តើ​អ្វី​នៅ​ពីក្រោយ​ការ​ផ្អាក​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​កប់​ពពក​ KOWLOON​ BAY​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំពេញ​៖ គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​ចំរុះ​បែប​ទំនើប​ ដែល​មាន​កម្ពស់​រហូតដល់៥៩ជាន់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​សុធា​រស់​ ជិត​ផ្សារ​ទំនើប​ AEON​ 1 នៅ​លើ​ផ្ទៃដី​ទំហំ១​,៥០ហិ​កតា​បាន​ផ្អាក​ការសាងសង់​ជា​ផ្លូវការ​ហើយ​។

គំរោង​នេះ​បាន​សិក្សា​តាំងពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០១៧នោះ​ រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់​មាន​សកម្ម​នៅឡើយ​ ខណៈ​ដែល​ធ្លាយ​ដំណឹង​មក​ថា​គំរោង​នេះ​បាន​ប្រកាស​ផ្អាក​សម្រេច​ផ្អាក​មួយ​រយៈ​សិន​។

គម្រោង​សាងសង់​សំណង់​អគារ​ពាណិជ្ជកម្ម​ចំរុះ​បែប​ទំនើប​ ដែល​មាន​កម្ពស់​រហូតដល់៥៩ជាន់​ KOWLOON​ BAY​ Twin​ Towers​ គ្រោង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន​ ​Star​ City​ Cambodia​ និង​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំ​នៅ​កម្ពុជា​ WorldBridge​ Land​ ។

លោក​ឧកញ៉ា​ សៀ​ រិទ្ធី​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ​World​ Bridge​ Land​ Group​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ គម្រោងការ​នៃ​ការសាងសង់​អគារ​មួយ​នេះ​ ត្រូវ​បាន​ផ្អាក​ទុក​មួយ​រយៈ​សិន​ ដោយ​ស្ថិត​ក្នុង​ការ​រង់ចាំ​មើល​ស្ថានភាព​ទីផ្សារ​បន្តិចទៀត​សិន​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “គម្រោង​សាងសង់​អគារ​មួយ​នេះ​ត្រូវ​បាន​ផ្អាក​ហើយ​”។ លោក​ពន្យល់​ថា​ “ធម្មតា​អ្នកជំនួញ​ត្រូវការ​ប្រាក់ចំណេញ​ បើ​មើលឃើញ​ច្បាស់​ថា​ មានដៃ​គូប្រកួត​ប្រជែង​កាន់តែ​ច្រើន​ ហើយ​ឱកាស​ទទួល​បាន​ចំណេញ​មាន​តិច​ពេក​ គេ​មិន​ធ្វើ​នោះ​ទេ​”។

តាម​គម្រោង​លើកដំបូង​អគារ​ពាណិជ្ជកម្ម​ភ្លោះ​បែប​ទំនើប​ KOWLOON​ BAY​ Twin​ Towers​ នឹង​ត្រូវ​បញ្ចប់​ការសាងសង់​ត្រឹម​បំណាច់​ឆ្នាំ២០២០​ ដែល​នៅក្នុង​អគារ​ទាំងមូល​ មាន​ផ្គត់ផ្គង់​ផ្នែក​ស្នា​កនៅ​ ផ្សារ​ទំនើប​ អគារ​ការិយាល័យ​ រួម​ជាមួយ​ភោជនីយដ្ឋាន​ផង​ដែរ​។

យ៉ាងណាមិញ​ ក្រោយពេល​ទទួល​បាន​ដំណឹង​ថា​ គម្រោង​សាងសង់​ត្រូវ​បាន​ផ្អាក​ទុក​ គេ​ក៏​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ អាច​ចាប់​ដំណើរការ​ពិតប្រាកដ​នៅពេល​ណា​ជាក់លាក់​នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here