ដោយៈ ចំណាន
ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុង បាននិងកំពុងដើរតួនាទីសំខាន់លើការលើកកម្ពស់ការអភិវឌ្ឈ សម្រួលចរាចរណ៍ និងជម្រុញការពង្រីករាជធានីកាន់តែលឿន។
តោះមកស្គាល់ផ្លូវក្រវ៉ាត់ក្រុងឬាំង៤ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
១. ផ្លូវក្រវ៉ាត់ក្រុងទី១
ផ្លូវក្រវ៉ាត់ដំបូងគេបង្អស់នៅរាជធានីភ្នំពេញនេះ ត្រូវបានសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយម នៅក្នុងទីតាំងខណ្ឌចំនួន៤ មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក។ ផ្លូវនេះតភ្ជាប់ពីគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ភ្ជាប់ផ្លូវសុផារ៉ា និងផ្លូវ៥៩៨ ត្រលោកបែក ទៅផ្លូវ២៧១ រហូតដល់គល់ស្ពានច្បារអំពៅ តភ្ជាប់ជាមួយផ្លូវជាតិលេខ១ ។
ផ្លូវនេះមានឈ្មោះមួយទៀតគឺផ្លូវខេមរភូមិន្ទ ឬផ្លូវ២៧១ ដែលបច្ចុប្បន្នផ្លូវនេះ បានក្លាយជាតំបន់អភិវឌ្ឍន៍បែបCBDរួចទៅហើយ។

២. ផ្លូវក្រវ៉ាត់ក្រុងទី២
ផ្លូវនេះបានសាងសង់កាលពីឆ្នាំ២០១៦ និងបានដាក់ឲ្យប្រើប្រាស់ឆ្នាំ២០១៩ ដោយមាន២កំណាត់ ប្រវែងសរុបជាង២៧គីឡូម៉ែត្រ។ កំណាត់ទី១ មានប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ (ឬផ្លូវ120K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី។
កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅផ្លូវលេខ ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវមុខរោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ផ្លូវ៦០ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។
៣. ផ្លូវក្រវ៉ាត់ក្រុងទី៣
ជាខ្សែផ្លូវថ្មី ដែលត្រូវបានប្រសិទ្ធិនាមថា ជាមហាវិថីស៊ី ជីនពីងដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅ នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ភ្ជាប់មកកំពង់ផែភ្នំពេញថ្មី។
ផ្លូវនេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ២៥ម៉ែត្រ។
ទោះជាយ៉ាងណារហួតមកទល់ពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ ឬមហាវិថីស៊ី ជីនពីងនេះ បានអភិវឌ្ឍន៍ពាក់កណ្តាលប៉ុណ្ណោះ។ ចំណែកពាក់កណ្តាលទៀតបានសិក្សាចប់ តែត្រូវបានពន្យាពេលសាងសង់ ដោយសារកង្វះមូលនិធិ។
៤. ផ្លូវក្រវាត់ក្រុងទី៤
គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ ត្រូវបានសិក្សាចប់រួចរាល់ហើយ។ ផ្លូវក្រវាត់ក្រុងទី៤មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក៕








