ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មី របស់ស្ថាប័នអន្តរជាតិដ៏ធំមួយបានបង្ហាញថា បណ្តាប្រទេសដែលមានបំណង ទាក់ទាញការវិនិយោគពីបរទេស ត្រូវតែផ្តោតលើនិរន្តរភាពផ្នែកបច្ចេកវិទ្យា និងខ្សែសង្វាក់ផលិតកម្មបៃតង។
របាយការណ៍អះអាងថា ទិដ្ឋភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេ ស (FDI) កំពុងប្រែប្រួល ដោយសារតែកត្តាភូមិសាស្ត្រនយោបាយ ខណៈពេលនេះ និន្នាការនៃការវិនិយោគ កំពុងផ្តោតលើនិរន្តរភាពបរិស្ថាន និងការដាក់បញ្ចូលបច្ចេកវិទ្យា ដើម្បីសម្រួលខ្សែសង្វាក់តម្លៃ។
-->
អនុសាសន៍នេះ ត្រូវបានដកស្រង់ចេញពីរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដែលមានចំណងជើងថា “ការបែកបាក់សេដ្ឋកិច្ចសកល និងការផ្លាស់ប្តូរគំរូវិនិយោគ”។
បច្ចុប្បន្ននេះ លំហូរវិនិយោគផ្ទាល់ពីបរទេស FDI បានដើរតួនាទីជាកត្តាជំរុញកំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសនានាជាច្រើន នៅលើពិភពលោក។
យោងតាមរបាយការណ៍របស់ស្ថាប័ន UNCTAD បង្ហាញថា កាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសសិង្ហបុរីទាក់ទាញបានលំហូរ FDI ក្នុងទំហំទឹកប្រាក់ចំនួន២,៣ទ្រីលានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី១ក្នុងតំបន់អាស៊ាន តាមពីក្រោយដោយ ប្រទេសថៃចំនួន៣០៦,១៦ពាន់លានដុល្លារ ប្រទេសឥណ្ឌូនេស៊ីចំនួន២៦២,៩២ពាន់លានដុល្លារ ប្រទេសវៀតណាម ចំនួន២១០,៤៧ពាន់លានដុល្លារ និងប្រទេសម៉ាឡេស៊ីចំនួន១៩៩,២០ពាន់លានដុល្លារ។
ស្ថិតិទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញ ពីការប្រែប្រួលនៃទិដ្ឋភាពលើការវិនិយោគសកល ដែលរងឥទ្ធិពលដោយសារកត្តាផ្សេងៗ ជាច្រើន។ ដូច្នេះ បណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ប្រទេសថៃ ត្រូវកែសម្រួលគោលនយោបាយ ដើម្បីរក្សាការប្រកួតប្រជែង។
ស្ថាប័ន UNCTAD បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គួរតែងាកចេញពីការលើកទឹកចិត្ត លើការវិនិយោគបែបប្រពៃណី ឆ្ពោះទៅរកការជំរុញការវិនិយោគ លើការអភិវឌ្ឍន៍ប្រកប ដោយចីរភាព។
ជាមួយគ្នានេះ ក្រុមអ្នកបង្កើតគោលនយោបាយ អ្នកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមសហការគ្នា ដើម្បីបង្កើតបរិយា កាសវិនិយោគ ប្រកបដោយការបើកចំហ និងមានយុត្តិធម៌នៅទូទាំងពិភពលោក និងក្នុងតំបន់។
លើសពីនេះ និន្នាការខ្សែសង្វាក់តម្លៃសកល និងបម្រែបម្រួលផ្នែកភូមិសាស្ត្រនយោបាយ កំពុងរួមបញ្ចូលនិរន្តរភាពចូលទៅក្នុងយុទ្ធសាស្ត្រវិនិយោគ។ ដូច្នេះហើយ គោលនយោបាយវិនិយោគត្រូវតែសម្របតាមនិន្នាការនេះ ដោយសារវិធីសាស្រ្តផលិតកម្មសកលកំពុងត្រូវបានធ្វើឱ្យប្រសើរឡើង ហើយបច្ចេកវិទ្យាថ្មីៗកំពុងត្រូវបានដាក់ឱ្យអនុវត្តន៍៕ប្រភព:The Nation៕