ដោយៈ គង់ ហ្វីអូណា
វៀតណាមៈ ក្រុមហ៊ុន Hung Hua Group ដែលមានអាយុកាលវិនិយោគប្រមាណ៥០ឆ្នាំរបស់ប្រទេសវៀតណាម បានសិក្សាលទ្ឋភាពក្នុងការវិនិយោគនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគលើវិស័យកសិ -ឧស្សាហកម្មនៅកម្ពុជានៅប្រទេសវៀតណាម ប្រតិភូគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំដោយ លោកជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
-->
ក្រុមហ៊ុន Hung Hua Group ដែលមានអាយុកាលវិនិយោគប្រមាណ៥០ឆ្នាំ និងមានការទទួលស្គាល់គុណភាពជាអន្តរជាតិ លើផលិផលចំណីអាហារ ដោយផ្តោតលើមុខសញ្ញាអាទិភាព ដូចជា បង្គា ត្រី កាហ្វេ ស្វាយចន្ទី បន្លែផ្លែឈើ។ល។ ដែលឈានមុខគេផ្គត់ផ្គង់លើទីផ្សារនៅ សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី ប្រទេសនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ី។
គណៈប្រតិភូ បានទស្សនកិច្ចឃ្លាំងត្រជាក់ ផ្ទុកដាក់ផលិតផលសម្រេចសម្រាប់ត្រៀមនាំចេញ និងសហគ្រាសកែច្នៃផលិតផលកសិផលនិងចំណីអាហារចំនួន៣ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានសកម្មភាពផលិត និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ស្វាយ ចេក ឱឡឹក និងចំណីអាហារផ្សេងៗ ដែលជាតម្រូវការខ្ពស់នៅលើទីផ្សារចំណីអាហារ។
ក្នុងឱកាសទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់បន្ថែមពីកិច្ចការនានា ដែលទាក់ទងនឹងសកម្មភាពវិនិយោគ និងដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលមានដូចជា៖ ការសុំច្បាប់សាងសង់, ការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ ផលិតភាពការងារនិងកម្រៃពលកម្មប្រចាំខែ, ប្រភពផ្គត់ផ្គង់និងការប្រមូលទិញបន្លែផ្លែឈើ ត្រីសាច់សម្រាប់ធ្វើការកែច្នៃ, ខ្សែច្រវ៉ាក់ផលិតកម្ម និងការទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិពីសុវត្ថិភាព គុណភាព និងអនាម័យនៃចំណីអាហារដែលផលិតរួច, នីតិវិធី និងរយៈពេលនៃការនាំចេញទៅកាន់ផ្សារនៅក្រៅប្រទេស, និងការផ្តល់ការគាំទ្រនានា ពីសំណាក់រដ្ឋាភិបាល។
ស្របតាមអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន Rithy Granith Cambodia Co., Ltd. និងក្រុមហ៊ុន Hung Hua Corporation ដែលបានចុះហត្ថលេខា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសវៀតណាម កន្លងទៅ ក្រុមហ៊ុន Hung Hua បាននិងកំពុងសិក្សា ជ្រើសរើសទីតាំងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគ ក្នុងវិស័យកែច្នៃកសិផលនិងចំណីអាហារ។
អ្នកតំណាងក្រុមហ៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសក្តានុពល ផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំកសិផលផ្សេងៗទៀត។
ក្រុមហ៊ុន Hung Hua បានអះអាងថា នឹងពន្លឿនការសិក្សារៀបចំជំរុញខ្សែច្រវ៉ាក់កែច្នៃ ផលិតផលកសិផលនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងបានថ្លែងអំណរគុណ ដល់ការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់នូវព័ត៌មាននានាបន្ថែម ក្នុងឱកាសដំណើរទស្សនកិច្ចនេះ និងការត្រៀមជួយដល់ការវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជា៕
