ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានផ្សព្វផ្សាយពីការវិវត្ត និងកាលានុវត្តន៍ភាពនៃដំណើរការវិវឌ្ឍន៍នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងឱកាសពាណិជ្ជកម្ម ដើម្បីចែករំលែកចំណេះដឹង និងផ្សព្វផ្សាយព័តមានសំខាន់ៗ អំពីវឌ្ឍនភាពកាលានុវត្ត នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មក្នុង ក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន។
រដ្ឋលេខាធិការក្រសូងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី១៥ ធ្នូនេះថា កម្ពុជាបានចូលរួមអនុវត្តន៍ តាមផែនការសមាហរណកម្ម របស់អាស៊ានយ៉ាងយកចិត្តទុកដាក់ ក្រសួងពាណិជ្ជកម្មបានអនុវត្តន៍តាមកម្មវិធីកែទម្រង់រដ្ឋាភិបាល និងបានបំពេញការងារជាច្រើន ក្នុងក្របខ័ណ្ឌរដ្ឋសមាជិក និងក្នុងក្របខ័ណ្ឌភាពជាដៃគូចរចាសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់វិស័យឯកជន និងលើកកម្ពស់បរិយាកាសអាជីវកម្មឲ្យមានកម្រិតខ្ពស់នៅកម្ពុជា។
លោកជំទាវបន្តថា “ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម ជាសមាជិកអាស៊ាន ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ការចូលជាសមាជិករបស់អង្គការពាណិជ្ជ កម្មពិភពលោក និងអង្គការសេដ្ឋកិច្ចដទៃទៀត គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ និងមិនអាចកាត់ថ្លៃបាន។លោកជំទាវបន្តថា “កម្ពុជាត្រូវរូតរះធ្វើសមាហរណកម្ម និងភ្ជាប់ខ្លួនជាមួយបណ្តាញសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដើម្បីឲ្យទំនិញដែលផលិតនៅកម្ពុជាមានឱកាសបានចូលរួម ប្រកួតប្រជែងក្នុងទីផ្សារពិភពលោក និងជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសចូលមក វិនិយោគនៅកម្ពុជា។
សហគមន៍សេដ្ឋកិច្ចអាស៊ានមានប្រជាជនជាង៦៣០លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបចំនួន២,៦ទ្រីលានដុល្លារអាមេរិក និងមានទំហំពាណិជ្ជកម្មចំនួន២,៨៨ទ្រីលានដុល្លារអាមេរិក។ ម្យ៉ាងទៀតអាស៊ានជាទីផ្សារមានសក្តានុពលរបស់អាស៊ាន មានទំហំជាងសហភាពអឺរ៉ុប និងអាមេរិកខាងជើង ហើយអាស៊ានក៏មានកម្លាំង ពលកម្មធំទីបីបន្ទាប់ពីចិន និងឥណ្ឌា៕
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឈន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា មុនពេលសមាហរណកម្ម អាស៊ានបានបើកចំហជាច្រើនមកហើយ ហើយការបើកចំហសហគមន៍សេដ្ឋកិច្ចនេះកាលពីចុងឆ្នាំ២០១៥ គ្រាន់តែបំពេញបន្ថែមនូវអ្វីដែលមានស្រាប់ និងបើកឲ្យមានលំហូរកំលាំងពលកម្មប៉ុណ្ណោះ។
លោកបន្តថា “ការបើកចំហរនេះ វាជាឳកាសសម្រាប់ប្រទេសដើរក្រោយគេ អាចរៀបចំខ្លួនដើម្បីប្រកួតប្រជែង និងសិក្សាពីគេ ខណៈធនធានមនុស្សរបស់កម្ពុជា បើធៀបជាមួយវៀតណាម និងប្រទេសថៃយើងស្ថិតនៅក្រោយគេច្រើននៅឡើយ។

ទាក់ទងនឹងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ លោកង៉ែត ជូបានថ្លែងថា ការដាក់របាំងពាណិជ្ជកម្មថ្មីៗ ដូចជាបញ្ហាភូតគាមអនាម័យ ដើម្បីរារាំងការនាំចេញ គឺជាផលវិបាកនិងជាបញ្ហាប្រឈមធំមួយ សម្រាប់សហគ្រាសនានានៅកម្ពុជា ដោយសារកម្ពុជាមានតម្លៃដើមផលិតថ្លៃ និងការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិត។
លោកបន្តថា “ប្រសិនជាប្រទេសជិតខាង ដាក់របាំងពាណិជ្ជកម្មបែបនេះ កម្ពុជាគួរអនុវត្តន៍ដូចគ្នាទាក់ទងនឹងការនាំចូល និងអនុវត្តន៍ផ្ទៃក្នុងរបស់យើង ហើយប្រសិនជាយើងអនុវត្តន៍បាន វានឹងជួយដល់អ្នកផលិតក្នុងស្រុករបស់យើងបានច្រើន”៕