ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលវិស័យសំណង់កំពុងតែមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងគំហុក ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់របស់កម្ពុជា បានរុញច្រានឱ្យតំបន់ដែលស្ថិតនៅជាប់ក្រុង មានតម្រូវការកាន់តែខ្លាំង។

-->
ជាក់ស្ដែងដូចជាតំបន់ភាគខាងកើតរាជធានីភ្នំពេញ ជាប់ផ្លូវជាតិលេខ៦A កំពុងតែបង្ហាញពីសក្ដានុពលជាមួយវត្តមានសំណង់បែបទំនើបៗ។
ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារឆ្ពោះ ទៅទិសខាងកើតស្របតាមបណ្តោយផ្លូវជាតិលេខ៦A គម្រោងអភិវឌ្ឍធំជាច្រើនបានលេចរូបរាងជាបន្តបន្ទាប់ ដូចជាគម្រោងទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន OCIC គម្រោងរបស់ក្រុមហ៊ុន លី យ៉ុងផាត់ គម្រោងក៏ដូចជាគម្រោងសំណង់បុរីលំនៅដ្ឋានបែបទំនើប និងប្រណីត ក្រោមទុនវិនិយោគរាប់សិបពាន់លានដុល្លារ។
ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍ លើវិស័យសំណង់យ៉ាងគំហុក នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍សាទរជាមួយនឹងសកម្មភាពរីកចម្រើនទាំងអស់នេះ។ លោកឧកញ៉ាបានមានប្រសាសន៍ថា វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍ ជាពិសេសតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវចំនួនអគារធំៗដូចជាសំណង់ខុនដូ អាផាតមិន ជាដើមនោះ តំបន់ដែលស្ថិតនៅជាប់ក្រុង គឺមានតម្រូវការខ្ពស់។
ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេស លើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់។
លោកឧកញ៉ាបញ្ជាក់ថា “កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារមានកម្រិតទាបនៅឡើយ ពោលគឺប្រមាណ១០០០ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់រហូតដល់ ២៥០០ ទៅដល់ ៣៥០០ដុល្លារក្នុងមួយម៉ែត្រ ហើយទីតាំងខ្លះអាចមានតម្លៃថ្លៃជាងនេះ”។ លោកបន្តទៀតថា “ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពល្អប្រសើរដូចជាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ វានឹងក្លាយជាតំបន់ពិសេស អំណោយផលលើវិស័យលំនៅដ្ឋាន ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានអគារធំៗ និងខ្ពស់ៗមិនក្រោម ១៥-២០ ជាន់នោះទេ”។

បច្ចុប្បន្ននេះ វត្តមាននៃគម្រោងបុរីលំនៅដ្ឋានបែបទំនើបជាច្រើន កំពុងតែបង្ហាញខ្លួននៅតំបន់ខាងលើនេះ ដែលកាន់តែបង្ហាញពីសក្ដានុពលនៃតំបន់កាន់ខ្លាំង និងទាក់ទាញបំផុត ដូចជា សំណង់បុរី សុភមង្គល, បុរី The Mekong Royal , បុរី ប៉េងហួត, បុរី ពិភពថ្មី , បុរី អរគីដេ វីឡា , បុរី The Flora, និងបុរី វិមានភ្នំពេញ ជាដើម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទថ្ងៃដដែលថា បច្ចុប្បន្ននេះតំបន់ខាងលើបានក្លាយជាតំបន់មុំត្រីកោណ ស័ក្ដិសមទៅនឹងការអភិវឌ្ឍជាទីក្រុងរណប ដោយសារតែវាមានកត្តាភូមិសាស្ត្រល្អ និងអំណោយផលពីធម្មជាតិ ដែលព័ទ្ធជុំវិញទៅទន្លេមេគង្គ និងទន្លេសាប។
លោកបានបន្តទៀតថា “ក្រៅពីមានភាពអំណោយផលពីធម្មជាតិ សមស្របទៅនឹងលំនៅដ្ឋានរស់នៅ ថែមទាំងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនបានអភវឌ្ឍន៍ ជាពិសេសផ្លូវជាតិលេខ៦Aតែម្ដង ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន”៕