូសបញ្ជាក់ថា “ស្របពេលដែលផលប័ត្រសញ្ញាប័ណ្ណ (Bond yields) របស់សហរដ្ឋអាមេរិក បានកើនឡើងជាថ្មីម្តងទៀត ឥឡូវនេះ អ្នកវិភាគកំពុងព្យាករថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងដំឡើងអត្រាការប្រាក់គោល របស់ខ្លួនម្តងទៀតនៅឆ្នាំនេះ”៕

សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់៦.៦ភាគរយ នៅឆ្នាំ២០២៤

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថាសម្រេចបានកំណើនក្នុងរង្វង់៦.៦% ដែលធ្វើឲ្យផលិតក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់១៤២,៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ៣៥,១៦៨ លានដុល្លារ។

នេះបើយោងតាម​ខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន។ឯកសារខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ទៀតថា ប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់២,០៧១ ដុល្លារបើធៀបនឹងប្រមាណ១៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។

ការរំពឹងទុកនូវកំណើន៦.៦%នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា ទី១ វិស័យឧស្សាហកម្មត្រូវបាន ព្យាករថានឹងបន្តនិន្នាការ កើនឡើងក្នុងរង្វង់៨.៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥.០% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ទី២ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន៦.៩% ក្នុងឆ្នាំ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់៨.១% ក្នុងឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមាន ដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។

ទី៣ វិស័យកសិកម្មរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២៤ ធៀបនឹង០,៩% ក្នុងឆ្នាំ២០២៣ ដោយសា​រការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វ នៅបន្តមានស្ថិរភាព។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន៦.៦% យ៉ាងណាក្តី កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឲ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខ ដែលក្នុងនោះរួមមាន ១ ការកើនឡើងនូវភាពតានតឹង ភូមិសាស្រ្តនយោបាយតំបន់ និងសកល ២ ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា។

៣ ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុក នៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម ៤ ការបន្តឡើងថ្លៃ ឬកម្រិតខ្ពស់នៃថ្លៃថាមពល និងទំនិញជារួមលើទីផ្សារអន្តរជាតិ ៥ ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចកំពុងកាត់បន្ថយនូវការចូលរួម ក្នុងចរន្តសកលភាវូបនីយកម្ម ស្របជាមួយនឹងការកើនឡើងនៃនិន្នាការពហុប៉ូល និងការបែងចែកប្លុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង៦ ការកើនឡើងនូវផលប៉ះពាល់ជាអវិជ្ជមាន កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ចំណែកកត្តាខាងក្នុង កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដូចជា ភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាបនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្តពឹងផ្អែកខ្លាំង លើតម្រូវការខាងក្រៅ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីវិធីត្រៀមខ្លួនឆ្លងកាត់វិបត្តិសេដ្ឋកិច្ច

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ម្ចាស់អាជីវកម្មជាច្រើន បាននិងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងម្ចាស់អាជីវកម្មនានាបានិងកំពុងរងផលប៉ះពាល់ពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងកាលពីសប្តាហ៍មុន បានចែករំលែកអំពីបទពិសោធន៍ ក្នុងការដឹកនាំអាជីវកម្មរបស់លោក ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ​អំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើន។លោកបានជំរុញដល់ម្ចាស់អាជីវកម្ម ត្រូវបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ពង្រឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម កាត់បន្ថយចំណាយមិនចាំបាច់ ពង្រឹងការលក់ ពិសេសគឺត្រូវតែរវល់នឹងការលក់ មិនគួររវល់នឹងរឿងផ្សេងឡើយ។

លោកបានណែនាំពីគោលការណ៍សំខាន់ចំនួន៤ ក្នុងការដំណើរការអាជីវកម្មក្នុងស្ថានភាពសេដ្ឋកិច្ចមានវិបត្តិ ដែលរួមមាន លើកទឹកចិត្តបុគ្គលិក យល់ដឹងពីការគ្រប់គ្រងសាច់ប្រាក់ យល់ពីវដ្ដនៃសេដ្ឋកិច្ច និងវដ្តនៃអាជីវកម្ម។

លោកឧកញ៉ាបណ្ឌិត​ថែមទាំងបានបង្ហាញ អំពីយុទ្ធសាស្ត្រ ម៉ូម៉ាឡែត ដោយត្រូវចេះធ្វើយ៉ាងណា ឱ្យអាជីវកម្មអាចឆ្លងផុតវិបត្តិ ជាពិសេស ការគ្រប់គ្រងចំណាយ។ កម្មវិធីចែករំលែកគំនិត និងបទពិសោធន៍ ​ទាក់ទងនឹងការស្វែងយល់ និងត្រៀមខ្លួនប្រឈមនឹងវិបត្តិ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣​៕

 

សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើន៣,១% ខណៈសេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើន៥,២%ក្នុងឆ្នាំ២០២៣

តែម សុខុម

គ័ងចូវៈ សេដ្ឋកិច្ចពិភពលោកនឹងបង្អង់ល្បឿនជាមួយនឹងកំណើន៣,១%ក្នុងឆ្នាំ២០២៣ ខណៈការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ បន្តជះផលប៉ះពាល់ដល់កំណើនសកល។

យោងតាមរបាយការណ៍ស្ដីពីហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សកលឆ្នាំ២០២៣ របស់ក្រុមហ៊ុនសាជីវកម្មអាមេរិក IFF ដែលត្រូវបានបញ្ចេញអំឡុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា បង្ហាញថា ផលទុនជាតិសរុប (GDP) របស់ប្រទេសចិន ត្រូវបានព្យាករថានឹងសម្រេចបានកំណើន៥,២%ក្នុងឆ្នាំ២០២៣ និង៥%ក្នុងឆ្នាំ២០២៤ ខណៈប្រទេសចិន បានដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់។

ពេលនេះរបាយការណ៍នេះព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងនៅតែចុះខ្សោយក្នុងឆ្នាំ២០២៤ ជាមួយនឹង GDP ពិភពលោកនឹងសម្រេចបានកំណើន៣,១%។

តម្លៃទំនិញប្រើប្រាស់ទូទាំងពិភពលោកនឹងធ្លាក់ចុះមកនៅត្រឹម៧%ក្នុងឆ្នាំនេះពី៩,២%ក្នុងឆ្នាំ២០២២ ហើយអតិផរណានឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម៥,៨%ក្នុងឆ្នាំ២០២៤។

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ត្រូវបានព្យាករថានឹងសម្រេចបានកំណើន៣%ក្នុងឆ្នាំ២០២៣ ខណៈ GDP របស់សហភាពអឺរ៉ុប ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន០,៨ក្នុងឆ្នាំនេះ និង១,៥%ក្នុងឆ្នាំ២០២៤៕ Yahoo News៕

ក្រុមហ៊ុន SRI កំពុងអភិវឌ្ឍគម្រោង Banteay Srey Eco City ដើម្បីបំពេញក្តីស្រមៃរបស់មនុស្សគ្រប់រូប

ដោយ: គង់ លាងហួរ
ភ្នំពេញ: យើងសាកស្រមៃមើលពិភពលោកមួយ ដែលការច្នៃប្រឌិត ជួបជាមួយនឹងការរចនាឌីហ្សាញ ប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន ដោយរាល់គ្រប់បរិក្ខារទាំងអស់ ដែលអ្នកស្រមៃចង់បានគឺស្ថិតនៅជិតដៃរបស់លោកអ្នកបំផុត។

នេះពុំមែនត្រឹមជាចក្ខុវិស័យ សម្រាប់ថ្ងៃស្អែកនោះឡើយ ប៉ុន្តែវាជាការពិត ដែលក្រុមហ៊ុនStrategic Realty Investment(SRI) កំពុងសាងសង់គម្រោង ប្រើប្រាស់ចម្រុះខ្នាតយក្សមួយ ដែលមានឈ្មោះថា Banteay Srey Eco City ដើម្បីបំពេញក្តីស្រមៃទាំងនេះរបស់មនុស្សគ្រប់រូបឱ្យក្លាយជាការពិត។
ប្រសិនបើអ្នកចំណាយពេលមួយភ្លែត ដើម្បីសាកស្រមៃមើលជីវិត ដែលអាចរស់នៅក្នុងបរិស្ថានដ៏ស្រស់បំព្រង នៅក្នុងគម្រោង Banteay Srey Eco City នោះអ្នកប្រាកដជាស្រមៃឃើញ ព្រះអាទិត្យរះចែងចាំង នៅលើវីឡាដ៏អស្ចារ្យ ដែលបានរចនាយ៉ាងល្អិតល្អន់ស្របតាមស្តង់ដារអន្តរជាតិដ៏ខ្ពស់បំផុត។
អ្នកអាចពិសាកាហ្វេពេលព្រឹក ដែលទើបនឹងឆុងហើយថ្មីៗនៅក្នុងផ្ទះបាយដ៏ប្រណីត ហើយអ្នកក៏អាចបញ្ជូនកូនៗ ទៅកាន់សាលារៀនលំដាប់ថ្នាក់ពិភពលោក ក្នុងគម្រោង Banteay Srey Eco City ដែលមានទីតាំងស្ថិតនៅចំបេះដូង នៃទីក្រុងសៀមរាបផងដែរ។
លើសពីនេះ អ្នកអាចនឹងអញ្ជើញ ទៅកាន់ផ្ទះអាជីវកម្មមួយ ក្នុងចំណោមផ្ទះអាជីវកម្មជាច្រើន ប្រកបដោយភាពច្នៃប្រឌិតរបស់គម្រោង Banteay Srey Eco City ហើយអ្នកក៏អាចទៅលេងនៅទីលានកីឡាដ៏ធំទូលាយក្នុងគម្រោង ដែលស្មារតីនៃការប្រកួតប្រជែង និងមិត្តភាពតែងតែនៅរស់រវើកជានិច្ច។

ជម្រើសដែលផ្តល់ជូនដោយគម្រោង Banteay Srey Eco City គឺគ្មានទីបញ្ចប់។ អ្នកអាចចំណាយពេលវេលា នៅពេលរសៀល នៅក្នុងសួនផ្កាពណ៌ខៀវស្រងាត់របស់យើង និងស្រស់ស្រូបអាហារនៅហាងលក់អាហាររហ័សក្នុងផ្សារទំនើប ឬភោជនីយដ្ឋានលំដាប់កំពូល ៗក្នុងគម្រោងនេះផងដែរ។
នៅពេលល្ងាចចូលមកដល់ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តរបស់យើងមានភាពរស់រវើក ដោយផ្តល់នូវភាពសប្បាយរីករាយ និងការសម្រាកលំហែគ្មានទីបញ្ចប់។
គម្រោង Banteay Srey Eco City ពុំមែនបង្កើតឡើងសម្រាប់តែការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្ត ចំពោះអនាគតប្រកបដោយនិរន្តរភាព។
ជាមួយនឹងតំបន់កសិកម្មដ៏ធំទូលាយ ក្រុមហ៊ុនSRI ម្ចាស់អភិវឌ្ឍគម្រោង Banteay Srey Eco City កំពុងជំរុញការកសាងសហគមន៍មួយ ដែលមិនត្រឹមតែអាចផ្តល់ផលប្រយោជន៍ សម្រាប់មនុស្សទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
លើសពីនេះ សម្រាប់ឱកាសពិសេសៗ ដូចជា ពិធីរៀបមង្គលការ មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងសន្និបាតរបស់គម្រោង Banteay Srey Eco City គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ប្រារព្ធពិធីទាំងនេះរបស់លោកអ្នក ដែលហ៊ុព័ទ្ធទៅដោយសម្រស់ធម្មជាតិនៃវាលស្មៅដ៏ស្រស់ឆើតឆាយ។

សម្រាប់អ្នកវិនិយោគដែលយល់ច្បាស់ គម្រោង Banteay Srey Eco City បានតំណាងឱ្យឱកាសដ៏អស្ចារ្យមួយ ដែលមិនដូចទៅនឹងគម្រោងផ្សេងទៀតឡើយ។ នៅទីនេះ ការវិនិយោគមិនមែនគ្រាន់តែជាឱកាសស្វែងរកកំណើន ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដល់អនាគត ប្រកបដោយនិរន្តរភាពផងដែរ។
ក្រុមហ៊ុន SRI អះអាងថា “យើងមិនត្រឹមតែបង្កើតទីក្រុងនោះទេ យើងក៏កំពុងបង្កើតសហគមន៍ របៀបរស់នៅ និងអនាគតផងដែរ ហើយយើងកំពុងអញ្ជើញ អ្នករាល់គ្នាឱ្យចូលរួមជាផ្នែកមួយ នៃដំណើរនេះ ដើម្បីចូលរួមជាមួយយើង ក្នុងការរៀបចំផ្លូវជីវិតថ្មី និងការរួមរស់ជាមួយគ្នា ប្រកបដោយនិរន្តរភាព និងប្រណីតភាព”។

លោកបណ្ឌិត Alexander Evengroen ដៃគូសហការ និងជានាយកផ្នែកអភិវឌ្ឍន៍គំរោងនៃក្រុមហ៊ុន Strategic Realty Investment បានមានប្រសាសន៍ថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍមួយជំហានម្តងៗ ហើយរហូតមកដល់ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍជាច្រើនជំហាន នៅក្នុងគម្រោងរបស់យើង ប៉ុន្តែយើងនឹងបន្តការយកចិត្តទុកដាក់ ទៅលើការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់ ប្រជាជន សេដ្ឋកិច្ចកម្ពុជា ការបង្កើតរបៀបរស់នៅថ្មី ផ្សាភ្ជាប់មនុស្សជាមួយនឹងធម្មជាតិជុំវិញ ប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកម្សាន្ត ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់កុមារ និងមនុស្សចាស់។

លោកបណ្ឌិត Alexander Evengroen បានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករ ព្រោះយើងគិតគូរអំពីអនាគត របស់មនុស្សជំនាន់ថ្មី។
លោកបណ្ឌិត Alexander បានបន្ថែមថា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ បេសកកម្ម និងមូលដ្ឋានដ៏រឹងមាំ យើងកំពុងផ្តល់ឱកាស សម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសាធារណជនទូទៅ ដើម្បីចូលរួមជាមួយយើង ក្នុងឱកាសវិនិយោគឈ្នះ-ឈ្នះ និងឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុន ប្រជាជន និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច-នវានុវត្តន៍៕