ទស្សន៖ ផ្សារ​ទំនើប​ដុះ​កាន់តែច្រើន តែ​មិនសូវ​ស្រូ​ម​យក​ផលិតផល​ខ្មែរ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សំគាល់ តាមរយៈ​ការជំរុញ​ពី​វិស័យ​សំខាន់ គឺ​វិស័យ​ទេសចរណ៍ វាយ​ន​ភណ្ឌ កសិកម្ម និង​ឧស្សាហកម្ម​សំណង់។ ការ​នេះ​បានធ្វើអោយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​ជីវភាព​ធូ​ធា​ជាង១០មុន ដោយ​ពួកគេ​បាន​ដើរ​ទិញ​សម្ភារៈ និង​ប្រើប្រាស់​វត្ថុ​ដែល​នាំចូល​មកពី​ក្រៅប្រទេស​នៅក្នុង​ផ្សារទំនើបៗ ឬ​ម៉ា​ត​ក្នុងប្រទេស​កម្ពុជា។

តាមរយៈ​នេះ ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បានឃើញ​ប្រជាពលរដ្ឋ​មាន​ឪ​កាស​ប្រើប្រាស់​ទំនិញ​បរទេស ដែល​ដាក់តាំង​លក់​ក្នុង​ផ្សារ​ទំនើប​បែបនេះ ហើយ ក៏​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់ដែរ នៅពេល​ឃើញ​មាន​ផ្សារ​ទំនើប​ដុះ​កាន់តែច្រើន​ក្នុងប្រទេស​កម្ពុជា តែ​ខ្ញុំ​គ្មាន​មោទនភាព​ឡើយ​នៅពេល​ឃើញ​គ្មាន​ផលិតផល​ខ្មែរ ដាក់តាំង​លក់​ច្រើន​ដើម្បី​បង្អួត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យកទៅ​ប្រើប្រាស់។

ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​បង្អួត​គ្នា ពី​ការប្រើប្រាស់​ផលិតផល​បរទេស ដោយបាន​ទិញ​មកពីផ្សារ​ទំនើប​នេះ ឬ​ផ្សារ​ទំនើប​នោះ​ក្នុង​ទីក្រុង​ជាដើម ហើយ​ហាក់ដូច​ជាមាន​មោទនៈភាព​យ៉ាងខ្លាំង នៅពេលដែល​ខ្លួន​បាន​ប្រើប្រាស់​ផលិតផល​របស់​បរទេស ដោយ​ភ្លេច​គិតថា​ខ្លួន​កំពុង ជួយ​អោយ​សេដ្ឋកិច្ច​បរទេស​កាន់តែ​រី​ចម្រើន​ទ្វេដង។

ចំណែក​ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ឯណេះ​វិញ ហាក់​ស្វែងរក​ផលិតផល​ក្នុងស្រុក ជាជាង​ទិញ​ផលិតផល ដែល​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​នៅ​ស្រុក​របស់​ពួកគេ រហូត​មាន​បរទេស​មួយចំនួន បាន​សុំ​ថវិការ​ពី​រដ្ឋាភិបាល​របស់គេ​ជួយ​បង្ហាត់បង្រៀន​អោយ​ពលរដ្ឋ​ខ្មែរ​ចេះ បង្កើត​មុខរបរ​ឬ​បង្កើន​ផលិតផល​ក្នុងស្រុក​អោយបាន​ច្រើន ដើម្បី​ដាក់លក់​ក្នុង​ផ្សារ​ទំនើប​ជាជាង​នាំចូល។

និន្នាការ​ថ្មី​មួយ​ត្រូវបាន​គេ​លើកឡើង យកមក​ជជែក​គ្នា​ស្ទើរ​គ្រប់​ទីកន្លែង​នោះ​គឺថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឡើយ ពួកគេ​ចូលចិត្ត​ប្រើប្រាស់​របស់​បរទេស ខ្មែរ​មិន​លើក​ដំកើង​ផលិត​របស់​ខ្មែរ ផលិតផល​ខ្មែរ​គ្មាន​ស្តង់ដារ ផលិតផល​ខ្មែរ​មានតម្លៃ​ថ្លៃ​ជាង​ផលិតផល​របស់​បរទេស​ជាដើម​បើ​ប្រៀបធៀប​ក្នុង​តំលៃ​ទីផ្សារ។ ការ​នេះ​បានធ្វើអោយ​កសិករ ឬ​អ្នក​ផលិត​ខ្មែរ​ហាក់​សំដែង​ការ​អាក់អន់ស្រពន់ចិត្ត ដោយបាន​បោះបង់​អាជីវកម្ម​របស់ខ្លួន សុខចិត្ត​ទៅធ្វើ​ការ​អោយគេ ឬ​បង្កើត​មុខរបរ​តួច​តាច​ណាមួយ ដែល​អាច​ចឹ​ញ្ចឹ​ម​ខ្លួន​បាន។ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​ធ្លាប់មាន​ប​បទពិសោធ​បើក​អាជីវកម្ម​កែច្នៃ​ផលិតផល​សម្រាប់​លក់​ចែកចាយ​ក្នុងស្រុក ត្រូវបាន​បោះបង់ចោល​វិញ ដោយសារតែ​ការចំណាយ​ច្រើនជាង​ចំណូល មិនអាច​ផ្គត់ផ្គង់​សម្ភារៈ ឬ​បុគ្គលិក​របស់ខ្លួន។

ប្រទេសមួយ​ដែលមាន​និរន្តរភាព​សេដ្ឋកិច្ច (Economical Sustainability) និង អំណាច​សេ​ដ្ខ​កិច្ច (Economic Power)  គឺមាន​ផលិតផល​ក្នុងស្រុក​ប្រើប្រាស់​ច្រើនជាង​ការនាំ​ចូល។ សំនួរ​សួរថា តើ​ប្រទេស​កម្ពុជា​អាច​រស់រាន​បានទេ បើ​គ្មាន​ការនាំ​ចូល​ផលិត​បរទេស? ចំ​ម្លើ​យ អាចរ​ស់បាន ប៉ុន្តែ​រស់​យ៉ាង​ត្រដាបត្រដួស។  ដូច្នេះ បង្ខំ​អោយមាន​ការនាំ​ចូល​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ។ បើ​យើង​ក្រ​ឡេង​មើល​ក្នុង​ទីផ្សារ​នានា រួមទាំង ផ្សារ​ទំនើប​ផង​នោះ​ស្ទើរ ៩០ ភាករយ​ទៅហើយ ដែលមាន​សុទ្ធសឹង​ផលិតផល​បរទេស​ដាក់​តាំ​លក់​យ៉ាង​ព្រោងព្រាត។

ការលើកឡើង​នេះ មិនមែន​មានន័យ​មិនអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​បរទេស​នោះទេ តែ​គ្រាន់តែ​ព​ញ្ជា​ក់​ស្មារតី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​មានគំនិត​បង្កើត​ផលិតផល​ក្នុងស្រុក ឬ​ក្រុមហ៊ុន​កែឆ្នៃ​អោយបាន​ច្រើន និង​មាន​ស្តង់ដារ ដើម្បី​ជួយ​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​ផ្សេងទៀត និង​ជួយ​សេដ្ឋកិច្ចជាតិ​អោយ​កាន់តែ​រីកចម្រើន  និង​រឹងមាំ​ដើម្បី​បង​កួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក។

ជាការ​ស្នើរ​សុំ​របស់ខ្ញុំ រដ្ឋាភិបាល​គួរតែមាន​គោលនយោបាយ​ជាក់លាក់​ណាមួយ ក្នុងការ​លើកទឹកចិត្ត​ពលរដ្ឋ​ខ្លួន អោយមាន​គំនិត​បង្កើត​អាជីវកម្ម ឬ បង្កើត​ផលិតផល​ក្នុងស្រុក អោយបាន​ច្រើន​បន្ថែមទៀត មាន​ទាំង​ផ្តល់​ប្រឹក្សា​យោបល់ ផ្តល់ប្រាក់​កម្ចី​ក្នុង​អត្រា​កា​ប្រាប់​ទាប ដើម្បីអោយ​ពួកគេ​មាន​ដើមទុន និង​បង្រៀន​ប​ច្ចេ​ទេស​ដល់​ពលរដ្ឋ​អោយបាន​ត្រឹមត្រូវ ទើប​មាន​ផលិតផល​ក្នុងស្រុក​កាន់តែច្រើន​នៅក្នុង​ទីផ្សារ​នានា ពេលនោះ​ទាំង​សេដ្ឋកិច្ចជាតិ និង​ប្រាប់​ចំណូល​ប្រជាពលរដ្ឋ​កាន់តែ​ធូ​ធា​ទ្វេ​រដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here