ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ ក្រុមហ៊ុន/សហគ្រាសចំនួនជាង១០,០០០ បានទទួលជោគជ័យលើការចុះបញ្ជីរអាជីវកម្មតាមប្រព័ន្ឋអនឡាញ។
ប៉ុន្តែបើគិតចាប់តាំងពីដំណើរការសេវាកម្មនេះមក កម្ពុជាបានចុះប្ញជីរក្រុមហ៊ុនជាតិ អន្តរជាតិ សហគ្រាសប្រមាណ៥,២ម៉ឺនបានទទួលជោគជ័យ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន(Single Portal)។
-->
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ចូលរួម គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោយមករដ្ឋាភិបាល ក៏បានប្រកាសដាក់ឱ្យដំណើរការ ដំណាក់កាលទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
យោងតាមរបាយការណ៍វឌ្ឍនភាព នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Single Portal របស់ Online Business registration Service ចេញផ្សាយក្នុងថ្ងៃទី៨ ខែធ្នូ បង្ហាញថា គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន/សហគ្រាស ដែលទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានមានចំនួនសរុប៥២,៤៩៨ ជាមួយនឹងដើមទុនចុះបញ្ជីសរុប៨៥,៩៦ ទ្រីលានរៀល ឬស្មើនឹង២១ពាន់លានដុល្លារ។
Phnom Penh City, Cambodia
ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំង៥២,៤៩៨ គឺមាន១៩, ១០០ ឬស្មើនឹង៣៦,៣៨% ដែលមានម្ចាស់ជាស្រ្តី។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាននិយាយថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម កាន់តែច្រើននាំគ្នាទៅចុះបញ្ជី។
លោកបញ្ជាក់ថា “នៅពេលគ្រប់អាជីវកម្មសុទ្ធ តែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែង មានតម្លាភាពជាងមុន”។
លោកបានបន្តទៀតថា នៅពេលគ្រប់អាជីវកម្មទាំងអស់ បានចុះបញ្ជី វានឹងផ្តល់ផលចំណេញច្រើនទៅរដ្ឋាភិបាល និងផ្នែកឯកជន ហើយជាមួយគ្នានេះ វាក៏នឹងជួយកាត់បន្ថយការលក់បង្ខូចថ្លៃ ពីសំណាក់ម្ចាស់អាជីវកម្មមិនស្របច្បាប់មួយចំនួន ដែលរកស៊ីដោយមិនបង់ពន្ធផងដែរ”៕
