ការសែនក្រុងពាលីបានរៀបចំរួចហើយ ខណៈការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោកំណត់ពេលជាក់លាក់

0

ដោយៈ គង់ សូរិយា

        កណ្តាលៈ ក្រុមមន្រ្តីបាន​​រៀបចំ​ពិធី​ក្រុង​សែនពាលី សែនព្រេន​សុំ​ម្ចាស់​ទឹកម្ចាស់​ដី​ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាងសង់ “​ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៥ សីហា ​ខាងមុខ។

​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ លោកផន រឹមបាន​បង្ហោះ​រូបភាព ពិធី​ក្រុង​សែនពាលី​ ​សុំម្ចាស់ទឹកម្ចាស់ដីរុះរើកាយគាស់ រៀបចំកន្លែង ដើម្បី​​ត្រៀមសម្ពោធ​បើកការដ្ឋាន​ផ្លូវ​នាវាចរ ​គម្រោ​ង​  “ព្រែកជីកហ្វូណន-តេជោ”។

លោកផន រឹម បាន​ឲ្យដឹងថា ពិធី​​ក្រុងសែន​ពាលី​​បាន​រៀបចំ​ឡើង​នៅ​ព្រែកតាកែវ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ១ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ថ្លែង​នៅ​ក្នុងពិធីសម្ពោធបើកដំណើរការ “កំពង់ផែពហុបំណងកំពត” របស់​ក្រុមហ៊ុន​កំពត​ផតនៅ​ក្រុងបូកគោ ខេត្តកំពត កាលពី​ថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​កំណត់យកថ្ងៃទី ៥ ខែ​សីហា ឆ្នាំ២០២៤ បើកការដ្ឋានសាងសង់ ​គម្រោងព្រែក​ជីកហ្វូណនតេជោ។

សម្តេចបាន​​បញ្ជាក់​​ថា ដំណើរការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នឹង​ផ្ដល់លទ្ធភាព​ឱ្យកម្ពុជា​មាន​ឯករាជ្យភាព​ លើ​ការ​ដឹកជញ្ជូន និង​ផ្ដល់​ផលប្រយោជន៍ ​ដល់​ប្រជាពលរដ្ឋនៅ​ខេត្ត​ទិស​និរតិ ក៏ដូចជា​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំងប្រទេស។

ដើម្បី​ឲ្យ​គម្រោង​ព្រែកជីក ជា​ប្រវត្តិសាស្ត្រ​ក្លាយជា​សមិទ្ធផល​ជាក់ស្ដែង សម្តេច​ធិបតី​ក៏​អំពាវនាវ​ ដល់​ប្រជា​ពលរដ្ឋកម្ពុជា​ទូទាំ​ង​ប្រទេស បន្ត​គាំទ្រគម្រោង​ប្រវត្ដិសាស្ដ្រ​នេះ ដើម្បី​ជា​ប្រយោជន៍ជាតិ​រហូត​ដល់​គម្រោង​លេចចេញ​ជារូបរាង​ទ្បើង ​និង​រួចរាល់​ជាស្ថាពរ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈគម្រោង​ត្រូវប្រើពេលវេលាសាងសង់​៤ឆ្នាំ និង​ចាយ​ថវិកា​ប្រមាណ១៧០០លាន​ដុល្លារ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី ១ ក្រុម​ប្រឹក្សាអភវឌ្ឍ​កម្ពុជា​បាន​បញ្ជាក់ថា គម្រោង​សាងសង់​ព្រែកជីក​ហ្វូនណន​តេជោ អាច​ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​ចេញ​ពី​កម្ពុជា​ចំណេញ​ប្រហែល២០០ ទៅ៣០០ដុល្លារ ដោយ​មិន​បាច់​ឆ្លង​កាត់​ប្រទេស​វៀតណាម។

តាម​រយៈ​គម្រោង​ព្រែកជីក​ហ្វូណន​ នឹង​សម្រួល​ថ្លៃ​ដឹកជញ្ជូន ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព ​ប្រកួតប្រជែង​ថ្លៃ​ដឹកជញ្ជូន​ ជាមួយ​​ប្រទេស​ជិត​ខាង។

លោក ស៊ុន ចាន់ថុល បានអះអាង​ថា​ គម្រោង​សាងសង់ព្រែកជីកហ្វូណនតេជោ មានការ​សិក្សា​រួមគ្នា​រវាង​ក្រុមអ្នកជំនាញ​បច្ចេកទេស​ជាតិ និងអន្តរជាតិ ដែល​​ធ្វើឡើង​ទាំង​នៅ​លើដី​ផ្ទាល់ និង​ប្រើ​ឧបករណ៍​សិក្សា​ពី​លើអាកាស។

មន្រ្តីធ្វើពិធីក្រុងពាលី ដើម្បីត្តៀមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាពេលខាងមុខ

​ព្រែកជីក​ដែល​មាន​ប្រវែងជាង១៨០គីឡូម៉ែត្រនេះ មិនមែន​អភិ​វឌ្ឍន៍​លើ​ដី​ថ្មី​ទាំងស្រុង​នោះ​ទេ ពោល​គឺអភិវឌ្ឍន៍​តាមគំរូ​ព្រែកចាស់​បុរាណ​។ ដូច្នេះការអភិវឌ្ឍន៍គ្រាន់តែ​ពង្រីក​ទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែល​​អាច​ធ្វើ​ឱ្យនាវាចំណុះ៣ពាន់​តោន ​អាចធ្វើចរាចរណ៍​បាន​តែប៉ុណ្ណោះ៕ May be an image of 9 people, dais and textMay be an image of 9 people and weddingMay be an image of 4 peopleMay be an image of 3 people, temple and dais

 

LEAVE A REPLY

Please enter your comment!
Please enter your name here