កត្តា​សំ​ខាន់​ៗចំនួន៥​ បាន​ធ្វើឲ្យ​លោក​ ម៉ម​ សិរី​បញ្ញា​ ឈានជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ការសម្រេច​បាន​នូវ​ក្តី​សុបិន​របស់​ខ្លួន​ និង​ការ​តាំងចិត្ត​អាច​ធ្វើឲ្យ​មនុស្ស​ម្នា​ក់ៗ​អាច​សម្រេចជោគជ័យ​ និង​អាច​បោះ​ជំ​ហ៊ាន​ទៅមុខ​តាម​ក្តី​បំណង​របស់​ខ្លួន​ ដើម្បី​ដើរ​លើ​វិថី​ជីវិត​មួយ​ដែល​មាន​គោលដៅ​ច្បាស់លាស់​។

លោក​ម៉ម​ សិរី​បញ្ញា​បាន​ផ្តើម​ចូល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ដំបូង​ ក្នុងនាម​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ជាមួយ​ក្រុមហ៊ុន​ ដែល​មាន​ថៅកែ​ឬម្ចាស់​ជា​ជនជាតិ​បារាំង​ និង​អូស្រ្តាលី​តាំងពី​ឆ្នាំ២០១១​ ប៉ុន្តែ​ដោយសារ​បទពិសោធន៍​ការងារ​ និង​ការ​ស្រលាញ់​ចូលចិត្ត​បាន​ធ្វើឲ្យ​លោក​ម៉ម​ សិរី​បញ្ញា​ចូល​ប្រឡូក​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ដោយ​បើក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd​ ដោយខ្លួនឯង​ចាប់តាំងពី​ឆ្នាំ២០១៦កន្លងមក​។

លោក​បន្ត​ថា​ “ការសម្រេច​ចិត្ត​ឈានជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​ គឺ​ដោយសារ​ការ​ស្រលាញ់​របស់ខ្ញុំ​ និង​មើលឃើញ​វិស័យ​នេះ​អាច​រកចំណូល​បាន​សមគួរ​ ហើយ​វិស័យ​នេះ​ពាក់​ព័ន្ឋនឹង​ការ​អភិវឌ្ឍ​ ពិសេស​ការ​ជួយ​ជ្រោមជ្រែង​ដល់​សង្គម​ ដែល​យើង​អាច​ទាក់ទាញ​ការ​វិ​និ​យោ​គ និង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​”។

ជាមួយនឹង​គោលដៅ​ជាក់លាក់​ និង​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​អាច​ធ្វើការងារ​ប្រកដ​ដោយ​ប្រសិ​ទ្ឋ​ភាព​ និង​អាច​ពង្រីក​ទីផ្សារ​និង​បណ្តាញ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

លោក​ម៉ម​ សិរី​បញ្ញា​បាន​មានប្រសាសន៍​ថា​ ធនធានមនុស្ស​នៅក្នុង​វិស័យ​នេះ​នៅ​មានកម្រិត​នៅឡើយ​ ហើយ​លោក​ក៏​ត្រូវតែ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ផង​ដែរ​ ទើប​កាលពី​ពេល​ថ្មី​ៗនេះ​ លោក​បាន​ទៅ​សិក្សា​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ ​(CIPS​) នៅ​ប្រទេសសឹង្ហបុរី​ ដើម្បី​កសាង​បណ្តាញ​ និង​ពង្រីក​ការយល់​ដឹង​កាន់តែ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​។

លោក​បន្ត​ថា​ “តាមរយៈ​ការ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​គិតថា​ជា​ឱកាស​អាច​ចែករំលែក​ចំណេះដឹង​ដល់​អ្នក​នៅក្នុង​វិស័យ​នេះ​ ពិសេស​អាច​រួមចំណែក​លើក​កំពស់​ធនធានមនុស្ស​នៅក្នុង​វិស័យ​នេះ​ ដែល​កំពុង​ខ្វះខាត​នៅឡើយ​”។

លោក​បន្ត​ថា​ លើស​ពីនេះ​អ្វី​កាន់តែ​សំខាន់​ គឺ​ការ​គៀង​គរ​ការ​វិនិយោគ​ ពី​អ្នក​វិនិយោគ​អន្តរជាតិ​ ហើយ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដើរតួ​នាទី​សំខាន់ណាស់​ ក្នុង​ការ​ជម្រាប​ពីក​ត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​ទៅកាន់​អ្នក​វិនិយោគ​ ដើម្បីឲ្យ​ពួកគេ​ចូល​មក​វិនិយោគ​កាន់តែ​ច្រើន​ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​។

ដោយសារ​ប្រឡូក​ក្នុង​វិស័យ​នេះ​ និង​តែងតែ​ចូលរួម​សិក្សា​ពី​ស្ថានភាព​ភូមិ​សាស្រ្ត​ និង​ទីតាំង​មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ លោក​ម៉ម​ សិរី​បញ្ញា​នៅតែ​មាន​សុទិដ្ឋិនិយម​ ចំពោះ​ប្រទេស​កម្ពុជា​ ធៀប​ជាមួយ​ប្រទេស​នានា​នៅក្នុង​តំបន់​ គឺ​ទាក់ទង​នឹង​សណ្ឋានដី​ លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​ ធនធាន​ធម្មជាតិ​ និង​វប្ប​ធ៌ម​ កម្ពុជា​ពិតជា​មាន​ភាព​សម្បូរ​បែប​ និង​ល្អ​ប្រសើរ​ជាង​ប្រទេស​ក្នុង​តំបន់​ថែមទៀត​ផង​។

លោក​បន្ត​ថា​ “ហេតុនេះ​អ្វី​សំខាន់​ ដែល​ជំរុញចិត្ត​របស់ខ្ញុំ​ឲ្យ​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​នេះ​ គឺ​ចូលរួម​ទាក់ទាញ​ការ​វិនិយោគ​ជាតិ​ អន្តរជាតិ​បន្ត​វិនិយោគ​ និង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​”។ លោក​បន្ត​ថា​ “ការជំរុញ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​រួបរួម​គ្នា​ ដោយ​សិក្សា​ពី​លទ្ឋ​ភាព​ ធនធានមនុស្ស​ ជំនាញ​ និង​វិភាគ​ទាំងអស់គ្នា​ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​បាន​ច្រើន​”។

លោក​បញ្ញា​បាន​បន្ត​ថា​ “នៅពេល​យើង​វិនិយោគ​គំរោង​អ្វីមួយ​ទទួល​បាន​ជោគជ័យ​ គឺ​គាត់​មា​នកេរ្ត៍​ឈ្មោះ​ ឬកិត្តិនាម​ហើយ​ ដែល​ជំ​ហ៊ាន​បន្ទាប់​ទៀត​គឺ​គាត់​អាច​ទៅ​គៀង​គរ​អ្នក​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ហើយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here