ចំណេះដឹង​! តើ​ត្រូវ​ប្រគល់​ប្លង់ផ្ទះ​ ឬប្លង់ដី​ទៅ​ឱ្យ​ម្ចាស់បំណុល​ដែរ​ឬទេ​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ នៅក្នុង​ការបង្កើត​ហ៊ី​ប៉ូ​តែក​ ម្ចាស់ទ្រព្យ​មិន​ត្រូវ​ផ្ទេរសិទ្ធិ​កាន់កាប់​ទៅ​ឲ្យ​ម្ចាស់បំណុល​ ហើយក៏​មិន​ចាំបាច់​ត្រូវ​យក​ប័ណ្ណ​កម្មសិទ្ធិ​(ប្លង់ដី​ ឬប្លង់ផ្ទះ​)ទៅ​ឲ្យ​ម្ចាស់បំណុល​ដែរ​។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​កន្លងមក​ យើង​ឃើញ​ករណី​ភាគច្រើន​ នៅពេល​ខ្ចី​លុយ​ គឺ​កូនបំណុល​តែងតែ​ យក​ប័ណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ​ ទៅ​ប្រគល់ឲ្យ​ម្ចាស់បំណុល​ ដើម្បី​ធានា​បំណុល​។ ការអនុវត្ត​បែបនេះ​គឺ​ធ្វើឡើង​តាមច្បាប់​ភូមិបាល​ ដែល​ជា​ច្បាប់​ចាស់​មុន​មាន​ក្រមរ​ដ្ឋ​ប្ប​វេណី​។

នៅក្នុង​ច្បាប់​ភូមិបាល​ ការ​ដាក់​អចលនទ្រព្យ​ ដើម្បី​ធានា​បំណុល​អាច​ធ្វើឡើង​ជា​ ៣រូបភាព​ គឺ​៖ការ​បញ្ចាំ​ ដែល​ត្រូវ​ផ្ទេរ​អចលនទ្រព្យ​ទៅ​ឲ្យ​ម្ចាស់បំណុល​ កាន់កាប់​ហ៊ី​ប៉ូ​តែក​ ដែល​មិន​មានការ​ផ្ទេរសិទ្ធិ​កាន់កាប់​ទ្រព្យ​។

ការ​ដាក់​ធានា​(ដែល​នៅចន្លោះ​កណ្តាល​រវាង​ការ​បញ្ចាំ​ និង​ហ៊ី​ប៉ូ​តែក​)គឺ​កូនបំណុល​មិន​ត្រូវ​ប្រគល់​ទ្រព្យ​ទៅ​ឲ្យ​ម្ចាស់បំណុល​កាន់កាប់​ទេ​ តែ​ត្រូវ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ទុកជា​ការធានា​ ក៏ប៉ុន្តែ​នៅក្នុង​ក្រមរ​ដ្ឋ​ប្ប​វេណី​ ដែល​ទើបនឹង​ចូលជាធរមាន​ក្រោយ​ច្បាប់​ភូមិបាល​នេះ​ លែង​មាន​ចែង​ពី​ “ការ​ដាក់​ធានា​” នេះ​ទៀតហើយ​ គឺ​មានតែ​ការ​បញ្ចាំ​ និង​ហ៊ី​ប៉ូ​តែក​ប៉ុណ្ណោះ​។

​នៅក្នុង​ច្បាប់​ស្តី​ពី​ការអនុវត្ត​ក្រមរ​ដ្ឋ​ប្ប​វេណី​នេះ​ (ច្បាប់​ ចុះ​ថ្ងៃទី៣១​ ឧសភា​ ឆ្នាំ២០១១​) មាន​ចែង​ក្នុង​មាត្រា៥៦ថា​ ចាប់ពី​ពេល​ក្រមរ​ដ្ឋ​ប្ប​វេណី​ត្រូវ​ចាប់​អនុវត្ត​ រាល់​កិច្ចសន្យា​បង្កើត​សិទ្ធិ​លើ​ការ​ដាក់​ធានា​ ដែល​បាន​ចុះ​រួចហើយ​ (មានន័យថា​ ការ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដើម្បី​ធានា​បំណុល​) ទៅតាមច្បាប់​ភូមិបាល​ចាស់​ ត្រូវ​ចាត់ទុកថា​ជា​ការបង្កើត​ហ៊ី​ប៉ូ​តែក​ ហើយ​បើសិនជា​កិច្ចសន្យា​នេះ​ ត្រូវ​បាន​ចុះបញ្ជី​ជា​ហ៊ី​ប៉ូ​តែក​ហើយ​ ម្ចាស់បំណុល​ត្រូវ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​ឲ្យ​ម្ចាស់ទ្រព្យ​វិញ​។

ហ៊ី​ប៉ូ​តែក​ សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​មួយ​ប្រភេទ​។ ហ៊ី​ប៉ូ​តែក​ផ្តល់​ឲ្យ​ម្ចាស់បំណុល​នូវ​សិទ្ធិ​ទទួលការ​សង​ ចំពោះ​សិទ្ធិ​លើ​បំណុល​របស់​ខ្លួន​ ដោយមាន​អទិ​ភាព​ជាង​ម្ចាស់បំណុល​ផ្សេងទៀត​ចំពោះ​អចលនវត្ថុ​ ដែល​បាន​ដាក់ជា​ប្រាតិភោគ​នៃ​កាតព្វកិច្ច​ ដោយ​កូនបំណុល​ ឬតតិយជន​ដោយ​មិន​ផ្ទេរ​ការ​កាន់កាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here