ដោយ វុត្ថា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍មួយចំនួនមិនទាន់បានយល់ពីនិតិវិធីទាក់ទង នឹងការស្នើសុំលិខិតសាងសង់នៅឡើយទេ ហេតុនេះការស្វែងយល់ពីទិដ្ឋភាពច្បាប់ បទដ្ឋានគិតិយុត្តិនានាមានសារៈសំខាន់ណាស់។
អ្នកអភិវឌ្ឍន៍ដែលមានបំណងសាងសង់ ត្រូវមកយកទម្រង់បែបបទ និងបំពេញឲ្យបានត្រឹមត្រូវ ដែលអនុលោមទៅតាមច្បាប់សំណង់របស់កម្ពុជា ដែលបានកំណត់។ សម្រាប់អ្នកដែលរស់នៅទីក្រុងភ្នំពេញ អាចទៅសុំច្បាប់ និងដាក់ពាក្យសាងសង់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមជាមួយនឹងក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និង សំណង់។
-->
Propertyarea.asia មានសំណួរ និងចម្លើយចំនួប៤ ដែលអាចប្រើប្រាស់បាននិងអាចស្វែងយល់បន្ថែម។
សំណួរ ទី១. តើអ្នកណាអាចមានសិទ្ធិស្នើសុំលិខិតអនុញ្ញាតសាងសង់បាន?
ចម្លើយ.១. រាល់ការស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបិទការដ្ឋាន តម្រូវឱ្យដាក់ពាក្យស្នើសុំដោយម្ចាស់គម្រោង។ អ្នកតំណាងស្របច្បាប់អាចជំនួសម្ចាស់គម្រោង ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតទាំងនោះបាន។
សំណួរ ទី២. តើការសាងសង់ប្រភេទណាខ្លះ ដែលមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតសាងសង់?
ចម្លើយ ទី២. រាល់ការអភិវឌ្ឍអចលនវត្ថុ (ការសាងសង់) គ្រប់ប្រភេទតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតជាមុន លើកលែងតែការសាងសង់ថ្មី ឬការជួសជុលលំនៅឋានតូចតាចនិងពុំមានលក្ខណៈជាការធ្វើពាណិជ្ជកម្ម ដែលស្ថិតនៅទីជនបទឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភ័ណ្ឌជាតិ តំបន់រក្សាទុកការពារ។
សំណួរ ទី៣. តើការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូដែលប្រក់ដំបូលនៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រចាំបាច់ត្រូវមានលិខិតអនុញ្ញាតសាងសង់ជាមុនដែរឬទេ?
ចម្លើយ ទី៣. រាល់ការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូ ដែលប្រក់ដំបូលនៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រដែលមានលិខិតអនុញ្ញាតសាងសង់រួចហើយ មិនតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតសាងសង់ទេ។ លើកលែងតែការសាងសង់នោះ ធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសុវត្ថិភាពគ្រឿងផ្គុំសំណង់ សណ្តាប់ធ្នាប់សាធារណៈ ឬខុសពីការកំណត់នៃគម្លាតអប្បបរមា កំណត់ដោយបទប្បញ្ញតិ្តជាធរមាន ដែលចាំបាច់ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់បន្ថែម។
សំណួរ ទី៤. តើស្ថាប័នណាខ្លះមានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់?
ចម្លើយទី៤. សមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាត មានបីថ្នាក់ ៖ ក. ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡា កម្រាលសំណង់សរុបតូចជាងឬស្មើ៥០០ម៉ែត្រក្រឡា។ ខ. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។
គ. ថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង៣.០០០ម៉ែត្រក្រឡា និងគ្រប់សំណង់ស្ថានីយប្រេងឥន្ធនៈ៕
អានបន្ត៖ វិធានការណ៍ក្តៅ៖ អភិបាលក្រុងភ្នំពេញជំរុញខណ្ឌទាំង១៤ចុះទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់