អ្នកជំនាញ ៖ ការវិនិយោគផ្ទះនៅតាមបុរីមានឱកាសចំណេញខ្ពស់

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បើ​ទោះជា​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​បែប​ទំនើប​នៅ​តាម​បណ្តា​បុរី​នានា​មានការ​កើនឡើង​យ៉ាងណាក៏ដោយ​ ចំពោះ​តម្លៃ​នៃ​លំនៅ​ដ្ឋាន​ទាំងអស់​នេះ​នៅតែ​បន្ត​កើនឡើង​ជាបន្តបន្ទាប់​ ដែល​យ៉ាងហោចណាស់​ចាប់ពី​ប្រមាណ​ ២៥​ – ៣៥​ ភាគរយ​ប្រចាំឆ្នាំ​ និង​ផ្តល់​ឱកាស​ដល់​បណ្តា​អ្នក​វិនិយោគ​លក់​បន្ត​ងាយ​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​។ នេះ​បើ​តាម​ការ​អះអាង​ពីសំណាក់​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បញ្ជាក់​ប្រាប់​។

ផ្អែក​តាម​ការ​ឱ្យ​ដឹងពី​ក្រុម​អ្នកជំនាញ​ផ្នែក​លក់​ អចលនទ្រព្យ​បាន​បញ្ជាក់​ថា​ នៅ​ត្រឹម​រយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​លំនៅ​ដ្ឋាន​នៅ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ជាពិសេស​លំនៅ​ដ្ឋាន​បែប​ទំនើប​ ដែល​ស្ថិតនៅ​តាម​បណ្តា​បុ​រី​ធំៗ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ បុរី​ ប៉េង​ហួត​ បុរី​ ជីព​ម៉ុង​ បុរី​ វិមាន​ភ្នំពេញ​ បុរី​ ភ្នំពេញថ្មី​ និង​បុរី​ពិភព​ថ្មី​ជាដើម​។

ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ EASY​ Property​ Investment​ កញ្ញា​ ឈិន​ សុភា​ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ទន្ទឹម​នឹង​ការ​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ជាពិសេស​នៅ​តំបន់​ជាយក្រុង​ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ បាន​ជំរុញ​ឱ្យ​តម្លៃ​នៃ​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ មានការ​កើនឡើង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “តាម​បទពិសោធន៍​របស់ខ្ញុំ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លក់​លំនៅ​ដ្ឋាន​តាម​បណ្តា​បុ​រី​ធំៗ​ ដែល​ស្ថិតនៅ​ទិសខាងលិច​ ឆៀងខាងជើង​រាជធានី​ភ្នំពេញ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​បុរី​ ប៉េង​ហួត​ បុរី​ជីព​ម៉ុង​ និង​បុរី​វិមាន​ភ្នំពេញ​ គឺ​តម្លៃ​ផ្ទះ​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ប៉ុន្តែ​ការ​ឡើង​តម្លៃ​ទាំងនេះ​ នៅ​មិនទាន់​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​លក់​នោះ​ទេ​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ជាទូទៅ​តម្លៃ​លំនៅ​ដ្ឋាន​ដែល​នៅ​តាម​បណ្តា​បុ​រី​ធំៗ​ និង​ល្បីឈ្មោះ​ទាំងអស់​នេះ​ ទាប​បំផុត​ត្រឹម​ជាង៩ម៉ឺន​ដុល្លារ​ ហើយ​ខ្ពស់​បំផុត​រហូតដល់​ជាង៨០ម៉ឺន​ដុល្លារ​ អាស្រ័យ​ទៅតាម​ប្រភេទ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីត​”។កញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ ការ​កើនឡើង​នូវ​តម្លៃ​លំនៅ​ដ្ឋាន​ទំនើប​ និង​ប្រណីត​នៅក្នុង​បុរី​ទាំងអស់​នេះ​ មិនបាន​ធ្វើ​ឱ្យ​ការ​លក់​ធ្លាក់ចុះ​នោះ​ទេ​។

ផ្ទុយទៅវិញ​ បរិមាណ​នៃ​ការ​លក់​លំនៅ​ដ្ឋាន​ទូទៅ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ជាពិសេស​ប្រភេទ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ ដែល​បណ្តា​ក្រុមហ៊ុន​ និង​អ្នក​អភិវឌ្ឍ​មួយចំនួន​កំពុងតែ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​។ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ងាក​មក​មើល​ពីទី​ផ្សារ​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ក្នុង​បុរី​ ប៉ែក​ខាងកើត​ និង​ខាងត្បូង​រាជធានី​ភ្នំពេញ​ ក៏​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ហើយ​ចំពោះ​តម្លៃ​ក៏​មានការ​កើនឡើង​ស្រដៀងគ្នា​ ទៅ​នឹង​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច​ និង​ជើង​នោះ​ដែរ​។

លោក​ យ៉ែម​ ចាន់​ថុល​ ដែល​ជា​ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ EASY​ Property​ Investment​ និង​កំពុងតែ​កាន់​គម្រោង​លក់​លំនៅ​ដ្ឋាន​ក្នុង​បុ​រី​ធំៗ​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ១​ ក៏បាន​មាន ប្រសាសន៍​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ មិនថា​ចំពោះតែ​លំនៅ​ដ្ឋាន​ ស្ថិតនៅ​ក្នុង​បុរី​ប៉េង​ហួត​ បុ​រី​លុច្ស​សារី​ នោះ​ទេ​ គឺ​មានការ​កើនឡើង​នូវ​តម្លៃលើស​ពី​ការ​រំពឹង​ទុក​ ដែល​ផ្តល់​ឱកាស​ដល់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​ប្រមាណ​ជាង៣០ភាគរយ​ជាប្រចាំ​ឆ្នាំ​។

លោក​បន្ត​ទៀត​ថា​ កាលពី​ប្រមាណ​ជាង៣ឆ្នាំមុន​ លំនៅ​ដ្ឋាន​បែប​ធម្មតា​ (link​ house​) នៅក្នុង​បុរី​ ប៉េង​ ហួត​ គឺ​មានតម្លៃ​ត្រឹម​ជាង៧ម៉ឺន​តែប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​ ប្រភេទ​លំនៅ​ដ្ឋាន​ដដែល​នេះ​ មានតម្លៃ​ទាប​បំផុត​ក៏​ជាង១០ម៉ឺន​ដុល្លារ​ដែរ​ ហើយ​ស្ទើរតែ​គ្មាន​លក់​ផង​។លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​តម្លៃ​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ក្នុង​ បុរី​ ប៉េង​ ហួត​ និង​បុរី​ ជីព​ ម៉ុង​ ដែល​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ ក៏​មានការ​កើនឡើង​មិនចាញ់​តំបន់​ប៉ែង​ខាងកើត​នោះ​ដែរ​ ហើយ​ការ​កើនឡើង​នូវ​តម្លៃ​លំនៅ​ដ្ឋាន​ បែប​ទំនើប​ទាំងអស់​នេះ​ បាន​ជំរុញ​ឱ្យ​លំនៅ​ដ្ឋាន​ បែប​បណ្តុំ​ផ្ទះល្វែង​ដែល​ស្ថិត​ក្បែរ​បុរី​ទាំងនេះ​ មាន​ទីផ្សារ​ល្អ​ផង​ដែរ​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នូវ​តម្លៃ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​ក្នុង​បុ​រី​ធំៗ​ទាំងអស់​នេះ​ បាន​ចូលរួម​ធ្វើ​ឱ្យ​ទីផ្សារ​លំនៅ​ដ្ឋាន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ដែល​អំណោយផល​ទៅដល់​បណ្តា​អ្នក​វិនិយោគ​លំនៅ​ដ្ឋាន​ខ្នាត​តូច​ និង​មធ្យម​។

លោក​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​តម្លៃ​លំនៅ​ដ្ឋាន​ក្នុង​បុរី​ថ្លៃ​ខ្លាំងពេក​ អ្នកទិញ​នឹង​ពិចារណា​ ងាក​ទៅ​រក​ទីផ្សារ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ជំនួស​វិញ​ ដែល​រូបភាព​បែបនេះ​បាន​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​មាន​ទឹកចិត្ត​ និង​បន្តសកម្មភាព​អភិវឌ្ឍ​របស់​ខ្លួន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here