ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ៖ ប្រវត្តិសាស្រ្តអាចច្រំដែល ឬទេ នៅពេលវដ្តនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលចូលមកដល់នៅឆ្នាំ 2018 ខាងមុខនេះ? វាជាសំណួរដែលពិបាករកចម្លើយពិតប្រាកដ ប៉ុន្តែមុននឹងឆ្លើយសំណួរនេះ យើងក្រឡេកមើលពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចពិភពលោកជាមុន។
រំលឹកប្រវត្តិដែលធ្លាប់កើតមានបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចអាស៊ីកាលពីឆ្នាំ 1998 និងវិបត្តិសេដ្ឋកិច្ចពិភព និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ 2018 សុទ្ឋ តែបង្កឡើងដោយអ្នកធ្វើគោលនយោបាយ និងចក្ខុវិស័យក្នុងភាពមិនច្បាស់លាស់។
-->
ដូច្នេះ តើឆ្នាំ 2018 ខាងមុខ ពិភពលោកនឹងដួលរំលំម្តងទៀត ឬយ៉ាងណា?
ចម្លើយអាចដួលរលំ និងមិនអាចដួលរំលំ ខណៈអាមេរិកបានបង្កអរិភាពកាន់តែជ្រៅជាមួយប្រទេសសម្ពន្ឋមិត្ត។
អរិយភាព
លើលោកនេះគ្មានអ្វីមានអត្ថិភាពនោះទេ អ្វីៗអាចប្រែប្រួលអាស្រ័យលើគោលនយោបាយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសជប៉ុនជាដើម។
ក្នុងរជ្ជកាលសហរដ្ឋអាមេរិក ដឹកនាំដោយលោក Donald J TRUM មេដឹកនាំអាមេរិករូបនេះ ក្រៅពីបង្កើតឲ្យមានរឿងអាស្រូវជាច្រើន និងធ្វើឲ្យមានអរិភាពជាមួយប្រទេសជាសម្ពន្ឋមិត្ត ដោយសារខួរក្បាលបុរសរូបនេះ គិតតែពីផលចំណេញ សម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។
លោក Donald .J TRUM ក៏បានប្រកាសដកខ្លួនចេញពីសន្ឋិសញ្ញាកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ ប្រកាសដកខ្លួនចេញពីសមាជិកភាពពីអង្គការ UNESCO និងប្រកាសបញ្ចប់នូវគោលនយោបាយ PTT ដែលបង្កើតឡើងដោយអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា។
អ្វីដែលកាន់តែធ្ងន់ធ្ងរ ប្រធានាធិបីរូបនេះ បានបង្កើតឲ្យមានអរិភាពដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់មជ្ឈឹមបូព៌ា តាមរយៈការចោទប្រកាន់ប្រទេសកាតា បានចូលដៃជើង ជាមួយពួករដ្ឋឥស្លាម ISIS ជាលទ្ឋផលបណ្តាប្រទេស ក្នុងតំបន់ឈូងសមុទ្រពែកបានផ្តាច់ទំនាក់ទំនងកាទូតជាមួយប្រទេសកាតា ដោយអ្វីដែលអ្នកកាទូតអន្តរជាតិហៅថា “ចំណាត់ការគ្មានគុណធ៌ម”។
ពិតណាស់សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នងនៃការបែកបាក់ដ៏ជ្រាលជ្រៅមិនធ្លាប់មាននេះ។
ការកំញើញទៅលើប្រទេសកូរ៉េខាងជើង ក៏ទំនងជានយោបាយមួយដ៏ប៉ិនប្រសព្វរបស់លោក Donald J TRUM ដើម្បីឲ្យប្រទេសសម្ព័ន្ឋមិត្តរបស់ខ្លួនទិញសព្វាវុធរបស់ខ្លួន ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីក្នុងដើមសប្តាហ៍ទី 2 នាខែវិច្ឆិកានេះ សហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលប្រទេសជប៉ុន និងសម្ពន្ឋមិត្តដទៃទៀតដូចជា កូរ៉េខាងត្បូង និងវៀតណាមទិញសព្វាវុធរបស់ខ្លួនជាថ្មី ដើម្បីទប់ទល់នឹងការគំរាមគំហែងពីកូរ៉េខាងត្បូង និងប្រទេសចិន។

អាចដួលរលំ
ពិភពលោកនឹងដួលរលំម្តងទៀតមែនទេ ឬមិនអាចទេសម្រាប់ឆ្នាំ 2018ខាងមុខ ?
យោងតាមលោក John Mauldin មកពីស្ថាប័ន Mauldin Economy បានកំណត់សំគាល់ចុងក្រោយបំផុត និងត្រូវបានលើកយកមកសរសេរក្នុងកាសែត New York Time ដោយលោក Mark OByrneថា ការរៀបចំសម្រាប់ភាពចលាចល (Prepare for Turbulence) គឺល្អឥតខ្ចោះ និងត្រូវតែអានពីការព្រមានអំពីវិបត្តិហិរញ្ញវត្ថុខាងមុខនេះ។ គាត់បានឈានដល់ការសន្និដ្ឋានថា យើងកំពុងស្ថិតនៅជិតវិបត្តិហិរញ្ញវត្ថុដ៏ធំ ប្រសិនបើមិននៅចុងឆ្នាំនេះទេគឺនៅចុងឆ្នាំ២០១៨ ។
លោក Mauldin គឺជាអ្នកនិពន្ធរបស់ កាសែត New York Times ហើយលក់ដាច់បំផុត និងជាអ្នកជំនាញខាងវិនិយោគដ៏គួរអោយគោរព ព្រមទាំងមានការវិភាគដ៏ល្អ ជាមួយនឹងការផ្តល់ដំបូន្មាន ដើម្បីរៀបចំជាបន្ទាន់នូវវិបត្តិហិរញ្ញវត្ថុនៃសមាមាត្រជាប្រវត្ដិសាស្ដ្រ ដែល«ជាថ្មីម្តងទៀតនឹងកើតមានចំពោះយើង»។
លោកបន្តថា “អ្នកនិងខ្ញុំមិនអាចគ្រប់គ្រងបានទេថា តើធនាគារត្រៀមខ្លួនរួចរាល់ហើយឬនៅ ប៉ុន្តែយើងអាចគ្រប់គ្រងថា តើយើងត្រៀមខ្លួនរួចរាល់ ឬយ៉ាងណា។ ខ្ញុំកំពុងធ្វើការលើផ្នែកមួយចំនួនដើម្បីជួយអ្នក”។ លោកបន្តថា “ពេលវេលាដ៏ខ្លីរបស់ខ្ញុំបានធ្វើឱ្យខ្ញុំជឿជាក់ថា វិបត្ដិនៃសមាមាត្រជាប្រវត្ដិសាស្ដ្រមួយ បានធ្វើឱ្យយើងធ្លាក់ចុះជាថ្មីម្តងទៀត។ យើងប្រហែលជាមានពេលតិចតួចណាស់ដើម្បីរៀបចំ។ យើងពិតជាមិនមានពេលវេលាដើម្បីទុកចោលនោះទេ “។
ការព្រមានពីវិបត្តិហិរញ្ញវត្ថុរបស់គាត់ គឺមានសារៈសំខាន់។ រហូតមកដល់បច្ចុប្បន្ននិក្ខេបបទកណ្តាលរបស់គាត់ គឺថាយើងស្ថិតនៅក្នុង “ភេរវកម្មតាមរយៈសេដ្ឋកិច្ច” ហើយថាសេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសកលលោកនឹង «រអាក់រអួល» ហើយយើងនឹងជៀសវាងវិបត្តិហិរញ្ញវត្ថុ។ ដូច្នេះមិនត្រឹមតែគាត់បានផ្លាស់ប្តូរនិក្ខេបបទកណ្តាល (Central Thesis )របស់គាត់នោះទេ ប៉ុន្តែគាត់បានចេញពីអព្យាក្រឹតភាព និងវិជ្ជមានទៅជាការធ្លាក់ចុះ និងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
សេដ្ឋវិទូអាមេរិកលោក Alice Rivlin លើកឡើងថា “ធនាគារកណ្តាលចាំបាច់ត្រូវមានគោលនយោបាយ ដោយគ្មានការព្រួយបារម្ភផ្នែកនយោបាយរយៈពេលខ្លី “។
ទន្ទឹមនឹងនេះ សេដ្ឋវិទូមួយរូបទៀត លោក Ben Bernanke លោកឡើងថា “ពីទស្សនៈសេដ្ឋកិច្ចទាំងមូល ខ្សែបន្ទាត់ខាងក្រោមសំខាន់របស់ខ្ញុំ គឺយើងកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ ប៉ុន្តែវាហាក់ដូចជាមានអ្វីផ្ទុក។
លោកបន្តថា “ឥឡូវនេះខ្ញុំមានអារម្មណ៍ថាវាទំនងណាស់ ដែលយើងនឹងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដ៏ធំ ប្រសិនបើមិននៅចុងឆ្នាំនេះទេ បន្ទាប់មកនៅចុងឆ្នាំ ២០១៨ “។

មិនអាចដួលរលំ
ផ្អែកលើសុខភាពសេដ្ឋកិច្ចសាកល ពិសេសប្រទេសយក្សចំនួន 2 ដែលបាននិងកំពុងដឹកនាំសេដ្ឋកិច្ចពិភពលោក បានរកឃើញថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ 2017 និងឆ្នាំ 2018 ខាងមុខ មិនមានសញ្ញាហានិភ័យនោះទេ ដោយសេដ្ឋកិច្ចរបស់អាមេរិករំពឹងកើនឡើងដល់ 4 ភាគរយ និងអតិផរណាមានកម្រិតទាបនៅឆ្នាំនេះ។ នេះតាមការព្យាករណ៍របស់ប្រធានាធិបតី ដូណាល់ត្រាំ ប៉ុន្តែបើផ្អែកតាមសូចនាករសេដ្ឋកិច្ច និងសេដ្ឋវិទូនានាបានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះមកត្រឹម 2,1 ភាគរយ នៅឆ្នាំ 2018 ។
ចំណែកសេដ្ឋកិច្ចរបស់ប្រទេសចិនវិញ ក៏មានសញ្ញាល្អប្រសើរសម្រាប់ឆ្នាំនេះ ដោយយោងតាមការព្យាករណ៍របស់សេដ្ឋវិទូអន្តរជាតិ បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ចិន នឹងសម្រេចបានកំនើន 6,9 ភាគរយ នៅឆ្នាំនេះ និងថមថយល្បឿនមកត្រឹម 6,6 ភាគរយ នៅឆ្នាំ 2018 និងឆ្នាំ 2019 ខាងមុខ។
ទោះកំនើនសេដ្ឋកិច្ចរបស់ប្រទេសយក្សសេដ្ឋកិច្ចទាំងពីរ ថមថយល្បឿនបន្តិចក្តី ក៏សេដ្ឋវិទូនានារកឃើញថា សេដ្ឋកិច្ចរបស់អាមេរិក និងចិន មិនមានសញ្ញាហានិភ័យណាមួយនោះទេ។ ពិសេសមិនមានបញ្ហាគោលនយោបាយ និងលក្ខខ័ណ្ឌ នៃការផ្តល់ឥណទានក្នុងប្រទេសទាំងនេះ មិនមានសញ្ញាហានិភ័យណាមួយឡើយ។
រីឯសេដ្ឋកិច្ចរបស់ជប៉ុន ដែលជាអ្នកដឹកនាំសេដ្ឋកិច្ចលំដាប់ទី៣ នៅលើពិភពលោក ក៏មិនមានសញ្ញាហានិភ័យណាមួយកើនឡើងផងដែរ ទោះជាសេដ្ឋកិច្ចប្រទេសនេះបានថមថយល្បឿន ឬកំណើនយឺតបន្តិចក៏ដោយ។
ជាមួយគ្នានេះ បណ្តាប្រទេសស្ថិតក្នុងសហគមន៍អឺរ៉ុប ដែលធ្លាប់មានវិបត្តិបំណុលរបស់ខ្លួន ក៏បានដោះស្រាយបញ្ហារបស់ខ្លូនបានល្អផងដែរ ដែលផ្តល់នូវ សញ្ញាល្អប្រសើរ សម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយនេះ ហើយវដ្តនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញពិភពលោកទំនងជាបញ្ចៀសបាន នៅឆ្នាំ 2018 ខាងមុខនេះ។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បានថ្លែងថា សេដ្ឋកិច្ចពិភពលោកដែលរង់ចាំរយៈពេលជាយូរមកហើយនេះ បានបង្ហាញសញ្ញាល្អប្រសើរសម្រាប់ឆ្នាំនេះ និងកំនើនដែលសម្រេចបានក្នុងរយៈពេលបីត្រីមាសឆ្នាំ 2017 ជាលទ្ឋផលគួរឲ្យពេញចិត្ត”។

សេដ្ឋកិច្ចកម្ពុជា
សមិទ្ឋផលដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក គឺសេដ្ឋកិច្ចកម្ពុជាសម្រេចបាន 7,7 ភាគរយ និងអត្រាកំនើននៅរក្សាបានក្នុងកម្រិត 7ភាគរយ រយៈពេលមធ្យមបន្តទៀត។
មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IFM) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ជាបន្តបន្ទាប់ថា សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំនើនក្នុងរង្វង់ 7ភាគរយ ក្នុងឆ្នាំនេះ និងឆ្នាំ 2018 ខាងមុខ។
ជាមួយនឹងកំលាំងចលករសំខាន់ៗចំនួន4 ដែលកំពុងជំរុញសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់ និងអចលវត្ថុ វិស័យកសិកម្ម និងវិស័យទេសចរណ៍នៅតែបង្ហាញសញ្ញាល្អប្រសើរ ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ កើនឡើងជាង 1400 ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់នៅឆ្នាំនេះ និងឆ្នាំ 2020 ប្រជាជនកម្ពុជាម្នាក់ៗនឹងទទួលបានចំណូល 1900 ដុល្លារ ក្នុងម្នាក់ៗផងដែរ។
ទោះជាបរិយាកាសនយោបាយអាប់អួរបន្តិចក្តី ក៏សូចនាករសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចសាកលឆ្នាំ 2018 នៅតែមានសុខភាពល្អ ហើយវដ្តនៃវិបត្តិសេដ្ឋកិច្ចសាកលទំនងជាមិនត្រលប់មកម្តងទៀតនោះទេ៕
