ដោយៈ សុខុម
ញូវយ៉ក: ក្រុមហ៊ុនផលិតយានអវកាស SpaceX របស់កំពូលមហាសេដ្ឋីលេខ១ ពិភពលោក Elon Musk បាននិងកំពុងបាញ់បង្ហោះផ្កាយរណបរាប់ពាន់ ចូលទៅក្នុងលំហអាកាស ដោយមនុស្សជាច្រើនបានមើលឃើញពួកវានៅពាសពេញមេឃ។
ប៉ុន្តែតើអ្វីជាហេតុផលពិត នៅពីក្រោយការបាញ់បង្ហោះផ្កាយរណបដ៏ច្រើននេះ?
ចម្លើយគឺ ផ្កាយរណបទាំងនោះជាផ្នែកមួយ នៃគម្រោង Starlink ដែលមានបំណង ផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿន ពីលើលំហអាកាសមកកាន់តំបន់ជនបទ ដាច់ស្រយាលនានានៅលើភពផែនដី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០១ ខែសីហា។
*តើ Starlink ជាអ្វី ហើយវាដំណើរការយ៉ាងដូចម្ដេច?
Starlink គឺជាគម្រោងមួយ ដែលផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមរយៈបណ្ដាញផ្កាយរណបដ៏ធំមួយ ជាមួយនឹងគោលបំណងជួយអ្នក ដែលរស់នៅតាមតំបន់ជនបទ ដាច់ស្រយាលឱ្យទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿនដូចអ្នករស់នៅក្នុងទីក្រុងដែរ។
បណ្ឌិត Lucinda King នាយកគម្រោងអវកាសនៅសកលវិទ្យាល័យអង់គ្លេស University of Portsmouth លើកឡើងថា “នៅអង់គ្លេស មានពលរដ្ឋ ដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល ប៉ុន្តែមានពលរដ្ឋកាន់តែច្រើន ដែលរស់នៅក្នុងតំបន់ជនបទ ដាច់ស្រយាលទូទាំងពិភពលោកដូចជានៅទ្វីបអាហ្វ្រិក ជាដើម”។
ផ្កាយរណបរបស់ Starlink ត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហអាកាស ពោលគឺចូលទៅក្នុងគន្លងតារាវិថីកម្រិតទាប ដែលវិលជុំវិញភពផែនដី ដើម្បីធ្វើឱ្យល្បឿនភ្ជាប់រវាងផ្កាយរណប និងភពផែនដីដើរលឿនតាមដែលអាចធ្វើទៅបាន។
ទោះជាយ៉ាងណា ដើម្បីគ្របដណ្ដប់ការផ្ដល់សេវា អ៊ីនធឺណិតល្បឿនលឿនទូទាំងពិភពលោក គឺត្រូវការផ្កាយរណប ក្នុងគន្លងតារាវិថីកម្រិតទាបយ៉ាងច្រើនសន្ធឹកសន្ធាប់។
តាមការប៉ាន់ស្មានថា Starlink បានបាញ់បង្ហោះផ្កាយរណបប្រមាណ៣.០០០រួចទៅហើយ ចូលទៅក្នុងលំហអាកាស ចាប់តាំងពីឆ្នាំ២០១៨ មក។
លោក Chris Hall និពន្ធនាយកនៃគេហទំព័រព័ត៌មាន បច្ចេកវិទ្យា Pocket Lint បានលើកឡើងថា នៅចុងបញ្ចប់ Starlink ប្រហែលជាប្រើប្រាស់ផ្កាយរណបចន្លោះពី១០.០០០ ទៅ១២.០០០ផ្កាយរណប។
*តើអ្នកប្រើប្រាស់ត្រូវបង់ប៉ុន្មាន សម្រាប់ថ្លៃសេវាអ៊ីនធឺណិតល្បឿនលឿន Starlink ហើយអ្នកណាខ្លះជាអ្នកប្រើប្រាស់វា?
បើធៀបទៅនឹងក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតនានា Starlink មិនថោកនោះទេ ពោលគឺយកថ្លៃសេវាខ្ពស់ពីអតិថិជន ក្នុងមួយខែដល់ទៅ៩៩ដុល្លារ នៅប្រទេសអង់គ្លេស ហើយដុំរ៉ោតទ័រ (Router) ដែលត្រូវការជាចាំបាច់សម្រាប់ភ្ជាប់ទៅផ្កាយរណប គឺត្រូវចំណាយអស់៥៤៩ដុល្លារបន្ថែមទៀត។
ទោះជាយ៉ាងណា ៩៦%នៃគ្រួសារពលរដ្ឋនៅអង់គ្លេស មានអ៊ីនធឺណិតល្បឿនលឿនប្រើប្រាស់រួចទៅហើយ ហើយនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មាន៩០%រួចទៅហើយដែរ។
ក្រុមហ៊ុននេះនិយាយថា ខ្លួនមានអ្នកទិញសេវាប្រើប្រាស់ (Subscriber) ចំនួន៤០០.០០០នាក់ នៅក្នុងប្រទេសចំនួន៣៦ដែលសេវារបស់ខ្លួន គ្របដណ្ដប់ទៅដល់នាពេលបច្ចុប្បន្ន ដោយភាគច្រើននៅទ្វីបអាមេរិកខាងជើង ទ្វីបអឺរ៉ុប និងតំបន់ Australasia (គ្របដណ្ដប់អូស្ត្រាលី នូវែលសេឡង់ និងបណ្ដាប្រទេសដែនកោះក្បែរខាង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក)។ ចំនួន Subscriber នេះរួមមានទាំងគ្រួសារពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសផងដែរ។
នៅឆ្នាំក្រោយ Starlink គ្រោងពង្រីកការគ្របដណ្ដប់ សេវាអ៊ីនធឺណិតរបស់ខ្លួនបន្ថែមទៀត នៅទូទាំងទ្វីបអាហ្វ្រិក ទ្វីបអាមេរិកខាងត្បូង និងចូលមកកាន់តំបន់អាស៊ី។
*តើ Starlink ជួយអ្វីខ្លះដល់អ៊ុយក្រែន ខណៈប្រទេសនេះកំពុងមានសង្គ្រាមជាមួយរុស្ស៊ី?
ខណៈកងកម្លាំងរុស្ស៊ី កំពុងវាយសម្រុករុលទៅមុខ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ពួកគេបានកាត់ផ្ដាច់សេវាអ៊ីនធឺណិតរបស់អ៊ុយក្រែន និងព្យាយាមបិទ បណ្ដាញទំនាក់ទំនងសង្គម ក្នុងគោលបំណងបិទព័ត៌មានកុំ ឱ្យធ្លាយទៅខាងក្រៅ។
គ្រានោះ កំពូលមហាសេដ្ឋី Elon Musk បានក្លាយជាអ្នកក្លាហានជិះសេះសចេញមុខជួយអ៊ុយក្រែន ដោយបានបើកគម្រោងអ៊ីនធឺណិតល្បឿនលឿន Starlink សម្រាប់ការប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីសង្គ្រាមឈ្លានពាននេះ បានចាប់ផ្តើមផ្ទុះឡើង។ ដុំរ៉ោតទ័រ (Router) របស់ Starlink ប្រមាណ១៥.០០០ដុំ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន៕ BBC៕