អាកាសយានដ្ឋានតារាសាគរនៅតែបន្តដំណើរការទទួលស្វាគមន៍ជើងហោះហើរធម្មតា ទោះមានសង្រ្គាមថៃឈ្លានពានកម្ពុជា

0

ដោយៈ ម៉ាណា

    កោះកុងៈ អាកាសយានដ្ឋាន​តារាសាគរ​ ក្នុង​ខេត្ត​កោះកុងនៅ​តែ​បន្ត​ប្រតិបត្តិការ​ជើងហោះហើរជា​​ធម្មតា បើទោះបី​ស្ថានភាពតាមព្រំដែន​កំពុង​កើត​មានជម្លោះ ​ដោយសារ​​ការ​ទន្ទ្រានឈ្លានពាន ​ពី​យោធាថៃក៏ដោយ។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បានមានប្រសាសន៍ ឲ្យកាសែតក្នុងស្រុកមួយដឹងថា ទោះ​បី​តាមបណ្តា​ខេត្តជាប់ព្រំដែន ​​រង​ការ​គម្រាមកំហែង​​ពីយោធាថៃ​ ដែល​បើក​​ការ​ឈ្លាន​ពាន​ ចូលកាន់កាប់ទឹកដីប្រទេស​កម្ពុជា អាកាសយានដ្ឋាន​តារា​សាគរ​ នៅ​តែ​ទទួល​ជើង​ហោះ​ហើរ​ជា​ធម្មតា។

លោកបន្តថា “​បច្ចុប្បន្ន​ក៏​មាន​ការ​ពង្រីក ​ជើង​ហោះហើរបន្ថែម​២ ជើង​ក្នុង​១​សប្តាហ៍ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍Air Cambodia។

ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia បាននិងកំពុង​បន្ត​កាលវិភាគ​ ហោះហើរ​​នៅ​រៀងរាល់​ថ្ងៃសុក្រ និង​ថ្ងៃ​អាទិត្យ​ពី​គោលដៅ​រាជធានី​ភ្នំពេញ។

លោកបញ្ជាក់ថា “ការហោះហើរ​មិន​មាន​ការផ្អាក​ឡើយ គ្រាន់​ភ្ញៀវ​មិន​មាន​សន្ទុះ​ច្រើន ដោយសារ​បារម្ភ​ពី​សុវត្ថិភាព”។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បន្ត​ថា ក្រោយ​កើតមាន​ជម្លោះតាម​ព្រំដែន ពលរដ្ឋ​​ហាក់​មិនសូវ​មាន​អារម្មណ៍​ មក​លំហែ​កាយ​ច្រើន​ដូចមុន​នោះទេ។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួលសិទ្ធិ​​វិនិយោគ​ សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ ​​តម្លៃ​ជាង ២០០លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង​។ អាកាស​យានដ្ឋាន​​នេះ ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង៣២០០ម៉ែត្រ ទទឹង៤៥ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here