អ្នកជំនាញ​៖ ច្បាប់​ស្តី​ពី​សំណង់​នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ច្បាប់​ស្តី​ពី​សំណង់​នឹង​ស្រូប​ទាញ​យក​អ្នក​វិនិយោគ​ក្នុង​ប្រទេស​ និង​បរទេស​ ខណៈ​ អ្នក​អភិវឌ្ឍ​ និង​អ្នក​វិនិយោគ​កាន់តែ​មានទំនុក​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​។

កាល​ដើមខែ​ វិច្ឆិកា​នេះ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឡាយ​ព្រះ​ហស្ថ​លេខា​អនុញ្ញាត​ដាក់​ឱ្យ​ប្រើ​ច្បាប់​សំណង់​ជា​ផ្លូវការ​ហើយ​ បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​ ៧ ខែតុលា​ ឆ្នាំ​ ២០១៩​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់​ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ ​បានឱ្យ​ដឹង​ថា​ ច្បាប់​ស្តី​ពី​សំណង់​នឹង​ពង្រឹង​រាល់​ការ​អភិវឌ្ឍ​អាគារ​ និង​ស្រូប​ទាញ​យក​អ្នក​វិនិយោគ​ក្នុង​ប្រទេស​ និង​បរទេស​។

លោក​ បាន​ថ្លែង​ថា​ “ជា​រួម​ នៅពេល​យើង​មានច្បាប់​ទម្លាប់​គ្រប់គ្រង​គ្រាប់​គ្រាន់​ យើង​នឹងអាច​គ្រប់គ្រង​ការ​វិនិយោគ​ និង​គុណភាព​សំណង់​។ ច្បាប់​នេះ​នឹងអាច​ការពារ​ទាំង​អ្នក​វិនិយោគ​ និង​អ្នក​អភិវឌ្ឍ​ដោយ​អាច​ទាញ​យក​ប្រយោជន៍​ និង​ផល​ចំណេញ​ពី​វិស័យ​សំណង់​”។

លោក​ បាន​បន្ត​ថា​ “នៅពេល​ខាងមុខ​ ការយល់​ដឹងពី​ច្បាប់​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ ទំាង​អ្នក​អភិវឌ្ឍ​ និង​អ្នក​វិនិយោគ​កាន់តែ​មានទំនុក​ក្នុង​ការ​អភិវឌ្ឍ​ និង​វិនិយោគ​បន្ថែម​។ យើង​នឹង​ទទួល​បានការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​”។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ CAMBODIA​ អ្នកនាង​អាន​ សុធី​តា​ សាទរ​ចំពោះ​ច្បាប់​ដែល​បាន​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​បាន​ថ្លែង​ថា​ ច្បាប់​ស្តី​ពី​សំណង់​នឹង​នាំមក​នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​ និង​អ្នក​អភិវឌ្ឍន៍​ និង​គុណភាព​សំណង់​នឹង​ត្រូវ​បាន​ពង្រឹង​។

អ្នកនាង​ បានឱ្យ​ដឹង​ថា​ “ច្បាប់​នេះ​ជួយ​ឱ្យ​គុណភាព​សំណង់​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ដោយសារ​កន្លងមក​ បើ​អ្នក​វិនិយោគ​អន្តរជាតិ​តែងតែ​យោង​តាមច្បាប់​សំណង់​នៅ​ក្រៅប្រទេស​ នៅពេល​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

អ្នកនាង​ បាន​បន្ត​ថា​ “ខ្ញុំ​គិតថា​ អ្នក​អភិវឌ្ឍ​ទាំងអស់​ចូលរួម​អនុវត្តន៍​តាមច្បាប់​ដែល​បាន​ចែង​ ហើយ​ច្បាប់​ស្តី​ពី​សំណង់​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ច្បាប់​នៅ​បរទេស​ទេ​ ហើយ​អ្វី​ជា​ការ​លើកទឹកចិត្ត​គឺ​ភាព​ជឿជាក់​លើ​ក្រសួង​ និង​ច្បាប់​ដែល​បាន​ចែង​ ព្រោះ​ពេល​ដែល​មានច្បាប់​ ធ្វើ​ឱ្យ​យើង​មានទំនុក​ចិត្ត​រវាង​អ្នក​អភិវឌ្ឍ​ និង​អ្នក​វិនិយោគ​នៅ​កម្ពុជា​យើង​”។

ច្បាប់​ស្តី​ពី​សំណង់​នេះ​មាន​ ២២​ ជំពូក​ និង​ ១១៣មាត្រា​ ហើយ​ច្បាប់​ស្តី​ពី​សំណង់​នេះ​ មាន​គោលដៅ​កំណត់​គោលការណ៍​ បទបញ្ញត្តិ​បច្ចេកទេស​សំណង់​ វិធាន​ និង​នីតិវិធី​ក្នុង​ការគ្រប់គ្រង​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​។

ច្បាប់​ស្ដីពី​សំណង់​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ និង​សារប្រយោជន៍​ដូច​ខាងក្រោម​៖

* ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។

* ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខុមាលភាព​សាធារណៈ​។

* បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។

* បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​។

* គុណភាព​ សន្ដិ​សុខ​ សុវត្ថិភាព​សំណង់​ ការងារ​ទ្រព្យសម្បត្តិ​និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់​អ្នកប្រើ​ប្រាស់​សំណង់​ និង​សាធារណជន។

​* សោភណភាព​និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខុមាលភាព​សាធារណៈ។

​* គណនេយ្យ​ភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។

* ការ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here