ដោយៈ រ៉ាណេត
ភ្នំពេញៈ បើទោះជាការផ្គត់ផ្គង់លំនៅដ្ឋានបែបទំនើបនៅតាមបណ្តាបុរីនានាមានការកើនឡើងយ៉ាងណាក៏ដោយ ចំពោះតម្លៃនៃលំនៅដ្ឋានទាំងអស់នេះនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់ចាប់ពីប្រមាណ ២៥ – ៣៥ ភាគរយប្រចាំឆ្នាំ និងផ្តល់ឱកាសដល់បណ្តាអ្នកវិនិយោគលក់បន្តងាយទទួលបានប្រាក់ចំណេញខ្ពស់។ នេះបើតាមការអះអាងពីសំណាក់អ្នកជំនាញក្នុងវិស័យនេះបញ្ជាក់ប្រាប់។

-->
ផ្អែកតាមការឱ្យដឹងពីក្រុមអ្នកជំនាញផ្នែកលក់ អចលនទ្រព្យបានបញ្ជាក់ថា នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ តម្លៃលំនៅដ្ឋាននៅមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសលំនៅដ្ឋានបែបទំនើប ដែលស្ថិតនៅតាមបណ្តាបុរីធំៗ ដែលក្នុងនោះរួមមានដូចជា បុរី ប៉េងហួត បុរី ជីពម៉ុង បុរី វិមានភ្នំពេញ បុរី ភ្នំពេញថ្មី និងបុរីពិភពថ្មីជាដើម។

ប្រធានផ្នែកលក់ជាន់ខ្ពស់ប្រចាំក្រុមហ៊ុន EASY Property Investment កញ្ញា ឈិន សុភា បានប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ទន្ទឹមនឹងការរីកចម្រើន និងការអភិវឌ្ឍវិស័យលំនៅដ្ឋានកាន់តែមានភាពល្អប្រសើរ ជាពិសេសនៅតំបន់ជាយក្រុង ដើម្បីឆ្លើយតបទៅតម្រូវការស្នាក់នៅរបស់ប្រជាពលរដ្ឋនោះ បានជំរុញឱ្យតម្លៃនៃលំនៅដ្ឋានគ្រប់ប្រភេទ មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។
កញ្ញាបានបន្តទៀតថា “តាមបទពិសោធន៍របស់ខ្ញុំពាក់ព័ន្ធទៅនឹងការលក់លំនៅដ្ឋានតាមបណ្តាបុរីធំៗ ដែលស្ថិតនៅទិសខាងលិច ឆៀងខាងជើងរាជធានីភ្នំពេញ ដែលក្នុងនោះរួមមានដូចជាបុរី ប៉េងហួត បុរីជីពម៉ុង និងបុរីវិមានភ្នំពេញ គឺតម្លៃផ្ទះមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការឡើងតម្លៃទាំងនេះ នៅមិនទាន់ក្លាយជាឧបសគ្គក្នុងការលក់នោះទេ”។
កញ្ញាបានបន្តទៀតថា “ជាទូទៅតម្លៃលំនៅដ្ឋានដែលនៅតាមបណ្តាបុរីធំៗ និងល្បីឈ្មោះទាំងអស់នេះ ទាបបំផុតត្រឹមជាង៩ម៉ឺនដុល្លារ ហើយខ្ពស់បំផុតរហូតដល់ជាង៨០ម៉ឺនដុល្លារ អាស្រ័យទៅតាមប្រភេទលំនៅដ្ឋានបែបទំនើប និងប្រណីត”។កញ្ញាបានបញ្ជាក់ទៀតថា ការកើនឡើងនូវតម្លៃលំនៅដ្ឋានទំនើប និងប្រណីតនៅក្នុងបុរីទាំងអស់នេះ មិនបានធ្វើឱ្យការលក់ធ្លាក់ចុះនោះទេ។
ផ្ទុយទៅវិញ បរិមាណនៃការលក់លំនៅដ្ឋានទូទៅកាន់តែមានភាពល្អប្រសើរ ជាពិសេសប្រភេទលំនៅដ្ឋានដែលមានតម្លៃមធ្យម និងក្រោមមធ្យម ដែលបណ្តាក្រុមហ៊ុន និងអ្នកអភិវឌ្ឍមួយចំនួនកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះ។ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ ងាកមកមើលពីទីផ្សារលំនៅដ្ឋានដែលស្ថិតនៅក្នុងបុរី ប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញ ក៏មានភាពល្អប្រសើរផងដែរ ហើយចំពោះតម្លៃក៏មានការកើនឡើងស្រដៀងគ្នា ទៅនឹងលំនៅដ្ឋានដែលស្ថិតនៅប៉ែកខាងលិច និងជើងនោះដែរ។

លោក យ៉ែម ចាន់ថុល ដែលជាប្រធានផ្នែកលក់ជាន់ខ្ពស់របស់ក្រុមហ៊ុនអចលនទ្រព្យ EASY Property Investment និងកំពុងតែកាន់គម្រោងលក់លំនៅដ្ឋានក្នុងបុរីធំៗមួយចំនួនដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក៏បានមាន ប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ មិនថាចំពោះតែលំនៅដ្ឋាន ស្ថិតនៅក្នុងបុរីប៉េងហួត បុរីលុច្សសារី នោះទេ គឺមានការកើនឡើងនូវតម្លៃលើសពីការរំពឹងទុក ដែលផ្តល់ឱកាសដល់អ្នកទិញទុកលក់បន្តយកចំណេញប្រមាណជាង៣០ភាគរយជាប្រចាំឆ្នាំ។
លោកបន្តទៀតថា កាលពីប្រមាណជាង៣ឆ្នាំមុន លំនៅដ្ឋានបែបធម្មតា (link house) នៅក្នុងបុរី ប៉េង ហួត គឺមានតម្លៃត្រឹមជាង៧ម៉ឺនតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ប្រភេទលំនៅដ្ឋានដដែលនេះ មានតម្លៃទាបបំផុតក៏ជាង១០ម៉ឺនដុល្លារដែរ ហើយស្ទើរតែគ្មានលក់ផង។លោកបានបន្តទៀតថា សម្រាប់តម្លៃលំនៅដ្ឋានដែលស្ថិតនៅក្នុង បុរី ប៉េង ហួត និងបុរី ជីព ម៉ុង ដែលនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ក៏មានការកើនឡើងមិនចាញ់តំបន់ប៉ែងខាងកើតនោះដែរ ហើយការកើនឡើងនូវតម្លៃលំនៅដ្ឋាន បែបទំនើបទាំងអស់នេះ បានជំរុញឱ្យលំនៅដ្ឋាន បែបបណ្តុំផ្ទះល្វែងដែលស្ថិតក្បែរបុរីទាំងនេះ មានទីផ្សារល្អផងដែរ។

អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ថា ការកើនឡើងនូវតម្លៃលំនៅដ្ឋានបែបទំនើប និងប្រណីតភាពក្នុងបុរីធំៗទាំងអស់នេះ បានចូលរួមធ្វើឱ្យទីផ្សារលំនៅដ្ឋានកាន់តែមានភាពល្អប្រសើរ ដែលអំណោយផលទៅដល់បណ្តាអ្នកវិនិយោគលំនៅដ្ឋានខ្នាតតូច និងមធ្យម។
លោកបានបញ្ជាក់ថា “នៅពេលដែលតម្លៃលំនៅដ្ឋានក្នុងបុរីថ្លៃខ្លាំងពេក អ្នកទិញនឹងពិចារណា ងាកទៅរកទីផ្សារលំនៅដ្ឋានដែលមានតម្លៃមធ្យម និងក្រោមមធ្យមជំនួសវិញ ដែលរូបភាពបែបនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍មានទឹកចិត្ត និងបន្តសកម្មភាពអភិវឌ្ឍរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ”៕