ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Mitsubishi Estate Group គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេរបស់ជប៉ុន នៅតែមានសុទិដ្ឋិនិយមលើទីផ្សារប្រទេសថៃ ដោយក្រុមហ៊ុននេះបានកំពុងសម្លឹងមើលលើការសាងសង់អគារការិល័យបន្ថែមទៀត នៅក្នុងទីក្រុងបាងកកនៅចុងឆ្នាំនេះ។
លោក Shigehiro Ono នាយកប្រតិបត្តិនៃក្រុមហ៊ុន Mitsubishi Estate Asia បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនមានទំនុកចិត្តក្នុងរយៈពេលមធ្យម និងរយៈពេលវែងនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ បើទោះបីជាវាមានការព្រួយបារម្ភតិចតួចនៅក្នុងរយៈពេលខ្លីក៏ដោយ។
លោកបន្តថា “ប្រទេសថៃគឺជាទីតាំងយុទ្ធសាស្ត្រនៅអាស៊ី ហើយវិស័យទាក់ទាញបំផុតក្នុងវិស័យអចលនទ្រព្យគឺការិយាល័យប្រភេទA នៅខាងក្នុងទីក្រុងបាងកក បន្ទាប់ពីឡូជីស្ទីកនៅទីតាំងជាយក្រុង”។
លោក Ono បន្ថែមថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ពីប្រទេសចិនមកកាន់ប្រទេសថៃ ជាពិសេសគឺច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ប៉ុន្តែក្រុមហ៊ុន Mitsubishi នៅតែផ្តោតលើទីក្រុងបាងកក។
លោកថា “យើងមិនមានផែនការនៅពេលនេះ ដើម្បីវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដោយសារតែយើងចង់ផ្តោតលើអគារការិយាល័យ ដែលយើងបានវិនិយោគជាមួយ Raimon Land ហើយប្រសិនបើ EEC ទាក់ទាញការវិនិយោគថ្មី ទីក្រុងបាងកកគួរតែទទួលបានអត្ថប្រយោជន៍ផងដែរ”។
ក្រុមហ៊ុន Mitsubishi Estate បានចូលក្នុងទីផ្សារអចលនទ្រព្យថៃតាំងតែពីឆ្នាំ ២០១៣ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន AP Thailand Plc ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ SET សម្រាប់ការអភិវឌ្ឍខុនដូនៅទីក្រុងបាងក។ ក្រុមហ៊ុនទាំងពីរនេះបានអភិវឌ្ឍន៍គម្រោងខុនដូចំនួន១៧ ដែលមាន១៦,000 យូនីត និងវិនិយោគលើភស្តរកម្ម (Logistic) នៅឯជាយក្រុងបាងកក។
លោក Ono បញ្ជាក់ថា គម្រោងសាងសងអគារការិយាល័យនេះ ទទួលបានហិរញ្ញប្បទានពីមូលនិធិថ្មីពីប្រទេសជប៉ុន ដែលមានចំនួនតិចជាង១,៧ពាន់លានបាត។ គម្រោងនេះ នឹងសាងសង់លើទំហំដី ៦ រ៉ៃ ដែលក្រុមហ៊ុន Raimon Land បានចុះហត្ថលេខាលើកិច្ចសន្យាជួលកាលពីចុងឆ្នាំ២០១៦។
ជាមួយនឹងទុនវិនិយោគទឹកប្រាក់សរុបចំនួន៨,៨ពាន់លានបាត ក្រុមហ៊ុន Raimon Land និងក្រុមហ៊ុន Mitsubishi នឹងសាងសង់អគារការិយាល័យនេះក្នុងកម្រិតកំពស់៦១ ជាន់ដែលមានទំហំ៦១.000 ម៉ែត្រការ៉េ ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២២៕