ប្រភព (CNN Business) ប្រែសម្រួលដោយ ប៊ី
ញូវយ៉កៈ ជនបរទេសកំពុងទិញអចលនទ្រព្យកាន់តែតិចនៅអាមេរិក ដោយសារកំណើនសេដ្ឋកិច្ចសកលលោកមានភាពយឺតយ៉ាវ។
យោងតាមរបាយការណ៍របស់សមាគមអចលនទ្រព្យជាតិអាមេរិក បានឱ្យដឹងថា ការទិញលំនៅដ្ឋាន ដោយប្រជាជនមកពីក្រៅប្រទេសបានធ្លាក់ចុះ៣៦ភាគរយ ហើយការទិញលំនៅដ្ឋានមានតម្លៃក្រោម៧៨ពាន់លានដុល្លារ គិតត្រឹមខែ មីនា ឆ្នាំ២០១៩។
-->
ចាប់តាំងពីឆ្នាំ២០១៧ ចំនួនអ្នកទិញបរទេសអចលនទ្រព្យលំនៅដ្ឋាននៅអាមេរិកបានថយចុះពាក់កណ្តាលនៃតម្លៃ ១៥៣ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lawrence Yun ប្រធានសេដ្ឋវិទូ និងលោក Gay Cororaton សេដ្ឋវិទូផ្នែកស្រាវជ្រាវនៅសមាគមអចលនទ្រព្យជាតិអាមេរិកបានសរសេរនៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះថា “កំណើនសេដ្ឋកិច្ចកើនឡើងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពចំណាយរបស់អ្នកទិញបរទេស”។
តើអ្វីជាបញ្ហា? សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ ដោយសារការបង្កើនភាពតានតឹងពាណិជ្ជកម្ម។ នៅឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់៣,៣ ភាគរយពី៣,៦ភាគរយក្នុងឆ្នាំ ២០១៨។
បើសម្លឹងមើលលើអ្នកទិញ អាមេរិកដែលជាប្រភពសាច់ប្រាក់បរទេសធំបំផុតគឺប្រទេសចិន ដែលមានទំហំទឹកប្រាក់ចំនួន១៣,៤ ពាន់លានដុល្លារដែលមានការធ្លាក់ចុះ ៥៦ ភាគរយបើធៀបពីឆ្នាំមុន។
លោក Yun និងលោក Cororaton បានសរសេរថា “បរិមាណនៃការទិញដូរដុល្លារបានធ្លាក់ចុះពីប្រទេសកំពូលទាំងប្រាំ និងមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការទិញរបស់ចិន។ ប្រទេសកាណាដា ឥណ្ឌា ចក្រភពអង់គ្លេស និងម៉ិកស៊ិក បានឈរនៅពីក្រោយប្រទេសចិនក្នុងនាមជាប្រភពដើមនៃអ្នកទិញទាំងប្រាំ។
ប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក កំពុងជួបប្រទះការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៩ សេដ្ឋកិច្ចចិន មានកំណើនត្រឹម៦,២ភាគរយក្នុងមួយឆ្នាំ ដែលជាកំណើនទាបបំផុតក្នុងរយៈពេល២៧ឆ្នាំ។
អ្នកទិញក៏អាចត្រូវបានគេរារាំង ដោយសារតែកំណើនតម្លៃប្រាក់ដុល្លារអាមេរិកដែលធ្វើឱ្យផ្ទះមានតម្លៃថ្លៃ សម្រាប់អ្នកទិញដែលមានប្រាក់ចំណូល នៅក្នុងរូបិយប័ណ្ណផ្សេងទៀត។
ឧទាហរណ៍ ប្រាក់ដុល្លារមានតម្លៃ៥ភាគរយ ថ្លៃជាងប្រាក់ប៉េសូម៉ិកស៊ិកកូ គិតត្រឹមខែ មីនា ឆ្នាំ ២០១៩។
ជាងពាក់កណ្តាលនៃអ្នកទិញបរទេស ឬ៦០ភាគរយគឺជាជនអន្តោប្រវេសន៍ថ្មី ឬអ្នកកាន់ទិដ្ឋាការ ហើយជិតពាក់កណ្តាលកំពុង ទិញផ្ទះធ្វើជាលំនៅឋានរបស់ពួកគេ។

ទីតាំងទី១ ស្ថិតនៅឆ្ងាយបំផុតគឺរដ្ឋផ្លរីដា ដែលមានចំនួន២០ភាគរយ នៃចំណែកទីផ្សារលំនៅដ្ឋានដែលបានទិញពីបរទេស។ រដ្ឋកាលីហ្វញ៉ារដ្ឋ តិចសាស់ អារីហ្សូណា និងញ៉ូវជើស៊ីក៏ស្ថិតនៅលំដាប់កំពូលនៃចំណែកលំនៅដ្ឋានផងដែរ៕