ដោយៈ សុខុម
វ៉ាស៊ីនតោន: និយតករទូរគមនាគមន៍អាមេរិក ត្រូវការប្រាក់ចំនួន៣ពាន់លានដុល្លារ បន្ថែមទៀតដើម្បីផ្ដល់ហិរញ្ញប្បទាន ដល់ការដកក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ចេញពីបណ្ដាញទូរគមនាគមន៍អាមេរិក។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឱ្យដឹងថា ការបន្ថែមនេះធ្វើឱ្យការចំណាយសរុប ឈានរហូតដល់៤,៩ពាន់លានដុល្លារ។
លោកស្រី Jessica Rosenworcel ប្រធានគណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃ ទី១៥ ខែកក្កដា ទៅសមាជិកព្រឹទ្ធសភា គឺលោកស្រី Maria Cantwell ដែលជាប្រធានគណៈកម្មាធិកាពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងដឹកជញ្ជូន (CCST) ដោយលោកស្រីលើកឡើងថា “ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់រាល់ការចំណាយសមស្រប និងចំណាយគាំទ្រ កម្មវិធីផ្ដល់សំណងនេះ នឹងត្រូវការប្រាក់ដល់ទៅ៤,៩៨ពាន់លានដុល្លារ ដែលបច្ចុប្បន្ននៅខ្វះ៣,០៨ពាន់លានដុល្លារ”។
លោកស្រីបានបន្ថែមថា ដោយសារសភាអនុម័តតែ១,៩ពាន់លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញប្បទាន ដល់ដំណើរការដកចេញនេះ ក្រុមហ៊ុននានានឹងទទួលបានសំណងមកវិញ ត្រឹមតែប្រមាណ៤០%ប៉ុណ្ណោះ នៃការចំណាយ។
ក្នុងឆ្នាំ២០១៩ សភាបានអនុម័តច្បាប់មួយ ផ្តល់ភារកិច្ចដល់គណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) បង្ខំឱ្យក្រុមទូរគមនាគមន៍នានារបស់សហរដ្ឋអាមេរិក ទទួលយកការឧបត្ថម្ភសហព័ន្ធ ដើម្បីលុបបំបាត់បណ្តាញឧបករណ៍ទូរគមនាគមន៍ ដែលបង្កហានិភ័យដល់សន្តិសុខជាតិ ហើយបានសន្យាថា នឹងទូទាត់សងវិញនូវការខូចខាត។
គណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) បានចាត់ទុកក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ជាការគំរាមកំហែង ហើយបានបង្ខំឱ្យក្រុមហ៊ុនអាមេរិកនានា ដកឧបករណ៍របស់ក្រុមហ៊ុនចិន ខាងលើចេញនេះ បើមិនដូច្នោះទេ នឹងគ្មានសិទ្ធិទទួលបានចំណែក នៃហិរញ្ញប្បទានរបស់រដ្ឋាភិបាលចំនួន៨,៣ពាន់លានដុល្លារ ដើម្បីទិញឧបករណ៍ថ្មីឡើយ។
ទោះជាយ៉ាងណា ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់កិច្ចប្រឹងប្រែងនេះ សភាបានអនុម័តតែ១,៩ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យមានការចោទជាសំណួរថា កម្មវិធីដកចេញនេះ នឹងអាចអនុវត្តន៍បានដោយប្រសិទ្ធភាពបានយ៉ាងដូចម្ដេច៕ Reuters៕