ដោយ ម៉ាណេត
ភ្នំពេញ៖ ច្បាប់ស្តីពីសំណង់នឹងស្រូបទាញយកអ្នកវិនិយោគក្នុងប្រទេស និងបរទេស ខណៈ អ្នកអភិវឌ្ឍ និងអ្នកវិនិយោគកាន់តែមានទំនុកក្នុងការអភិវឌ្ឍនៅកម្ពុជា។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
កាលដើមខែ វិច្ឆិកានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាអនុញ្ញាតដាក់ឱ្យប្រើច្បាប់សំណង់ជាផ្លូវការហើយ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៩ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ កន្លងមកនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងថា ច្បាប់ស្តីពីសំណង់នឹងពង្រឹងរាល់ការអភិវឌ្ឍអាគារ និងស្រូបទាញយកអ្នកវិនិយោគក្នុងប្រទេស និងបរទេស។
លោក បានថ្លែងថា “ជារួម នៅពេលយើងមានច្បាប់ទម្លាប់គ្រប់គ្រងគ្រាប់គ្រាន់ យើងនឹងអាចគ្រប់គ្រងការវិនិយោគ និងគុណភាពសំណង់។ ច្បាប់នេះនឹងអាចការពារទាំងអ្នកវិនិយោគ និងអ្នកអភិវឌ្ឍដោយអាចទាញយកប្រយោជន៍ និងផលចំណេញពីវិស័យសំណង់”។
លោក បានបន្តថា “នៅពេលខាងមុខ ការយល់ដឹងពីច្បាប់នេះនឹងត្រូវបានផ្សព្វផ្សាយទូលំទូលាយ ទំាងអ្នកអភិវឌ្ឍ និងអ្នកវិនិយោគកាន់តែមានទំនុកក្នុងការអភិវឌ្ឍ និងវិនិយោគបន្ថែម។ យើងនឹងទទួលបានការរីកចម្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ”។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាងអាន សុធីតា សាទរចំពោះច្បាប់ដែលបានដាក់ប្រើប្រាស់ជាផ្លូវការ ដោយបានថ្លែងថា ច្បាប់ស្តីពីសំណង់នឹងនាំមកនូវទំនុកចិត្តដល់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ និងគុណភាពសំណង់នឹងត្រូវបានពង្រឹង។
អ្នកនាង បានឱ្យដឹងថា “ច្បាប់នេះជួយឱ្យគុណភាពសំណង់កាន់តែល្អប្រសើរជាងមុន ដោយសារកន្លងមក បើអ្នកវិនិយោគអន្តរជាតិតែងតែយោងតាមច្បាប់សំណង់នៅក្រៅប្រទេស នៅពេលដែលពួកគេចង់អភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា”។
អ្នកនាង បានបន្តថា “ខ្ញុំគិតថា អ្នកអភិវឌ្ឍទាំងអស់ចូលរួមអនុវត្តន៍តាមច្បាប់ដែលបានចែង ហើយច្បាប់ស្តីពីសំណង់មិនខុសគ្នាប៉ុន្មានពីច្បាប់នៅបរទេសទេ ហើយអ្វីជាការលើកទឹកចិត្តគឺភាពជឿជាក់លើក្រសួង និងច្បាប់ដែលបានចែង ព្រោះពេលដែលមានច្បាប់ ធ្វើឱ្យយើងមានទំនុកចិត្តរវាងអ្នកអភិវឌ្ឍ និងអ្នកវិនិយោគនៅកម្ពុជាយើង”។
ច្បាប់ស្តីពីសំណង់នេះមាន ២២ ជំពូក និង ១១៣មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

ច្បាប់ស្ដីពីសំណង់ត្រូវបានរៀបចំឡើងក្នុងគោលបំណង និងសារប្រយោជន៍ដូចខាងក្រោម៖
* ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម។
* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការងារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
* សោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
* គណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបការងារនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
* ការបង្កើនការជឿទុកចិត្តរបស់វិនិយោគនៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម៕






