ដោយៈ រ៉ាណេត
ភ្នំពេញៈ ការចូលខ្លួនមកវិនិយោគក្នុងវិស័យអចលនទ្រព្យ វាមិនមែនជាបញ្ហាចោទ ឬជាពិបាកនោះទេ សំខាន់ឱ្យតែអ្នកចង់ និងមានដើមទុន។ ប៉ុន្តែអ្វីដែលជារឿងពិបាកនោះគឺត្រូវធ្វើយ៉ាងណាដើម្បីមុខជំនួញ ឬការវិនិយោគរបស់អ្នកទទួលបានជោគជ័យ។

-->
លោកង៉ែត ជូអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងថា មនុស្សស្ទើរគ្រប់រូបនាំគ្នា នាំគ្នាវិនិយោគលើវិស័យអចលនទ្រព្យ តើអនាគតវិស័យនេះនឹងទៅជាយ៉ាងណា? តើអ្នកវិនិយោគគប្បីធ្វើយ៉ាងណា ដើម្បីទទួលបានលទ្ធផលល្អ? ទាំងនេះជាសំណួរល្អដែលខ្ញុំតែងតែឮ? រួមទាំងជាការចោទសួរពីសំណាក់មិត្តភ័ក្ដ ដែលជាបណ្ឌិតសាស្ត្រាចារ្យ នៃសាលកវិទ្យាល័យផងដែរ។
ខ្ញុំសូមជូនជាចម្លើយដូចខាងក្រោម ដើម្បីពិចារណានិងវិភាគទាំងអស់គ្នា ទី១ គប្បីសម្លឹងមើលរយៈពេលវែង និងតម្រូវការជាក់ស្តែង: កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ មានប្រជាជនវ័យក្មេងច្រើន (ប្រហែល២ភាគ៣នៃប្រជាជនសរុបមានអាយុក្រោម៣០ឆ្នាំ) និងមានលំហូរយុវជនចូលក្រុងភ្នំពេញ១ឆ្នាំៗរាប់ម៉ឺននាក់ (ក្នុង១ឆ្នាំៗមានសិស្សប្រលងបាក់ឌុបប្រហែល១០ម៉ឺននាក់ ភាគច្រើនមកបន្តការសិក្សានិងធ្វើការនៅភ្នំពេញ)។
កត្តាទាំងនេះនឹងជំរុញឱ្យបន្តមានតំរូវការលំនៅដ្ឋាន ដ៏សន្ធឹកសន្ធាប់នាពេលអនាគត។ ដូច្នេះបើទោះជាមានវិបត្តិក៏ជាវិបត្តិរយៈពេលខ្លីដែរ។ ក្នុងន័យនេះហើយ អ្នកវិនិយោគគប្បីមានចក្ខុវិស័យវែងឆ្ងាយ ហើយបំភ្លេចចោលនូវកត្តាចៃដន្យទាំងឡាយ ដូចជា ចាំចិនទិញ ចាំមានការអភិវឌ្ឍព្រលានយន្តហោះ។ល។
លោកង៉ែត ជូបានបន្តថា ការវិនិយោគតំបន់ជាយក្រុង ដែលស្ថិតនៅចន្លោះ៣០-៦០គមពីកណ្តាលក្រុងភ្នំពេញ គឺជាការសំរេចចិត្តដ៏ល្អបំផុត ព្រោះតម្លៃដីធ្លីនៅមានតម្លៃទាបហើយការពង្រីកក្រុង ក៏អាចគ្របដណ្តប់ក្នុងរយៈពេលចន្លោះយ៉ាងយូរ១០ ១៥ឆ្នាំខាងមុខ។
ទី២ ធ្វើអ្វីក៏ដោយក៏ត្រូវមានជំនាញច្បាស់លាស់ដែរ: ប្រសិនបើអ្នកពិតជាចង់ក្លាយទៅជាអ្នកវិនិយោគអាជីព ផ្នែកវិស័យអចលនទ្រព្យ អ្នកត្រូវកសាងសមត្ថភាព និងជំនាញឱ្យបានច្បាស់លាស់ និងចាត់ទុកជាមុខរបរជាក់លាក់មួយ។
ការយល់ឃើញថាការវិនិយោគលើវិស័យនេះមានភាពងាយស្រួល និងឆាប់មាននោះមិនពិតទេ។ ការយល់ឃើញដូច្នេះមិនខុសអ្វីពីកសិករ ដែលធ្វើស្រែតាមទម្លាប់ដោយគ្មានបច្ចេកទេសនោះទេ។ ទទួលផលត្រឹមចិញ្ចឹមឆ្នាំង ជួនកាលរដូវកាលខ្លះខាតផងក៏មាន។
ទី៣ បើមិនមានជំនាញច្បាស់លាស់ គប្បីចូលរួមជាមួយក្រុមមនុស្ស ឬទំរង់វិនិយោគ (Investment platform) ដែលមានអ្នកជំនាញច្បាស់លាស់: មនុស្សស្ទើរគ្រប់គ្នាវិនិយោគ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានជំនាញដូចៗគ្នានោះទេ។ ដូច្នេះគប្បីចេះប្រើជំនាញអ្នកដទៃដោយវិនិយោគជាមួយគេ និងយកពេលវេលាមកផ្តោតលើកិច្ចការដែលខ្លួនមានជំនាញច្បាស់លាស់វិញទើបជាការល្អ។
បន្ថែមលើមានជំនាញច្បាស់លាស់ ក្រុមមនុស្ស ឬទំរង់វិនិយោគដែលអ្នកចូលរួម ក៏ត្រូវមានមនុស្សល្អៗដែលមានភាពស្មោះត្រង់ មានអភិបាលកិច្ចល្អ មានគោលការណ៍ និងយុទ្ធសាស្ត្រច្បាស់លាស់។ល៕