ដោយ ម៉ាណេត
ភ្នំពេញ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានសម្រេចសាងសង់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែទៀត នៅជាប់នឹងស្ពានអាកាសចាស់ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស និងផ្លូវព្រះនរោត្តម រដ្ឋបាលរាជធានីភ្នំពេញ។
គម្រោងសាងសង់ខ្នែងស្ពានក្បាលថ្នល់ខ្សែទី១ ភ្ជាប់ទៅមហាវិថីព្រះមុនីវង្ស នឹងត្រូវបញ្ចប់ការសាងសង់នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
-->
ជាជំហានដំបូងពេលនេះអ្នកជំនាញបាន និងកំពុងកសាងស្ពានខ្សែទី១បន្ថែមដោយភ្ជាប់ជាមួយស្ពានក្បាលថ្នល់ចាស់ ទៅនឹងមហាវិថីព្រះមុនីវង្ស ដូចជាសកម្មភាពដែលកំពុងធ្វើនៅក្នុងការដ្ឋានដែលបានបង្ហាញនៅក្នុងរូបនេះស្រាប់។
ជាការសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការការកកស្ទះចរាចរណ៍នៅត្រង់ចំណុចគល់ស្ពាន និងលើស្ពានអាកាសក្បាលថ្នល់ ក៏ដូចជា តំបន់ច្បារអំពៅ រដ្ឋបាលសាលារាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាន និងកំពុងសាងសង់ស្ពានអាកាសថ្មីនេះបន្ថែម ពីលើស្ពានដែលមានស្រាប់ ដោយភ្ជាប់ជាមួយចំណុចផ្លូវប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
លោក សាំ ពិសិដ្ឋ បានបន្ថែមថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូឆ្នាំ២០១៩នេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើ ដំណើរ ខណៈដែលស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍ មិនទាន់បាន ល្អប្រសើរនូវឡើយ។