តើ​អ្នកស្រុក​អង្គរ​មាន​លក្ខខណ្ឌ​ដូចម្តេច​ខ្លះ​ ដើម្បី​ទទួល​បាន​សិទ្ធិ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​?

0

ដោយ​ វុត្ថា​

សៀមរាប​៖ ​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ដ្ឋាន​ និង​រស់នៅ​យូរលង់​មក​ហើយ​អាច​ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ ឬសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ ដោយមាន​ការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ប៉ុន្តែ​រាល់​ការសាងសង់​ផ្ទះ​ថ្មី​បន្ថែម​ ត្រូវ​ហាមឃាត់​ជាដាច់ខាត​។

នេះ​បើ​យោង​តាម​ប្រការ១​ និង​ប្រការ២​ នៃ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​ ៧០​ សសរ​ ចុះ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០០៤​ ស្តី​ពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើ​ប្រាស់​ដីធ្លី​នៅ​តំបន់១​ និង​តំបន់២​ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-អង្គរ​។

បើ​តាម​ការ​ចុះផ្សាយ​របស់​អាជ្ញា​ធរ​អប្សា​រា​នៅ​ថ្ងៃទី​ ៦ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​អ្នកស្នើ​សុំ​សាងសង់​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា​៖ លិខិត​ទាក់ទង​នឹង​ការ​កាន់កាប់​ និង​ប្រើប្រាស់​ដីធ្លី​ លិខិត​ស្នាក់នៅ​ (សៀវភៅ​ស្នាក់នៅ​ ឬសៀវភៅ​គ្រួសារ​) អត្តសញ្ញាណ​បណ្ណ​ និង​សំបុត្រ​កំណើត​ជាដើម​។

លើស​ពីនេះ​ទៅទៀត​ ក្រោយពី​បាន​ទទួលពាក្យ​ស្នើសុំ​សាងសង់​ពី​ប្រជាពលរដ្ឋ​ អ្នកជំនាញ​ពី​នាយកដ្ឋាន​រៀបចំ​ដែនដី​ និង​គ្រប់គ្រង​លំនៅ​ដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​វិនិច្ឆ័យ​ដោយ​ពិនិត្យ​លក្ខខណ្ឌ​មួយចំនួន​មុននឹង​អនុញ្ញាត​ឱ្យ​សាងសង់​ តាមរយៈ​ការ​ចុះទៅ​ពិនិត្យ​ដល់ទី​តាំង​ស្នើសុំ​ជាក់ស្តែង​ផ្ទាល់​ សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការ​កាន់កាប់​ និង​ប្រើប្រាស់​ដីធ្លី​ ប្រវត្តិ​នៃ​ការ​តាំង​ ទីលំនៅ​ ព្រមទាំង​ផ្ទៀងផ្ទាត់​ខ្នង​ផ្ទះ​ចាស់​ដែល​មាននៅ​ទីតាំង​ស្នើសុំ​នោះ​ជាមួយនឹង​ទិន្នន័យ​ JICA​ ធ្វើឡើង​នៅ​ឆ្នាំ១៩៩៨​ រូបភាព​ពីលើ​អាកាស​ Google​ Earth​ ឆ្នាំ២០០៤​ និង​ឈ្មោះ​របស់​ម្ចាស់​សំណើ​នៅក្នុង​បញ្ជី​ជំរឿន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ឆ្នាំ២០០៤​-២០០៥​។

នៅពេល​ពិនិត្យ​ឃើញថា​ ម្ចាស់​សំណើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ ដោយមាន​ភ្ជាប់​ជាមួយនឹង​លិខិត​ប្រកាស​សាងសង់​ (ក្រដាស​ពណ៌លឿង​) និង​កិ​ច្ច​សន្យ​សាងសង់​ ដែល​សាមីជន​យល់ព្រម​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ ប្លង់​ស្ថាបត្យកម្ម​ ជា​សំណង់​ស្រាល​ គ្មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ ដែល​មាន​រចនាបថ​ជា​សំណង់​លំនៅ​ដ្ឋាន​ខ្មែរ​។

ប្រជាពលរដ្ឋ​អាច​ដាក់ពាក្យ​ស្នើសុំ​សាងសង់​បាន​នៅ៣ទីតាំង​ ៖ ទីតាំង​ទី១​ នៅ​ច្រកចេញ​ចូល​តែមួយ​ប្រចាំ​ស្រុក​ពួក​ ទីតាំង​ទី២​ នៅ​ចេញចូល​ចូល​តែមួយ​ប្រចាំ​ក្រុង​សៀមរាប​ និង​ទីតាំង​ទី៣​ នៅ​មជ្ឈមណ្ឌល​សេវាកម្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ស្ថិតនៅ​ភូមិ​បង្កោង​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។ ការ​ឆ្លើយតប​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៅកាន់​ម្ចាស់​សំណើ​វិញ​គឺ​មាន​រយៈពេល៣០ថ្ងៃ ​(ថ្ងៃធ្វើការ​) ហើយ​រាល់​ការ​ស្នើសុំ​សាងសង់​ពុំ​មានការ​បង់ថ្លៃ​សេវាកម្ម​ផ្នែក​រដ្ឋបាល​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here