សិប្បករក្នុងស្រុកព្រួយបារម្ភចំពោះការហូរចូលនូវផលិផលបរទេស

0

ដោយ ៖ វុត្ថា

ភ្នំពេញ ស្របពេលដែលមានការហូរចូលនូវសិប្បកម្មតម្បាញនានាមកពីក្រៅប្រទេសកាន់តែច្រើន ម្ចាស់សិប្បកម្មតម្បាញក្នុងស្រុកបានសម្ដែងការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនូវការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងស្នើឲ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រ និងប្រើប្រាស់ត្បាញខ្មែរវិញ។

អ្នកស្រី តិច​​ សេងហ៊ាង ម្ចាស់សិប្បកម្មកីតម្បាញកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា ការហូរចូលនូវផលិផលបរទេស ដែលដណ្តើមទីផ្សារនៅកម្ពុជាមានដូចជា ប្រទេសចិន ថៃ​ ដែលបានចម្លងនៅក្បាច់របស់ខ្មែរយកទៅផលិតលក់នៅលើទីផ្សារកម្ពុជាសព្វថ្ងៃ​នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ចង្វាក់ផលិតផលតម្បាញកម្ពុជា ព្រោះផលិផលនោះមានតម្លៃថោកជាងផលិតផលខ្មែរ​។

អ្នកស្រីបន្ថែមថា “ដើម្បីការពារនៅផលិផលរបស់ខ្មែរសុទ្ធ ប្រជាពលរដ្ឋខ្មែរសូមកុំទិញផលិតផលតម្បាញដែលចម្លងដោយបរទេស”។ អ្នកស្រីបន្តថា “ផលិត​ផលសិប្បកម្មត្បាញខ្មែរមានភាពល្បីល្បាញ និងមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងគំហុក ដោយសារមានផលិតសិប្បកម្មបរទេស បានហូរចូលក្នុងទីផ្សារកម្ពុជា​ ជាពិសេសផលិតផលសិប្បកម្មមួយចំនួនមកពីប្រទេសចិន បានចម្លងក្បាច់ខ្មែរដាក់លក់ព្រោងព្រាតក្នុងទីផ្សារកម្ពុជា ដោយមានតម្លៃថោកត្រឹម១០ដុល្លារសម្រាប់ ១ក្បិន អាចឆ្នៃទៅជាបែបខ្មែរ ជារ៉ូប និងសំលៀកបំពាក់ផ្សេងៗ”។

 

ម្ចាស់សិប្បកម្មក្នុងស្រុករូបនេះបានលើកឡើងថា ដើម្បីរក្សាការចម្លងពីក្រៅប្រទេស ​និងរក្សាផលិតផលខ្មែរសុទ្ធសាធនោះ លោកស្រីនឹងចុះបញ្ជីកម្មសិទ្ធិបញ្ញាជាផលិតផលខ្មែរ កែច្នៃទៅជាសម្លៀករបស់បំពាក់បុរស និងស្រ្តីផ្សេង ដោយមានតម្លៃប្រមាណជា ២០​ទៅ ២៥​ដុល្លារ ហើយម្រាប់សម្លៀកបំពាក់ស្ត្រីមានត្រឹមតែតម្លៃ៣០​ ទៅ៣៥​ដុល្លារ ប៉ុណ្ណោះ។

លោកស្រីបន្តថា “ការចុះបញ្ជីយ៉ាងដូច្នេះ គឺដើម្បីរក្សាក្បាច់ និងរូបរាងដើមរបស់ខ្មែរ ដើម្បីអោយមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស”។

ប្រធានសម្ពន្ឋសមាគមសហគ្រាសធុនតូច និងមធ្យម លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងម្តងហើយម្តងទៀតទាក់ទិននឹងផលប៉ះពាល់នៃការហូរចូលផលិតផលបរទេស ដែលមកសម្លាប់ផលិតផលក្នុងស្រុក ហើយលោកជំរុញឲ្យក្រ​សួងពាណិជ្ជកម្មបង្កើនការរឹតបន្តឹង ការនាំចូលផលិតផលពីបរទេស ជាជាងបណ្តោយឲ្យពួកគេនាំចូល និងចែកចាយតាមតែចិត្ត ខណៈការនាំចេញផលិត​ផលខ្មែរទៅប្រទេសជិតខាង បែរជាត្រូវរាំងខ្ទប់ដោយហេតុផលផ្សេងៗ។

ទោះជាយ៉ាងណាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា នេះជានិន្នាការធម្មតានៅក្នុងទីផ្សារសេរី និងស្របពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន ហេតុនេះម្ចាស់សិប្បកម្មនានា ឬផលិតករក្នុងស្រុក គួររកវិធីផ្សេង ដើម្បីដោះស្រាយបញ្ហានេះ និងស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន ជាជាងបន្ទោសអ្នកដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here