សំណង់អគារខ្ពស់ៗដែលកំពុងសាងសង់ និងសាងសង់រួចនៅក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ
ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងភាពរីកចម្រើនយ៉ាងលឿន នៃវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេស វត្តមាននៃសំណង់អគារខ្ពស់ៗចាប់ពីកម្ពស់១០ជាន់ឡើង បាននិងកំពុងកើនឡើងរហូតដល់ជាង១០០០អាគារនៅទីក្រុងភ្នំពេញ ប៉ុន្តែសំណួរសួរថាតើអ្នកអភិវឌ្ឍទាំងនោះបានរៀបចំប្រព័ន្ធបង្ការហានិភ័យ ករណីមានអគ្គិភ័យឆេះមានស្តង់ដាបែបណានៅតែជាសំណួរមួយ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៥ ឧសភាកន្លងមកថា នៅកម្ពុជាវិធានការការពារហានិភ័យអគ្គីភ័យនៅតាមអគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី ១០ ជាន់ឡើងទៅ ភាគច្រើនហាក់នៅមានភាពចន្លោះប្រហោងច្រើននៅឡើយ ដោយហេតុថាការចំណាយទៅលើឧបករណ៍បង្ការ និងសង្គ្រោះបឋមដែលត្រូវបំពាក់នៅតាមជាន់នីមួយៗនៃអគារខ្ពស់ៗទាំងអស់នោះគឺមានតម្លៃថ្លៃ ខណៈដែលច្បាប់បង្ការនៅកម្ពុជានៅមិនទាន់មានការរឹតបណ្តឹងនៅឡើយ។
-->
អ្នកនាងបានបន្តទៀតថា “ភាពរីកចម្រើននៃវិស័យអចលនទ្រព្យយ៉ាងគំហុកនៅកម្ពុជា គឺមាននៅត្រឹមរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ជាពិសេសចំពោះកំណើននៃវត្តមានអគាពាណិជ្ជកម្មចម្រុះ ក៏ដូចជាសំណង់លំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថា ខុនដូរ ដែលមានកម្ពស់ខ្ពស់ៗ តែម្ដង”។ អ្នកនាងបន្ថែមថា “យើងហាក់មិនទាន់មានការត្រៀមខ្លួន និងរៀបចំច្បាប់ក្នុងការគ្រប់គ្រងហានិភ័យដូចដែលបានលើកឡើងខាងលើនេះនៅឡើយ”។
ទោះជាយ៉ាងណាអ្នកនាងធីតាបានទទួលស្គាល់ថា ក្នុងចំណោមអ្នកអភិវឌ្ឍទៅលើវិស័យសំណង់ធំៗ និងខ្ពស់ៗទាំងអស់នោះ ក៏មានការត្រៀមទុក និងធ្វើឡើងទៅតាមស្ដង់ដានៃអគារខ្ពស់ៗផងដែរ ដែលភាគច្រើនជាក្រុមហ៊ុនបរទេស ដោយពួកគេយកតម្រាប់តាមស្ដង់ដារនៅក្នុងប្រទេសគេ។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យ បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមភាពជាក់ស្តែង នាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យរបស់យើង អាចមានលទ្ធភាពក្នុងការគ្រប់គ្រង និងសង្គ្រោះត្រឹមអគារដែលមានកម្ពស់៤-៥ ជាន់តែប៉ុណ្ណោះ បើខ្ពស់ជាងនេះ យើងនៅមិនទាន់មានលទ្ធភាពនៅឡើយទេ។ ប៉ុន្តែក្នុងនោះច្បាប់ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល និងដាក់ឱ្យអនុវត្តក៏បានបញ្ជាក់ពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អ្នកអភិវឌ្ឍ ក៏ដូច ជាម្ចាស់អគារ ត្រូវតែមានការចូលរួមទទួលខុសត្រូវទៅលើតួសំណង់អគារនីមួយៗ ដោយចាំបាច់ត្រូវតែមានការបំពាក់នូវឧបករណ៍បង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យនៅតាមបន្ទាប់ នៅតាមជាន់នីមួយៗ ជាមួយបច្ចេកទេសដែលអាចទុកចិត្តបាន។
លោកបនន្តថា “ចំណុចនេះយើងអត់មានគិតថាខ្ពស់ ឬទាបនោះទេ តែត្រូវអនុវត្តមានអនុក្រឹត្យលេខ១៣១ និងអនុក្រឹត្យលេខ ៨៧ ស្តីពីចំណាត់ថ្នាក់សំណង់ ដែលបានកំណត់នូវទំហ៊ុនៃចំនួនក្រឡាផ្ទៃ ដែលកំណត់ត្រូវតែមានបំពាក់ឧបករណ៍ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យជាចាំបាច់”។
លោកបន្តថា យើងមានក្រុមអធិការកិច្ចចុះត្រួតពិនិត្យជាប្រចាំ នៅតាមគោលដៅ ហើយបើឃើញថា មានម្ចាស់សំណង់អគារណាមួយដែលមិនបានអនុវត្ត និងគោរពទៅតាមច្បាប់នោះ យើងនឹងមានការអនុវត្តចំនួន៣វិធានការ ដោយទី១ មានការធ្វើលិខិតព្រមានលាយល័ក្ខជាអក្សរ ទី២ ផ្អាកសម្មភាពណាមួយដែលពាក់ព័ន្ធនឹងដំណើរប្រតិបត្តិការផ្នែកណាមួយរបស់សំណង់អាគារ ហើយទី៣ នឹងឈានដល់ការផាកពិន័យ និងបញ្ចូនទៅតុលាការ ព្រមទាំងផ្អាកសកម្មភាពទាំងស្រុងតែម្ដង។
លោកនេត វន្ថាបានបញ្ជាក់ទៀតថា ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ដូច្នេះមានតែការចូលរួមសហការពីសំណាក់ម្ចាស់អគារ ក៏ដូចជាអ្នកអភិវឌ្ឍនានា ធ្វើយ៉ាងណាគោរពទៅតាមគោលការណ៍ដែលបានកំណត់ និងដាក់ចេញឱ្យអនុវត្តជាដាច់ខាត ដើម្បីបញ្ចៀសនូវគ្រោះមហរន្តរាយ និងការខាតបង់។ ជាពិសេសត្រូវមានការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រព័ន្ធគ្រប់គ្រងហានិភ័យ ក៏ដូចជាការដឹកជញ្ជូន ការរក្សាទុកនូវសម្ភារផ្សេងៗដែលងាយបង្កជាអគ្គីភ័យ។
អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ បាននិយាយការពារនិងសម្រាលហានិភ័យលើបញ្ហានេះ។
លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Land Group ដែលកំពុងអភិវឌ្ឍន៍អាគារកប់ពពកចំនួនពីរនៅក្បែរកោះពេជ្រ គឺគំរោង The Bridge និងគំរោង The PeAk ធ្លាប់បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍ឬអ្នកវិនិយោគសាងសង់អាគារខ្ពស់ៗ ពួកគេចំណាយទុនរាប់លានដុល្លារអាមេរិក ហេតុនេះពួកគេបានគិតគូរពីបញ្ហានេះរួចហើយ ទាក់ទងនឹងប្រព័ន្ឋសុវត្ថិភាពនៅតាមអាគារនិមួយៗ ដូចជាជណ្តើរសង្រ្គោះ ប្រព័ន្ឋកណ្តឹងរោទ៍នៅតាមអាគារនិមួយៗ មានឧបករណ៍ពន្លត់អគ្គិភ័យ និងប្រព័ន្ឋបាញ់ទឹកជាស្វ័យប្រវត្តិផងដែរ។
លោកឧកញ៉ាបន្តថា “ប្រព័ន្ឋបង្ការអគ្គិភ័យ តែងតែត្រូវបានគិតគូជាអាទិភាពរបស់អ្នកវិនិយោគសាងសង់អាគារខ្ពស់ៗ ព្រោះគំរោងនិមួយៗចំណាយទុនច្រើន ដែលមិនអាចប្រហែសបាននោះទេ”។
សំណង់អគារខ្ពស់ៗដែលកំពុងសាងសង់ និងសាងសង់រួចនៅក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ
អនុប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា តាមធម្មតានៅពេលនិយាយពីហានិភ័យ ការធ្វើអ្វីមួយក៏មានហានិភ័យដែរ ប៉ុន្តែការរកវិធីបង្ការជាមុន ដើម្បីកាត់បន្ថយហានិភ័យជារឿងចាំបាច់ដែលអ្នកវិនិយោគសាងសង់អាគារខ្ពស់ៗ បានចាត់ទុកជាអាទិភាពរួចហើយ ព្រោះបើសិនជាម្នាក់ៗភ័យខ្លាចស្នាក់នៅអាគារខ្ពស់ៗ ពិភពលោកនេះនឹងមិនមានអាគារខ្ពស់ ដែលកំពុងសាងសង់ប្រណាំងប្រជែងគ្នាពីបណ្តាប្រទេសនានាឡើយ។
លោកបន្តថា “ប្រព័ន្ឋបង្ការហានិភ័យនៅតាមអាគារខ្ពស់ៗ ពិតជារឿងមួយដែលត្រូវយកចិត្តទុកដាក់ពីអ្នកអភិវឌ្ឍន៍នានា ប៉ុន្តែខ្ញុំជឿថាអ្នកអភិវឌ្ឍន៍ដែលមានលុយរាប់រយលានដុល្លារ នឹងមិនប្រហែសឲ្យមានអគ្គិភ័យឆាបឆេះអាគារពួកគេដោយងាយៗឡើយ”៕