ដោយ វុត្ថា
ភ្នំពេញៈ វិស័យឯកជនបានលើកយកបញ្ហាចំនួន៥ ដើម្បីដាក់ជូនដល់ក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៅកម្ពុជា ខណៈ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានសន្ទុះរីកចំរើនយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

-->
កិច្ចប្រជុំផ្នែកឯកជនលើកទី១ នៃក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនកាលពីថ្ងៃទី១៨ កក្កដាកន្លងមកនេះ បានសម្រេចស្នើបញ្ហាមួយចំនួនទៅរដ្ឋាភិបាល ដើម្បីដោះស្រាយរួមមាន ទី១បញ្ហាភាពយឺតយ៉ាវដោយសារកង្វះមន្រ្តីធ្វើការ ទី២ បញ្ហាស្នើសុំច្រកចេញចូលតែមួយ ទី៣បញ្ហាបាត់បង់កន្លែងរំដោះប្រព័ន្ធទឹក និង ប្រព័ន្ធអគ្គីសនី តាមបណ្តាដងផ្លូវជាតិមួយចំនួន ទី៤ បញ្ហាការស្នើសុំច្បាប់សាងសង់ និងទី៥ បញ្ហាការសុំអាជ្ញាប័ណ្ណលក់ និងបញ្ហាផ្សេងៗមួយចំនួនត្រូវបានដោះស្រាយរួចរាល់។
លោកបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានលំនៅឋានកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា ប្រទេសកម្ពុជាកន្លងមកនេះ មានការអភិវឌ្ឍន៍វិស័យសំណង់យ៉ាងលឿន ដែលមិននឹកស្មានដល់ ដែលធ្វើឱ្យផែនការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។
លោកបន្តថា “ដោយមើលឃើញដូច្នេះហើយ វិស័យឯកជនបានបើកិច្ចប្រជុំ ម្សិលមិញនេះ ឱ្យសមាជិកទាំងអស់លើកពីបញ្ហាតម្រូវការ និងឧបសគ្គនានាក្នុងការអភិវឌ្ឍន៍លំនៅឋាន និងសំណង់កន្លងមកនេះ”។ លោកបន្តថា “យើងពិនិត្យឃើញថាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធលូមិនដឹងហូទៅណាមកណា”។
ម្យ៉ាងទៀតនិតិវិធី ក្នុងការរត់ឯកសាររដ្ឋបាលនៅពេលស្នើទៅរដ្ឋាភិបាល ត្រូវប្រើពេលវេលាយូរនាពេលបច្ចុប្បន្ននេះ។
លោកតាន់ មុនីវណ្ណបានបញ្ជាក់ថា ពេលខ្លះក្រុមហ៊ុនឯកជនធ្វើអញ្ចេះទៅ តែនៅពេលផែនការរបស់សាលាក្រុងធ្វើការអភិវឌ្ឍន៍ បែជាខុសទិសដៅរបស់ក្រុមហ៊ុនឯកជនដែលកំពុងធ្វើ ចឹងហើយបានធ្វើឱ្យមានភាពរាំងស្ទះ ដល់ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។លោកបណ្ឌិតបន្ថែមថា ជាមួយគ្នានេះ វិស័យឯកជនក៏បានស្នើដល់រដ្ឋាភិបាលមុននឹងធ្វើសេចក្តីប្រកាសនានា ត្រូវធ្វើការសហការជាមួយវិស័យឯកជន ដើម្បីមានភាពងាយស្រួលក្នុងការត្រៀមខ្លួន និងផ្តល់យោបល់ដើម្បីជាធាតុចូលជាមួយរដ្ឋាភិបាល។
លោកថា “រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះបាន នឹងកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់តែការខិតខំប្រឹងប្រែងនៅមានកំម្រិត ដូចជាការគិតលឿង តែការធ្វើយឺតដោយសារធនធានមនុស្សមិនទាន់ឆ្លើយតបបាន”។
លោកបណ្ឌិតបញ្ជាក់ថា កិច្ចប្រជុំវិស័យឯកជននេះ ធ្វើឡើងដើម្បីស្វែងរកធាតុចូលអ្វីមួយជួយដល់រដ្ឋាភិបាល ហើយរដ្ឋាភិបាលអាចជួយអ្វីដល់យើងបាន ក្នុងនោះមានរួមមានទាំងលើយកបរិបទអាស៊ាន ពោលអាស៊ាននានាពេលបច្ចុប្បន្ននេះ ដល់ណាហើយលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ច្បាប់ទូទៅ និងប្រព័ន្ធពន្ធដារ ព្រមទាំងឱកាសវិនិយោគលើវិស័យអចលនទ្រព្យ តើគេមានប្រៀបយើងកន្លែងណា គេអន់ជាងយើងកន្លែងណាដែលតម្រូវឱ្យយើងដាក់ចូលធ្វើឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាដើរស្របគ្នា”។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាសហប្រធានក្រុមការងារទី១៣ ផ្នែកវិស័យឯកជនបានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាជាមួយអ្នកពាក់ព័ន្ឋក្នុងវិស័យសំណង់ ដើម្បីឲ្យពួកគេលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីលើកឡើងក្នុងកិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលគ្រោងធ្វើឡើងនាពេលខាងមុខ។
លោកបន្តថា “មានបញ្ហាប្រឈមជាច្រើនដែលបានលើកឡើង ទាក់ទងនឹងការយឺតយ៉ាវនៃការចេញអាជ្ញាប័ណ្ណរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ឋ បញ្ហាហេដ្ឋារចនាសម្ព័ន្ឋជាដើម”។
លោមកបន្តថា “នេះជាកិច្ចប្រជុំផ្ទៃក្នុងរបស់យើង ហើយខ្ញុំទទួលយករាល់សំណូមពរ និងគិតពិចារណាដើម្បីដាក់សំណើរជូនក្រសួង ស្ថាប័នពាក់ព័ន្ឋចូលរួមដោះស្រាយ”។ លោកឧកញ៉ាលី ហួរបានបន្តថា ទោះជាមានការសំណូមពរពីវិស័យឯកជន ប៉ុន្តែការងារខ្លះរដ្ឋាភិបាលត្រូវធ្វើតាមនិតិវិធី ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍វិស័យនេះមាននិរន្តរភាព និងកាត់បន្ថយបញ្ហាប្រឈមនានាផងដែរ ហេតុនេះយើងក៏ត្រូវមានការថ្លឹងថ្លែងម៉ត់ចត់ផងដែរ៕