Hattha top Banner

តោះ មកមើលប្រវត្តិតស៊ូរបស់លោកឧកញ៉ា លី ហួរ មុនពេលក្លាយជាសេដ្ឋី

0

ភ្នំពេញ​ ៖ បើនិយាយ​ពី​ឈ្មោះ លី ហួរ គេដឹងថាមាន​ប្រជាជន​ភាគច្រើន​ប្រាកដជា​ស្គាល់​ច្បាស់​ណាស់​តាមរយៈ លី​ហួរ ដូរ​លុយ​ប្តូរប្រាក់​និង​លក់​មាស​នៅ​​ផ្សារ​អូរឫស្សី ក្នុង​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ គេ​ប្រហែលជា​មិនសូវ​បាន​ស្គាល់​ដឹង​ច្បាស់​ពី​បុគ្គល លី ហួរ ជា​នរណា​? មនុស្ស​ប្រភេទ​ណា​? មកពីណា​? ហេតុអ្វី​បានជា​លោក​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ទទួល បាន​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់​បែបនេះ ។
លោក​ឧកញ៉ា​ លី ហួរ គឺជា​កូន​កសិករ​ក្រីក្រ​ម្នាក់ ដែលមាន​ដើមកំណើត​រស់នៅក្នុង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ​លោកជាក្មេង​កំព្រា​​ឪពុក​តាំងតែ​ពី​អាយុ ៩​ឆ្នាំ មកម្ល៉េះ​ ខណៈដែល​ស្ថានភាព​គ្រួសារ​គ្រាន់តែ​ជា​អ្នកលក់​ទៀនធូប​តែប៉ុណ្ណោះ។​​ ​
​ដោយសារ​ភាពក្រីក្រ​ធ្វើ​ឲ្យ​គាត់​បាន​បោះបង់ចោល​ការសិក្សា មិនបាន​រៀន​ជ្រៅជ្រះ​នោះទេ​។​ ឆ្លងកាត់​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​ក្នុង​របប​​ប៉ុលពត​អស់​ជាច្រើន​ឆ្នាំ គាត់​បាន​ជួប​បញ្ហា​រងទុក្ខវេទនា​ដូចគ្នា​ទៅនឹង​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ផ្សេងទៀត​ដែរ​។ ដោយសារ​ជំនាន់​នោះ គាត់​អាយុ ១៨​ឆ្នាំ ជា​យុវជន​ដែលមាន​កាតព្វកិច្ច​សំខាន់​ណាស់​ក្នុងការ​ការពារជាតិ បម្រើ​ជាតិ ជា​កម្លាំង​ពិសេស​ជួរមុខ​នៅ​សមរភូមិ​ប្រយុទ្ធ លោក​មិនដែល​បានរស់នៅ​ជួបជុំ​គ្រួសារ​សាច់ញាតិ​នោះឡើយ​។​


ក្រោយសម័យ ប៉ុល ពត ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨០ លី ហួរ​ មានមុខរ​បរជាកសិក​រ​​នៅឡើយ​ទេ ដោយបាន​ចិញ្ចឹម​ជ្រូក​មួយ​ក្បាល​។ លុះ​ឈាន​ចូលដល់​ឆ្នាំ​១៩៨២ លី ហួរ បានចាប់ផ្តើម​ផ្លាស់​ប្តូរជីវិត​ពី​កសិករ​ទៅជា​អ្នក​ក​.​វែក ក​.​ឆ្នាំង ជួញដូរ​ទំនិញ​កំប៉ិកកំប៉ុក​វិញ​ម្តង បន្ទាប់ពី​រូបលោក​សល់​ដើមទុន​ប្រមាណ ២​ជី​មាស បានមកពី​ការលក់​ជ្រូក​មួយ​ក្បាល​កាលពី​​គាត់​នៅ​ជា​កសិករ​។ ក្នុង​ឆ្នាំ​ដដែល​នោះ រូបគាត់​មាន​កង់​មួយគ្រឿង ធាក់​ដឹក​ស្ករ​ពី​ស្គន់ ផ្អាវ ទៅ​លក់​នៅ​ក្រុង​សួង និង​មេមត់​។​
​ចំណែកឯ​ភរិយា​របស់លោក​ជា​អ្នកលក់ដូរ​ត្រី​នៅក្នុង​ផ្សារ​ខេត្តកំពង់ចាម​។ ជា​បន្ត​បន្ទាប់មក ជីវិត និង​មុខរបរ លី ហួរ ​ប្រែប្រួល​រីកចម្រើន​​ជា​រៀងរាល់ឆ្នាំ ជាមួយនិង​ដើមទុន​កាន់តែ​រីក​ធំធាត់​ឡើងៗ លោក​ក៏បាន​សម្រេចចិត្ត​ចាប់ផ្តើម​មុខ​ជំនួញ​ឆ្លងកាត់​ព្រំដែន​វិញ​ម្តង​។ លើក​នេះ ប្រហែលជា​ត្រូវ​លះបង់​ជីវិត ពេលវេលា កាន់តែ​ខ្ពស់ ដើម្បី​សម្រេច​គោលដៅ​។ គាត់​ក៏បាន​ទៅ​ជួញដូរ​ក្រណាត់ (​ហៅថា​ក្រណាត់​កា​​ណា​ដា​) សារុង ប៊ីចេង ពី​ប្រទេស​ថៃ មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​។ 
​ចូលដល់​ឆ្នាំ​១៩៨៥ ដើមទុន​ទ្រព្យសម្បតិ្ត​កាន់តែ​ក្រាស់ក្រែល​សល់​ពី​ការជួញដូរ​ក្រណាត់ សារុង ប៊ីចេង លី ហួរ និង​ភរិយា​មិន​រង់ចាំ​យូរ​​នោះទេ ដោយសារ​មើលឃើញ​ពី​ឱកាស​ទីផ្សារ​ទិញ​លក់​មាស លោក និង​ភរិយា ក៏បាន​ចាប់ផ្តើម​ជំនួញ​ដូរ​ទិញ​លក់​មាស​វិញ​ម្តង ជា​បន្តបន្ទាប់​រហូត​បើក​កន្លែង​ប្ដូរប្រាក់​ដ៏​ធំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ពោរពេញ​ទៅដោយ​អតិថិជន​ទទួលស្គាល់​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​របស់លោក​រហូត​មកដល់​បច្ចុប្បន្ន​។​
​ ​​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ កន្លងមកនេះ ឧកញ៉ា លី ហួរ ត្រូវបាន​មហាជន​ទូទៅ​រាប់​ចាត់ទុកថា ជា​ពាណិជ្ជករ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយរូប ដែល​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​មុខ​ជំនួញ​។ ជា​បុគ្គល​គំរូ​ម្នាក់​សម្រាប់​សហគ្រិន​ក្មេងៗ ជំនាន់​ក្រោយ គួរ​រៀនសូត្រ និង​អនុវត្តតាម​។ ហើយ​ជា​បុគ្គល​ដែលមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការសម្រេច​គោលដៅ​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​។​


​បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន ៧ ដែល​កំពុងតែ​ប្រតិបត្តិការ​អាជីវក​ម្មយ៉ាង​សកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​ទាំង ៧ នោះ មានដូចជា ក្រុមហ៊ុន​លី​ហួរ ប្តូរប្រាក់ និង​លក់​គ្រឿងអលង្ការ ក្រុមហ៊ុន លី​ហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​បុរី​វិមាន​ភ្នំពេញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ លី​ហួរ ក្រុមហ៊ុន​ទេពី (Tepi) វិនិយោគ ក​សិ​-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ ក្រុមហ៊ុន លី​ហួរ លី​ស៊ី​ង (​ជួល​រថយន្ត​) និង​ក្រុមហ៊ុន ផេ​ប្រូ (​លី ហួរ វេរ​លុយ​)​។ មិន​គិតតែ​ពី​ចំណេញ​ក្នុង​មុខ​ជំនួញ​មួយ​មុខ​នោះទេ ក្នុង​កិច្ចការងារ​សង្គម លោក​ឧកញ៉ា លី​ហួរ បាន​ចូលរួមចំណែក​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here