ដោយ វុត្ថា
សៀមរាប៖ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយអាចជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មីបន្ថែម ត្រូវហាមឃាត់ជាដាច់ខាត។

-->
នេះបើយោងតាមប្រការ១ និងប្រការ២ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។
បើតាមការចុះផ្សាយរបស់អាជ្ញាធរអប្សារានៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋអ្នកស្នើសុំសាងសង់ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖ លិខិតទាក់ទងនឹងការកាន់កាប់ និងប្រើប្រាស់ដីធ្លី លិខិតស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ) អត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតជាដើម។
លើសពីនេះទៅទៀត ក្រោយពីបានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋ អ្នកជំនាញពីនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរានឹងធ្វើការវិនិច្ឆ័យដោយពិនិត្យលក្ខខណ្ឌមួយចំនួនមុននឹងអនុញ្ញាតឱ្យសាងសង់ តាមរយៈការចុះទៅពិនិត្យដល់ទីតាំងស្នើសុំជាក់ស្តែងផ្ទាល់ សាកសួរព័ត៌មានទាក់ទងនឹងប្រវត្តិនៃការកាន់កាប់ និងប្រើប្រាស់ដីធ្លី ប្រវត្តិនៃការតាំង ទីលំនៅ ព្រមទាំងផ្ទៀងផ្ទាត់ខ្នងផ្ទះចាស់ដែលមាននៅទីតាំងស្នើសុំនោះជាមួយនឹងទិន្នន័យ JICA ធ្វើឡើងនៅឆ្នាំ១៩៩៨ រូបភាពពីលើអាកាស Google Earth ឆ្នាំ២០០៤ និងឈ្មោះរបស់ម្ចាស់សំណើនៅក្នុងបញ្ជីជំរឿនរបស់អាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០០៤-២០០៥។
នៅពេលពិនិត្យឃើញថា ម្ចាស់សំណើមានលក្ខខណ្ឌគ្រប់គ្រាន់ហើយ អាជ្ញាធរជាតិអប្សរានឹងចេញលិខិតអនុញ្ញាតសាងសង់ ដោយមានភ្ជាប់ជាមួយនឹងលិខិតប្រកាសសាងសង់ (ក្រដាសពណ៌លឿង) និងកិច្ចសន្យសាងសង់ ដែលសាមីជនយល់ព្រមចុះហត្ថលេខាព្រមព្រៀងជាមួយអាជ្ញាធរជាតិអប្សរាលើ ប្លង់ស្ថាបត្យកម្ម ជាសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី ដែលមានរចនាបថជាសំណង់លំនៅដ្ឋានខ្មែរ។
ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំសាងសង់បាននៅ៣ទីតាំង ៖ ទីតាំងទី១ នៅច្រកចេញចូលតែមួយប្រចាំស្រុកពួក ទីតាំងទី២ នៅចេញចូលចូលតែមួយប្រចាំក្រុងសៀមរាប និងទីតាំងទី៣ នៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ម្ចាស់សំណើវិញគឺមានរយៈពេល៣០ថ្ងៃ (ថ្ងៃធ្វើការ) ហើយរាល់ការស្នើសុំសាងសង់ពុំមានការបង់ថ្លៃសេវាកម្មផ្នែករដ្ឋបាលឡើយ៕

