ចំណេះដឹង! សំនួរ-ចម្លើយ​សំខាន់បំផុត​ដែល​អ្នក​ត្រូវ​ដឹង​ពី​ការសុំ​លិខិតអនុញ្ញាត​សាងសង់

0

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នក​អភិវឌ្ឍន៍​មួយចំនួន​មិនទាន់បាន​យល់​ពី​និតិ​វិធី​ទាក់ទង នឹង​ការស្នើសុំ​លិខិត​សាងសង់​នៅឡើយ​ទេ ហេតុនេះ​ការស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ បទដ្ឋាន​គិ​តិ​យុ​ត្តិ​នានា​មាន​សារៈសំខាន់​ណាស់។

អ្នក​អភិវឌ្ឍន៍​ដែលមាន​បំណង​សាងសង់ ត្រូវ​មក​យក​ទម្រង់​បែបបទ និង​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អនុលោម​ទៅតាម​ច្បាប់​សំណង់​របស់​កម្ពុជា ដែល​បានកំណត់។ សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ អាច​ទៅសុំ​ច្បាប់ និង​ដាក់ពាក្យ​សាងសង់​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ព្រម​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី នរគ​រូបនីយកម្ម និង សំណង់។

Propertyarea.asia មាន​សំណួរ និង​ចម្លើយ​ចំនួប៤ ដែល​អាច​ប្រើប្រាស់​បាន​និង​អាច​ស្វែងយល់​បន្ថែម។

សំណួរ ទី១. តើ​អ្នកណា​អាចមាន​សិទ្ធិ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បាន?

ចម្លើយ.១. រាល់​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​សាងសង់​ពង្រីក​បន្ថែម លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​បើក​ការដ្ឋាន  និង​លិខិត​បិទ​ការដ្ឋាន តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង។ អ្នកតំណាង​ស្របច្បាប់​អាច​ជំនួស​ម្ចាស់​គម្រោង ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​ទាំងនោះ​បាន។

សំណួរ ទី២. តើ​ការសាងសង់​ប្រភេទ​ណាខ្លះ ដែល​មិនចាំបាច់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយ ទី២. រាល់​ការអភិវឌ្ឍ​អចលនវត្ថុ (ការសាងសង់) គ្រប់​ប្រភេទ​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ជាមុន លើកលែងតែ​ការសាងសង់​ថ្មី ឬ​ការជួសជុល​លំនៅឋាន​តូចតាច​និង​ពុំមាន​លក្ខណៈ​ជាការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ស្ថិតនៅ​ទីជនបទ​ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេ​តិក​ភ័​ណ្ឌ​ជាតិ តំបន់​រក្សាទុក​ការពារ។

សំណួរ ទី៣. តើ​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ចាំបាច់​ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​ដែរឬទេ?

ចម្លើយ ទី៣. រាល់​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែលមាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ មិន​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ទេ។ លើកលែងតែ​ការសាងសង់​នោះ ធ្វើឱ្យប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សុវត្ថិភាព​គ្រឿង​ផ្គុំ​សំណង់       សណ្តាប់ធ្នាប់​សាធារណៈ ឬ​ខុសពី​ការកំណត់​នៃ​គម្លាត​អប្បបរមា កំណត់ដោយ​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន ដែល​ចាំបាច់​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បន្ថែម។

សំណួរ ទី៤. តើ​ស្ថាប័ន​ណាខ្លះ​មាន​សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយ​ទី៤. សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត មាន​បី​ថ្នាក់ ៖ ក.  ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា កម្រាល​សំណង់​សរុប​តូច​ជាង​ឬ​ស្មើ៥០០ម៉ែត្រក្រឡា។ ខ.  ថ្នាក់​រាជធានី ខេត្ត ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ធំ​ជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។

គ.  ថ្នាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ធំ​ជាង៣.០០០ម៉ែត្រក្រឡា និង​គ្រប់​សំណង់​ស្ថានីយប្រេងឥន្ធនៈ៕

អានបន្ត៖ វិធានការណ៍​ក្តៅ​៖ អភិបាលក្រុង​ភ្នំពេញ​ជំរុញ​ខណ្ឌ​ទាំង១៤ចុះ​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​

LEAVE A REPLY

Please enter your comment!
Please enter your name here