ដោយ គង់ សូរិយា
ភ្នំពេញ៖ និយាយពីបុរីគ្មានប្រជាជនណាស្គាល់នោះទេ ប៉ុន្តែបុរីដែលមានស្តង់ដានិងស័ក្តិសមនឹងពាក្យនេះ មិនមានច្រើននោះទេ ពិសេសបុរីដែលបានគិតគូពីហេដ្ឋារចនាសម្ព័ន្ឋលើដី និងក្រោមដី។
ហេដ្ឋារចនាសម្ព័ន្ឋលើដីដែលគ្មានគុណភាពជាបញ្ហាមួយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋក្រោមដី ជាបញ្ហាមួយទៀត និងជាបញ្ហាធំ ហើយប្រជាជនមិនសូវមានការយល់ដឹងនោះទេ ប៉ុន្តែកង្វះគុណភាពហេដ្ឋារចនាសម្ព័ន្ឋក្រោមដីនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព និងសង្គមរយៈពេលវែង។
លោក ជា ប៊ុនស៊ាង ស្ថាបត្យករសិក្សាប្លង់អាគារសន្តិភាព និងជាសាស្ត្រាចារ្យផ្នែកនគរូបនីយកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននៅតាមបុរី ឬ គំរោងអភិវឌ្ឍន៍នានានៅរាជធានីភ្នំពេញភាគច្រើន មិនទាន់បានគិតគូពីបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្រោមដីនេះនៅឡើយ ដោយពួកគេសាងសង់ប្រព័ន្ឋលូរួមបញ្ចូលគ្នារវាងទឹកភ្លៀង និងទឹកស្អុយ ដែលធ្វើឲ្យពេលភ្លៀងមក ទឹកលូស្អុយខ្ពុរឡើងពេញថ្នល់ ខ្វះអនាម័យនិងចម្លងមេរោគដូចជា រោគសើរស្បែក និងជំងឺផ្តាសាយជាដើម ។
-->
លោកសាស្ត្រាចារ្យបន្តថា “ការរៀបចំឲ្យមានប្រព័ន្ឋលូដាច់ចេញពីគ្នា រួមជាមួយលំហបៃតងលើសពី៣០ភាគរយ ដោយដាំដើមឈើដូចជាក្នុងគម្រោងណាមួយ ធ្វើឲ្យសហគមន៍អ្នករស់នៅជៀសផុតពីបញ្ហានានាដូចជា ទឹកលិច ក្លិនលូ និងកំដៅជាដើម ពោលគឺទទួលបានផាសុកភាព សុខភាពល្អ និងបរិស្ថានបៃតងស្អាតផងដែរ។ លោកបន្តថា “នៅពេលទឹកភ្លៀងស្ងួត ហើយខ្យល់បក់មក ធ្វើឲ្យមេរោគហើរតាមខ្យល់ មកចំឡងមនុស្ស និងធ្វើឲ្យប្រជាជនកើតជំងឺផ្តាសាយ និងជំងឺដទៃទៀត។ នេះជាមូលហេតុ ដែលការសាងសង់ប្រព័ន្ឋលូក្រោមដីមិនបានបែងចែកឲ្យដាច់រវាងលូទឹកស្អុយ និងលូទឹកភ្លៀងដាច់ពីគ្នា។
លោកសាស្ត្រចារ្យ ជា ប៊ុនស៊ាង បានបន្តថា តាមការសង្កេតរបស់លោកកន្លងមកបុរី ឬគម្រោងលំនៅឋានភាគច្រើននៅប្រទេសកម្ពុជា គឺធ្វើរបងខ្ពស់ៗ បន្ថែមមានការបែងចែករវាងតំបន់អ្នកមានជីវភាពខ្ពស់ ជីវភាពមធ្យម និងជីវភាពទាបដែលធ្វើឲ្យមនុស្សពិបាកទំនាក់ទំនងគ្នាប្រចាំថ្ងៃ។
ទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអគ្គនាយកក្រុមហ៊ុន RLS International លោកបណ្ឌិតសេង ប៊ុនរិទ្ឋបានថ្លែងទទូលស្គាល់ថា នៅតាមបណ្តាទីក្រុងរបស់កម្ពុជាភាគច្រើន មិនទាន់គិតគូពីការបែងចែកប្រព័ន្ឋញែករវាងលូទឹកភ្លៀង និងលូទឹកស្អុយនៅឡើយទេ ដោយសារកង្វះខាតធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ប៉ុន្តែការរៀបចំប្រព័ន្ឋបែបនេះ គួរតែធ្វើឡើងឲ្យបានគ្រប់ខេត្ត ក្រុង នៃទីក្រុងទាំងអស់នៅប្រទេសកម្ពុជា ដើម្បីជួយលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបន្តថា ការបែងចែករវាងលូទឹកភ្លៀង និងលូទឹកស្អុយ ក៏នឹងជួយបង្កាពីផលប៉ះពាល់លើគុណភាពទឹកក្រោមដី និងទឹកសម្រាប់ប្រើប្រាស់ផងដែរ។ ផ្ទុយទៅវិញ វានឹងមានហានិភ័យដល់សុខភាពខ្ពស់ ប្រសិនជាទឹកស្អុយមិនត្រូវបានចំរោះ ព្រោះតាមរយៈការសិក្សាបានរកឃើញថា ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានហានិភ័យខ្ពស់ណាស់ដល់សុខភាព ប្រសិនបើពួកគាត់បានជីកអណ្តូងយកទឹកមកប្រើប្រាស់ ព្រោះពួកគាត់ប្រើប្រាស់អាងផ្ទុកលាមក ឬអាងទឹកក្រោមបង្គន់ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយគ្រាន់តែជាអាងធ្វើតាមនឹកឃើញ និងមិនបានបិទបាតអាង ដែលបង្កឲ្យទឹកស្អុយជ្រាបចូលប្រភពទឹកនៅខាងក្រោមដីដែលពួកគាត់កំពុងប្រើប្រាស់៕