ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ភាពសម្បូរបែបនៃសម្បត្តិវប្បធម៌កម្ពុជា មិនទាន់អស់សក្តានុពលក្នុងការបង្ហាញទៅកាន់ឆាកអន្តរជាតិនៅឡើយទេ ជាក់ស្តែងមរតកវប្បធម៌អរូបិយចំនួនពីរទៀត នឹងត្រូវស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីរសម្បត្តិបេតិកភ័ណ្ឌវប្បធ៌មអរូបិយ។

-->
អ្នកជំនាញផ្នែកវប្បធ៌មជាតិ លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងវប្បធម៌ បានដាក់ល្ខោនខោល និងតម្បាញសូត្រ ស្នើទៅអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នាពេលខាងមុខនេះ។ បន្ទាប់ពីបានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមបច្ចេកទេសរបស់ក្រសួង បានបន្តសិក្សារៀបចំឯកសារល្ខោនខោល និងតម្បាញសូត្រខ្មែរ បានផ្ញើជូនអង្គការយូណេស្កូ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។
ក្រសួងបន្តស្រាវជ្រាវនូវទំម្រង់ផ្សេងៗទៀត ដែលយល់ថាជាបេតិកភណ្ឌវប្បធម៌អរូបី ដែលមានលក្ខណៈពិសេស និងកំពុងប្រឈមនឹងការបាត់បង់ ក្រសួងនឹងចាំបាច់ត្រូវតែជួយស្រោចស្រង់មុនគេ ដើម្បីក្រសួងត្រូវស្នើទម្រង់នៃមរតកបេតិកភ័ណ្ឌទាំងអស់នោះ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនោះមុនគេ។

លោក ហាប់ ទូច បានបន្តថា “អ្វីដែលសំខាន់ គឺត្រូវមានការទទួលស្គាល់ជាអន្តរជាតិ ។ ដូច្នេះនៅពេលដែលចុះក្នុងបញ្ជីរហើយ ទម្រង់ទាំងអស់ត្រូវបានទទួលស្គាល់ និងផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ មិនមែនតែក្នុងក្របខណ្ឌជាតិនោះទេ គឺមានសមាជិកអង្គការយូណេស្កូ១៩៧ប្រទេសទទួលស្គាល់និងចូលរួមថែររក្សាការពារ។ លោកបន្តថា“ក្រោយពេលចុះទំរង់សិល្បៈបានរួចរាល់ហើយនោះ មរតកវប្បធ៌មទាំងនោះនឹងក្លាយទៅជាសម្បតិ្តរួមមួយរបស់ពិភពលោក។ ដូចនេះពិភពលោកមានតួនាទីជួយដល់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាអភិរក្ស និងលើកស្ទួយទំរង់ទាំងអស់នោះ។

លក្ខខណ្ឌរបស់អង្គការយូណេស្កូ មិនមែនចុះត្រឹមក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូរួចចប់នោះទេ គឺទាមទារឲ្យក្រសួងមានផែនការសកម្មភាពច្បាស់លាស់ និងត្រូវធ្វើយ៉ាងណាឲ្យទំរង់សិល្បៈមួយនោះអាចរស់ឡើងវិញ (ឧទារហណ៍ ដូចចាប៉ីដងវែង គឺមានផែនការសកម្មភាពសិល្បៈចាប៉ីដងវែង មានផែនការសកម្មភាពចំនួនធំ។ ធ្វើផែនទីវប្បធម៌ពាក់ព័ន្ធទៅនឹងសិល្បៈចាប៉ិដងវែង សិក្សាស្រាវជ្រាវអំពីទំរង់សិល្បៈចាប៉ី រៀបចំការបណ្តុះបណ្តាលក្រៅប្រព័ន្ធជាលក្ខណៈប្រពៃណី និងការបណ្តុះបណ្តាលក្នុងប្រព័ន្ធ បង្កើតមហោស្រពចាប៉ិឲ្យបានញឹកញាប់ ផលិតឧបករណ៍ចាប៉ីជូនយុវជនជាដើម)។ ទាំងអស់នេះ សុទ្ធតែជាយន្តការដើម្បីទ្រទ្រង់ឲ្យសិល្បៈចាប៉ីដងវែង ឲ្យមានស្ថេរភាព និងរីកចំរើនទៅមុខ៕
