ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងស្ថាបនាព្រែកជីកក្រា (Kra) ក្នុងប្រទេសថៃជាប្រធានបទមួយនៃការពិភាក្សាជាច្រើនសតវត្សរ៍មកហើយ ព្រោះថា បើដីគោកដែលខណ្ឌចែករវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ត្រូវបានគេជីកទម្លុះ នោះវាអាចផ្លាស់ប្តូរការដឹកជញ្ជូន និងភូមិសាស្ត្រនយោបាយក្នុងតំបន់។
ព្រែកជីកក្រាត្រូវបានគេមើលឃើញថា ជាជម្រើស “ផ្លូវវាងមួយដ៏សំខាន់” នៃផ្លូវទឹកដ៏វែងអន្លាយ និងមានភាពចង្អៀតណែនកាត់តាមច្រកសមុទ្រម៉ាឡាកា ដែលមានទីតាំងនៅចន្លោះរវាងប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី។ គម្រោងព្រែកជីកក្រានេះត្រូវគេប្រដូចទៅនឹងព្រែកជីកស៊ុយអេនៅក្នុងតំបន់អាស៊ាន។
បើទោះបីជាគម្រោងនេះមិនដែលបានលេចជារូបរាងពិតប្រាកដម្តងណាសោះយ៉ាងណាក្តី ប៉ុន្តែលទ្ធភាព និងផលវិបាកភូមិសាស្ត្រនយោបាយរបស់ព្រែកជីកក្រានៅតែត្រូវបានលើកមកពិភាក្សា ស្របពេលប្រទេសចិនកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
-->

ប្រសិនបើត្រូវបានសាងសង់ ព្រែកជីកក្រា នឹងក្លាយជាជម្រើសជាយុទ្ធសាស្រ្ត ដែលអាចអនុញ្ញាតឱ្យកប៉ាល់ពាណិជ្ជកម្មមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដោយសន្សំសំចៃថ្លៃប្រេងឥន្ធនៈ និងកាត់បន្ថយចម្ងាយ និងពេលវេលាដឹកជញ្ជូន។
ស្របពេលដែលទំហំពាណិជ្ជកម្មសកល ជាពិសេសការដឹកជញ្ជូនថាមពល និងកុងតឺន័រ មានការកើនឡើង ព្រែកជីកក្រាអាចនឹងកាត់បន្ថយចរាចរណ៍លើផ្លូវទឹកដែលមានស្រាប់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើច្រកសមុទ្រម៉ាឡាកា។
ប្រទេសចិន នឹងទទួលបានអត្ថប្រយោជន៍ជាពិសេសតាមរយៈការពង្រឹងសន្តិសុខថាមពល និងការធ្វើពិពិធកម្មការដឹកជញ្ជូនតាមផ្លូវសមុទ្រ ខណៈពេលបច្ចុប្បន្ន ចំណែក៨០ភាគរយនៃការនាំចូលប្រេងរបស់ចិន ត្រូវឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។ដូច្នេះ ចិនប្រឈមមុខនឹងភាពងាយរងគ្រោះ ក្នុងករណីភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងកំដៅ។
ព្រែកជីកក្រា (Kra) អាចជួយឱ្យកប៉ាល់ពាណិជ្ជកម្មចិនបើកបរបញ្ចៀសច្រកសមុទ្រម៉ាឡាកា។ច្រកនេះអាចត្រូវបានបិទខ្ទប់ដោយសហរដ្ឋអាមេរិក។

ព្រែកជីកក្រាអាចពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ទីក្រុងប៉េកាំង ពង្រឹងសន្តិសុខដែនសមុទ្រ និងពង្រីកឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ ជាពិសេសការបង្កើនវត្តមានរបស់ខ្លួននៅក្នុងមហាសមុទ្រឥណ្ឌា។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាប្រទេសសិង្ហបុរី និងឥណ្ឌាបានប្រឆាំងនឹងគម្រោងព្រែកជីកក្រានេះ ដោយសារតែឥទ្ធិពលភូមិសាស្ត្រនយោបាយ។ប្រទេសសិង្ហបុរី ដែលពឹងផ្អែកលើថ្លៃសេវាដឹកជញ្ជូន អាចខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ប្រសិនបើកប៉ាល់នានាបង្វែរទិសដៅទៅកាន់ព្រែកជីកក្រា ដោយមិនឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។
ប្រទេសឥណ្ឌា ដែលតែងព្រួយបារម្ភអំពីការកើនឡើងនៃវត្តមានរបស់ចិននៅមហាសមុទ្រឥណ្ឌា បានចាត់ទុកគម្រោងព្រែកជីកក្រានេះថា ជាទ្រព្យសកម្មយុទ្ធសាស្ត្រ ដែលអាចពង្រីកដែនឥទ្ធិពលរបស់ចិនឱ្យខិតកាន់តែជិតប្រទេសរបស់ខ្លួន។
ជាវិធានការតបតវិញ ទីក្រុងវ៉ាស៊ីនតោនកំពុងគាំទ្រគម្រោង Land Bridge តម្លៃ២៩ពាន់លានដុល្លាររបស់ប្រទេសថៃ ដែលមិនផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់យុទ្ធសាស្ត្ររបស់ចិន។
គម្រោង Land Bridge រួមមានការសាងសង់ផ្លូវហាយវេ បណ្តាញផ្លូវដែក និងកំពង់ផែសមុទ្រទឹកជ្រៅ។ សហរដ្ឋអាមេរិកក៏បានបង្កើនកិច្ចសហប្រតិបត្តិការដែនសមុទ្រជាមួយប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីធានាសន្តិសុខ និងបង្កភាពងាយស្រួលនៃការចូលទៅកាន់ច្រកសមុទ្រម៉ាឡាកា៕ប្រភព: Geopolitical Monitor៕
