ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលការផ្គត់ផ្គង់ខុនដូកើនឡើងខ្ពស់ ធៀបនឹងតម្រូវការទីផ្សារលោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងថា អ្វីដែលសំខាន់នាពេលនេះ ត្រូវធ្វើយ៉ាងណាឲ្យអ្នកវិនិយោគពីប្រទេសផ្សេងៗមានទំនុកចិត្ត មកលើភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើឲ្យមានទំនុកចិត្តក្នុងទីផ្សារនេះ។
លោក គុយ វ៉ាតបានថ្លែងថា “ទំនុកចិត្តទីផ្សារ និងលទ្ធភាពពង្រីកទីផ្សារខុនដូនៅកម្ពុជា នៅបណ្តាប្រទេសជាដៃគូ កាន់តែធ្វើឲ្យអ្នកវិនិយោគលើវិស័យអចលនវត្ថុ មានទំនុកចិត្ត និងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា”។
-->
លោកបន្តថា ដើម្បីធ្វើឲ្យវិស័យនេះបន្តរីកចម្រើន ទាមទារឲ្យអ្នកនៅក្នុងវិស័យនេះ ទាំងអ្នកអភិវឌ្ឍន៍ អ្នកសាងសង់ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យត្រូវចូលរួមទាំងអស់គ្នា ដើម្បីទាក់ទាញលំហូរទុនវិនិយោគកាន់តែធំជាងមុន មិនត្រឹមតែក្នុងកម្រិតទីផ្សារអាស៊ាននោះទេ តែយើងអាចធ្វើការងារជាមួយគ្រប់ប្រទេសនៅលើពិភពលោក ដែលយើងអាចធ្វើការជាមួយគ្នាបាន។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា ប្រជាជនកម្ពុជាកាន់់តែច្រើនចាប់ផ្តើមទិញខុនដូសម្រាប់រស់នៅ ហើយជាខុនដូដែលមានតម្លៃមធ្យម ដោយសារលំនៅដ្ឋានក្នុងទីក្រុងកាន់តែឡើងថ្លៃខ្ពស់។
កាលពី៤ទៅ៥ឆ្នាំមុន ទីផ្សារខុនដូនៅទីនេះគឺ៧០ភាគរយ ត្រូវបានទិញដោយជនបរទេស និង៣០ភាគរយជាជនជាតិខ្មែរ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនទិញទុកសម្រាប់វិនិយោគបន្តដែលនេះជា និន្នាការទូទៅនៃទីផ្សារខុន ដូដែលត្រូវពឹងផ្អែកលើប្រជាពលរដ្ឋក្នុង ស្រុក ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកកាន់តែច្រើនឡើង បានចាប់អារម្មណ៍ទិញខុនដូនៅទីក្រុងភ្នំពេញ។
លោកគុយ វ៉ាតបានបន្តថា កាលពីឆ្នាំមុនការទិញខុនដូមានកំណើនចន្លោះ ១៥ទៅ២០ភាគរយ ប៉ុន្តែកំណើនឆ្នាំនេះមានសភាពយឺតជាងឆ្នាំមុន តែយើងមិនគួរបារម្ភពេកនោះទេ ព្រោះតម្រូវការខុនដូរបស់ប្រជាពលរដ្ឋក្នុងស្រុកនឹងកើនឡើង ជាក់ស្តែងនៅប្រទេសថៃ និងវៀតណាម ត្រូវចំណាយពេលរហូតដល់៣០ឆ្នាំ ទើបប្រជាជននៅប្រទេសទាំងនោះមករស់នៅខុនដូ។ ចំណែកប្រទេស សិង្ហបុរី ចំណាយពេលឆាប់ជាងនេះ គឺត្រឹមរយៈពេល១៨ទៅ២០ឆ្នាំប៉ុណ្ណោះ៕